ទី​ប្រឹក្សា​របស់​លោក ជា ស៊ីម ប្រធានព្រឹទ្ធសភានៅក្នុង​ប្រទេ​ស​កម្ពុជា​ ពេល​នេះ​មាន​ចំនួន​ច្រើន​

មន្ត្រី​ចំនួន​១៩​នាក់ត្រូវ​បាន​តែង​តាំង​ជា​ទី​ប្រឹក្សា​ផ្ទាល់​របស់​លោកជាស៊ីមប្រធាន​ព្រឹទ្ធ​សភានិង​ជា​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជាដែល​កំពុង​គ្រប់​គ្រង​អំណាច​ ដោយ​ធ្វើ​​​​ឲ្យ​ចំនួន​ទីប្រឹក្សា​សរុប​របស់​លោកជា​ ស៊ីមឡើងដល់​ទៅ​៤២រូប។

យោង​តាម​ឯក​សារផ្សាយ​ក្នុង​សៀវ​ភៅ​រាជកិច្ច​ ចុះ​ថ្ងៃ​ទី​២៥ខែ​ឧសភាបាន​ឲ្យ​ដឹង​ថាទី​ប្រឹក្សា​ពីរ​រូប​ក្នុង​ចំណោម​ទី​ប្រឹក្សា​ ដែល​ត្រូវ​​​​​បាន​តែង​តាំង​ថ្មី​ចំនួន​១៩​រូប​ ​មាន​ឋានៈ​ស្មើ​រដ្ឋ​​​​មន្ត្រីនិង១៦រូប​​មាន​ឋានៈ​ស្មើ​រដ្ឋ​លេខាធិការ​ ចំណែកឯ​មួយ​រូបទៀត​មាន​ឋានៈ​ស្មើ​អនុ​រដ្ឋ​លេខាធិការ​។

ឯក​សារ​នេះ​បញ្ជាក់ពីការ​តែ​ង​តាំងថ្មី​ ក៏​​​ប៉ុន្ដែ​ លោក​ឧត្តម​សេនីយ៍​ឯកយឹមលាងប្រធាន​កង​អង្គរក្ស​របស់​លោក​ ជាស៊ីមបាន​មាន​ប្រសា​​​សន៍ថាទី​ប្រឹក្សា​១៩រូប​នេះ​ ត្រូវ​បាន​តែង​តាំង​អំឡុង​អាណត្តិ​ទី​២ហើយ​ត្រូវ​បាន​តែង​តាំង​ឡើង​វិញ​ ស្របពេល​បោះ​ឆ្នោតជ្រើសរើស​ប្រធាន​ព្រឹទ្ធ​សភា​ ក្នុង​ខែ​មីនា។

យោង​តាម​លោកឧត្តម​សេនីយ៍​ឯកយឹមលាងដែល​បាន​និយាយ​ការ​ពារ​ការតែងតាំង​​​ទី​ប្រឹក្សា​ដ៏ច្រើន​នេះថាពេល​នេះ ​លោកជា​ ស៊ីមមាន​ទី​ប្រឹក្សា​ទទួល​ប្រាក់​ខែ​សរុប​៤២រូប​​​​​​ដើម្បី​ជួយ​លោក​ក្នុង​ការ​ងារ​ប្រចាំ​ថ្ងៃ​នៅ​ព្រឹទ្ធ​សភា​។

លោក​ឧត្តម​សេនីយ៍​ឯកយឹមលាងបាន​ជំទាស់ថា“វា​មិន​ច្រើន​ពេក​ទេ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ងារដ៏ច្រើន​​របស់​សម្ដេច”។លោក​​​​បាន​បន្ថែមទៀតថាទី​ប្រឹក្សា​ទាំង​នេះ​ផ្ដល់​យោ​បល់​ក្នុង​ការ​ងារ​គ្រប់​ផ្នែក​ទាំង​អស់​។នៅពេល​ដែល​សុំ​ការ​បំភ្លឺ​ លោកបាន​ពន្យល​់​ថាទី​ប្រឹក្សា​ទាំង​នេះ​ផ្ដល់​យោបល់​អំពី​ការ​ងារ​មនុស្ស​ធម៌​។

នៅឆ្នាំ​មុនលោក​ ជាស៊ីមបាន​រក​​ឃើញ​បញ្ហាផ្នែកផ្ទៃ​ក្នុង​របស់​លោក​។ទី​ប្រឹក្សា​ប្រាំ​រូប​ ក្នុង​ចំណោម​ទី​ប្រឹក្សា​ដ៏ជិត​ស្និទ្ធ​របស់​លោករាប់​ទាំង​បុព្វា​ធិការី​របស់​លោក​ឧត្តម​សេនីយ៍​ឯកយឹមលាងផង​នោះត្រូវ​បាន​ចាប់​ខ្លួននៅ​​​ក្នុង​ខែ​សីហានិង​ខែ​កញ្ញា​ ឆ្នាំ​មុនតាម​ការ​ចោទ​ប្រកាន់​ចាប់​ពី​ការ​ក្លែង​ឯក​សារ​ រហូត​ដល់​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ និង​ការ​លក់​ទ្រព្យ​សម្បត្តិយោធា​ដោយខុស​ច្បាប់​។អ្នក​ទាំង​អស់​នោះ​ ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធ​ភាព​ និង​ត្រូវ​បាន​ផ្ដន្ទា​​​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីបីឆ្នាំទៅ​៣៦​ឆ្នាំ។

ក៏ប៉ុន្ដែនៅ​ពេល​ដែល​លោក​ ជាស៊ីមបន្ដ​ប្រមូល​ទី​ប្រឹក្សា​នៅ​ជុំ​វិញ​លោក​​​កាន់តែ​ច្រើនអ្នក​ផ្សេង​ទៀត​បាន​ចោទសួរអំពីគោល​បំណង​​​​ពិតនិងបញ្ហា​ស្មុគ​ស្មាញ​ដល់​រដ្ឋ។លោកសឺនស៊ូប៊ែរ្តិ៍អ្នក​ប្រវត្តិ​សាស្ត្រនិង​ជា​អតីត​អ្នក​នយោបាយ​បាន​មាន​ប្រសាសន៍​​​ថា“ពួកគេ​កំពុង​តែ​ប្រើ​ថវិកា​ជាតិ​ ដើម្បី​បើក​ប្រាក់​ខែ​ឲ្យ​សមាជិក​គណ​បក្ស​របស់​ខ្លួន​ក្នុង​តួនាទី​ជា​ទី​ប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធ​សភាឬ​​​ប្រធាន​រដ្ឋ​សភា​”។

លោកស៊ូប៊ែរ្តិ៍បាន​កត់​សម្គាល់​ថាអំឡុង​អាណត្តិ​របស់លោក​ជាអនុ​ប្រធាន​ទី២នៃ​រដ្ឋ​សភា​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៩០លោក​មានទី​ប្រឹក្សាតែពីររូប​ប៉ុណ្ណោះ​។ លោក​ ស៊ូប៊ែរ្ដិ៍បាន​មាន​ប្រសាសន៍ថា“អ្វី​ដែល​ខ្ញុំបាន​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជាពេល​នេះ​គឺថាមានទី​ប្រឹក្សា​ជា​ច្រើន​ត្រូវ​បាន​តែង​តាំង​នៅ​ក្នុង​រដ្ឋ​សភា​ ព្រឹទ្ធសភានិង​ទី​ប្រឹក្សា​របស់​នាយក​រដ្ឋ​មន្ត្រី​”។ លោក​បាន​មាន​ប្រសាសន៍ថា“ខ្ញុំ​គិត​ថាព្រឹទ្ធ​សភានៅ​ក្នុង​ប្រទេស​កម្ពុជាពុំ​មាន​ការ​​​ងារ​​​ធ្វើ​​ច្រើន​នោះ​ទេពីព្រោះ​សមាជិក​ព្រឹទ្ធ​សភា​ទាំង​នោះគ្រាន់​តែ​មក​ ដើម្បី​លើក​ដៃ​តែ​​​ប៉ុណ្ណោះ​”។លោក​បន្ថែមទៀតថានៅ​ពេល​ទី​ប្រឹក្សា​មិន​ជួយ​ធ្វើ​ការ​ងារ​ប្រចាំ​ថ្ងៃ​អ៊ីចឹងនោះវាមិន​ចាំ​បាច់​មាន​ច្រើន​ពេក​ទេ​៕

ប្រែ​សម្រួល​ដោយចេវប៊ុននី

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.