ការ​បើក​សវនាការ​ឧទ្ធរណ៍របស់លោក​ ហេង ពៅ អតីតស្នងកា​រ​នគរបា​ល​ ត្រូវ​បាន​ពន្យា​រពេល​

កាលពី​ម្សិល​មិញ​ សាលា​ឧទ្ធរណ៍បាន​ពន្យារ​​​ពេល​បើក​សវនាការ​មួយ ​ក្នុង​រឿង​ក្ដី​របស់​លោក​ ហេង ពៅ​ អតី​ត​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ និង​អ្នកសមគំនិត​ពីរ​នាក់ដែល​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាត​ចាង​ហ្វាង​កាសែត​ម្នាក់។

លោកហេងពៅដែលជា​អតីត​ទី​ប្រឹក្សា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនកំពុង​តែ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​ជាង​៩៨​ឆ្នាំបន្ទាប់​ពីត្រូវផ្ដន្ទា​ទោស​ពីបទ​ឧក្រិដ្ឋ​ រួម​ទាំង​ការ​ធ្វើ​ឃាត​លោក​ សុខ សេដ្ឋា​មុនី ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ក្នុង​ឆ្នាំ​២០០៣។

រយៈ​ពេល​ជាប់​ពន្ធនាគារ​របស់​លោក​ត្រូវ​​បាន​បន្ថែម១៨​ឆ្នាំទៀត​ កាលពី​ឆ្នាំ​២០០៩​នៅ​ពេល​លោក​ត្រូវ​បាន​ផ្ដន្ទា​ទោស ជាមួយ​នឹង​លោកលីរ៉ាស៊ីអតីត​នាយ​ការិយា​ល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ និង​លោក​ ផេងផៃអតី​ត​នាយការិយាល័យ​នគរ​បាល​គ្រប់​គ្រង​ជន​បរទេស​រាជធានី​ ពី​បទ​បាញ់​ប្រហារ​លោកថុងអ៊ុយ​បា៉ងចាង​ហ្វាង​កាសែត​កោះ​សន្ដិ​ភាព​ និង​អង្គរក្ស​របស់​លោក​ម្នាក់ទៀតកាលពីឆ្នាំ​១៩៩៨​។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះ​ លោកជួនស៊ុន​ឡេងបានមាន​ប្រសាសន៍ថា “ យើង​បានពន្យារ​ពេល​សវនាការ​ថ្ងៃ​នេះពី​ព្រោះលោកផេងផៃអតីត​នាយការិយាល័យ​នគរ​បាល​គ្រប់​គ្រង​ជន​បរទេស​រាជ​ធានី​ និង​មេធាវី​របស់​គាត់​មិន​បាន​ចូល​រួមការ​បើក​សវនាការ​នេះ​ឡើយ​”។ លោក​បាន​បន្ថែម​ថា លោក​មិន​ដឹង​អំពី​មូល​ហេតុ​ដែលលោក ផេង ផៃ​ បច្ចុប្បន្ន​កំពុង​ជាប់ពន្ធនាគារ​ខេត្ត​កណ្ដាល​ អវត្តមាន​នៅ​ពេលនេះទេ។ លោក ស៊ុនឡេង បញ្ជាក់ថា “ ខ្ញុំប្ដូរ​កាល​បរិច្ឆេទបើក​សវនាការ​ ហើយ​ខ្ញុំ​នឹង​កំណត់​កាល​បរិច្ឆេទ​ជា​ថ្មី​នៅ​ពេល​ក្រោយ​”។

មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌​មាន​ ខណៈ​ដែលលោកដើរចេញ​ពី​បន្ទប់​សវនាការលោកហេងពៅ​ បាន​សំណូមពរ​ឲ្យ​​ចៅក្រម​​កែប្រែ​ការផ្តន្ទា​ទោស​លោក។ លោក​ថ្លែង​ថា “តើលោកដែលបាន​ឃើញ​ភស្ដុ​តាង​អ្វីខ្លះ​ ដើម្បីដាក់បន្ទុក​ខ្ញុំទេ?”។ លោក​ ហេងពៅ​​ ដែល​ត្រូវបាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ីកាលពី​ឆ្នាំ​២០០៦​ និង​ត្រូវ​បាន​បញ្ជូន​មក​កាន់​កម្ពុជាវិញ​ ហើយត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ល្មើស​ជា​ច្រើន​ករណី​នោះថ្លែងថា“ខ្ញុំ​ចង់​និយាយ​ថាចាប់​តាំង​ពី​ខ្ញុំ​ត្រូវ​បានគេចាប់ដាក់ពន្ធនាគារ​រហូតមក

ដល់ពេលនេះ ក្នុង​ចំណោម​ប្រាំ​នាក់ ដែល​ធ្វើបាប​ខ្ញុំ​ ឥឡូវនេះ​បួននាក់ បានស្លាប់​បាត់​ទៅហើយ”។លោកថ្លែងថា “ពេល​នេះ ខ្ញុំ​ហ៊ាន​និយាយ​ថា បុគ្គល​នៅ​សល់​ម្នាក់​ ដែល​ធ្វើបាបខ្ញុំ​ គឺ​លោក ម៉ក់ ជីតូ ដែល​ជា​ប្រធាន​នាយក​ដ្ឋាន​​កណ្ដាលនគរបាលយុត្តិ​ធម៌​ នៅ​ក្រសួង​មហា​ផ្ទៃ​ ខ្ញុំ​គិត​ថាមាន​តែ​គាត់ទេ ទើប​ដឹង​អ្វីខុស​អ្វី​ត្រូវ​សម្រាប់​ខ្ញុំ”។

លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ បាន​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​ កាលពី​ក្នុង​ខែ​សីហាឆ្នាំ​២០០៦ដែល​ពេល​នោះ​នគរ​បាល​បាន​ឆ្មក់​ចូល​ផ្ទះ​របស់​លោក ហេង ពៅ​ នៅ​ខេត្ត​កណ្ដាល​ ដោយ​រក​ឃើញ​អាវុធ​ និងប្រាក់​​​ក្លែង​ក្លាយ​ចំនួន៣០.០០០​ដុល្លារ។

លោក កៅ ស៊ូផា  មេធាវី​​របស់​លោកហេង ពៅបានថ្លែង​ថា​ លោកផេងផៃ មិន​បាន​ចូល​រួម​ក្នុង​ការ​បើក​សវនា​ការទេ ពី​ព្រោះ​​មេធាវី​របស់​លោក “ជាប់​រវល់​កិច្ច​ការ​​ផ្ទាល់​ខ្លួន”។ លោក​បន្ត​ថា “កូន​ក្ដី​របស់​ខ្ញុ​ំ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៩៨​​ពី​បទជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ចាង​ហ្វាង​កាសែត​ ប៉ុន្ដែ​ ក្នុង​ឆ្នាំ​២០០៦ ​តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​លោក​ ក៏ប៉ុន្ដែ គ្មាន​ភស្ដុតាង​គ្រប់​គ្រាន់​ទេ។ ខ្ញុំ​សង្ឃឹម​ថា តុលាការ​​នឹង​ពិចារណាឡើង​វិញ”៕

ប្រែ​សម្រួល​ដោយចេវប៊ុននី​​

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.