ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ចេញដំណើរជាលើកដំបូង​ទៅវាស់​វែងដីធ្លី

និស្សិត​ស្ម័គ្រ​ចិត្ត​ជាង​ ៧០០នាក់​ ស្លៀក​ពាក់​ឯកសណ្ឋាន​ទាហាន​ប៉ារ៉ា​ កាល​ពី​ម្សិល​មិញ​បានចាប់​ផ្ដើម​ចេញ​ដំណើរ​ទៅ​វាស់​វែង​ដី​ នៅក្នុងគម្រោង​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដី​ធ្លី​ ដែល​ត្រូវ​បាន​ប្រកាស​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន​ កាល​ពី​ដើម​ខែ​នេះ។

លោក អឹុម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ បន្ទាប់​ពី​លោក​​ថ្លែងសុន្ទរក​ថា​ ទៅកាន់​និស្សិត​ស្ម័គ្រចិត្ត​ ដែល​ត្រៀម​ចេញ​ដំណើរ​ថា “​ សម្រាប់​ដំណាក់​កាល​ដំបូង​ នៃ​គម្រោង​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ យើង​ប្រើ​និស្សិត​ស្ម័គ្រចិត្តមក​ពីបណ្តាសាកលវិទ្យា​​ល័យ​នានា​ ដើម្បី​វាស់​វែង​ដី​ធ្លី​ និង​ប្រមូលទិន្នន័យ​ពី​អ្នក​ភូមិ​ ដែល​រស់​នៅ​លើ​ដី​ព្រៃ​របស់រដ្ឋ​ និង​នៅ​លើ​ [ដី​សម្បទាន​សេដ្ឋកិច្ច​]”។

ដោយ​ចែក​ចេញ​ជា​៦១​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ស្លៀក​ឯកសណ្ឋាន​ទាហាន​ប៉ារ៉ាចំនួន​៧៣៤នាក់ នឹង​ទៅ​ជួយ​វាស់​វែង​ដី​ចំនួន៤៨៦​កន្លែង ហើយ​អ្នក​ជំនាញ​ៗ​ខាង​ផ្នែក​វាស់​វែង​ដីមក​ពី​ក្រសួង​រៀប​ចំដែន​ដីនគរូបនីយកម្ម និង​សំណង់ និង​មន្ត្រី​ថ្នាក់​ខេត្ត​ចំនួន២៨១​នាក់​ នឹងចូលរួមក្នុងគម្រោង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី ជូន​អ្នក​ភូមិ​ទាំង​អស់​ដែល​រស់​នៅ​លើដី​សម្បទាន​ និង​លើដី​ព្រៃ​របស់​រដ្ឋឲ្យ​ចប់សព្វគ្រប់ត្រឹមរយៈ​ពេល​ប្រាំមួយ​ខែ។

និស្សិត​ស្ម័គ្រ​ចិត្ត​ចំនួន​៣០០​នាក់​បន្ថែម​ទៀត​នឹង​ចាប់​ផ្ដើម​រៀន​អំពី​របៀប​វាស់​វែង​ដីនៅថ្ងៃ​នេះ​ ហើយ​នឹង​ត្រូវ​បញ្ជូន​ឲ្យទៅ​វាស់​វែង​ដី​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយទៀត។ លោកអឹុមឈុនលឹមបាន​លើក​ឡើង​ថានិស្សិត​ស្ម័គ្រ​ចិត្ត នៅក្នុង​គម្រោង​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិដី​ធ្លី នឹង​ចំណាយ​ពេល​ពីរ​ខែ​ ដើម្បី​វាស់​វែង​ដី​ទំហំ​ប្រហែល​៣៥០.០០០​ហិកតាដែល​​កាន់​កាប់​ដោយ​​អ្នក​ភូមិចំនួន​១០០.០០០​គ្រួសារ​រស់​នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំបី​ ដែល​តែងតែមាន“ ​ជម្លោះ​ដី​ធ្លីកើតឡើងច្រើន”។

លោក​រដ្ឋមន្ត្រី​បាន​ប្រាប់​​និស្សិត​ស្ម័គ្រ​ចិត្ត​ ដែល​បាន​ទទួល​​វគ្គសិក្សា​ពី​របៀប​វាស់​វែង​​ដី​ និង​របៀប​ប្រមូល​ទិន្នន័យ​នៅ​សប្ដាហ៍នេះ​ពីអ្នក​ភូមិ​ ដែល​ទទួល​រង​ផលប៉ះពាល់​ដោយ​ជម្លោះ​ដី​ធ្លីថា “ការ​ចុះ​បញ្ជី​ដី​ធ្លី​ ដើម្បី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ទៅ​ឲ្យ​អ្នក​ភូមិ​ គឺជា​សិទ្ធិ​ចម្បង ហើយ​តម្រូវ​ឲ្យ​មានភាព​ហ្ម​ត់ចត់​ និង​ច្បាស់​លាស់​”។

លោក​រដ្ឋមន្ត្រី​​មាន​ប្រសាសន៍​បន្ថែម​ថា “ ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដី​ធ្លី​ នឹងនាំមកនូវសុវត្ថិភាព​ដល់​ការ​កាន់​កាប់​ដី​ធ្លី​ ដោយ​ធ្វើ​ឲ្យ​ម្ចាស់​កម្មសិទ្ធិ​ដី​ធ្លី​លែងព្រួយ​បារម្ភ​ និង​មិន​មាន​ការ​ភាន់​ច្រឡំ​”។

សម្រាប់​និស្សិត​ស្ម័គ្រ​ចិត្ត​ ដែល​ចេញ​ដំណើរ​ទៅកាន់​ឃុំ​ចំនួន​៦៤​ ក្នុង​ស្រុក​ចំនួន​២៤​ ដែល​ទទួល​រង​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ ដោយសារ​ជម្លោះ​ដីធ្លី​នោះ ពួក​គេ​នឹង​ជួប​ប្រទះការ​លំបាក​ក្នុង​ការ​វាស់​វែង​ដី​ធ្លី​ជាង​អ្នក​ដែល​ធ្លាប់​មាន​បទពិសោធ​ស្រាប់​។

និស្សិត​ឈ្មោះស៊ីសិរីរតនីអាយុ​២១​ឆ្នាំ​ជា​និស្សិត​មក​ពី​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ បាន​និយាយ​ថា “ ​ខ្ញុំ​រំភើប​ណាស់​ដែល​បាន​ជួយរដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ទៅ​ឲ្យ​អ្នក​ភូមិ​ ពី​ព្រោះ​ខ្ញុំ​មិន​ចង់​ឮពីការ​តវ៉ា​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​ទៀត​ទេ”។

ដោយនិយាយយ៉ាងខ្លី​តាម​ទូរស័ព្ទបន្ទាប់​ពី​ទៅ​ដល់​កន្លែង ដែល​ខ្លួន​នឹង​ធ្វើ​ការ​វាស់​វែង​ដី​នៅ​ខេត្ត​កំពត​ និស្សិត សិរី​រតនី បាន​និយាយ​ថា គាត់​ពិត​ជា​ចង់​ចាប់​ផ្ដើម​សម្ភាស​អ្នក​ភូមិ​ និង​ប្រមូល​ទិន្នន័យ​នៃ​ការ​កាន់​កាប់​ដី​ធ្លី​យូរ​មក​ហើយ​ នៅ​ស្រុក​ជុំគិរីនៅ​ថ្ងៃ​នេះ​។

និស្សិត​ សិរីរតនីនិង​និស្សិត​ស្ម័គ្រ​ចិត្ត​ចំនួន​២៣​នាក់​ផ្សេង​ទៀត​ ដែលត្រូវធ្វើការ​វាស់​វែង​ដី​ក្នុង​ស្រុក​នឹងចូលរួមវគ្គសិក្សា​រយៈ​ពេល​មួយ​ខែ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ឧបករណ៍​ក្នុង​ការ​កំណត់​ទីតាំង​ភូមិសាស្ត្រ។

លោកអ៊ុកកែវ​រតនៈអ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ មន្ទីរ​រៀបចំ​ដែន​ដី​ នគរូបនីយកម្មនិង​សំណង់​បាន​ប្រញាប់​ប្រញាល់​រៀ​ប​ចំ​កន្លែង​សម្រាប់​ទទួល​និស្សិត​ស្ម័គ្រ​ចិត្ត​ចំនួន​៨០​នាក់ ដែល​បាន​ទៅដល់ទីនោះ កាល​ពី​ម្សិលមិញ ហើយ​និស្សិត​ទាំង​នេះ​នឹង​ត្រូវ​ឲ្យ​ស្នាក់​នៅ​ក្នុងបរិវេណ​មន្ទីររយៈ​ពេល​ពីរ​ខែ​។

លោក កែវរតនៈ បានមាន​ប្រសាសន៍បន្ដ​​ទៀត​ថា“ ថ្ងៃ​ស្អែក​និស្សិត​ស្ម័គ្រ​ចិត្ត​នឹង​ជួប​សម្ភាសជាមួយអ្នក​ភូមិ ដែល​ទទួល​រង​ផល​ប៉ះពាល់​ ដោយសារ​ជម្លោះ​ដី​ធ្លី​ ដើម្បី​ចាប់​ផ្ដើម​ប្រមូល​ទិន្នន័យ អំពីប្រវត​្តិនៃការ​កាន់​កាប់​ដី​ធ្លី​ជាយូរ​មក​ហើយ និង​ទំហំដីធ្លី​ដែល​ពួក​គាត់​បាន​អះអាង​”។

នៅ​ពេល​បញ្ចប់​ការ​ប្រមូល​ទិន្នន័យ​ភ្លាម​ ទិន្នន័យ​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​លោក​​នាយក​រដ្ឋមន្ត្រី​ ដើម្បី​សម្រេចធ្វើ​អនុបយោគ​ដីរដ្ឋ​ ឲ្យទៅជា​ទី​ដែល​អ្នក​ភូមិ​ធ្លាប់​បាន​រស់​នៅ​ និង​ចេញប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ស្រប​ច្បាប់​ដល់​ពួក​គាត់៕

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង​

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.