គណបក្ស នរោត្តម​ រណឫទ្ធិ​​​ ​ប្ដូរ​ឈ្មោះ​ជា​គណបក្ស​អ្នក​ជាតិ​និយម​ និងតែងតាំង​ លោក សៅ រ៉ានី ជាមេដឹក​នាំ

មន្ត្រីជាន់ខ្ពស់ក្នុងគណបក្សបានថ្លែងកាលពីម្សិលមិញថា គណ​បក្ស​ នរោត្តម​រណឫទ្ធិ​​ នឹង​​ប្តូរ​ឈ្មោះ​​ទៅជា​គណបក្ស​អ្នក​ជាតិ​និយមវិញ បន្ទាប់​ពី​ព្រះ​​អង្គម្ចាស់​ នរោត្ត​ម​រណឫទ្ធិបាន​លា​លែង​ពីតំណែង​ព្រះ​ប្រធាន​​​គណបក្ស​នេះ​ ខណៈពេល​ដែល​អគ្គ​លេខា​ធិការ​បក្ស​ លោកសៅរ៉ានីដែល​មាន​ជម្លោះ​ជាមួយ​ព្រះ​អង្គ​​​បណ្តាល​ឲ្យមាន​ការ​បំបែក​គណបក្ស​នេះ នឹង​កាន់តំណែងជា​ប្រធាន​ស្តីទី​របស់​គណបក្សថ្មី​នេះ​។

លោករ៉ានីត្រូវបានសមាជិក​ក្រុម​ប្រឹក្សា​ភិបាល​គណបក្ស​ចំនួន​៥៣រូប​ បោះឆ្នោត​ជ្រើស​​រើស​​ក្នុង​ពេល​ប្រជុំ​ជា​សម្ងាត់​នៅ​ទី​ស្នាក់​ការគណបក្ស​​នៅ​​ក្នុង​ខណ្ឌ​ទួល​គោក ​កាល​ពីម្សិលមិញ។ ការ​បំបែក​គណបក្ស​គឺ​ធ្វើ​ឡើង​​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ព្រះ​អង្គម្ចាស់​​ នរោត្តម ​រណឫទ្ធិ​ និងថ្នាក់ដឹកនាំបក្ស​សំខាន់​ជា​ច្រើន​រូប​​​បាន​ប្រកាសលាលែងពី​តំណែង​បន្ទាប់​ពី​មាន​ជម្លោះដ៏​​អូស​បន្លាយ​​​ ដែល​​ដណ្តើមអំណាច​គ្នាក្នុង​​បក្ស​នេះ​​។

កាលពី​ខែកក្កដា​ លោករ៉ានីនិង​សមាជិក​គណបក្ស​​ នរោត្តម​ រណឫទ្ធិ ប្រាំ​រូប​ផ្សេង​ទៀត​ត្រូវបាន​​បណ្តេញ​ចេញ​ពី​បក្ស ​ទើប​លោក រ៉ានីដាក់ពាក្យបណ្តឹងពីបទក្លែងឯកសារ​​​ប្រឆាំង​នឹង​​សមាជិក​គណបក្សជាន់​ខ្ពស់​មួយ​រូប​ ហើយ​ត្រូវតុលាការ​ចេញដីការក្សា​ការពារ​ឲ្យ​​​​រក្សា​​តួនាទី​​របស់​ខ្លួន​សិន​ ដោយរង់ចាំតុលារ​បើក​សវនាការ​ជំនុំ​​ជម្រះ។

កាល​ពី​ម្សិល​មិញ​ លោក រ៉ានី បាន​ដក​ពាក្យ​បណ្តឹង​វិញ ដោយ​លោក​និយាយថា លោក​បាន​យល់​ព្រម​ដកពាក្យ​​បណ្តឹង​នេះ ដោយ​សារតែ​ព្រះ​អង្គម្ចាស់​​ នរោត្តម ​រណឫទ្ធិ បាន​លាលែងពីតំណែង​ព្រះប្រធាន​គណបក្ស​​។

លោក រ៉ានី ​បាន​ថ្លែង​នៅ​ឯសន្និសីទសារ​ព័ត៌មាន​មួយ​​​ បន្ទាប់​ពីត្រូវបាន​តែងតាំង​ជា​ប្រធានស្តីទី ហើយលោក​បាន​ថ្លែង​អំណរ​គុណ​ជា​ពិសេស​ចំពោះ​ព្រះ​អង្គម្ចាស់​​ នរោត្តម​រណឫទ្ធិ ដែល​​ព្រះអង្គ​បាន​ដក​ព្រះកាយ​ចេញ​ ​ដើម្បី​បើក​ផ្លូវឲ្យមាន​ការ​បង្រួប​បង្រួម​គណបក្សជា​មួយ​គណបក្ស​ ហ៊្វុន​ស៊ិនប៉ិច។

លោកមានប្រសាសន៍ថា “ខ្ញុំ​ចង់បង្រួប​បង្រួម​រវាង​​គណបក្ស​​​​ទាំង​ពីរ​​នេះ ​ហើយ​ខ្ញុំ​មិន​​ចង់ទាមទារ​តួនាទី​អ្វី​ទេ​”។ លោកបាន​​បន្តថា “ យើង​នឹង​ប្រជុំនៅ​ថ្ងៃ​ទី​២៥​ខែ​សីហា​​ ដើម្បី​ពិភាក្សា​អំពី​វិធី​​​ប្តូរ​ឈ្មោះ​​របស់​គណបក្ស​ នរោត្តម​ រណឫទ្ធិ​ទៅជា​គណ​បក្ស​អ្នកជាតិ​និយម ​​ហើយ​យើង​នឹង​បញ្ចូល​​គណ​បក្សនេះ​ជា​មួយ​គណបក្ស​​​ហ៊្វុនស៊ិន​ប៉ិច ដើម្បី​​ធ្វើ​ឲ្យ​​​ក្រុមការ​ងារ​​របស់​គណបក្ស​ នរោត្តម ​រណឫទ្ធិ​ រួម​គ្នា​ជា​មួយ​គណបក្ស​ ហ៊្វុន​ស៊ិន​ប៉ិច។​ អ្នក​គាំទ្រ​របស់​យើង ​បាន​យល់​ព្រម ​ហើយ​ពួកគេ​រីករាយ​ចំពោះ​ការបង្រួប​បង្រួម​បក្សនេះ ហើយ​យើង​ជឿ​ថា​ការ​បង្រួប​បង្រួម​គណបក្ស​ទាំង​ពីរ​នេះ​ នឹង​ទទួល​បានអាសនៈ​ថែមទៀត”។

គណបក្សអ្នកជាតិនិយម​​ ដែល​គេ​ស្គាល់​ នៅឆ្នាំ​២០០៨ ​និង​ឆ្នាំ​២០១០​ដែល​នៅ​ពេល​​នោះ​ព្រះអង្គម្ចាស់​​ នរោត្តម ​រណ​ឫទ្ធិ ក៏​មាន​​បញ្ហាផ្នែក​​នយោបាយ​​ដែរ។ សមាជិក​ឃុំ-សង្កាត់​​របស់​គណបក្សជា​ច្រើន​មក​ពី​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​បាន​មក​ចូល​រួម​ប្រជុំ​ផ្លាស់​ប្តូរ​ឈ្មោះ​គណបក្ស​េនះ​ក្នុង​រាជធានីភ្នំពេញ​ ហើយ​អ្នក​ទាំង​នោះ​សន្យា​គាំទ្រលោក​ រ៉ានីជា​មេដឹក​នាំ​គណបក្ស​ថ្មី​​។

លោក រុន​ ម៉ារី​​​ ជំទប់​​ឃុំ​​ឈូក​ស ​ស្រុក​កំពង់ត្រឡាច ​ខេត្ត​កំពង់​ឆ្នាំង មកពីគណបក្ស​​នរោត្តម ​រណឫទ្ធិ​ ​និយាយ​ថា “ ការ​សម្រេច​​បង្រួបបង្រួម​គណបក្ស ​នរោត្តម​ រណឫទ្ធិ​​ជាមួយ​គណបក្ស ហ៊្វុន​ស៊ិនប៉ិច នៅ​មុន​ពេល​បោះ​ឆ្នោត​ឃុំ-សង្កាត់​ថា ជាការ​លឿន​ពេក​។ ខ្ញុំ​គិត​ថា ការ​បញ្ចូលគ្នា​រវាង​​គណបក្សទាំង​ពីរ​នេះ​ ប្រសើរ​ជាង​ការ​បែកបាក់​គ្នា។ជួនកាល​​ពេល​ខ្លះ​ត្រូវ​ និង​ពេល​ខ្លះ​ទៀត​ខុស”។លោក​មាស ទិត្យ​ អភិបាល​ស្រុក​ព្រះ​នេត្រព្រះ ​​ខេត្ត​ បន្ទាយមាន​ជ័យ បាន​យល់​ស្រប​តាម​លោករុន​ ម៉ារី​ ដែរ។

លោកមាសទិត្យនិង​សមាជិក​គណបក្ស​ដទៃទៀត​ មិនខ្វល់នឹងការ​លាលែង​ពី​តំណែង​ព្រះប្រធាន​គណបក្ស​របស់ព្រះ​អង្គម្ចាស់​​​នរោត្តម ​រណឫទ្ធិ នោះ​ទេ។​ លោក​និយាយ​​បន្តទៀតថា “ វាជាសិទិ្ធរបស់ព្រះ​អង្គ​ ហើយខ្ញុំ​គិតថា ប្រហែល​ជាព្រះអង្គ​មាន​បញ្ហា​ផ្ទាល់​ព្រះកាយ​របស់​ព្រះ​អង្គ ​ឬក៏ព្រះអង្គមាន​បញ្ហាអ្វី​មួយ​ ដែល​មិន​អាច​ដឹង​បាន​”៕

ប្រែសម្រួលដោយឃិនណៃ​​​​​​​

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.