សមាជិក​គណបក្ស​ សម រង្ស៊ី លើក​​ឡើង​ថា សុខភាព​របស់​​លោក​ ម៉ម ​សូណង់ដូ កាន់​តែ​​ខ្សោយ​ទៅ​ៗ

សមាជិកសភាមកពី​គណបក្ស​ សម រង្ស៊ីលោកស្រីមូរសុខហួរបាន​ថ្លែង​បន្ទាប់​ពី​បាន​ទៅ​សួរ​សុខ​ទុក្ខលោក​ ម៉មសូណង់ដូកាល​ពី​ថ្ងៃ​សុក្រ​ថា សុខ​ភាព​របស់​​ម្ចាស់​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​រូបនេះ ដែល​បច្ចុប្បន្ន​ ​កំពុង​ជាប់​​ពន្ធនាគារ​ និងកំពុង​រង់​ចាំ​ការ​ជំនុំ​ជម្រះ​ក្ដី​ពី​បទ​​ចោទ​ប្រកាន់​ទាក់​ទង​នឹង​ចលនា​ ដែល​គេ​ហៅ​​​ថាចលនា​អបគមន៍​ គឺ​លោក​ត្រូវ​ការ​ទៅ​សម្រាកព្យាបាល​នៅ​ក្នុងមន្ទីរ​ពេទ្យ​នៅ​ក្រៅ​ពន្ធនាគារ​ជា​បន្ទាន់​។

លោក​ស្រី​ មូរ សុខហួរ បានបន្ដ​ថា លោក​ស្រី​មាន​អារម្មណ៍​រន្ធត់​ពេល​ឃើញ​សុខភាព​របស់​លោក​ សូណង់ដូ ចុះ​ខ្សោយ​ខ្លាំង​ពេកពេល​លោក​ស្រី​ចូល​សួរ​សុខទុក្ខ​លោក​​ជា​មួយ​សមាជិក​សភាមកពី​គណបក្ស​ សម រង្ស៊ីប្រាំមួយ​​រូប​ផ្សេង​ទៀត​នៅ​ពន្ធនាគារ​ព្រៃស​។

លោក​ស្រី​បន្ថែម​ទៀត​ថា “​ សមាជិក​សភា​មកពី​គណបក្ស​ សម រង្ស៊ី ប្រាំពីរ​រូប​បាន​ទៅ​សួរ​សុខទុក្ខ​លោក​ សូណង់ដូ ដោយ​មាន​ការ​យល់​ព្រម​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ខ្ញុំ​មាន​អារម្មណ៍​ក្ដុក​ក្ដួល​ខ្លាំងណាស់ ពេល​ឃើញ​​​គាត់​មានសភាព​អស់​កម្លាំង​ខ្លាំង​​ កម្លាំង​កាយ​របស់​គាត់​គឺ​ពិត​ជា​ខ្សោយ​ណាស់​។ គាត់​បាន​ស្នើ​សុំ​ឲ្យ​បានទៅសម្រាកព្យាបាលនៅ​មន្ទីរ​ពេទ្យ​ក្រៅ​ពន្ធនាគារ​”។

ចាប់​តាំង​ពីថ្ងៃ​ចាប់​ខ្លួន នៅ​ថ្ងៃ​​ទី​១៥ ខែ​កក្កដាមក​ លោក​ សូណង់​ដូ បាន​ធ្លាក់​ខ្លួន​ឈឺ​ពីរលើកមក​ ហើយ​នៅ​ក្នុង​ពន្ធនាគារ​ដោយ​សារ​មានជំងឺរាគរូស​ធ្ងន់​ធ្ងរ​។ លោក​ស្រី​ មូរសុខហួរបាន​ថ្លែង​ថាលោក​បានផ្តើមមាន​ជំងឺ​ ដោយសារ​មាន​ការ​លំបាក​ក្នុង​ការ​ដក​ដង្ហើម​ ហើយ​លោក​ហើម​មុខ​មួយ​ចំហៀង​ ដែល​សមាជិក​សមាគម​របស់​លោក​បាន​និយាយ​កាល​ពី​សប្ដាហ៍​មុន​ថា ដោយ​សារ​លោក​មាន​ជំងឺ​ឡើងសម្ពាធឈាម​។

លោក​ស្រី​ មូរសុខហួរថ្លែង​បន្ដ​ថា “ ​លោក​បាន​ធ្លាក់​ខ្លួន​ឈឺ​យូរ​មក​ហើយ​។ លោក​មិន​អាច​សម្រាក​បាន​ស្រួល​ទេ​ ហើយលោក​មាន​បញ្ហា​ក្នុង​ការ​ដក​ដង្ហើម​។ លោក​ពិត​ជា​មាន​អារម្មណ៍​អន្ទះសា​ក្នុង​ចិត្ត​​ខ្លាំងណាស់​”។ លោកម៉មសូណង់ដូកំពុង​ត្រូវ​រង់​ចាំ​ការ​ជំនុំ​ជម្រះ​ក្ដី​ពី​បទ​ចោទ​ប្រកាន់​ថា លោក​ជា​អ្នក​គាំទ្រ​ចលនា​អបគមន៍ប្រឆាំង​នឹង​រដ្ឋា​ភិបាល​​នៅ​ក្នុង​ខេត្ត​ក្រចេះ។ ក្រុមនេះមាន​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែលកំពុងតវ៉ាចំពោះការ​បាត់​បង់​ដី​ធ្លីរបស់​ពួក​គេ​​ដោយ​សារ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូឯកជន។

​អង្គការលើក​លែង​ទោស​អន្ដរជាតិ​បាន​ចាត់​ទុក​លោក​ សូណង់​ដូ​ ជា​អ្នក​ទោស​មន​សិកា​​​រនៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​លើក​ឡើង​​ថា លោក​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​  “បាន​អនុវត្ត​នូវ​សិទ្ធិ​​បញ្ចេញ​មតិ​ដោយ​សន្ដិវិធី​”។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ ចេញ​ផ្សាយ​ កាល​ពី​ដើម​ខែ​នេះ​ អង្គការ​លើក​លែង​​ទោស​អន្ដរជាតិ​បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួនលោក​ សូណង់ដូ​ គឺ​ទាក់​ទង​នឹង​ការ​ផ្សាយ​ព័ត៌មាន​ របស់វិទ្យុ​សម្បុក​ឃ្មុំ​អំពី​​ការ​ព្យាយាម​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្ដរជាតិ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បច្ចុប្បន្ន​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ តាម​រយៈ​សកម្មភាព​បណ្ដេញ​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ។

ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​សម្បុក​ឃ្មុំ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា នៅ​ថ្ងៃ​ទី​២៦​ ខែ​មិថុនា ដោយ​បាន​ភ្ជាប់​លោកសូណង់ដូទៅ​នឹង​ចលនា​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​​។ អ្នកស្រី​ ឌិនផាណារ៉ាភរិយា​របស់​លោក​ សូណង់ដូ បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​ក៏​បាន​ជួប​ស្វាមី​របស់​អ្នក​ស្រី​ផង​ដែរ​កាល​ពី​ថ្ងៃសុក្រ។ អ្នក​ស្រី​បាន​មាន​ប្រសាសន៍​បន្តថា​ លោកសូណង់ដូបាន​ស្នើសុំ​ឲ្យ​លោកស្រ៊ុន​ លាង ប្រធាន​មជ្ឈមណ្ឌល​កែប្រែទី​១​នៃ​ពន្ធនាគារ​ព្រៃស​អនុញ្ញាត​ឲ្យ​លោកបានទៅ​ព្យាបាល​​​ជំងឺនៅ​មន្ទីរ​ពេទ្យ​ណាមួយ ​នៅ​ខាង​ក្រៅ​ពន្ធនាគារ ​ប៉ុន្ដែ លោក​មិន​ទាន់​​បាន​ទទួល​​​នូវ​ការឆ្លើយ​តប​នៅ​ឡើយ​ទេ​។ពេល​ទាក់​ទងតាមទូរស័ព្ទ​កាល​ពី​ថ្ងៃសុក្រ​ លោក​ ស្រ៊ុនលាងបាន​បដិសេធ​មិន​ធ្វើ​​អត្ថា​ធិប្បាយ​អំពី​បញ្ហា​នេះ​ទេ​។

អ្នកស្រី​ ផាណារ៉ា បានមាន​ប្រសាសន៍​បន្ថែម​​​​ថា“ ​សុខភាព​របស់​គាត ់​ ​កាន់​តែ​ទ្រុឌ​ទ្រោមទៅ​ៗ។ខ្ញុំ​គិត​ថា ​គាត់​មិន​ស្រួល​ខ្លួន​​ពី​ព្រោះ​គាត់​ហូប​មិន​គ្រប់​គ្រាន់ ​ហើយ​​គាត់​ហូប​​មិន​ទៀង​ទាត់ទៀត​​”។ សមាជិក​សភា​មកពីគណបក្ស​ សម រង្ស៊ីនឹង​សរសេរ​លិខិតទៅ​ក្រសួង​យុត្តិធម៌​ នៅ​ថ្ងៃ​ច័ន្ទ ដើម្បី​​​គាំទ្រដល់​​សំណើរ​របស់​លោក សូ​ណង់ដូ​​ សុំទៅសម្រាក​​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​។ លិខិត​នោះ​ នឹង​អំពាវនាវ​ផងដែរ​ឲ្យ​ដោះ​លែង​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​​អាសន្ន​​ ដែល​​សំណើ​នេះ​ត្រូវបាន​​បដិសេធ​កាល​​ពី​ខែ​មុន​ម្តងរួចមក​ហើយ​។

លោក​ស្រី មូរ សុខហួរ បានមានប្រសាសន៍​ថា លោក​​ស្រី​បាន​​ជួប​លោក សូណង់ដូ រយៈ​ពេល​កន្លះ​ម៉ោង​​ក្នុង​បរិវេណ​ពន្ធនាគារ​ ហើយ​លោក​​ស្រី​បាន​មានប្រសាសន៍បន្ថែមទៀត​ថា លោក​ សូ​ណង់ដូ គឺ​កំពុងតែ​​តាម​ដាន​​ព្រឹត្តិការណ៍​បច្ចុប្បន្ន​​ និង​​ប្រត្តិ​កម្ម​ចំពោះ​សំណុំ​រឿង​របស់​​លោក​តាយ​រយៈការ​ស្ដាប់​វិទ្យុ​​។

ប្រជា​ពលរដ្ឋ​ជាង​១០០.០០០​នាក់​បាន​ផ្តិតមេដៃលើ​ញត្តិ​​មួយ ​​ដើម្បី​អំពាវ​នាវ​ឲ្យ​ដោះ​លែង​លោកសូណង់ដូហើយ​​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្សអន្ដរជាតិ​​​កាល​ពី​ថ្ងៃសុក្រ​ បាន​ចេញសេចក្ដី​ថ្លែង​ការណ៍​មួយ​​​ អំ​ពាវ​នាវឲ្យមាការ​គាំទ្រឲ្យ​ចំពោះសំណើសុំ​ដោះ​លែង​ម្ចាស់​វិទ្យុ​សម្បុក​ឃ្មុំ​រូបនេះផង​ដែរ​។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​​​ថា”​រដ្ឋាភិបាល​មិន​​បាន​បង្ហាញ​​ភស្ដុតាង​ណាមួយ​ច្បាស់​លាស់​​ ដើម្បីដាក់​បន្ទុក​មកលើការ​ចោទ​​​ប្រកាន់​របស់​ខ្លួន​ ដែល​អះអាង​ថា​លោក​សូណង់​ដូ​ មានជាប់​ពាក់ពន្ធ​នឹង​​​ចលនា​អបគមន៍​នៅ​ក្នុង​ខេត្ត​ក្រចេះ​នោះ​នៅ​ឡើយ​ទេ​។

ក្នុង​អំឡុង​ការ​បង្ក្រាប​ចលនា​ ដែល​គេ​ហៅ​ថាចលនា​អបគមន៍​របស់​ប្រជា​កសិករ​ ចេញ​ពី​តំបន់​​​​មាន​ជម្លោះដី​ធ្លី​​ក្នុង​ខេត្ត​ក្រចេះ​ តាមរយៈការប្រើ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ និង​នគរបាល​យ៉ាង​ច្រើន​ ហើយបាន​បណ្ដាល​ឲ្យ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ស្លាប់។ ​​ ​រដ្ឋាភិបាល​​​បានបកស្រាយបែប​ចំអក​​ថា​ ករណី​នេះ​មិន​ចាំ​បាច់​មានការស៊ើប​អង្កេត​ចំពោះការ​ស្លាប់​របស់​កុមារី​នេះ​ទេ​។

អ្នកស្រីហ៊ួន​ ផាន់ណារីអគ្គលេខា​ធិការ​សមាគម​អ្នក​ប្រជាធិបតេយ្យ​បាន​និយាយ​ថាសមាជិក​សមាគម​ជាង​៦០​នាក់បាន​ប្រមូល​ផ្ដុំ​គ្នា​ នៅក្នុង​វត្ត​អង្គ​មេត្រី ​នៅ​ជិត​ពន្ធនាគារ​ព្រៃសកាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​​បួងសួង​ឲ្យ​សុខភាព​របស់​លោកសូណង់ដូ​ រាំងមាំឡើងវិញ​។អ្នក​ស្រី​ ផាន់ណារី​ បាន​មាន​ប្រសាសន៍​ថា​​លោកសូណង់ដូគឺ​ជា​មនុស្សម្នាក់​​ ដែល​​ “ស្រឡាញ់​ប្រជាជន​​កម្ពុជា​ និង​​ស្នេហាជាតិ​ខ្លួន”។

លោកស្រីមូរសុខហួរមាន​ប្រសាសន៍​ថាលោកសូណង់ដូគឺ​កំពុង​ខិតខំតស៊ូ​ ដើម្បី​បង្ហាញឲ្យឃើញ​ថាលោក​មិន​មាន​កំហុសទេ​។លោក​ស្រី​បន្ដថា”​ខ្ញុំ​អាច​និយាយ​បាន​ថាបញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់អារម្មណ៍​របស់​គាត់​ខ្លាំង​ណាស់​ ប៉ុន្ដែគាត់​នៅ​តែ​តស៊ូ​ទ្រាំ​បាន​។លោក​​មិន​មាន​អារម្មណ៍​​សោក​ស្ដាយ​ ចំពោះការ​វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក​មកកាន់​ប្រទេស​កម្ពុជា​វិញ​នោះ​ទេ​។គាត់​និយាយ​ថានៅ​ក្នុង​ពន្ធនាគារ​ប្រសើរ​ជាង​នៅ​បរទេស​ ពី​ព្រោះ​យ៉ាង​ហោច​ណាស់​គាត់​បាននៅ​ក្នុង​ទឹក​ដី​កម្ពុជាដែរ”​៕

ប្រែសម្រួល​ដោយឃិនណៃ

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.