អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ជប៉ុននិយាយ​ ​​ថា អំពើ​​​ហិង្សា​​​ពាក់​​​ព័ន្ធ​​​នឹង​​​ជម្លោះ​ ​​​ដីធ្លី “ មិន​​​អាច​​​អត់​​​ឱនឲ្យបាន”

អង្គការ​​​សិទ្ធិ​​​មនុស្សមួយ​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ទី​​​ក្នុង​​​តូក្យូ​​​ ប្រទេស​​​ជប៉ុន បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋា​ភិបាល​​​បញ្ឈប់​​​ការ​​​បណ្ដេញ​​​ប្រជាពលរដ្ឋ​​​ដោយ​​​ប្រើ​​​កម្លាំង​​​ និង​​​បាន​​​លើកឡើង​ថាការ​​​ប្រើ​​​ប្រាស់កង​​​កម្លាំង​​​ប្រ​ដាប់​​​អាវុធ​​​ប្រឆាំង​​​នឹង​​​ប្រជាពលរដ្ឋ​​​សាមញ្ញ​ដែល​​​ការពារ​​​ដី​​​របស់​​​ខ្លួន​​​ថាជា“ ការ​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​ដែល​​​មិន​​​អាច​​​អត់​​​ឱន​​​ឲ្យបាន​​​”។

អង្គការ​​​ “ សិទ្ធិមនុស្សពេល​នេះ”​(Human Rights Now) ដែល​​​កាល​​​ពី​​​ខែ​​​មិថុនា បាន​​​បញ្ជូន​​​​អ្នក​​​អង្កេត​​​ការណ៍​​​ជប៉ុន​​​មួយ​​​ក្រុម​​​មក​​​កាន់​​​ប្រទេស​​​​កម្ពុជា ដើម្បី​ធ្វើសម្ភាសប្រជាពលរដ្ឋ​​​ដែល​​​រង​​​ផល​​​ប៉ះពាល់ ដោយ​​​សារដី​​​សម្បទាន​​​សេដ្ឋ​កិច្ច​​​នោះ​​​ បាន​​​ចេញ​​​ផ្សាយ​​​​​​​​​លទ្ធផល​​​នៃ​​​បេសក​កម្ម​​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ​​​ ។

អង្កការ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ផ្ដល់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​របស់​​​​​​រដ្ឋាភិបាល​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន​​​ឯកជន​​​ បាន​​​បណ្តាល​ឲ្យ​មានការ​​​បណ្ដេញ​​​​​​ប្រជាពលរដ្ឋចេញ​ពី​សហ​គមន៍​នានា​​​ ទូទាំង​​​ប្រទេស ដែល​​​ប្រជា​ពល​រដ្ឋ​ជា​​​​ច្រើន​​​ក្នុង​ចំណោម​នោះត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ចេញ​​​ ពី​​​ដី​​​របស់​​​ខ្លួន ឬត្រូវ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​ជម្លោះ​​​ដី​​​ធ្លី​ដ៏​អូសបន្លាយ​​ជាមួយ​​​ក្រុមហ៊ុន​ជួល​ដីទាំង​នោះ។

របាយការណ៍​​​នេះ​លើក​​​ឡើង​​​ថា “ ​​​​​​ពេ​​​ល​អ្នក​​​ភូមិ​​តស៊ូតវា៉​​​ប្រឆាំងនឹង​​​នយោបាយ​​​ដី​​​ធ្លី​បែប​​​នេះ រដ្ឋាភិបាល​​​កម្ពុជា តែង​តែ​ចាត់​​​វិធាន​​​​ការ​​​ដោយ​​​ប្រើ​​​កម្លាំង​​​ ដែល​​ជា​ការ​​​រំលោភ​​​សិទ្ធិ​​​​មនុស្ស​​យ៉ាង​​​​ធ្ងន់​​​រួម​​​ទាំង​​​ការ​​​ដាក់​​​ពង្រាយ​​​ទ័ព​​​ការ​​​សង្កត់​​​សង្កិន​​​ដោយ​​​អំពើ​​​ហិង្សា ការ​​​ចាប់​​​ខ្លួន​​​មនុស្សដោយ​ខុស​ច្បាប់ និង​​​ការ​​​ផ្ដន្ទា​ទោស​​​ព្រម​​​ទាំង​​​ការ​​​វាយ​​​ប្រហារ​​​ និង​​​ការ​​​គំរាម​​​​​កំហែង​​​មក​​​លើ​​​សកម្មជន​​​​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​ទៀត​​​ផង”។

អង្កការ​​​នេះ​ក៏​​​បាន​​​លើក​​​ឡើង​​​​​​ដែរ​​​ថា ​ហេតុការណ៍ដែល​​​​ធ្ងន់​​​​​​ជាង​គេបំផុតមួយ​ គឺ​​​ការ​​​សម្លាប់​​​ក្មេង​​​ស្រី​​​ឈ្មោះ ហេង ចន្ថា អាយុ​​​១៤​​​ឆ្នាំ​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៦​​​ ខែឧសភា នៅ​​​ក្នុង​​​ខេត្ត​​​ក្រចេះ ​​​អំឡុង​​​ប្រតិបត្តិការ​​​របស់​ទាហាន​​​និង​​​នគរបាល​​​រាប់​​​រយ​​​នាក់ ដើម្បី​បណ្ដេញ​​​ប្រជាពលរដ្ឋ​​​​​​ចេញ។

របាយការណ៍​​​នេះបន្ត​​ថា “ ក្រុម​​​អ្នក​​​​​​អង្កេត​​​ការ​​​​​​របស់​​​អង្គការ​​​សិទ្ធិមនុស្ស​​​​​​ Human Rights Now បាន​​​ធ្វើ​សម្ភាសគ្រួសារ​​​ក្មេង​​​ស្រី​​​រង​​​គ្រោះ និង​​​ប្រជា​​​ពលរដ្ឋ​​​ដទៃ​​​ទៀត ដែល​​​បាន​​​​ឃើញហេតុការណ៍​នោះ​ ហើយ​​​ត្រូវបាន​លាត​ត្រដាងថា ទាហាន​​​ និង​​​នគរបាល​​​បាន​​​បាញ់​សំដៅ​ទៅរក​​​ផ្ទះ​​​របស់​​​ក្មេង​​​ស្រី​​​នេះ។ហេតុ​ការណ៍​ទាំង​​​នេះ​​​មិន​​អាច​​​អត់​ឱន​​​ឲ្យ​បាន​​​ទេ​​​ពី​​​ព្រោះ​​​ការ​​​សម្លាប់​​​ក្មេង​​​ស្រី​​​នេះ​​​ គឺ​​​ជា​​​ការ​​​សម្លាប់​​​ខុស​​​ច្បាប់​​​ដោយ​​​កងកម្លាំង​​​​ប្រដាប់​​​អាវុធ ហើយ​​​ការ​​​វាយ​​​ប្រហារ​​​ទៅ​​​លើ​​​អ្នក​​​ភូមិ​​​​​​​​​​​​ដោយ​​​ការ​​​បាញ់​​​ប្រហារ​​​ទៅលើ​អ្នក​ភូមិ​ គឺ​​​ជា​​​ទង្វើ​ខុស​​​ច្បាប់”។

អង្គការ​​​សិទ្ធិមនុស្ស​​​ជប៉ុន​​​មួយ​នេះ​​​ ក៏បាន​​​ធ្វើការ​វាយ​តម្លៃ​ពី​​ជម្លោះ​​​ដីធ្លីនៅ​​​ឯ​សហគមន៍​​​បឹង​​​កក់​​​​​​​​​ និងសហ​គមន៍​​​​បុរី​​​កីឡា ក្នុងរាជធា​​​នី​ភ្នំពេញ​​​ផងដែរដែល​​​នៅ​សហគមន៍​​​ទាំង​​​​​​ពីរ​ធ្លាប់​មាន​ការ​ប៉ះទង្គិច​​​គ្នា​​​ដោយ​​​​​​​​​ហិង្សា​​​រវាង​​​ក្រុម​​​អ្នក​​​តវ៉ា និង​​​នគរបាល​​​ ហើយ​​​​និយាយ​​​ថា “ ​​គ្មាន​​​ហេតុ​​​ផល​​ដែល​​​ត្រូវ​ប្រើ​កម្លាំងបាយ​លើ​​​ប្រជាពលរដ្ឋឡើយ ដូច្នេះ​​​នេះ​​​គឺ​​​ជា​​​ការរំលោភ​​​​សិទ្ធិ​​​មនុស្ស​​​ដែល​​​មិន​​​​​​អាច​​​អត់​​ឱន​ឲ្យបាន​​​”។

​​​ឧត្ដម​​​សេនីយ៍ឯក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បាញ់​​​សម្លាប់​​​ក្មេង​​​ស្រីវ័យ​ជំទង់​​​​ក្នុង​​​ខេត្ត​​​ក្រចេះ​នោះ គឺ​​​ជា​​​ឧបទ្ទ​វហេតុ​​​ចៃ​ដន្យ។

លោកបាន​​​មាន​​​ប្រសាសន៍​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ស្លាប់របស់​ក្មេង​​​ស្រីហេង ចន្ថា ថា “ យើង​​​​សោក​​​ស្ដាយ​​​​​​ណាស់​​​ចំពោះ​ឧប្បត្តិ​ហេតុ​​​នេះ ​ប៉ុន្ដែ វា​​​បាន​​​កើត​​​ឡើង​ដោយ​​​ចៃដន្យ ដោយ​​​គ្មាន​ចេតនាបង្ក​​​បញ្ហា​​​ឡើយ។ ពេល​នេះរឿង​​​​ក្ដី​​​នេះស្ថិត​ក្នុង​ដៃ​តុលា​ការ​​​ ហើយ​​​យើង​​​នឹង​​​បញ្ជូន​​​ឯកសារ​​​ពាក់​​​ព័ន្ធ​​​ទៅ”។ ប៉ុន្ដែ​ បួន​ខែក្រោយ​ពី​ហេតុការណ៍​បាញ់​សម្លាប់​​​នោះលោកស្រី​​​ ចាត​​​ សូរស្មី ព្រះ​​​រាជ​​​អាជ្ញា​​​អម​​​សាលាដំបូង​​​ខេត្ត​​​ ​​​មាន​​​ប្រសាសន៍​​​ថាលោក​​​ស្រី​​​មិន​​​ដឹង​​​ប្រា​កដ​ថា តើ​​​តុលាការ​​​កំពុង​​​​

ស៊ើប​​​អង្កេត​​​អ្វីខ្លះ​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បាញ់​​​ប្រហារ​​​​នេះ​​​ ឬអត់នោះ​​​​ទេ​​​។ លោក​​​ស្រី​​​បាន​បន្ថែម​ថា “ រហូត​​​មក​​​ទល់នាទី​​​នេះ​​​ ខ្ញុំ​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ឯកសារ​​​ណាមួយ​ទេ ប៉ុន្ដែ ខ្ញុំ​​​នឹង​​​ពិនិត្យ​​​ផ្ទៀង​ផ្ទាត់​ជា​មួយ​ផ្នែក​​​រដ្ឋបាល​​​របស់​​​ខ្ញុំ”។ បន្ទាប់​​​ពី​​​​មាន​ការ​​​បាញ់​​​សម្លាប់​​​នេះ ​​​បណ្តា​មន្ត្រី​​​ថ្នាក់​​​ខេត្ត​​​​​​បាន​​​លើក​​​ឡើង​​​ថា មិន​​​ចាំ​​​បាច់​​​ស៊ើប​​​អង្កេត​​​ករណីស្លាប់​​របស់​​​ក្មេង​​​ស្រី ​ហេង ​ចន្ថា ទេ​​​ ពី​​​ព្រោះ​​​វា​​​គឺ​​​ជា​​​ឧប្បទ្ទវហេតុ៕

(រាយការណ៍​​​​​​បន្ថែម​​​ដោយ​​​ គុច ណារ៉េន)

ប្រែសម្រួល​​​ដោយ ហម​​​ សុផាណ្ណា

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.