អ្នក​អង្កេតការ​ណ៍​​៖ គ្មាន​បញ្ញត្តិណាមួយ​ក្នុង​ច្បាប់​ឲ្យ​​​​លុប​ឈ្មោះ​លោក សម រង្សុី ពីបញ្ជីបោះឆ្នោត​ទេ

គណៈ​កម្មាធិការ​​ខុមហ្វ្រែល កាល​ពីថ្ងៃ​អង្គារ ​បាន​ចោទ​ប្រកាន់​គណៈកម្មា​ធិ​ការ​​ជាតិ​​រៀបចំ​ការ​បោះ​ឆ្នោត​​ថា​បាន​ធ្វើ​ការ​សម្រេច​ដោយ​គ្មាន​មូល​ដ្ឋាន​ច្បាស់​ក្នុង​ការ​លុប​ឈ្មោះ​លោកសមរស្សុីមេដឹក​នាំ​គណ​បក្ស​ប្រឆាំង​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ជាតិ​ និង​បាន​​លើក​ឡើង​ថា ការ​សម្រេច​​នោះ​គឺ​ជា​លើក​ទី១ហើយ​សម្រាប់​ប្រទេស​កម្ពុជា​។

គណៈ​កម្មាធិការ​ខុមហ្វ្រែល ក៏​បាន​​ជំរុញ​ឲ្យ​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​រក​ឈ្មោះ​​ទណ្ឌិត​ផ្សេងៗទៀត​ក្រៅ​​ពី​ លោកសមរង្សុីដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។

កាលពីថ្ងៃច័ន្ទ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​តម្កល់​សេចក្តី​សម្រេច​កាល​ពី​ខែ​មុន​​​របស់​គណៈ​កម្មា​ធិការ​​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​​​ក្នុង​ការ​លុប​ឈ្មោះ​លោកសមរង្សុី​​ ចេញ​ពី​បញ្ជីបោះ​ឆ្នោតដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ លោកសមរង្សុីពំុ​មាន​លទ្ធភាព​ចូល​រួម​ក្នុងការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ទោះបី​ជាលោក​ត្រឡប់​​ពី​ការ​និរទេសខ្លួន​វិញ​ក៏ដោយ។

អង្គការ​​​ខុមហ្វ្រែលលើកឡើង​ថាស្មៀន​​នៅ​សង្កាត់​បឹង​រាំង​ ខណ្ឌដូន​ពេញរាជធានី​ភ្នំពេញ បាន​លុប​ឈ្មោះ​លោកសមរង្សុីដោយ​​សារ​តែពួកគេ​ជឿ​ថា ទណ្ឌិត​​គ្មាន​សិទ្ធិ​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​នោះ​ទេ​ បើ​តាម​មាត្រា​​៥០​នៃ​ច្បាប់​​ស្តី​ពី​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​សមាជិក​សភា។​​ទោះ​ជា​យ៉ាង​ណា​ អង្គការ​ខុមហ្វ្រែល នៅ​តែ​អះ​អាង​ថា គ្មាន​​មាត្រាណា​​មួយ​នៅ​ក្នុង​ច្បាប់​បោះឆ្នោត​ដែល​តម្រូវ​ឲ្យ​ចាត់​វិធាន​ការ​បែប​នេះ​ទេ។

មាត្រា​​៥០នៃ​ច្បាប់​បោះ​ឆ្នោត​ចែង​ថាអ្នក​​បោះឆ្នោត​ត្រូវ​តែមាន​សញ្ជាតិ​ខ្មែរ ​មាន​អាយុ​​ចាប់​ពី​១៨ឆ្នាំ​ឡើង​​ទៅ មិន​​វិកល​ចរិតនិង​​មិន​ជាប់​ពន្ធនាគារ​ ទើប​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​។ មាត្រា​នេះមិន​បាន​និយាយ​អំពី​ការ​លុប​ឈ្មោះ​​ទណ្ឌិត​​នោះ​ទេ​។

អង្គការ​ខុម​ហ្វ្រែលក៏​បាន​លើក​ឡើង​នៅ​ក្នុង​េសចក្តី​ថ្លែងការណ៍​​មួយ​ថា “ ខុម​ហ្វ្រែលជឿ​ជាក់​ថាឈ្មោះ​ លោកសមរង្សុី​ ត្រូវ​បានលុបចេញ​ ពីព្រោះ​សេចក្តី​សម្រេច​របស់​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ និង​គណៈ​កម្មា​​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​មិន​មែន​ផ្អែក​​តាម​ច្បាប់​​នោះ​ទេ ហើយ​គ្មាន​នីតិវិធី​ច្បាស់​លាស់ក្នុង​ការ​លុប​ឈ្មោះ​​ទណ្ឌិត​ចេ​ញ​ពី​បញ្ជី​បោះ​ឆ្នោត​ទេ”។

សេចក្តី​ថ្លែង​ការណ៍​នោះ​ ក៏​បាន​លើកឡើង​ដែរ​ថា“ មាត្រា​៥០​បាន​គូស​បញ្ជាក់​ពី​លក្ខខណ្ឌ​សម្រាប់​ប្រជា​ពល​រដ្ឋ​ដែល​មាន​សិទ្ធិ​ចុះ​​​ឈ្មោះ​​​​បោះ​ឆ្នោត​ ប៉ុន្តែមាត្រា​នោះ​មិន​បាន​​ចែង​​ថា ឈ្មោះ​​របស់​ប្រជា​ពល​រដ្ឋ​ដែល​មាន​​ក្នុង​​បញ្ជីបោះ​ឆ្នោត​អាច​លុប​​ចេញ​ពី​បញ្ជី​នោះ​​បាន​​ទេ​។

កាលពីខែមីនា ឆ្នាំ​២០១១ ​​​​​​តុលាការ​កំពូលបាន​តម្កល់​សាលក្រម​​ផ្តន្ទា​ទោស​​លោកសមរង្សុី​ ដែល​​ត្រូវ​បាន​ផ្តន្ទាទោស​ កាល​ពីឆ្នាំ​២០០៩ពី​បទបំផ្លាញ​ទ្រព្យសម្បត្តិ​សាធា​រណៈ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ​ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ លោកបាន​រស់​នៅ​ដោយ​​ការ​និរទេស​ខ្លួន​ឯង​​​នៅ​​​ក្នុង​ប្រទេស​បារាំង។ អ្នក​គាំទ្រ​លោកសមរង្សុី​ និយាយ​ថារឿង​ក្តី​​មួយ​ចំនួន​និង​ការ​ផ្តន្ទា​​​ទោស​​​​លោកសមរង្សុីគឺពាក់​ព័ន្ធ​នឹង​នយោបាយ​។

លោកគល់បញ្ញានាយក​ប្រតិបត្តិ​​គណៈ​កម្មាធិការ​​ខុមហ្វ្រែលបាន​មាន​ប្រសាសន៍ថាឈ្មោះ​របស់​មេដឹកនាំ​ប្រឆាំង​រូប​នេះ​មិន​គួរ​ត្រូវ​បាន​គេលុប​ចេញ​ពី​បញ្ជី​​នោះ​ទេ​ដោយ​សារ​តែ​ច្បាប់​​ស្តី​ពី​បញ្ហានេះ​មាន​លក្ខណៈ​មិន​ច្បាស់​លាស់​ និង​ដោយ​សារ​តែលោកសមរង្សុីអាច​នឹង​ទទួល​បាន​​ព្រះ​រាជ​ទាន​​លើក​លែង​ទោសមុន​ពេល​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​ដែល​ប្រព្រឹត្ត​ទៅ​ថ្ងៃទី​២៨ខែ​កក្កដា។

លោកគល់បញ្ញាបាន​មាន​ប្រសាសន៍ថា“ ខ្ញុំ​ដឹង​ថា គ្មាន​ច្បាប់​ណា​មួយ​អនុញ្ញាត​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃំុ-សង្កាត់​និង​គណៈកម្មា​ធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត​មាន​សិទ្ធិ​លុប​ឈ្មោះ​លោកសមរង្សុីឬក៏ជន​ត្រូវ​តុលា​ការ​ផ្តន្ទាទោស​ផ្សេង​ទៀតចេញ​ពី​បញ្ជីនោះ​ទេ​”។

លោកគល់បញ្ញា បាន​មាន​ប្រសាសន៍បន្ត​ទៀត​ថា ប្រសិន​គណៈ​កម្មា​​ធិការ​ជាតិរៀប​ចំ​​ការ​បោះឆ្នោតពិត​ជា​មាន​បំណង​អនុ​វត្ត​​ច្បាប់​​បែប​​នេះ​មែន​នោះ​​ អ៊ីចឹង​ក្រសួង​យុត្តិធម៌​ក៏គួរតែ​បញ្ជូន​បញ្ជី​ឈ្មោះ​ទណ្ឌិត​​ផ្សេងទៀត​ទៅ​ឲ្យ​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែរដើម្បី​ធ្វើ​ឲ្យ​ប្រាកដថាជន​ទាំង​អស់​នោះ​ក៏​មិន​អាច​បោះ​ឆ្នោត​បាន​ដែរ​។

លោកសំប្រជាមានិតប្រធាន​ខុទ្ទកាល័យ​​ក្រសួង​យុត្តិធម៌​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយថា តើ​ក្រសួង​ផ្តល់​ឈ្មោះ​ទណ្ឌិត​ទាំង​អស់​ឲ្យ​ទៅ​គណៈកម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដើម្បី​​​ធានា​ថា ពួកគេ​មិន​អាច​បោះ​​ឆ្នោត​ ឬអត់​នោះ​ទេ​។

លោកទេពនីថាអគ្គលេខាធិការ​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ក៏បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​ថា ​តើបញ្ជី​ឈ្មោះ​ទណ្ឌិត​​មានពិត​មែន​ឬក៏អត់​​នោះទេ។ ទោះជាយ៉ាង​ណា​ លោក បាន​​បញ្ជាក់​​ថាឈ្មោះ​​ទណ្ឌិត​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​តាំង​ពី​ឆ្នាំ​២០០៣មក​ម្លេ៉ះ​។

លោក​មាន​ប្រសាសន៍ថា “ មិន​មែន​មាន​តែឈ្មោះ​របស់​ លោកសមរង្សុីប៉ុណ្ណោះទេ​​ប៉ុន្តែ មាន​ឈ្មោះ​អ្នក​ទោស​ជា​ច្រើន​នាក់​​​ទៀត​ដែល​ត្រូវ​​បាន​លុប​ចេញ​ពី​បញ្ជី​អំឡុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​ប្រចាំ​ឆ្នាំ”។ bលោកទេពនីថាក៏មិន​អាច​​ប្រាប់​ថា​ តើ​មាន​ទណ្ឌិត​ប៉ុន្មាននាក់​ក្រៅ​ពី​ លោកសមរង្សុីដែល​ត្រូវបាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​​​បោះឆ្នោត​ក្នុង​ឆ្នាំ​នេះ​ទេ​៕

ប្រែសម្រួលដោយហមសុផាណ្ណា​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.