ការ​សហការ​គ្នា​រវាង​សមាជិក​អាស៊ាន​ បាន​បង្ហាញនៅ​​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​​នៃ​កិច្ច​ប្រជុំ

អ្នក​ជំនាញ​មួយ​ចំនួន​បាន​លើក​ឡើង​ក្នុង​សប្ដាហ៍​នេះ​ថា នៅ​ពេល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ កម្ពុជា​បាន​ធ្វើ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​មាន​ការ​សហការ​គ្នា​តិច​តួច​ជាង​ពេល​ណា​ៗ​ទាំង​អស់​នៃ​ប្រវត្តិ​កិច្ច​ប្រជុំ​អាស៊ាន​រយៈ​ពេល​​៤៥​ឆ្នាំ​មក​នេះ​។ ហើយ​នៅ​ពេល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​សប្ដាហ៍​​ចុង​ក្រោយ​នេះ ​ការ​បរាជ័យ​ដែល​មិន​បាន​ដោះ​ស្រាយ​ក្ដី​ព្រួយ​បារម្ភ​របស់​ប្រទេស​សមា​ជិក​អាស៊ាន​នៅ​ក្នុង​ជម្លោះ​ដែន​ទឹក​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ប្រហែល​ជា​កេរ​ដំណែល​ដ៏​​យូរ​អង្វែង​របស់​រាជ​ធានី​ភ្នំពេញ​នៅ​ពេល​ខ្លួន​ធ្វើ​ជា​ប្រធាន​នៃ​ប្រទេស​សមា​ជិក​អាស៊ាន​ទាំង​១០​នោះ​​។

លោកប៉ាវីនឆាឆាវ៉ាលពុង​​ពុន (Pavin Cha-chavalpongpun) សាស្ត្រាចារ្យ​មួយ​រូប​នៅ​ឯ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អាស៊ី​អាគ្នេយ៍​នៅ​សាកលវិទ្យាល័យ​ក្យូតូ (Kyoto) បាន​មាន​ប្រសាសន៍​ថា“ ​ទំនាក់​ទំនង​ការ​បរទេស​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង​ដោយ​សារ​តែ​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​ចិន ហើយ​ទំនាក់​ទំនង​នេះ​ ក៏​បាន​កំណត់​នូវ​ជម្រើស​គោល​នយោបាយ​ការបរទេស​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​ ហេតុ​ដូច្នេះ​ហើយ​វា​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​ការ​បង្ហាញ​ខ្លួន​លើ​ឆាក​អន្ដរជាតិ​របស់​ប្រទេស​កម្ពុជា។

ក្នុង​កិច្ច​ប្រជុំកំពូល​អាស៊ាន​ នៅ​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ខែ​មេសានិង​កក្កដាប្រទេសកម្ពុជា​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ជា​ទូ​ទៅ​ថាបាន​បម្រើ​ផល​ប្រយោជន៍​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ នៅក្នុង​ជម្លោះ​ដែន​ទឹក​សមុទ្រ​ចិន​ខាង​​ត្បូង​ជាង​បម្រើ​​ផល​ប្រយោជន៍​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​របស់​ខ្លួន​។

នៅ​ពេល​ប្រទេស​​កម្ពុជា​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំកំពូល​អាស៊ាន​ អ្នក​ជំនាញ​មួយ​ចំនួន​បាន​លើក​ឡើង​ថារដ្ឋា​ភិបាលក្រុង​ភ្នំពេញ​គួរ​តែ​ចំណាយ​ពេល​ឲ្យ​បាន​ច្រើនជាង​នេះ​ ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​ឯករាជ្យ​ នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន ​ខាង​ត្បូង​ ដែល​កំពុង​តែ​មាន​ជម្លោះ​ ដែល​ប្រទេស​កម្ពុជា​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ទាម​ទារ​សិទ្ធិ​នោះ​ ជាជាង​គាំ​ទ្រ​គោល​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។

ការ​ខ្វែង​គំនិត​គ្នា​បាន​កើត​ឡើង​ម្ដង​ទៀត​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​អាស៊ី​បូពា៌​នៅ​ក្នុង​សប្ដាហ៍​នេះ​ នៅ​ពេល​លោកកៅគឹមហួន​ រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​​កម្ពុជា​បាន​លើក​ឡើង​ថា ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ សុទ្ធ​តែ​បាន​ព្រម​ព្រៀង​គ្នា​ដោះ​ស្រាយ​ជម្លោះ​ដែន​ទឹក​នៅ​ប្រជុំ​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​តាម​រយៈ​យន្ដការ​អាស៊ាន​-ចិន​។ នៅ​ថ្ងៃ​បន្ទាប់​លោក បេនិក​ណូអាគីណូ (Benigno Aquino) ប្រធានា​ធិបតី​ហ្វីលីពីន បាន​បដិសេធ​ការ​អះអាង​នេះ​ដោយ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​ម៉ានីល​​មិន​បាន​ព្រម​ព្រៀង​លើ​មតិ​រួម​នេះ​ទេ។ប្រទេស​វៀតណាម ក៏​មិន​បាន​ព្រម​ព្រៀងលើ​មតិ​រួម​នេះ​ដែរ ហើយ​បាន​ធ្វើ​ការ​កែ​តម្រូវ​​ជាមួយ​នឹង​រដ្ឋាភិបាល​​ភ្នំពេញ​ដោយ​ផ្ទាល់​។

លោកជីមដេឡាជាកូម៉ា (Jim Della-Giacoma) ប្រធាន​គម្រោង​នៃ​ក្រុម​អ្នក​វិភាគ​វិបត្តិ​អន្ដ​រជាតិ​​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​លើក​ឡើង​ថា ​អសមត្ថភាព​របស់​​កម្ពុជា ​ដែល​មិន​អាច​សម្រប​សម្រួល​នៅ​ពេល​ចេញ​សេចក្ដីថ្លែងការណ៍រួម​នៃ​កិច្ច​​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​​អាស៊ាន​ កាល​ពី​ខែ​កក្កដា​ នឹង​ធ្វើ​ឲ្យ​អាប់​ឱន​ដល់​ប្រទេស​កម្ពុជា​ខណៈ​ខ្លួន​ធ្វើ​​ជា​​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​ធ្វើ​ឲ្យ​អាប់​ឱន​ដល់​ភាព​រីក​ចម្រើន​ ដែល​ប្រទេស​សមាជិក​អាស៊ាន​ធ្លាប់​បាន​សម្រេច​កាល​ពី​ពេល​មុន​ៗ។

លោកដេឡាជាកូម៉ាបាន​លើក​ឡើង​នៅ​ក្នុង​អុីម៉េល​ថា “​ការ​បរាជ័យ​ដែល​មិន​បាន​ចេញ​សេចក្ដី​ថ្លែង​ការ​ណ៍​រួម​ជា​លើក​ដំបូង​នៃ​ប្រវត្តិ​កិច្ច​ប្រជុំ​អាស៊ាន​រយៈ​ពេល​៤៥​ឆ្នាំមក​នេះ​ គឺ​ជា​ការ​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​សាធារណៈ​​ដែល​រារាំង​ដល់​ការ​​វិវឌ្្ឍ​​នៃ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​ធ្វើ​ឲ្យ​គេ​ចង​ចាំ​មិន​ភ្លេច​ នៅ​ពេល​សមិទ្ធផល​ដែល​សម្រេច​​បាន​ក្នុង​រយៈ​​ពេល​១២​ខែ​ចុង​ក្រោយ​នេះ​ ប្រហែល​ជា​ត្រូ​វ​បាន​គេ​បំភ្លេច​ចោល​នោះ​។

ក្រម​ប្រតិបត្តិ​​ ជា​ក្របខណ្ឌ​មាន​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់​​ដែល​នឹង​បង្ហាញ​ពី​របៀប​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន​ដោះ​ស្រាយ​ជម្លោះ​​ដែន​ទឹក​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ បាន​ក្លាយ​ទៅ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​លំបាក​ៗ​ជា​ច្រើន​នៅ​ក្នុង​តំបន់។ ប៉ុន្ដែ រដ្ឋា​ភិបាលក្រុង​ភ្នំពេញ​ដែល​​បំពេញ​​បំណង​​ក្រុង​ប៉េកាំង​បាន​​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​​ជម្លោះ​​នេះ​​រវាង​ប្រទេស​ចិន​ និង​ប្រទេស​សមាជិ​ក​អាស៊ាន​បួន​ផ្សេង​ទៀត​ មាន​ដូចជាប្រទេស​ហ្វីលីពីនវៀតណាមម៉ាឡេស៊ីនិង​ប្រទេស​ព្រុយណេ។ ​មួយ​ផ្នែក​​ទៀត​នៃ​ជម្លោះ​ទាំង​ប្រទេស​ហ្វីលីពីននិង​ប្រទេស​វៀតណាម

សុទ្ធ​តែ​បាន​លើក​ឡើង​ថា ប្រទេស​សមាជិក​អាស៊ាន​គួរ​តែ​ដោះ​ស្រាយ​ជម្លោះ​នេះ​ជា​មួយ​​គ្នា​ ហើយ​ប្រទេស​ទាំងពីរ​​នេះ​ មិន​បាន​ប្រឆាំង​​មិន​ឲ្យ​ដាក់​បញ្ហា​នេះ​ជា​បញ្ហា​អន្ដ​រជាតិ​ឡើយ​។ នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្ដរជាតិ ភាព​ប្រេះ​ឆារបស់​ប្រទេស​សមាជិក​អាស៊ាន​​បាន​ក្លាយ​ទៅ​ជា​ការ​ផ្ដោត​យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សប្ដាហ៍​នេះ​។ នៅលើ​ទំព័រ​បទ​វិចារណកថារបស់​កាសែត​ញូវយ៉ក​ថែមស៍​ (New York Times) មាន​ចំណង​ជើង​មួយ​ថា “ការ​មិន​អាច​ធ្វើ​​​សេចក្តី​សម្រេច​​ និង​ការ​ ឈ្លោះ​ទាស់​ទែងគ្នា​ គឺ​ជា​មធ្យោបាយ​ដោះ​ស្រាយ​របស់​ប្រទេស​សមាជិក​អាស៊ាន”។

អត្ថបទ​​នេះ​បាន​លើក​ឡើង​ថា “ នៅ​ពេល​ប្រទេស​សមាជិក​អាស៊ាន​បាន​មក​ជួប​ប្រជុំ​គ្នា​ថ្មី​ៗ​នេះ​ ប្រទេស​កម្ពុជា​ទំនង​ជា​ដើរ​តួរ​ជា​អ្នក​តំណាង​របស់​ប្រទេស​ចិន​ទៅវិញ​”។ នៅ​ក្នុង​អត្ថបទ​មួយ​របស់​កាសែត​ អាល់​ ហ្សាហ្ស៊ីរ៉ា (Al Jazeera) ដែល​មាន​ចំណង​ជើង​ថា “ ចុង​បញ្ចប់​នៃ​មធ្យោបាយ​របស់​ប្រទេស​សមាជិក​អាស៊ាន​” លោកស្រី​​ ម៉ាហ្គាអរទីហ្គាស (Marga Ortigas) អ្នក​កាសែត​មួយ​រូប​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ហ្វីលីពីន​ជាយូរ​មក​ហើយ​បាន​គូស​បញ្ជាក់​ថានៅ​ពេល​​ប្រទេស​កម្ពុជា​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ អ្នក​កាសែត​មួយ​ចំនួន​នាំ​គ្នា​និយាយ​បែប​លេង​សើច​ថា ការ​ខក​ខាន​មិន​បាន​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ គឺ​វា​គ្មាន​បញ្ហា​អ្វី​នោះ​ទេ​ ហើយ​ការ​ដែល​បាន​ទៅ​ ឬ​មិន​បាន​ទៅ​នោះ​ គឺ​ជា​រឿង​ធម្មតា​។

លោកស្រីអរទីហ្គាសបាន​សរសេរ​ថា “ ​វា​គឺ​ជា​មធ្យោបាយ​របស់​ប្រទេស​សមាជិក​អាស៊ាន​ដែល​មិន​ចង់​ប្រឈម​មុខ​ដាក់​គ្នា​ ទុក​រឿង​រួប​រួម​គ្នា​ជា​រឿង​សំខាន់ និង​ទុក​រឿង​សំខាន់​ដូច​ជា​រឿង​ជម្លោះ​នៅសមុទ្រ​ចិន​ខាង​ត្បូង​ជា​រឿង​មិន​ពាក់​ព័ន្ធ​នឹង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ។ ដោយហេតុ​​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​ចាត់​ទុក​ថាប្រទេស​សមា​ជិក​​អាស៊ានគឺ​ជា​ស្ថាប័ន​មួួយ​មិន​ដំណើរ​ការ”​។

លោកស្រីអរទីហ្គាសបាន​សរសេរ​បន្ដ​ថា “ ទោះ​ជា​យ៉ាង​ណា​ ប្រទេស​សមាជិក​អាស៊ាន​​មាន​ការ​ផ្លាស់​ប្ដូរ​ដោយ​សារ​តែ​កម្ពុជា​”។ លោក​ស្រី​បាន​ថ្លែង​ថា “ ការ​បង្ហាញ​យ៉ាង​ជាក់​ច្បាស់​គឺថា ប្រទេសកម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជ្រាល​ជ្រៅ​ជាមួយ​ប្រទេស​ចិន​បាន​ព្យាយាម​ធ្វើ​ឲ្យ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មិន​បាន​លើក​យក​មក​ដោះ​ស្រាយ​តាម​អ្វី​ដែល​បាន​គ្រោង​ទុក”។

លោក​ស្រី​បាន​លើក​ឡើង​បន្ដ​ថា “ ប្រធាន​បទ​ដែល​មិនត្រូវ​លើក​យក​មក​ពិភាក្សាបាន​ធ្វើ​ឲ្យ​ខូច​កិច្ច​ពិភាក្សា។​ការ​ពិភាក្សា​​ភាគ​ច្រើន​​ត្រូវ​បាន​ធ្វើ​​ឡើង​ដោយ​សម្ងាត់ប៉ុន្ដែ​ទោះ​បី​ជា​ប្រទេស​សមាជិក​អាស៊ាន​ពេញ​ចិត្ត​ឬ​មិន​ពេញ​ចិត្ត​ក៏​វា​មិន​អាច​ទៅ​រួចដែរ”។

លោក​ ខាល ​ថាយើ​​​​(Carl Thayer)​សាស្ត្រា​ចារ្យ​នៅ​ឯ​សាកល​វិទ្យា​ល័យ​ ញូវ សៅ​វ៉ែល ​(New South Wales)​ ជា​អ្នក​ជំនាញ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​រូបបាន​និយាយចំៗ​នៅ​ពេល​​​​សរុប​ប្រវត្តិ​អតីតកាលរបស់​​កម្ពុជា​ថា “ កម្ពុជា​គឺជា​ប្រធាន​អាស៊ាន​ដ៏​គ្រោះ​ថ្នាក់​បំផុត​ដែល​ប្រទេស​សមាជិក​អាស៊ាន​មិន​ធ្លាប់​ជួប។ ដោយ​​ធ្វើ​មិន​ឲ្យ​​មា​ន​ការ​ឯក​ភាព​គ្នា​ ប្រទេស​កម្ពុជា​បាន​ដើរ​តួនាទី​របស់​ខ្លួន​ជាអ្នក​បម្រើ​ផល​ប្រយោជន៍​ឲ្យ​ប្រទេស​ចិន”។

លោក​ ឡៅ ម៉ុង​ហៃ អ្នក​វិភាគ​នយោ​បាយ​ឯក​រាជ្យ​បាន​ថ្លែងថា ​កម្ពុជា​​ក្នុង​នាម​ជា​ប្រធាន​​អាស៊ានបាន​ធ្វើ​ឲ្យ​មាន​ភាព​ប្រេះ​ស្រាំនៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន”។ លោក​បន្ដ​ថា ប្រទេស​កម្ពុជា​គួរ​តែ​បាន​ដើរតួ​​ជា​អ្នក​សម្រប​សម្រួល​ដោយ​មិន​លម្អៀង”។

លោក ផៃស៊ីផានអ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​បញ្ចេញ​ទស្សន​ផ្សេង​ចំពោះ​រដ្ឋា​ភិបាល​ដែល​ធ្វើជា​ប្រធាន​អាស៊ាន​។ លោក​បាន​ថ្លែង​ថា ប្រទេស​កម្ពុជា​បាន​ទទួល​ជោគ​ជ័យ​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួនដើម្បី​ផ្ដល់​កិច្ច​ពិភាក្សា​ដ៏​ស្មោះ​ត្រង់​រវាង​សមាជិកអាស៊ាន ​និង​គzណៈ​ប្រតិ​ភូ​​អន្ដរជាតិដែល​បាន​មក​ចូល​រួម​កិច្ច​ប្រជុំ​ នៅ​សប្ដាហ៍​នេះ។

លោក​បាន​មានប្រ​សាសន៍ថា“យើង​បើក​កិច្ច​ពិភាក្សា​ដើម្បី​រក្សា​សន្ដិភាព និង​ស្ថិរភាពនៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រទេស​កម្ពុជា​ព្យាយាម​ទុក​ឱកាស​ឲ្យ​អ្នក​ចូល​រួម​ទាំងអស់​បាន​ពិភាក្សា​ជាមួយ​គ្នា”។ ដោយ​ប្រទេស​កម្ពុជា​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិនលោកផៃស៊ីផាន​ បាន​មានប្រសាសន៍ថាតួនាទី​របស់​ប្រទេស​កម្ពុជា​ជា​ប្រធាន​អាស៊ាន​គឺ​មិន​មែន​បម្រើ​ផល​ប្រយោជន៍​ឲ្យ​ប្រទេស​ចិន​ឡើយប៉ុន្ដែ ចង់​សម្រប​សម្រួលកិច្ច​ពិភាក្សា​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​របស់​ប្រទេស​សមា​ជិក​អាស៊ាន។

លោកបាន​មាន​ប្រសាសន៍​​ថា “ យើង​គឺ​ជា​​មិត្តដ៏​ជិត​ស្និទ្ធ​បំផុត​ជាមួយ​ប្រទេស​ចិន​ ហើយ​​ក៏​ជា​មិត្ត​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​សមា​ជិក អាស៊ាន​ដែរ។​​យើង​ជួ​យសម្របសម្រួល​​ប្រទេស​ចិន​ឲ្យ​ពិភាក្សាជាមួយ​ប្រទេស​សមា​ជិកអាស៊ាន​ដើម្បី​ភាព​ចម្រុង​ចម្រើននៅ​​ក្នុង​តំបន់​អាស៊ាន”។

តែ​ទោះ​ជាយ៉ាង​ណា​ អ្នក​វិភាគ​មួយ​ចំនួន​បានលើក​ឡើង​ថា ជំនួយ​រាប់ពាន់​លាន​ដុល្លារ​និង​ការ​វិនិយោគរបស់​ប្រទេស​​ចិន​ ដែល​បាន​ហូរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ហើយ​រដ្ឋា​ភិបាល​ក្រុង​ប៉េកាំង​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​គិត​ជា​ទឹក​ប្រាក់​ចំនួន​ជាង​៥០​លាន​ដុល្លារគ្រាន់តែ​ក្នុង​សប្ដាហ៍នេះបុ៉ណ្ណោះ​មក​ឲ្យ​ប្រទេស​កម្ពុជា បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនពិបាកក្នុង​ការ​សម្រេច​ថាតើ​គួរ​តែ​ជ្រើស​រើស​បម្រើ​ផល​ប្រយោជន៍​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​ ឬ​ត្រូវ​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ចិន។

លោកហលហីុល (Hal Hill)​សាស្ត្រា​ចារ្យ​នៅ​សាកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី​ជំនាញ​ផ្នែក​សេដ្ឋ​កិច្ច​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ប្រសាសន៍​ថាប៉ុន្ដែប្រទេស​កម្ពុជាអាច​នឹង​ត្រូវ​ការ​មិត្ត​នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​របស់​ខ្លួន ​ដែល​មាន​ឥទ្ធិ​ពល​តិច​តួចជាង​ប្រទេស​ចិននៅ​ថ្ងៃ​ណាមួយ​មិន​ខាន។

លោកហីុលបាន​មានប្រសាសន៍​បន្ដ​ថា “ ជា​ទូ​ទៅ [ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍] គឺ​កំពុង​តែ​ទទួល​រង​ឥទ្ធិ​ពល​ពី​ប្រទេស​ចិន និង​ប្រទេស​ផ្សេង​ៗ​ទៀត​ក្នុង​តំបន់​ ដើម្បី​ធ្វើ​ការ​ក្នុង​រង្វង់​ដែន​កំណត់​របស់​ខ្លួន”។ លោក​​ថ្លែង​ថា “ហេតុ​ដូច្នេះ​ហើយ​ទើប​ប្រទេស​សមាជិក​អាស៊ាន​មាន​សារ​ៈ​សំខាន់​​សម្រាប់​ប្រទេស​ដូច​ជា​ប្រទេស​កម្ពុជាអ៊ីចឹង​តើ​​ប្រទេស​កម្ពុជាអាច​ធ្វើ​ឲ្យ​ប្រទេស​​ជា​​សមា​ជិក​អាស៊ាន​អាក់​អន់​ចិត្ត​ម្ដេច​ទៅ​កើត។​ ប្រទេស​ជាសមាជិក​អាស៊ាន​ ជាមិត្ត​យូរ​មក​ហើយ​របស់​កម្ពុជា​ នោះ​មាន​ន័យ​ថា ជា​សម្ពន្ធ មិត្ត​ក្នុង​តំបន់៕

​ប្រែ​សម្រួល​ដោយស៊ាស៊ុយឈាង

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.