ក្រុម​ហ៊ុនអភិវឌ្ឍន៍​ភាគ​ច្រើន​​មិន​បាន​សិក្សា​ពី​ផល​ប៉ះ​ពាល់​​បរិស្ថាន​​ទេ

មន្ត្រី​បរិស្ថាន​ម្នាក់​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា មាន​តែ​​៥​ភាគ​រយប៉ុណ្ណោះ​​​នៃ​គម្រោង​អភិវឌ្ឍន៍​​សំខាន់​ៗ​ជាង​២.០០០​ ​ដូច​ជាគម្រោង​វារី​អគ្គិសនី​ ផ្លូវ​ផ្នល់​ និង​ស្ពាន​ ដែល​បាន​អនុម័ត​យល់​ព្រម​ដោយ​រដ្ឋាភិបាល​ ចាប់​ពី​ឆ្នាំ​២០០៤ដល់​ឆ្នាំ​២០១១​ បាន​ធ្វើ​ការ​សិក្សា​​ពី​​​ផល​ប៉ះពាល់​​បរិស្ថាន​។

ថ្លែង​នៅ​ឯ​​សិក្ខាសាលា​មួយ​ ក្នុង​រាជ​ធានី​ភ្នំពេញ​ ស្តី​ពី​សេចក្ដី​ព្រាង​ច្បាប់​​ថ្មី​មួយ​អំពី​​ផល​​​ប៉ះពាល់​បរិស្ថាន​ លោកដាញ់សេរីអនុ​ប្រធាន​នាយកដ្ឋាន​​វាយតម្លៃ​​ផល​​​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន​មាន​ប្រសាសន៍​ថាច្បាប់​​ស្ដី​ពី​ការ​​ការ​ពារ​ បរិស្ថាននិង​​ការ​គ្រប់​គ្រង​ធន​ធាន​​ធម្មជាតិ​ ដែល​បាន​អនុម័ត​នៅ​ឆ្នាំ​១៩៩៦​នោះ​មិន​មាន​អំណាច​គ្រប់​គ្រាន់​ ដើម្បី​​​ធានា​​​ឲ្យ​ក្រុម​ហ៊ុន​នានា​សិក្សា​ពី​​ផល​ប៉ះ​ពាល់​បរិស្ថាន​ជា​ចាំ​បាច់​​មុន​​ពេល​ចាប់​ផ្តើម​អនុវត្ត​​​គម្រោង​នោះទេ​​។

លោកសេរីថ្លែង​បន្ដ​ថា “ ​យើងបាន​​ជួប​ប្រទះ​នូវ​ការ​លំបាក​ជា​ច្រើន​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ​។ចាប់​ពី​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ​២០០៣​​មិន​មាន​របាយការណ៍​ស្ដី​ពី​ការ​វាយ​តម្លៃ​​​ផល​​​​ប៉ះពាល់​បរិស្ថាន​ទេ​ ប៉ុន្ដែ ចាប់​ពី​ឆ្នាំ​២០០៤ដល់​ឆ្នាំ​២០១១​… យើង​ទទួល​បាន​របាយ​ការណ៍​ស្ដី​ពី​ការ​វាយតម្លៃ​​ផល​​​​ប៉ះពាល់​បរិស្ថាន​ពី​គម្រោង​ចំនួន​១១០​គម្រោង​តែ​ប៉ុណ្ណោះ​ ហើយ​យើង​គិត​ថា គម្រោង​ទាំង​អស់​មាន​ចំនួន​២.០០០​គម្រោង​”។

លោកសេរីបាន​​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​លោកសំសុភីជា​ទី​ប្រឹក្សា​ច្បាប់​នៅ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ដែល​បាន​សួរ​ថា ហេតុ​អ្វី​បាន​ជា​ត្រូវ​ការ​​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ស្ដី​ពី​ការ​វាយ​​តម្លៃ​​ផល​​​​ប៉ះពាល់​ផ្នែក​បរិស្ថាន​​។​ដោយ​សារ​​​ច្បាប់ស្តី​ពី​​​ការ​ការ​ពារ​បរិស្ថាន​​ដែល​​រដ្ឋា​ភិបាល​​បានចេញ​អនុក្រឹត្យមួយ​កាល​ពី​ឆ្នាំ​១៩៩៩​ ដែ​ល​​ចែង​​​ថាគ្រប់​រោង​ចក្រ​ ទំនប់​វារី​អគ្គិសនី​ដែល​មាន​កម្លាំង​លើស​ពី​មួយ​មេហ្គាវ៉ាត់​ឡើង​ទៅ​ ការ​រុក​រក​រ៉ែ​ សណ្ឋាគារ​ធំៗ​ គម្រោង​ផ្លូវ​ថ្នល់​ដែល​មាន​ចាប់​ពី​១០០​គីឡូម៉ែត្រ​ឡើង​ទៅនិង​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​មាន​ទំហំ​លើស​ពី​១០.០០០​ហិកតា​ឡើង​ទៅ​ និងគ​ម្រោង​​ផ្សេងៗ​ទៀត​ត្រូវ​តែ​ធ្វើ​ការ​សិក្សា​វាយ​តម្លៃ​ពី​​ផល​​​ប៉ះពាល់​បរិស្ថាន​​មុន​ការ​ចាប់​ផ្តើម​អនុវត្ត​គម្រោង​របស់​ខ្លួន​។

លោកសេរីថ្លែង​បន្ដ​ថា “ នៅ​ពេល​​​យើង​យក​អនុក្រឹត្យ​នេះ​​មក​អនុវត្ត​…យើង​បាន​រក​ឃើញ​ថា ​គម្រោង​ខ្លះ​ក្នុង​ចំណោម​គម្រោង​​ទាំង​នោះ​​មិន​បាន​អនុវត្ត​តាម​អនុក្រឹត្យ​​នេះ​ទេ​”។ ​លោក​បាន​បន្ថែម​ថា ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​អនុវត្ត​ច្បាប់​នោះ​មួយ​​ផ្នែក ​​ដោយ​សារ​មិន​មាន​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ក្រុម​ហ៊ុនទាំង​ឡាយ​ណា ​ដែល​មិន​បាន​ធ្វើ​ការ​សិក្សា​វាយ​តម្លៃ​ពី​​ផល​​​​ប៉ះពាល់​បរិស្ថាន​។

សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ស្ដី​ពី​ការ​វាយ​តម្លៃ​ពី​​ផល​​ប៉ះពាល់​បរិស្ថាន​ត្រូវ​បាន​ពិភាក្សា​ កាល​ពី​ម្សិលមិញ​ ដើម្បីលើក​ឡើង​ឲ្យ​ចំ​គោល​ដៅ​ នៃ​​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ​ ដោយ​រួម​បញ្ចូល​ការ​ដាក់​ទណ្ឌកម្ម​សម្រាប់​ក្រុម​ហ៊ុន​​​និង​បុគ្គល​ណា​ដែល​រក​ឃើញ​ថា មិន​បាន​សិក្សា​ពី​​​ផល​ប៉ះពាល់​បរិស្ថាន​។ជា​ឧទាហរណ៍សម្រាប់​​ក្រុមហ៊ុន​​សំណង់​ និង​គម្រោង​វិនិយោគ​នានា​​ដែល​បាន​បញ្ចាប់​ដោយ​មិន​មាន​​ការ​​សិក្សា​ពី​​​ផល​​ប៉ះពាល់​ជាមុន​​​ អាច​នឹង​ត្រូវ​​ពិន័យ​រហូត​ដល់​៥.០០០​ដុល្លារ​ ហើយ​ម​ន្ដ្រី​នៅ​ក្រុមហ៊ុន​ទាំង​នោះ​អាច​ត្រូវ​​ផ្តន្ទា​ទោស​​ដាក់​​ពន្ធនាគារ​រហូត​ដល់​ប្រាំ​មួយ​ខែ។

សេចក្ដីព្រាង​ច្បាប់​ថ្មី​​នេះ​​ចែង​ថា “ គ្រប់​គម្រោង​អភិវឌ្ឍន៍​​ និងសកម្ម​ភាព​ទាំង​អស់​ ទោះ​ជា​​ទទួល​បាន​ការ​អនុម័ត​យល់​ព្រម​​ពី​ក្រសួង​ពាក់​ព័ន្ធ​ក៏ដោយ​ ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​ស្ដី​ពី​ការ​សិក្សា​វាយ​តម្លៃ​ពី​ផល​​​​ប៉ះពាល់​បរិស្ថាន​នេះ​​”។

សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ ក៏​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​នានា​ប្រឹក្សា​យោបល់​ជាមួយ​សហគមន៍​ដែល​អាច​រង​ការ​ប៉ះពាល់​ ដោយ​សារ​គម្រោង​​នោះ​ផង​ដែរ​​ ហើយ​​ក្រុមហ៊ុន​មាន​កាតព្វកិច្ច​ចេញ​ផ្សាយ​នូវ​លទ្ធផល​សិក្សា​ពី​​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​របស់​ខ្លួន​តាម​ប្រព័ន្ធ​អីុនធើ​ណិត។ ទោះ​ជា​យ៉ាង​ណាក៏ដោយ​ ក៏មាន​ករណី​ពិសេស​អាច​លើក​លែង​ចំពោះ​គម្រោង​ទាំង​ឡាយ​ណា​ដែល​រដ្ឋាភិបាល​គិត​ថា ចាំ​បាច់​សម្រាប់​​​ហេតុ​ផល​នានា​ដូច​ជា​​សន្ដិ​សុខ​ជាតិ​​ជាដើម​។

សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ស្ដី​ពី​ការ​វាយ​តម្លៃ​​ផល​​ប៉ះពាល់​បរិស្ថានចែង​ថា ​គម្រោង​របស់​រដ្ឋ​​ ដែល​អនុម័ត​​ដោយ​រដ្ឋា​ភិបាល​​ ឬ​​អនុម័ត​ដោយ​រដ្ឋ​សភា​​ ហើយ​ដែល​គិត​ថាជា​គម្រោង​​បន្ទាន់​ទាក់​ទង​នឹងបញ្ហា​​សន្ដិសុខ​ជាតិ​ ការ​ការ​ពារ​ជាតិ​ និងការ​ការ​ពារ​​គ្រោះ​ម​ហន្ដរាយ​ ត្រូវ​បាន​លើក​លែង​មិន​ចាំ​បាច់​សិក្សា​ពី​​ផល​​ប៉ះពាល់​​បរិស្ថាន​ទេ​។

សេចក្ដីព្រាង​ច្បាប់​នេះ​​ក៏​បាន​​ស្នើ​​ឲ្យ​មាន​អនុក្រឹត្យ​ថ្មី​មួយ ​ដើម្បី​កំណត់​​ដំណើរ​ការ​សម្រាប់​​ធ្វើ​សេចក្តី​សម្រេច​​ថា​​ក្រុម​ប្រឹក្សា​យោបល់​មួយ​ណា​​មាន​លទ្ធភាព​សិក្សា​ពី​ការ​វាយ​តម្លៃ​​ផល​ប៉ះពាល់​នៅ​ក្នុង​ប្រទេស​។ លោកម៉ុកម៉ារ៉េតរដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​មាន​ប្រសាសន៍​​ក្នុង​សុន្ទរកថា​​​នៅ​សិក្ខា​សាលា​កាល​ពី​ម្សិល​មិញ​ថា​ សេចក្ដីព្រាង​ច្បាប់​ថ្មី​នេះ មាន​សារៈ​សំខាន់​ណាស់​​ ដើម្បី​ជៀស​វាង​ជម្លោះ​រវាង​សហគមន៍​ និង​ក្រុមហ៊ុន​​​​។

ថ្លែង​នៅខាង​ក្រៅ​សិក្ខា​សាលាមួយ​កាល​ពី​ម្សិលមិញ​ លោកម៉ុក​ ម៉ារ៉េតបាន​និយាយ​សម្រាល​ពី​បញ្ហា​ជា​មួយ​​ក្រម​ខណ្ឌ​​ច្បាប់​ដែល​មាន​ស្រាប់​​ ប៉ុន្ដែលោកថ្លែង​ថាសេចក្ដីព្រាង​ច្បាប់​ថ្មី​នេះ​​គឺ​ជា​ការ​ចាំ​បាច់​​ដោយ​សារ​សេដ្ឋ​កិច្ច​កម្ពុជា​​កំពុង​រីក​ចម្រើន​ យ៉ាង​លឿន​។ទោះ​ជា​យ៉ាង​ណា​ លោកម៉ារ៉េតបាន​​ទទួល​ស្គាល់​​ថា ​មាន​គម្រោង​ខ្លះ​មិន​បាន​សិក្សា​ពី​​ផល​ប៉ះ​ពាល់​បរិស្ថាន​ទេ​។

លោក​ថ្លែង​បន្ដ​ថា “ ​នេះ​ជា​បញ្ហា​មួយ​។ក្រុម​ហ៊ុន​ខ្លះ​មិន​ទាន់​បាន​ដឹងពី​​ច្បាប់​របស់​យើង​ទេ​។ ពួក​គេ​មិន​បាន​ដាក់​របាយការណ៍​ពី​ការ​សិក្សា​វាយ​តម្លៃ​ពី​​ផល​​​ប៉ះពាល់​មក​ឲ្យ​យើង​នៅ​ឡើយ​ទេ”។

លោកបាន​ថ្លែង​ទៀត​ថា ក្រសួង​បរិស្ថាន​បច្ចុប្បន្ន​នេះ​ កំពុង​ពិនិត្យ​មើល​គម្រោង​ដី​សម្បទាន​សេដ្ឋ​កិច្ច​នៅ​ក្នុង​តំបន់​ការពារ​តាម​​ច្បាប់​​ភូមិបាល​បច្ចុប្បន្ន​​។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ណា​ដែល​រក​ឃើញ​ថា មិន​បាន​សិក្សាពី​​ផល​​ប៉ះពាល់បរិស្ថាន​យើង​នឹង​លុប​ចោល​ដី​សម្បទាន​​រប​ស់​ក្រុម​ហ៊ុន​នោះ“ ជា​ពិសេស​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​មិន​មាន​ការ​សិក្សា​ពី​​ផល​​​​ប៉ះ​ពាល់​យើង​នឹង​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ”៕

ប្រែសម្រួល​ដោយឃិនណៃ​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.