រដ្ឋាភិបាល​ប្រាប់​មេដឹក​នាំសហជីព​​ឲ្យ​យល់​ព្រម​នូវលក្ខខណ្ឌនៃ​ការ​ទាម​ទារ​ដំឡើង​​ប្រាក់​ខែ​អប្បបរមា

កាល​ពី​ម្សិល​មិញ រដ្ឋា​ភិបាល​បាន​ស្នើ​ឲ្យ​ភាគី​រោង​ចក្រ​ពិនិត្យ​ពិរចារណាលើ​ការដំឡើងប្រាក់​ខែ​អប្បបរមា​សម្រាប់​កម្មករ​កាត់​ដេរ​​ដរាបណា​ខាង​សហ​ជីព​កម្មករ​យល់​ស្រប​នូវ​​​លក្ខខណ្ឌនៃការ​ទាមទារ​ដំឡើងប្រាក់​ខែ។

បច្ចុប្បន្ន ​មេដឹក​នាំ​សហជីព​កំពុង​ទាម​ទារ​ឲ្យ​ដំឡើងប្រាក់​ខែ​អប្បបរមា​ពី​៦១​ដុល្លារ​ក្នុង​មួយ​ខែ ទៅ​ចន្លោះ​ពី​៩៣​ដុល្លារ​ដល់​១៥០​​​ដុល្លារ​ក្នុង​មួយ​ខែ​ គឺ​កើន​ឡើង​ពី​៥២ភាគ​រយ​ទៅ​១៤៥​ភាគរយ​។

មន្ត្រី​ការងារបាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​​​​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិល​មិញ​ បន្ទាប់​ពី​​​កិច្ច​ប្រជុំ​រវាង​ភាគី​រោង​ចក្រ​​ និង​មេ​ដឹក​នាំ​សហ​ជីព​អំពី​បញ្ហា​នេះ​ថា “បន្ទាប់​ពី​ការ​​​ពិភាក្សា​ជាមួយអ្នក​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​បាន​យល់​ព្រមជា​គោល​ការណ៍​​ក្នុង​ការ​ពិភាក្សា​លើ​ការ​ដំឡើងប្រាក់​ខែ​អប្បបរមា​ដល់កម្មករ​កាត់ដេរ​”។

សេចក្តីថ្លែង​ការណ៍​​បាន​លើក​ឡើង​ថា “កិច្ច​ប្រជុំ​បាន​ស្នើ​ឲ្យ​សហជីព​ទាំង​អស់​ជួប​គ្នា​ និង​លើក​សំណើ​រួម​ស្ដី​ពី​កម្រិតប្រាក់​ខែ​អប្ប​​​បរមា​ សម្រាប់លើក​យក​មក​ពិភាក្សា​ជា​មួ​យនឹង​ភាគី​រោង​ចក្រ​ ដើម្បី​​ឈានរក​ដំណោះ​ស្រាយ​មួយ​សមស្រប​”។​

សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា មេដឹក​នាំ​សហជីព​គួរតែ​ដាក់​សំណើ​របស់​ខ្លួន​ជូន​រដ្ឋាភិបាល​​មុន​ពេល​ជួបពិភាក្សាគ្នា​លើក​ក្រោយ​នៅ​ឯក្រសួង​ការងារ នៅ​ថ្ងៃទី​២៦​ខែកុម្ភៈ។

កិច្ច​ប្រជុំ​កាលពីម្សិលមិញ កើត​មាន​ឡើង​បន្ទាប់​ពី​សុន្ទរកថា របស់​លោក ហ៊ុន សែន កាលពីថ្ងៃទី១២ ​ខែធ្នូ ដែល​ពេល​នោះ​លោក​​​​​​​បាន​អំពាវ​នាវ​ឲ្យ​ភាគី​រោង​ចក្រ​ដំឡើងប្រាក់​ ខែ ដល់​កម្មករ​កាត់​ដេរ​​ ដើម្បី​ជួយ​ឲ្យ​កម្មករ ដែល​មាន​បំណង​​ស្វែងរក​ការងារ​ធ្វើនៅ​ក្រៅ​ប្រទេសអាច​​ បន្តធ្វើការងារ​នៅក្នុង​ប្រទេស​ខ្លួន​វិញ​។

កាលពីមុន​ ប្រាក់​ខែអប្បបរមា​ត្រូវ​បាន​ដំឡើងជាផ្លូវការណ៍​ ក្នុង​ខែកក្កដា ឆ្នាំ​២០១០ដែល​ពេល​នោះ​ប្រាក់​ខែ​បាន​ឡើង​ពី​៥០​​​ដុល្លារទៅ​៦១ដុល្លារ​។ លោក កែន​ លូ អគ្គ​​​លេខា​​​​​​ធិការសមាគម​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជា ​​​​​មាន​ប្រសាសន៍​មុន​ពេល​កិច្ច​ប្រជុំ​ កាល​ពី​ម្សិល​មិញ​ថា ការ​ទាម​ទារពីសំណាក់​មេដឹក​នាំ​សហ​ជីព​មួយ​ចំនួន​គឺ “គ្មាន​លក្ខ​ខណ្ឌច្បាស់​លាស់”។

លោក​បាន​ថ្លែង​ថា “ យើង​មិន​អាច​រំពឹង​ថា នឹង​[ដំឡើងប្រាក់​ខែ​អប្បបរមា]​ ពី​៥០ទៅ​៦០ និង​​ទៅ​៧០​ភាគរយ​បាន​នោះ​ទេ។ ព្រោះរាជ​រដ្ឋា​ភិបាល​បាន​ប្រកាស​ឲ្យ​​ដំឡើងប្រាក់​ខែ​២០​ភាគរយ ​[ដល់​មន្ត្រី​រាជ​ការ​]​ ដូច្នេះ​ខ្ញុំ​សន្និ​​​ដ្ឋានថា នោះ​គឺ​ជា​ចំណុច​ចាប់​ផ្តើម​មួយ​ដ៏ល្អ”។

លោក ជីល ថាក់​ឃើ (Jill Tucker)​ប្រធាន​ប្រឹក្សា​យោបល់​ប្រចាំ​កម្ម​វិធី​រោង​ចក្រល្អ​ប្រសើរ​នៅ​កម្ពុជា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​​​​​មាន​ប្រសាសន៍​ថា អង្គការ​ពលកម្ម​អន្តរជាតិនឹង​សម្រប​សម្រួល​ការ​ពិភាក្សា​គ្នារវាង​មេដឹក​នាំ​សហ​ជីពសេរី​កម្មករ​ ដែល​តំណាងឲ្យ​កម្មករ​ប្រមាណ​ជា​៣០០.០០០នាក់​។ គួរ​កត់​សម្គាល់​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​​​​សហ​ជីព​ប្រហែល​ជាង​៦០០សហ​ជីព​។

លោក សំ អូន​ ប្រធាន​សហព័ន្ធសហ​ជីព​​​កម្មករកម្ពុជា​​ ដែល​លម្អៀង​ទៅ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មាន​ប្រសាសន៍ថា ប្រាក់​ខែ​អប្បបរមា​៩៣​ដុល្លារ​គឺ​សមរម្យ​ហើយ​​​សម្រាប់​កម្មករ​កាត់​ដេរ ​ចំណែក​ឯលោក អាត់ ធន់ ប្រធាន​សម្ពន្ធសហជីព​ប្រជាធិប​​​តេយ្យ​​​​កម្មករកាត់​ដេរ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា លោក​នឹងជួយ​ជំរុញ​ឲ្យ​​ប្រាក់​ខែអប្បបរមា​ឡើង​​បាន​១៥០ដុល្លារ​ក្នុង​​មួយ​ខែ។

លោក សំ អូន បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​គិត​ថា ប្រាក់​ខែ៩៣ដុល្លារ​ក្នុងមួយ​ខែអាច​ឲ្យ​កម្មករ​រស់​​បាន​ហើយ​ ព្រោះ​ពួកគេ​ទទួលបាន​​ប្រាក់​បន្ថែម​ ដូចប្រាក់​សម្រាប់​ជួល​ផ្ទះ​ និង​ប្រាក់​សម្រាប់​ធ្វើ​ដំណើរ​ ព្រម​ទាំង​ប្រាក់​ធ្វើ​​​ការ​ថែម​ម៉ោង​បន្ថែម​លើ​ប្រាក់​ខែរបស់​គេ​ទៀត”។

ប៉ុន្តែ លោក អាត់​ ធន់ បាន​ព្រមាន​ថា ប្រសិន​បើ​ការ​ដំឡើងប្រាក់​ខែ​អប្បបរមា​តិចពេក​ កម្មករនឹង​នៅ​តែ​បន្ត​តវ៉ា​។​លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​គិតថា ប្រសិន​បើ​ប្រាក់​ខែ​​​អប្បបរមា​នៅ​តែ​ទាប​ ហើយកម្មករ​មិន​អាច​រស់​បាន​ស្រួល​ទេ​ ដូច្នេះ​ខ្ញុំ​គិត​ថា ពួកគេ​នឹង​នៅតែ​​​តវ៉ា”៕ សុផាណ្ណា​​

© 2013 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.