ចាប់​ខ្លួនខ្មាន់​កាំភ្លើង​ និង​បុគ្គលិក​ធនាគារ​​ក្រោយ​ពី​ចាប់​​ចំណាប់​ខ្មាំង​

មន្ត្រី​បាន​និយាយ​កាល​ពីម្សិលមិញថា ហេតុការណ៍​ចាប់​មនុស្ស​ធ្វើ​ចំណាប់​ខ្មាំង​មួយ​ ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជិត​៣០​ម៉ោង បាន​បញ្ចប់​ហើយ​​កាល​ពី​យប់​​មិញ ​ដែលនៅ​ពេលនោះ​នគរបាល​ចាប់​ខ្លួន​បាន​ខ្មាន់​កាំភ្លើងម្នាក់​ ព្រម​ទាំង​បុគ្គលិក​ធនាគារ​អេស៊ីលីដា​ពីរ​នាក់ ដែល​ដំបូង​ឡើយ​ត្រូវគេ​គិត​ថា ជា​ចំណាប់ខ្មាំង​នៅ​ឯ​ការិយាល័យ​សាខា​​ធនាគារ​អេស៊ីលីដា ក្នុង​ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់​ចាម។

លោក​វរសេនីយ៍ឯក ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​មាន​ប្រសាសន៍​ថា ខ្មាន់​កាំ​ភ្លើងនោះ​ត្រូវ​បាន​ចាប់ខ្លួន​ បន្ទាប់​ពី​រត់​គេច​ខ្លួន​ចេញ​ពី​ធនាគារ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​អារក្ស​ត្នោត​នេះ នៅ​វេលាម៉ោង​ប្រហែល​១១​​យប់ គឺ​២៩​ម៉ោង​ បន្ទាប់​ពី​ដំបូង​បាន​បង្ខំ​ឲ្យ​បុគ្គលិក​ធនាគារ​បី​នាក់​ចូល​ទៅ​ក្នុង​អគារ​ធនាគារ​នៅ​ម៉ោង​​បិទ​ទ្វារ​សាខា​ធនាគារ​អេស៊ីលីដានេះ​ កាល​ពីថ្ងៃ​អង្គារ​។

លោក ខេង ទីតូ បាន​មាន​ប្រសាសន៍​ថា “​[ខ្មាន់​កាំភ្លើង] ស្ថិត​នៅ​ក្បែរ​ៗ​នោះ​ចម្ងាយ​ប្រហែល​ប្រាំមួយ​គីឡូម៉ែត្រ​ពី​ធនាគារ​នេះ នៅពេលពួក​គេត្រូវ​បាន​ចាប់​ខ្លួន​”។ លោក​បាន​ប្រាប់​ថា អាជ្ញា​ធរ​បាន​បណ្ដោយ​ឲ្យ​ខ្មាន់​កាំ​​ភ្លើង​រូប​នេះរត់​គេច​ខ្លួន​មុន​ពេល​ដេញ​តាម​​រូប​គេ​ពី​ក្រោយ​។

លោក​​មាន​ប្រសាសន៍​ទៀត​ថា ​បុគ្គលិក​​ធនាគារ​ទាំង​ពីរ​នាក់​ ដែល​ដំបូង​ឡើយ​គេ​គិត​ថា ត្រូវ​ខ្មាន់​កាំ​ភ្លើង​ចាប់​ខ្លួន​ធ្វើជា​ចំណាប់​ខ្មាំង​នោះ ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាម​ៗ​ បន្ទាប់​ពីពួក​គេត្រូវ​បាន​ដោះ​លែង​ ពីព្រោះ​នគរបាល​មើលឃើញ​ជន​ម្នាក់​ក្នុង​​ចំណោម​ពួក​គេ​មាន​កាន់​កាំ​ភ្លើង​នៅក្នុង​ដៃ។

លោក​បានមាន​ប្រ​សាសន៍​ថា បុរស​ទាំង​បីនាក់​នេះ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កាល​ពី​យប់​មិញ​ ដើម្បី​ធ្វើ​ការ​សាក​សួរ​។

លោក អិុន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​អះអាង​ថា ពិត​ជា​មាន​ការ​ចាប់​ខ្លួនជន​ចាប់​មនុស្ស​ធ្វើ​ចំណាប់​ខ្មាំង​នេះ ព្រម​ទាំង​មាន​ការ​ដោះ​លែង​ និង​ការ​ចាប់​ខ្លួន​និយោជិត​របស់​លោក​តាម​ក្រោយ​ពិត​មែន​​ ប៉ុន្ដែ មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទេ​​។

លោក​ អិុន​ ចាន់នី​ ​ បាន​មាន​ប្រសាសន៍​ថា​ខ្មាន់​កាំ​ភ្លើង​ចំនួន​ពីរ​នាក់​ ដែល​លោក​បាន​ចាត់​​ទុក​​ថា​ ជា​អ្នក​ញៀន​ថ្នាំ​​នោះ បាន​ចាប់​បុគ្គលិក​របស់​​លោក​ចំនួន​បី​នាក់​ជា​ចំណាប់​ខ្មាំង​កាល​ពី​​ប្រហែល​ម៉ោង​៦​ល្ងាច​ថ្ងៃ​អង្គារ​​ បន្ទាប់​ពី​ពួក​គេ​​​ចេញ​ពីសា​ខា​ធនាគារ​នៅ​ក្នុង​ឃុំ​អារក្ស​ត្នោត​ ស្រុក​ស្ទឹង​ត្រង់នេះ​។

លោក អិុន ចាន់នី បាន​មាន​ប្រសាសន៍​​ថា “បុគ្គលិក​របស់​យើង​ បាន​ចាក​ចេញ​ពី​ធនាគារ​ ហើយ​​ដើរបាន​ប្រហែល​១០០​ម៉ែត្រ បន្ទាប់​មក​ខ្មាន់​កាំភ្លើង​ញៀន​ថ្មាំ​ បាន​ភ្ជង់​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​កាន់​ធនាគារ​វិញ​”។ លោក​បាន​បន្ដ​ថា ​​ចំណាប់​ខ្មាំង​ម្នាក់​ឈ្មោះ អាន ម៉ាត់​លី បេឡាករ​ធនាគារ​ អាច​រត់​គេច​ខ្លួន​បាន​ កាល​ពី​ព្រឹក​ព្រលឹម​ម្សិលមិញ​។

លោក​ អិុន ចាន់នី បាន​មា​ន​ប្រសាសន៍​ថា “បេឡាករ​​ធនាគារ​ពីរ​នាក់​ផ្សេងទៀត​ ដែល​មាន​ឈ្មោះ​ ស៊ិន គឹមថាត អាយុ​៣២​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ ទិន គុយហេង អាយុ​២៧​ឆ្នាំ​ សុទ្ធ​តែ​នៅ​ក្នុង​ធនាគារ​ជា​មួយ​ខ្មាន់​កាំភ្លើង​ទាំង​​ពីរ​នាក់​នេះ។ យោង​តាមប្រភព​ព័ត៌​មាន​​ពី​បុគ្គលិក​របស់​ខ្ញុំ​ បេឡាករ ស៊ិន គឹមថាត បាន​សន្លប់​ ពី​ព្រោះ​ខ្មាន់​កាំភ្លើង​បាន​វាយ​គាត់​”។

លោក អិុន ចាន់នី បាន​បន្ថែម​ថា “ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ ដែល​បុគ្គលិក​ធនាគារ​អេស៊ីលីដា ត្រូវ​ខ្មាន់​កំាភ្លើង​ញៀន​ថ្នាំ​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង​”។

លោក ឈុន ប៊ុនយឿន អធិការ​រង​នគរ​បាល​ស្រុក​ស្ទឹង​ត្រង់​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ឃុំ​អារក្ស​ត្នោត​ បាន​រាយការណ៍​ស្ថា​នភាព​ចាប់​ចំណាប់​ខ្មាំងនេះ​​ប្រាប់​អាជ្ញាធរ​ ហើយ​នគរ​បាល​បាន​មក​ដល់​សាខា​ធនាគារ​​នៅ​ម៉ោង​៦ព្រឹក​កាល​ពី​ម្សិលមិញ​។ ពីរ​ម៉ោង​ក្រោយ​មក​ចំណាប់​ខ្មាំង​ម្នាក់​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ទាំង​អស់​អាច​រត់​គេច​ខ្លួន​បាន​ ដោយ​លោត​ចេញ​​តាម​បង្អួច​ធនាគារ​។

លោក ឈុន ប៊ុនយឿន បាន​មាន​ប្រសា​សន៍​ថា “នៅម៉ោង​ប្រហែល​៨ព្រឹក​ ចំណាប់​ខ្មាំង​ម្នាក់​ឈ្មោះ​ អាន ម៉ាត់លី ដែល​មាន​អាយុ​ប្រហែល​២៤ ឬ២៧​ឆ្នាំ​បាន​លោត​ចេញ​ពី​ធនាគារ​អេស៊ីលីដា​ ពី​ជាន់​ទី២ ទៅ​លើ​ដំបូលផ្ទះ​របស់​អ្នក​ភូមិ​មួយ​គ្រួសារ​ ហើយ​បាន​រត់​​ឲ្យ​គេ​​ជួយ​”។

លោក​បាន​បន្ថែម​ថា គេ​ជឿជាក់​ថា ចោរ​ប្លន់​ទាំង​ពីរ​នាក់​មាន​​អាវុធ​ខ្លីមួយ​ដើម និង​គ្រាប់​បែក​ដៃ​ចំនួន​ពីរ​គ្រាប់​ ប៉ុន្ដែ​​​ នៅ​មិន​ទាន់​ដឹង​ច្បាស់​​ទេ។

មក​ដល់​រសៀល​ម្សិលមិញ​ នគរបាល​​និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ជាង​១០០​នាក់​ បាន​ឈ​រយាម​​នៅ​ខាង​មុខ​ធនាគារ​​នេះ ​ហើយ​ផ្លូវ​នៅ ក្បែរ​ៗ​នោះ​ ក៏​ត្រូវ​បិទ​ផង​ដែរ​។

លោកវរសេនីយ៍ឯក ខេង​ ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​ បាន​មាន​ប្រសាសន៍​​ថា មាន​តែ​ខ្មាន់​កាំ​ភ្លើង​ម្នាក់​ប៉ុណ្ណោះ ហើយ​ខ្មាន់​កំាភ្លើង​រូប​នេះ​បាន​ទាម​ទារ​ថ្នាំ​ញៀន​មេតំ​​ហ្វេតាមីន​ជា​ថ្នូ​រនឹងការ​ដោះ​លែង​​ចំណាប់​ខ្មាំង​ ដែល​បាន​ចាប់​បង្ខាំង​ទុក​នៅ​ក្នុង​ធនាគារ​​នេះ​។

លោក​វរសេនីយ៍ឯក​ ខេង ទីតូ បាន​លើក​ឡើង​ថា “គេ​បាន​ឲ្យ​ថ្នាំ​ចំនួន​បួនគ្រាប់​ទៅ​ខ្មាន់​កាំភ្លើង​នេះ ដើម្បី​បញ្ឆោត​ឲ្យ​ចេញ​មក​ក្រៅ។ គេ​ឲ្យ​ថ្នាំទាំង​​នេះ​ទៅ​ខ្មាន់​កាំ​ភ្លើង​ ដើម្បី​​​ជួយ​សង្គ្រោះ​ចំណាប់​ខ្មាំង​”។ លោក​បាន​បន្ដ​ថា ការ​ឲ្យ​ថ្នាំ​បញ្ឆោត​ខ្មាន់​កាំភ្លើង​​ដើម្បី​សង្គ្រោះ​​ចំណាប់​ខ្មាំង​នេះ​​មិន​បាន​ទទួល​​ជោគជ័យ​នោះ​ទេ​។

លោក ព្រំ វិសុទ្ធ អនុប្រធាន​នាយក​​ប្រតិ​បត្តិ​​ធនាគារ​អេស៊ីលីដា ដែល​​ស្ថិត​នៅ​ធនាគារ​​​នេះ​កាល​ពី​ម្សិលមិញ បាន​មាន​ប្រសាន៍​ថា ខ្មាន់​កាំ​ភ្លើង​ ដែល​មាន​តែ​ម្នាក់​នៅ​ក្នុង​ធនាគារ​ ​បាន​ទាម​ទារ​ថ្នាំ​ញៀនមេតំហ្វេតាមីន ​ចំនួន​បីបួន​កញ្ចប់​ ដែល​មាន​ប្រហែល​ពី​៤០​ទៅ​៥០​គ្រាប់​ ប៉ុន្ដែ នគរបាល​​បាន​ឲ្យ​ថ្នាំ​ដែល​មិន​មាន​​សារធាតុ​ញៀន​​ទៅ​ខ្មាន់​កាំភ្លើង​ ដើម្បី​បញ្ឆោត​ឲ្យ​ដោះ​លែង​ចំណាប់​ខ្មាំង​។

លោក​ ព្រំ​ វិសុទ្ធ បាន​មាន​ប្រសាសន៍ថា “វា​គឺ​ជា​យុទ្ធសាស្ដ្រ​របស់​នគរបាល​​ក្នុង​ការ​ឲ្យ​ថ្នាំ​ផ្សេង​​ ប៉ុន្ដែ ពួក​គេ​មិន​បាន​ឲ្យ​ថ្នាំ​ញៀន​នោះឡើយ​ ពួក​គេ​បាន​ប្រើ​ថ្នាំផ្សេង​ជំនួស​ថ្នាំញៀន​”។

លោក ជឹម សេងហុង ស្នង​ការ​រង​នគរ​បាល​ខេត្ត​កំពង់​ចាម​ បាន​មាន​ប្រសាសន៍​ថា ដោយ​ចរចាគ្នា​មិន​ត្រូវ​រហូត​ដល់​ល្ងាច​ម្សិល​មិញ​ នគរបាល​បាន​សម្រេច​ដក​ថយ​ពី​ធនាគារ​​នេះ​នៅវេលាម៉ោង​ប្រហែល​៥​ល្ងាច​ ដោយ​​សង្ឃឹម​​ថា ខ្មាន់​កាំភ្លើង​​​អាច​​​រត់​គេច​​ខ្លួន​​ចោល​​ចំណាប់​ខ្មាំង​៕ស៊ុយឈាង

© 2013 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.