ត្រូវ​ការ​​​វិនិយោគទុន​បន្ថែម​ទៀត​ លើ​ការ​កែ​ច្នៃ​ផលិត​ផល​កសិកម្ម​

កាល​ពី​ថ្ងៃ​អង្គារ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា​ គេ​ត្រូវ​ការ​ជា​ចាំ​នូវ​ការ​វិនិយោគ​បន្ថែម​ទៀត ​ដើម្បី​ធានា​ឲ្យ​បាន​ថា​ ប្រទេស​កម្ពុជា​អាច​កែ​ច្នៃ​ផលិត​ផលកសិកម្ម​របស់​ខ្លួន​ និង​អាច​បង្កើន​តម្លៃ​លើផលិតកសិកម្ម​ ដែល​កំពុង​ត្រូវ​បាន​នាំ​ចេញ​ទៅ​បរទេស។

មាន​ប្រសាសន៍​នៅ​ឯ​ពិធី​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​កំពង់​ផែ​ផ្ទុក​ទំនិញ​ថ្មី​នៅ​ក្នុង​ខេត្ត​កណ្តាល​ លោក​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ នៅ​ក្នុង​ឆ្នាំ​នេះ​មាន​ការ​ផ្គត់​ផ្គង់​ទិន្នផល​ស្រូវ​ និង​ដំឡូង​មី​ច្រើន​ហួស​ ហើយ​ធ្វើ​ឲ្យ​តម្លៃ​នៅ​លើ​ទី​ផ្សារ​ធ្លាក់​ចុះ។

លោក​បាន​មាន​ប្រសាសន៍​ថា​ “ខ្ញុំ​ចង់​លើក​ឡើង​នូវ​ចំណុច​មួយ​ចំនួន​ ដែល​ជាប់​ទាក់​ទង​ជា​មួយ​ការ​ផលិត​ និង​ការ​កែ​ច្នៃ​ ដែល​ជា​កំហុស​របស់​យើង​ទាំង​ស្រុង​ ការ​ផលិត​កើន​ឡើង​លឿន​ពេក​ ហើយ​ការ​ផ្គត់​ផ្គង់​មាន​បរិមាណ​ច្រើន​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត។​ យើង​គ្មាន​កន្លែង​កែច្នៃ​ទេ​ ដូច្នេះ​យើង​ចាំ​បាច់​ត្រូវ​ទាក់​ទាញ​ការ​វិនិយោគ​”។

កាល​ពី​សប្តាហ៍​មុន​ លោក​ ច័ន្ទ សារុន​ រដ្ឋ​មន្ត្រី​ក្រសួង​ កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ទិន្ន​ផល​ស្រូវ​ ដែល​មិន​ទាន់​កែច្នៃ​នៅ​ក្នុង​រដូវ​ប្រមូល​ផល​ចុង​ឆ្នាំ​២០១២​ និង​ដើម​ឆ្នាំ​២០១៣​នេះ​មាន​ការកើន​ឡើង​ប្រមាណ​ជា​៦​ភាគ​រយ​ ពោល​គឺ​អាច​កើន​ឡើង​ដល់​ចំនួន​៩,៣១​លាន​តោន។

បើ​យោង​តាម​តួលេខ​ពី​នាយក​ដ្ឋាន​កាំ​កុង​ត្រូល​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​បង្ហាញ​ថា​ ការ​នាំ​ចេញ​ដំឡូង​មី​មាន​ការ​កើន​ឡើង​ជាង​ពីរ​ដង​ ដោយ​បាន​កើន​ឡើង​ពី​ចំនួន​២៧៧.០០០​តោន​ កាល​ពី​ឆ្នាំ​២០១១​ដល់​ចំនួន​៧២២.​០០០​តោន​នៅ​ឆ្នាំ​២០១២៕​ កុក​ទៀន

© 2013 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.