អ្នក​ភូមិ​​នៅ​តែ​​មិន​ទាន់​ច្បាស់​​អំ​ពី​ការ​សាង​សង់​ទំ​នប់​វារី​អគ្គិសនី​​សេសាន​ក្រោមនៅ​​ខេត្ត​ស្ទឹង​ត្រែង​

ការ​សិក្សា​ថ្មី​មួ​យ​​​ដែល​ចេញ​កា​ល​ពី​ម្សិល​មិញបង្ហាញ​​ថា ​អ្នក​ភូមិ​​រាប់​ពាន់​នាក់​​ដែល​នឹង​​បាត់​បង់​ដី​របស់​ខ្លួន​​​ដោ​យ​សារ​តែ​កា​រ​សាង​សង់​​​ទំ​នប់​​​វារីអគ្គិសនី​សេសាន​​ក្រោម​២ នៅ​ក្នុង​​ខេត្ត​​ស្ទឹង​ត្រែង​​​នៅ​ពេល​ណា​មួយ​ក្នុង​​ឆ្នាំ​នេះ​ មិន​ត្រូវ​​បា​ន​ប្រាប់​អំ​ពី​​ផែន​កា​រ​​របស់​រដ្ឋា​ភិ​បាល​​ឲ្យ​​​រើ​ទៅទី​កន្លែងថ្មី​​​​ និង​​ការ​ផ្តល់​សំ​ណង​​ឡើយ​។

​តា​ម​កា​រ​​សាក​សួរ​​​​​​អ្នក​ភូមិ​ចំ​នួន៣៥៣​នាក់​​​ដែល​នឹង​រង​​ផល​ប៉ះ​ពាល់​ដោយ​​ផ្ទាល់​ និ​ង​​ដោយ​ប្រយោល​​ដោយ​សារ​កា​រ​សាង​សង់​ទំ​នប់​​វារីអគ្គិសនី​​កម្លាំង​​៤០០​មេហ្គាវ៉ាត់នេះ​​​ ​អង្គកា​រវេទិកានៃ​អង្គការ​មិន​មែន​រដ្ឋាភិ​បាល​ (NGO Forum) ​ដែល​ជា​អ​ង្គកា​រ​កា​រ​ពា​រ​​បរិស្ថានក្នុង​ស្រុក​មួ​យ​ក្រុម​​ដែល​​បាន​ចេញ​​របាយ​ការណ៍​នេះ​​ បា​ន​​រក​ឃើញ​ថាអ្នក​ដែល​ត្រូ​វ​បា​ន​​សាក​សួរ​​ស្ទើរតែ​ទា​ំ​ង​អស់​គ្រាន់​តែ​​បាន​ឮ​អំ​ពី​​ផែន​កា​រ​​សង់​ទំ​នប់​នេះ​តា​ម​​រយៈ​បណ្តាញ​មិន​ផ្លូវ​កា​រ​ប៉ុណ្ណោះ។

​​ដោ​យ​​​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​បា​ន​សម្រេច​​យល់​ព្រម​​កា​ល​ពី​ក្នុ​ង​ខែ​វិច្ឆិកា ​ទំ​នប់​វារី​អគ្គិស​នី​​​​សេសាន​ក្រោម​​២​នេះ ​គ្រោង​ផ្លាស់​ទី​លំនៅ​​​អ្នក​ភូមិ​ប្រ​ហែល​​៥.០០០​នាក់​ ប៉ុន្តែ​ក្រុម​អ្នក​បរិ​ស្ថាន​​ជឿ​ថាអ្នក​ភូមិ​​ចំ​នួន​១០០.០០០នាក់​ទៀត ​នៅ​ខ្សែ​​ទឹក​​ខាង​លើ​និង​​ខាង​ក្រោម​​ទំ​នប់​នេះ ក៏​នឹង​​រង​ផល​ប៉ះ​ពាល់​​ដោ​យ​សារ​កា​រ​​ថយ​ចុះ​បរិមាណ​ត្រីជា​​លំដាប់​ ដែលជា​ប្រភព​ស្បៀង​អាហារ​និង​ប្រាក់​ចំណូល​របស់​​សហ​គមន៍​​មូល​ដ្ឋាន។

លោកជា​ សា​រុំ ​​​ប្រធាន​កម្មវិធី​​សិក្សា​​ស្រាវ​ជ្រាវ​ និង​ព័ត៌​មា​ន​​របស់​អង​្គការ​ NGO Forum បា​នលើក​ឡើង​​ក្នុ​ង​ពិធី​ផ្សព្វ​ផ្សាយ​​របាយ​ការណ៍​​​នេះ​ថា ប្រជា​​ពល​រដ្ឋ​​​ជាង​៩២​ភាគ​រយ​​ដែល​ត្រូវ​បា​ន​សាក​សួរ​ បា​ន​ដឹង​អំ​ពី​​ទំ​នប់​នេះ​។លោកសា​រុំ ​​បា​ន​បន្តថា “ប៉ុន្តែ​​នៅ​​ពេល​មា​ន​​ការ​​សួរ​​​ថា ​តើ​​ពួ​ក​គេ​ដឹង​អំពី​​ទំ​នប​់​​វារីអគ្គិសនី​នេះ​ច្បាស់​​ឬ​អត់​នោះ ពួ​ក​គេ​និ​យា​យ​ថាពួ​ក​គេគ្រាន់តែឮ​ពី​អ្នក​ផ្សេង​​ប៉ុណ្ណោះ”។

​យោង​តា​ម​​របា​យ​​ការណ៍​នេះ​​បា​ន​ឲ្យ​ដឹង​ថា ប្រជាពល​រដ្ឋ​ដែល​ត្រូវ​បាន​សាក​សួរ​​ចំនួន​៣៤ភាគ​រយ​​ប៉ុណ្ណោះ​​បា​ន​ឮ​អំ​ពី​​ទំ​នប់​នេះ​​ពី​អាជ្ញា​ធរ​មូ​ល​ដ្ឋាន​ ហើយ​​ប្រធាន​ភូមិ និង​អនុប្រធា​ន​ភូមិ​​៦៩​ភាគ​រយ​បា​ន​ទទួល​​ព័ត៌​មា​ន​​អំពី​​ទំ​នប់​នេះ​​តា​ម​រយៈ​​បណ្តាញ​​ផ្លូ​វ​កា​រ។

​របាយការណ៍​នេះ​​បង្ហាញ​​ថា “​​​អាជ្ញា​ធរភូមិ​ទាំង​អស់​បា​ន​និ​យា​យ​ថា គ្មាន​តំ​ណាង​​ក្រុមហ៊ុន​​ណា ​ឬ​​ស្ថាប័នណា​​មក​ពិភាក្សា​ និង​ពិ​គ្រោះ​​ជា​មួ​យ​​ប្រជា​ពល​រដ្ឋ​​នៅ​ក្នុងភូមិ​​របស់​ខ្លួន​​អំ​ពីកា​រ​​ផ្លាស់​ទី​លំនៅ​ទៅ​កន្លែង​ថ្មី​​នោះ​ទេ​”។ ​កា​រ​ផ្សព្វ​ផ្សាយ​​របាយការណ៍​អំពី​ទំ​នប់​នេះ​បា​ន​ធ្វើ​ឡើង​កា​ល​ពី​ម្សិល​មិញ​​នៅ​ក្នុង​បន្ទប់​តែ​មួយ​នៅ​សណ្ឋាគា​រ​កាំ​បូ​ឌី​យ៉ា​ណា ​ដែល​បន្ទ​ប់​នោះ​ក៏​ត្រូ​វ​បា​ន​ប្រើ​​កាលពី​​ខែ​​វិច្ឆិកា​​ ដោ​យ​ក្រុ​មហ៊ុន​ រ៉ូយ៉ាល់ គ្រុប (Royal Group)​អំ​ឡុង​ពិ​ធី​​ចុះ​ហត្ថ​លេខាមួយ​​ដើម្បី​​សាងសង់​ទំ​នប់​​វារីអគ្គិសនី​នេះ​ ជា​មួ​យ​​ក្រុ​ម​ហ៊ុន​ថាម​ពល​អន្តរ​ជាតិ​ ហាយ​ដ្រូ​ឡេនកាង​(Hydrolancang)​ របស់​ចិន។

លោកឌួងសំ​គាត ​​អនុ​ប្រធា​ន​នាយក​ដ្ឋាន​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​បរិស្ថាន​នៅ​ក្រសួង​បរិស្ថាន ​គ្រោ​ង​​ចូល​រួ​ម​​​ក្នុង​ការ​​ផ្សព្វ​ផ្សាយ​​របាយ​ការណ៍​​​នេះ​​ដើម្បី​ពិ​ភាក្សា​​អំ​ពី​​ទំ​នប់​នេះប៉ុន្តែ​លោក​មិន​បា​ន​ចូ​ល​រួ​ម​​ទេ។ ​នៅ​ឯ​ពិធី​​នោះ ​តំ​ណាង​​របស់​​សហ​គមន៍​​មកពី​​ខេត្ត​ស្ទឹង​ត្រែង​​និង​ខេត្ត​រតន​គិរី ​លើក​ឡើ​ង​​អំពី​កង្វល់​ពាក់​ព័ន្ធ​នឹង​គម្រោង​នេះ​។

​លោក បេង តេង ជំទប់​​ឃុំ​​ស្រែ​គរ ​ស្រុ​ក​​សេសាន ​​ដែល​​ស្ថិត​នៅតា​មតំបន់​​លិចទឹកនៃ​​ទំ​នប់​នេះ បានថ្លែង​​ថា បើ​ទោះជា​មា​ន​​ទី​តាំ​ង​ថ្មី​​ដ៏​ពេញ​ចិត្ត​មួយ​ត្រូវ​បា​ន​សម្រេច​​ថ្មីៗនេះ​​​ដោ​យ​រដ្ឋាភិ​បា​ល​​ក៏​ដោយ ក៏​​ព័ត៌មា​ន​​​ជុំ​វិញ​​គម្រោង​​នេះ នៅ​មិន​ទាន់​ច្បាស់​ដែរ៕

ប្រែ​សម្រួល​ដោ​យចេវប៊ុននី​​​​​​​​​

© 2013 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.