អគារ​ទីស្នាក់​ការថ្មី​របស់ផ្សារ​មូល​បត្រ​កម្ពុជា​ចាប់​ផ្តើម​ជួសជុល

លោក​ គាត​ ឈន់​ ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា​ ផ្សារ​មូល​បត្រ​កម្ពុជា​ នឹង​ត្រូវ​ផា្លស់​ប្តូរ​ពី​ទីស្នាក់​ការ​បច្ចុប្បន្ន​នៅ​ក្នុង​វិមាន​ កាណា​ឌីយ៉ា ទៅ​កាន់​អគារ​មួយ​ខ្នង​សល់​ពី​សម័យ​អាណានិគម​បា​រាំង​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៦​ ក្នុងរាជធានីភ្នំពេញ ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ជួស​ជុល និងរៀប​ចំកែលម្អឲ្យស្អាត ធ្វើ​ជា​ទីតាំង​ការិយាល័យធ្វើការ​​ឡើង​វិញ។

គម្រោង​ជួស​ជុល​អគារការិយាល័យថ្មី​នេះ​ត្រូវ​បាន​គ្រោងនឹង​​បញ្ចប់សកម្មភាព​​នៅ​ឆ្នាំ​២០១៤​ខាងមុខ ក្នុង​គម្រោង​ថវិកា​​​​ចំ​ណាយ​ទឹក​ប្រាក់​អស់​ចំនួន​៤​លាន​ដុល្លារ​ ហើយនឹង​យក​​ធ្វើ​ជា​ទីស្នាក់​ការ​សម្រាប់​ផ្សារភាគ​ហ៊ុន​របស់​ប្រទេស​កម្ពុជា​មួយ​នេះ។

ផ្សារភាគហ៊ុននេះ បច្ចុប្បន្ន ​មាន​ក្រុម​ហ៊ុន​តែ​មួយប៉ុណ្ណោះ​ ដែលបាន​​ទៅ​ចុះ​បញ្ជី​បោះ​ផ្សាយ​លក់​ភាគ​ហ៊ុនរបស់​ខ្លួន​ជា​សាធារណៈ​ចាប់​តាំង​ពី​ផ្សារ​មូល​បត្រ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ជាផ្លូវការ​។

លោក​ គាត​ ឈន់​ បាន​មាន​ប្រសាសន៍​នៅ​​ពិធី​បើក​ការដ្ឋាន​ជួស​ជុល​អគារ​នេះ​ថា​ “ ខ្ញុំ​ជឿជាក់​ថា​ ការ​បង្កើត​ផ្សារ​មូល​បត្រ​ថ្មី​នេះ​នឹង​បញ្ជូន​សារដ៏​សំខាន់​មួយ​ទៅ​កាន់​វិនិ​យោ​គិន​ក្នុង​ស្រុក​ និង​វិនិយោគិន​បរទេស​ ដើម្បី​ចូល​រួម​នៅ​ក្នុង​ផ្សារ​មូល​បត្រ​នេះ​”។ លោក​បាន​បន្តទៀត​ថា​ “​ ទាំង​ក្រុម​ហ៊ុន​រដ្ឋ​ និង​ក្រុម​ហ៊ុន​ឯក​ជន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ ហើយ​កំពុង​រៀប​ចំ​ចុះ​បញ្ជី​បោះ​ផ្សាយ​លក់​ភាគ​ហ៊ុន​ជា​មួយ​ផ្សារ​មូល​បត្រ​នេះ”​។​

លោក គាត ឈន់ បាន​មាន​ប្រសាសន៍​បន្ថែមទៀតថា “ ហើយ​ខ្ញុំ​យល់​ឃើញ​ថា​ មាន​​ក្រុម​ហ៊ុន​ឯក​ជន​ជា​ច្រើន​ ដែល​កំពុងសម្លឹង​មើល​ផ្សារ​មូល​បត្រ​របស់​យើង​ មុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត។​ ពិធី​នេះ​​ជា​សក្ខី​ភាព​បញ្ជាក់​ឲ្យ​ឃើញ​ពី​ដំណើរ​ការ​រីក​ចម្រើន​បន្តិច​ម្តងៗ​របស់​ផ្សារ​មូល​បត្រ​នេះ​”។

នៅ​ក្នុង​ពិធីបើក​ការដ្ឋានជួសជុល កាល​ពីម្សិលមិញនេះ លោក​ គាត​ ឈន់​ បានមាន​ប្រសា​សន៍​ថា​ អគារដែលមាន​កម្ពស់បីជាន់​ ​​ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូន​ពេញ រាជ​ធានីភ្នំពេញ​ នឹង​រួម​មាន​សំណង់​អគារ​ដើម​សល់តាំង​​ពី​សម័យ​អាណានិគម​បារាំង​ ព្រម​ទាំង​មាន​សំណង់ផ្នែក​​ផ្សេងៗ​ទៀត​ ដែល​គេ​សាង​សង់​បន្ថែមលើអគារដើម​។

រដ្ឋា​ភិបាល​គ្រប់​គ្រង​ចំនួន​៥៥​ភាគ​រយ

​នៅ​ក្នុង​ផ្សារ​មូល​បត្រ​នេះ​ ហើយ​ក្រុម​ហ៊ុន​ កូរ៉េ​អុកឆេង​ (Korea Exchange)​ ដែល​ធ្វើ​ប្រតិបត្តិ​ការ​ផ្សារ​ហ៊ុន​នៅ​ក្នុង​ទី​ក្រុង​សេអ៊ូល​គ្រប់​គ្រង​ចំនួន​៤៥​ភាគ​រយ។

លោក​ ហុង​ សុខហួរ​ នាយក​ប្រតិបត្តិ​ផ្សារ​មូលបត្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ទីតាំង​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ផ្សារ​ហ៊ុន​មួយ​នេះ​មាន​ការ​រីក​ចម្រើន​ក្នុង​ការ​ទាក់​ទាញ​វិនិយោគិន​ ហើយ​នឹង​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ក្រុម​ហ៊ុន​មក​ចុះ​បញ្ជី​ផ្សាយ​លក់​ភាគ​ហ៊ុន​កាន់​តែ​ច្រើន។

លោក​ បាន​មាន​ប្រសាសន៍​ថា​ “​ យើង​ចាំ​បាច់​ត្រូវ​មាន​អគារ​ផ្ទាល់​ខ្លួន​របស់​យើង​ ដើម្បី​ទាក់​ទាញ​វិនិយោគិន​ ហើយ​ក្រុម​ហ៊ុន​ក៏​មាន​ទំនុក​ចិត្ត​ចំពោះ​ផ្សារ​ហ៊ុន​របស់​យើង​ផងដែរ​”។​ រហូត​មក​ដល់​ពេល​នេះ​ មាន​តែ​ក្រុម​ហ៊ុន​រដ្ឋ​មួយ​គត់​គឺ​រដ្ឋករ​ទឹក​ស្វ័តយត​ភ្នំ​ពេញ​ ដែល​បាន​មក​ចុះ​បញ្ជី​បោះ​ផ្សាយ​ផ្សាយ​លក់​ភាគ​ហ៊ុន​ជា​មួយ​ផ្សារ​មូលបត្រ​នេះ​ បើ​ទោះ​បីជា​កំពង់​ផែស្វ័យត​ខេត្ត​ព្រះ​សីហនុ​ និង​ទូរគមនាគម​កម្ពុជា​កំពុង​រៀប​ចំ​ចុះ​បញ្ជី​បោះ​ផ្សាយ​លក់​ភាគ​ហ៊ុន​ដែរ​ក៏​ដោយ។

នៅ​ពេល​ផ្សារ​មូល​បត្រ​កម្ពុជា​​ចេញ​លក់​ភាគ​ហ៊ុន​ ភាគ​ហ៊ុន​របស់​រដ្ឋករ​ទឹក​ស្វ័យត​ភ្នំ​ពេញបាន​កើន​ឡើង​ចំនួន​៤៧​ភាគ​រយ​ នៅ​ថ្ងៃ​ជួញ​ដូរ​ដំបូង​ ក៏​ប៉ុន្តែ​ ក្រោយ​មក​តម្លៃ​ភាគ​ហ៊ុន​នេះ​បាន​ធ្លាក់​ចុះ​វិញ​មក​រក​តម្លៃ​៦.៣០០​រៀល​ក្នុង​មួយ​ហ៊ុន​ ដែល​ជា​កម្រិ​បោះ​ផ្សាយ​លក់​ដំបូង​៕

ប្រែសមរួល​ដោយ​ ហួង​ កុក​ទៀន

© 2013 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.