អង្គការ​ណាសា​ចាប់បាន​រូបភាពភ្លើង​ឆេះព្រៃ​ជា​​​ច្រើន​​​កន្លែង នៅ​ភាគខាងជើងប្រទេស​កម្ពុជា​

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​អង្គការ​ណាសាបាន​ឲ្យ​ដឹងថាអង្គការ​ណាសា​ដែលជា​ទីភ្នាក់ងារ​ទីអវកាស​របស់​​​សហ​​​រដ្ឋ​​​អាមេរិក​​ កាលពីថ្ងៃ​ច័ន្ទ​ ចាប់បាន​រូបភាព​នៃ​​​អគ្គិភ័យ​ដែលកំពុងតែ​ឆាប​ឆេះ​ជា​​​ច្រើន​​​កន្លែង​នៅ​តាមបណ្តាខេត្ត​នានាដែល​ស្ថិត​នៅភាគ​ខាង​ជើង​ប្រទេស​កម្ពុជា​ មានដូចជា​ខេត្ត​ព្រះវិហារ​ បន្ទាយមានជ័យ ​និង​ខេត្ត​ឧត្តរមានជ័យជាដើម​ ប៉ុន្តែ​ អគ្គិភ័យ​ដែល​បាន​ឆាប​ឆេះ​នេះទំនង​ជា​គ្មាន​ផល​ប៉ះពាល់​នោះ​​​ឡើយហើយ​បែ​រជា​ការ​ដុត​គល់​ចិញ្ច្រាំង​ចោល​សម្រាប់​ការ​បង្ក​បង្កើន​ផល​លើក​ក្រោយ​របស់​ប្រជាកសិករ​ទៅ​វិញ​ទេ។

សេចក្ដី​ថ្លែងការណ៍​នេះ ​លើក​ឡើង​ថា“រូបភាព​មិន​សូវ​ជា​ច្បាស់​ល្អ​ ដែល​ផ្កាយ​រណប​​​​​របស់​អង្គការ​ណាសា​ចាប់​បាន​ បង្ហាញ​ឲ្យ​ឃើញ​ថាមាន​អគ្គិភ័យ​កំពុងឆាប​ឆេះ​ជា​ច្រើន​​​​កន្លែង​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១១ខែ​កុម្ភៈ​ ឆ្នាំ​២០១៣។សេចក្ដី​​​​ថ្លែង​ការ​ណ៍​នេះបាន​បន្ដ​ថារូបភាព​នៃ​អគ្គិភ័យដែល​ចាប់​បាន​នេះ​ទំនង​ជា​ដូចគ្នា​ទៅ​នឹង​រូប​ភាព​នៃ​អគ្គិភ័យ​​ ដែល​ចាប់​បាន​ដោយផ្កាយ​រណប​របស់​អង្គការ​ណាសាកាល​ពី​ពាក់​​​កណ្ដាល​​​​ខែ​មករាដែរ។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​បន្ដ​ថា“ ​ប្រជា​​​កសិករ​កំពុង​តែ​ដុត​គល់​ចិញ្ច្រាំង​នៅ​ក្នុង​វាល​ស្រែ​របស់​ខ្លួន​ ដើម្បី​ប្រែក្លាយ​គល់​ចិញ្ច្រាំង​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​ជីដើម្បី​ជំនួយ​ដល់​គុណ​​​ភាព​​​ដី​ និង​ដើម្បី​ដុត​កម្ទេច​ចោល​នូវ​រុក្ខជាតិ​ ដែល​គ្មាន​ប្រយោជន៍​នានា​ ចេញ​ពី​វាល​ស្រែ​របស់​ពួក​គាត​់សម្រាប់​រដូវ​​បង្កបង្កើន​ផល​លើក​ក្រោយ​។នៅ​ពេល​អគ្គិភ័យ​ទាំង​នេះ​បាន​ដុតកម្ទេច​ចោល​រុក្ខជាតិ​នានាដែល​ជួយ​បង្កើន​ដល់​គុណភាព​ដីនិង​ដុត​រុក្ខជាតិ​នានា​ដែល​គ្មាន​ប្រយោជន៍​ អគ្គិភ័យ​ទាំង​នេះក៏​បង្កើត​ឲ្យ​មាន​ផ្សែង​ ដែល​បំពុល​ដល់​បរិយាកាស​ផង​ដែរ”​​​។

លោកអ៊ុកកែវ​រតនៈអ្នក​នាំ​ពាក្យ​សាលា​​​ខេត្ត​​​​បន្ទាយ​មាន​ជ័យ​ បាន​មាន​ប្រសាសន៍​ថាអគ្គិភ័យ​ទាំង​នេះវា​តែង​តែ​កើត​ឡើង​ជា​រៀង​​​​រាល់​ឆ្នាំ​បែប​នេះ​ហើយ​​ ពី​ព្រោះ​ប្រជា​​​កសិករ​ ត្រូវ​ការ​សម្អាត​វាល​ស្រែ​របស់​ខ្លួន​សម្រាប់​រដូវ​បង្ក​បង្កើន​ផល​ថ្មី​។

លោក​មាន​ប្រសាសន៍បន្ថែម​ថា“ ​ប្រជា​​​កសិករ​របស់​យើង​តែង​តែ​ដុតគល់​ចិញ្ច្រាំង​ នៅ​ក្នុង​វាល​ស្រែ​របស់​ខ្លួន​ចោល​មុន​ពេល​ពួក​គាត់​ចាប់​ផ្ដើម​បង្ក​បង្កើន​ផល​ម្ដង​ទៀត​នៅ​រដូវ​បង្កបង្កើន​ផល​ថ្មី។វា​អាច​ជួយ​ឲ្យ​ពួក​គាត់​ភ្ជួរ​រាស់​ដី​របស់​ខ្លួន​បាន​ស្រួល​ និង​ផេះ​ដែល​កើត​ពី​ការ​ដុត​នៃ​គល់​ចិញ្ច្រាំង​នឹង​ក្លាយ​ទៅ​ជា​ជី​។រីឯ​ផ្សែង​វិញ​វា​មិន​បង្ក​ឲ្យ​កើត​ជា​បញ្ហា​អ្វី​មួយ​នោះ​ឡើយ”៕

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

© 2013 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.