នាយ​នគរបាលយុត្តិ​ធម៌​​​​ម្នាក់​ ត្រូវ​បាន​ចោទ​ប្រ​កាន់​ពី​បទ​ទទួល​សំណូក​ពី​អ្នក​នេសាទ​ខុស​ច្បាប់​

មន្ត្រី​​ម្នាក់​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​សាលា​ដំបូង​ខេត្ត​ពោធិ៍​សាត់​​កាលពី​ថ្ងៃ​សុក្រ​បាន​ចោទ​ប្រ​កាន់​​នាយការិយាល័យ​​នគរ​បាល​យុត្តិធម៌​​ស្រុកក្រគរ ​ពី​បទ​ទទួល​សំណូក​ពី​ការ​នេសាទ​ខុស​ច្បាប់​នៅ​បឹង​ទន្លេសាប​។

ព្រះរាជអាជ្ញា​អម សាលា​ដំបូង​ខេត្ត​ពោធិ៍​សាត់ លោក តន់ សីហតេជៈ មាន​ប្រសាស​ន៍​ថា​តុលាការ​បាន​ចេញ​ដី​ការ​ចាប់​ខ្លួន​លោក​ហុង ប៊ុន​ធឿន អាយុ​៥៣​ឆ្នាំ​​ បន្ទាប់​ពី​មនុស្ស​មួយ​ក្រុម​​មាន​គ្នា​៣០​នាក់​​ដែល​ត្រូវ​បា​ន​ចាប់​ខ្លួន​កាល​ពី​ខែ​មករា​​ពី​បទ​នេសាទ​ខុស​ច្បាប់​នោះ​បាន​ចោទ​គាត់​ថា​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​សកម្ម​ភាព​របស់​ពួក​គេ​។

លោក  សីហ​តេជៈ ​មាន​ប្រសាសន៍​បន្ត​ថា “ ​យើង​បាន​សាក​សួរ​ជន​សង្ស័យ​រួច​ហើយ​ ហើយ​បាន​រក​ឃើញ​ថា​ លោក ប៊ុន ធឿន បានជាប់​ពាក់ព័ន្ធ​​ក្នុង​ការ​នេសាទ​ខុស​ច្បាប់ និង អំពើ​ពុក​រលួយ​ផង​ដែរ”។

លោក សីហតេជៈ​ មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ ប្រ​សិន​បើ​យើង​ស៊ើប​អង្កេត​ ហើយ​រក​ឃើញ​ថា​​គាត់​ជាប់​ពាក់ព័ន្ធ​ក្នុងសកម្មភាព​នេសាទ​ខុស​ច្បាប់​នោះ​ គាត់​នឹង​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ជាង​ប្រាំ​ឆ្នាំ” ដោយ​លោកបន្ថែមថា ការ​ចោទ​ប្រ​កាន់​ពី​បទ​អំពើ​ពុករលួយ​អាច​​​មាន​​ទោស​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​ប្រាំ​ឆ្នាំ​។

លោក មាល​ សុទ្ធ អធិការរង​​នគរបាល ស្រុកក្រ​គរ បាន​មាន​ប្រ​សាសន៍​ថា ​លោក ប៊ុនធឿន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ទទួល​សំណូក​ជា​ថ្នូរ​នឹង​ការ​នេសាទ​ខុស​ច្បាប់​នៅ​បឹង​ទន្លេសាប​​ដែល​ត្រូវ​បាន​ហាម​​មិន​ឲ្យ​ធ្វើ​ការ​នេសាទ​ទាំង​អស់​។

រដ្ឋាភិបាលបាន​ដកអាជ្ញាប័ណ្ណ​ទាំង​អស់​ពី​ឡូ​ត៍​នេសាទ​ធំៗ​​នៅ​តាម​បឹង​ទន្លេសាប​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន ​​បន្ទាប់​ពី​មាន​ការ​បារម្ភថា ​មាន​ការ​នេសាទ​ក្នុង​បឹង​ទន្លេ​សាប​នេះ​យ៉ាង​​ច្រើន​។

លោក មាស សុទ្ធ មាន​ប្រសាសន៍​ថា លោក​ប៊ុនធឿន​មាន​តួនាទី​ជា​នាយ នគរ​បាល​ប៉ុស្តិ៍​កំពង់​លួង​រហូត​ដល់​ថ្ងៃ​ទី​១៩​ខែ​មី​នា​​ នៅ​ពេល​នោះ​លោក​ត្រូវ​បាន​ដំឡើង​​ឋានៈ​ជា​​នាយការិយាល័យ​នគរបាល​ស្រុក។

​កាលពី​ពីរ​​ឆ្នាំ​​មុន​ពេល​លោក​នៅ​ជា​នាយ​នគរបាល​ប៉ុស្តិ៍​ ប្រជា​ពល​រដ្ឋ​បាន​លើក​ឡើង​ពី​កង្វល់​​អំពី​សកម្មភាព​​នេសាទ​ខុស​ច្បាប់​របស់​លោក ប៊ុនធឿន​។ លោក មាល សុទ្ធ​ បានបន្តថា “ ​កាល​ពី​ឆ្នាំ​២០១១ ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់​លួង​បាន​ស្នើ​ឲ្យ​ប្តូរ​នាយនគរបាលប៉ុស្តិ៍​​ថ្មី​ ដោយ​សារ​គាត់​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​នេសាទ​ខុស​ច្បាប់​ ហើយ​​អ្នក​ភូមិ​មិន​ចូល​ចិត្ត​គាត់​​ទេ​”​​។​​លោក​បន្ថែម​ថា​​ បញ្ហា​នោះ​បាន​ដោះ​ស្រាយ​​រួច​ហើយ​ បន្ទាប់​ពី​ចរចា​ជាមួយ​អ្នក​ភូមិ​។

នគរបាល​បាន​ចាប់​ខ្លួន​លោក ប៊ុនធឿន​ នៅ​ទី​បញ្ជាការ​ដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ស្រុក ក្រ​គរ​ ពេល​លោក​កំពុង​ចូលរួម​ក្នុង​កិច្ច​ប្រ​ជុំមួយ​នៅ​ទី​នោះ​នៅ​ម៉ោង​​ប្រ​ហែង​២​និង​៣០​នាទី​រសៀល​កាលពី​ថ្ងៃ​សុក្រ​។ លោកបានមាន​ប្រសាសន៍​បន្ត​ថា​ “ ​​គាត់​ធ្វើ​ការ​​បាន​តែ​១១​ថ្ងៃ​ប៉ុណ្ណោះ ​[នៅ​នគរ​បាល​ស្រុក​]​ បន្ទាប់​មក​យើង​ទទួល​បាន​ដីកា​ពី​តុលា​ការ​ឲ្យ​ចាប់​ខ្លួន​​គាត់​តែ​ម្តង​”។

លោក កែវ សុវណ្ណារ៉េត​ នាយនគរបាល​ប៉ុស្តិ៍​កំពង់​លួង​បាន​មាន​ប្រសាសន៍​ថា​ លោកមិន​បាន​ដឹង​ច្បាស់​ថា​ ហេតុ​អ្វី​បាន​ជា​លោក ប៊ុនធឿន​ ត្រូវ​បាន​ចោទ​ប្រកាន់​នោះ​ទេ​​ ប៉ុន្តែ​​បាន​បដិសេធ​ថា អតីត​នាយ នគរបាល​រូប​នេះ​​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​នេសាទ​ខុស​​ច្បាប់​ទេ​។

លោកបាន​អះអាង​ថា​ “ បង​ប្អូន​ប្រុស និងបង​ប្អូន​ស្រី​របស់​យើង​មិន​សប្បាយ​ចិត្ត​ជា​មួយ​គាត់​ដោយ​សារ​គាត់ បាន​ទៅ​​បង្ក្រាប​ការ​នេសាទ​ខុស​ច្បាប់​ជា​មួយ​មន្ត្រី​តុលាការ​”៕

ប្រែសម្រួល​ដោយ ឃិន ណៃ​​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.