កង​កម្លាំង​រក្សា​សន្ដិភាព​កម្ពុជា​បញ្ជូន​ទៅ​ប្រទេស​ស៊ូដង់ ខណៈ​ពេល​​បេសកកម្ម​ប្រទេស​ម៉ាលី ចាប់​ផ្ដើម

កាល​ពី​ម្សិល​មិញ​ ​រដ្ឋា​ភិបាល​បាន​បញ្ជូន​កង​​យោធពល​ខេមរភូមិន្ទ កងរាជ​អាវុធហត្ថ​ និង​បុគ្គលិក​ពេទ្យ​ចំនួន​១៥២​នាក់​ទៅ​ចូល​រួម​ក្នុង​បេសកកម្ម​រក្សា​សន្ដិ​ភាព​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង ចំពេល​​មាន​​ការ​ប៉ាន់​ស្មាន​ថា កង​កម្លាំង​អង្គការ​សហ​ប្រជាជាតិ​ថ្មី​ ដែល​មាន​ទាំង​កង​ទ័ព​កម្ពុជាដែរ​នោះ​កំពុង​ត្រៀម​​បញ្ជូន​ទៅ​​ដាក់​ពង្រាយ​នៅ​ប្រទេស​ម៉ាលី។

យោង​តាម​លោក​ ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​​ដែល​បាន​ធ្វើ​ជា​អធិបតី​​ភាព​នៅ​ឯ​ពិធី​ជូន​ដំណើរ​​​នៅអាកាស​យាន​ដ្ឋាន​យោធា​​​នៅ​រាជ​ធានី​​​ភ្នំពេញ​ កាល​ពី​ម្សិល​មិញបាន​ឲ្យ​ដឹង​ថា ការ​ដាក់​ពង្រាយ​កង​រក្សា​សន្ដិភាព​ថ្មី​នេះ​នឹង​ជំនួស​កង​រក្សា​សន្ដិ​ភាព​កម្ពុជា​​នៅ​ប្រទេស​ស៊ូដង់​​ ដែល​​ទើប​បាន​បញ្ចប់​បេសក​កម្ម​រយៈ​ពេល​មួយ​ឆ្នាំ​​ក្នុង​ការ​ផ្ដល់​ជំនួយ​មនុស្ស​​ធម៌ និង​​បំពេញ​ភារកិច្ច​រក្សា​សន្ដិ​សុខ​ រួម​ទាំង​ការ​ដោះ​មីន​ផង​ដែរ។

ឧត្តម​សេនីយ​៍​ ទៀ​ បាញ់ បាន​សង្កត់​ធ្ងន់​ពី​ “ការ​ប្ដេជ្ញាយ៉ាង​​មុត​មាំ​​” របស់​រដ្ឋា​ភិ​​​បាល​ដើម្បី​ចូល​រួម​ក្នុង​​ប្រតិបត្តិ​ការ​រក្សា​សន្ដិភាព​​របស់​អង្គការ​សហ​ប្រជាជាតិ និង​ក្នុង​​ការ​ការពារ​​អ្នក​ផ្តល់​ជំនួយមនុស្ស​​ធម៌។
លោក​ឧត្តមសេនីយ៍​ ទៀ បាញ់ បាន​មាន​ប្រសាសន៍​នៅ​ឯ​ពិ​ធី​នោះ​ថា “ រដ្ឋា​ភិ​បាល​​ទទួល​​សំណើ​​របស់​អង្គការ​សហ​ប្រជាជាតិ​​សុំ​ឲ្យ​​បញ្ជូន​កង​ទ័ព​ទៅ​ចូល​រួម​ក្នុង​ប្រតិ​បត្តិ​ការ​រក្សា​សន្ដិភាព​ ហើយ​យើង​បាន​បញ្ជូន​កង​ទ័ព​របស់​យើង​ទៅ​កាន់​ប្រ​ទេស​ជា​ច្រើន​ រួម​ទាំង​ប្រទេស​ដែល​យើង​កំពុង​បញ្ជូន​ទ័ព​របស់​យើង​ទៅ​​នៅ​ថ្ងៃ​នេះ​ផង​”។​ប្រទេស​ម៉ាលី ប្រហែល​ជា​ប្រទេស​បន្ទាប់​ ដែល​ត្រូវ​បញ្ជូន​កងទ័ព​ទៅ​ចូល​រួម​ក្នុង​កិច្ច​ការ​នេះ​។

កាល​ពី​ខែ​មករា ប្រទេស​បារាំង​បាន​បញ្ជូន​កង​ទ័ព​ចំនួន​៤.០០០​នាក់​ទៅ​ធ្វើ​​អន្ដរាគមន៍​នៅ​ក្នុង​ប្រទេស​ម៉ាលី ដែល​ធ្លាប់​ជា​អតី​ត​អាណានិគម​របស់​ខ្លួន​ បន្ទាប់​ពី​ជនសកម្ម​ប្រយុទ្ធ​អុីស្លាម​ បានចូល​លុកលុយ​​នៅ​ភាគ​ខាង​ជើង​ប្រទេស​នេះ និង​បាន​គំរាម​​វាយ​ដណ្ដើម​យក​ទី​ក្រុង​បាម៉ាកូ​​។ ពេល​នេះ​បារាំង​ចង់​កាត់​បន្ថយ​វត្តមាន​កង​ទ័ព​របស់​ខ្លួន​មក​ត្រឹម​១.០០០​នាក់​ និង​បាន​ចាប់​ផ្ដើម​បេសកកម្ម​រក្សា​សន្ដិភាព​ដឹក​នាំ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​វិញ​។​ យោង​តាម​របាយ​ការណ៍​របស់​លោក បាន​ គីមូន (Ban KI-moon)​អគ្គ​​​លេខា​​​ធិការ​អង្គការ​សហ​ប្រជាជាតិ​ កាល​ពី​សប្ដាហ៍​មុន បាន​ឲ្យ​ដឹង​ថា អង្គការ​សហ​ប្រជាជាតិ​គ្រោង​បញ្ជូន​កង​ទ័ព​រហូត​ដល់​១១.២០០​នាក់​ទៅ​ប្រទេស​ម៉ាលី។

លោក ប្រាក់ សុខុន រដ្ឋ​លេខាធិការ​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការសម្រប​សម្រួល​ជាតិ​ទទួល​បន្ទុក​​ប្រតិ​បត្តិ​ការរក្សា​សន្ដិភាព​អង្គការ​សហ​ប្រជាជាតិ​បាន​មានប្រសាសន៍​ថា កម្ពុជា​នឹង​ពិចារណា​សំណើណាមួយ​របស់​អង្គការ​សហ​ប្រជា​ជាតិ “ ប្រសិន​បើ​ ឬនៅ​ពេល​​ណា យើង​ទទួលបាន​
សំណើ​នោះ”។​

កម្ពុជា​មាន​កង​រក្សា​សន្ដិភាព​បម្រុង​ពីរ​ក្រុម ដែល​អាច​ដាក់​ពង្រាយ​ក្នុង​រយៈពេល​៣០​ថ្ងៃ ក្រោយ​ពេល​មាន​សំណើ​។​ លោក​​មាន​ប្រសាសន៍​ថា “ យើងបានរៀប​​​ចំ​​ប្រព័ន្ធ​បម្រុង​មួយ​ ជាមួយ​នឹង​អង្គការ​សហ​ប្រជាជាតិ​។ ក្រុម​ទាំង​ពីរ​ខាង​លើ​​មាន​កម្លាំង​១៣០​នាក់​ក្នុង​មួយ​ក្រុម​​ ហើយ​ពេ​ល​នេះ​ពួកគេ​អាច​​យក​ទៅ​ដាក់​ពង្រាយ​ភ្លាម​ៗ​បាន​”៕​​​​​​

ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.