តុលាការ​ផ្ដន្ទាទោស​ស្ត្រី​ជន​ជាតិ​ថៃម្នាក់​ឲ្យជាប់​ពន្ធ​នាគារ​៣០​ឆ្នាំ​ ពី​បទ​រត់​ពន្ធ​គ្រឿង​ញៀន​កូកាអីុន

កាល​ពី​ម្សិល​មិញ សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​កាត់​ទោស​ស្ត្រីជន​ជាតិ​ថៃ ម្នាក់​វ័យ​២៦​ឆ្នាំ ឲ្យ​ជាប់​ពន្ធ​នាគារ​៣០​ឆ្នាំពី​បទ​រត់​ពន្ធ​គ្រឿង​ញៀនកូកាអីុន​ពី​អាមេរិក​​ខាង​ត្បូង​ចូល​មក​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​មុន។

ស្ត្រីដែល​មា​ន​ឈ្មោះ​ថា រ៉ុតសីុឌី រុងទី​វ៉ា (Rodsidy Rungtiwa) ខាង​លើ​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​សីហា​ នៅ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំ​ពេញ បន្ទាប់​ពី​នគរ​បាល​ប្រ​ឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៃ​ក្រសួង​មហា​ផ្ទៃ​​បាន​ឆែក​ឃើញ​ថ្នាំញៀន​កូកាអីុននៅ​ក្នុង​វ៉ាលិស​ចាក់​សោ​របស់​នាង។

លោក​ សិុន វិសាល ចៅ​ក្រម​សាលា​ដំបូង​រាជធានីភ្នំពេញ​ បាន​​​ប្រាប់​សាលា​​ដំបូង​កាល​ពី​ម្សិល​មិញ​ថា “ ស្ត្រី​ឈ្មោះ រុងទីវ៉ា ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​៣០​ឆ្នាំ និង​បង្គាប់ឲ្យ​បង់​ប្រាក់​ជូន​តុលាការ​ចំនួន​៩០​លាន​រៀល [ប្រហែល​២២.៥០០​ដុល្លារ]”។

ស្ត្រី​ រ៉ុតសីុឌី រុងទី​វ៉ា  បាន​សារភាព​ថា ​នាង​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ ទៅ​ប្រទេស​ប្រេស៊ីល ដើម្បី​ទទួល​យក​កាបូប​មួយ​ពី​បុរស​ជន​ជាតិ​អាហ្វ្រិក​ម្នាក់ ដែល​បាន​ចំណាយ​ប្រាក់​ទិញ​សំបុត្រ​យន្ត​ហោះ​ឲ្យ​នាង​ និង​បាន​​សន្យា​ផ្តល់​ប្រាក់​ឲ្យ​នាង​ចំនួន​៣.០០០​ដុល្លារ ប្រសិន​បើ​នាង​យក​ថ្នាំ​ញៀន​ទាំង​នោះ​ប្រគល់ឲ្យ​ទៅ​បណ្តាញ​ម្នាក់​នៅ​ក្នុង​ក្រុង​បាង​កក ប្រទេស​ថៃ​។

អំឡុង​សវ​នាការជំនុំ​ជម្រះ​ទោស​របស់​នាង​​កាល​ពី​ខែ​មុន នាង​បាន​សារភាព​ប្រាប់​តុលាការ​ថា នាង​បានយក​កាបូប​នោះ​​ឡើង​ជិះ​លើ​ជើងហោះ​ហើរ​មួយ​ពី​​ប្រេស៊ីលដែល​​បាន​ចុះ​ចត​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ និង​ប្រទេស​សិង្ហ​បុរី មុន​ពេល​បន្ត​ដំណើរមក​រាជ​ធានី​ភ្នំ​ពេញ​។

ទោះ​ជា​យ៉ាង​ណា រុងទីវ៉ា បដិសេធ​ថា ​នាងមិន​បាន​ដឹង​ថា នាង​រត់​ពន្ធ​គ្រឿង​ញៀន​ទេ ដោយ​អះអាង​ថា សោ​នៅ​លើ​វ៉ាលិស​នោះ​មាន​ន័យ​ថា នាង​មិនអាច​បើក​មើល​ថា​មាន​អ្វីនៅ​​ខាង​ក្នុង​បាន​ឡើយ៕

ប្រែ​សម្រួល​ដោយ​ តែម សុខុម​​​​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.