អ្នក​តវ៉ា​ដី​ធ្លី​នៅ​សហគមន៍​បឹង​កក់​ផ្ដល់​ដំណោះ​ស្រាយ​ និង​យុទ្ធសាស្ត្រ​ថ្មី ​ពេល​អភិបាលថ្មី​ស្បថចូលកាន់​តំណែង

តំណាង​អ្នក​ភូមិ​សហគមន៍​បឹង​កក់​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ថា អតីត​អ្នក​ភូមិ​នៅ​សហគមន៍​បឹង​កក់​ គ្រោង​ដាក់​សំណើ​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ​ ដើម្បី​​​បញ្ជាក់​អំពី​របៀប​ដែល​​អ្នក​ភូមិ​រាប់​សិប​គ្រួសារ​ ដែល​ត្រូវ​បាន​គេ​កាត់​ផ្ដាច់​ចេញ​ពី​ដី​ទំហំ​១២,៤៤​ហិកតា​ នៅ​តំបន់​បឹង​កក់​ នៅ​តែ​អាច​ទទួល​បាន​​ដី​ដែល​ពួក​គេ​បាន​រស់​នៅ​​ក្នុង​តំបន់​នោះ​។

លោក ចាន់ ពុទ្ធិសក្ដិ​ តំណាង​អ្នក​ភូមិ​នៅ​សហគមន៍​បឹង​កក់​​លើក​ឡើង​ថា “ ​គម្រោង​នេះ​ធ្វើ​ឡើង​ ដើម្បី​ផ្ដល់​ឲ្យ​គ្រួសារ​ ដែល​គេ​បាន​ដក​ចេញ​នូវ​ដី​ក្នុង​ចំណោម​ដី​ទំហំ​១២,៤៤​​ហិកតា​ ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែនបាន​ចេញ​អនុក្រឹត្យ​ផ្ដល់​ឲ្យ​យើង”។

លោក​បន្ថែម​ថា សំណើ​​នេះ​នឹង​ប្រគល់​ទៅ​ឲ្យ​លោក​ ប៉ា សុជាតិវង្ស​ អភិបាល​រាជ​ធានី​ភ្នំពេញ ដែល​ទើប​តែង​តាំង​ថ្មី។ យោង​តាម​លោក ពុទ្ធិសក្ដិ​ បាន​ឲ្យ​ដឹង​ថា នៅ​មាន​ដី​ជា​ច្រើន​ទៀត​​ក្នុង​ដី​ទំហំ​១២,៤៤​ហិក​តា​​នេះ​ សម្រាប់​ផ្ដល់​ឲ្យ​គ្រួសារ​ទាំង​នេះ​​ ដែល​កំពុង​​ទាមទារ​សិទ្ធិ​បន្ដ​ការរស់​នៅ​ក្នុង​អតីត​តំបន់​បឹង​កក់​របស់​ខ្លួន​។

ដំណោះ​ស្រាយ​មិន​សូវ​ប្រឈម​មុខ​គ្នា​របស់​អតីត​អ្នក​ភូមិ​ទាំង​នេះ​ចំពោះ​​ជម្លោះ​​ដី​ធ្លី​នេះ​​ផ្ទុយ​គ្នា​​នឹង​ការ​តវ៉ា​មួយ​ចំនួន ដែល​ធ្វើ​ឡើង​កាល​ពី​ប្រាំមួយ​ឆ្នាំ​មុន ដោយ​អ្នក​ភូមិ​ដែល​ជា​ជន​រងគ្រោះ​នៅ​ក្នុង​ការ​បណ្ដេញ​ចេញ​ទ្រង់​ទ្រាយ​ធំ នៅ​សហគមន៍​បឹង​កក់។

លោក ពុទ្ធិសក្ដិ បាន​លើក​ឡើង​ថា “ ​អ្នក​ភូមិ​​សហគមន៍​បឹង​កក់​របស់​យើង ​បាន​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា និង​បាន​បង្ក្រាប​គ្រប់​ពេល​វេលា នៅ​ពេល​យើង​តវ៉ា​ពីសិទ្ធិ​លំនៅ​ដ្ឋាន​ ហើយ​ឥឡូវ​នេះ​យើងចង់​​បាន​ដំណោះ​ស្រាយ​ដោយ​សន្ដិវិធី​មួយ​។ គម្រោង​របស់​យើង​នឹង​ឈ្នះ​ទាំង​អស់​គ្នា​ មាន​ដូច​ជា​រដ្ឋាភិបាល​ ក្រុម​ហ៊ុន និង​សហគមន៍​បឹងកក់​”។

លោក​​លើក​ឡើង​ថា“ ប្រសិន​បើ​អ្នក​ដឹក​នាំ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ខ្ពស់​ ដើម្បី​ដោះស្រាយ​​បញ្ហា​សម្រាប់​យើង​ ដំណោះ​ស្រាយ​នឹង​អាច​ដោះ​ស្រាយ​បាន​ដោយ​ងាយ​ស្រួល​”។

លោកស្រី​ ណូរ៉ា លីនស្ត្រុម អ្នក​គ្រប់​គ្រង​កម្មវិធី នៅ​​សមាគម​ធាង​ត្នោត ជា​អង្គការ​សិទ្ធិ​លំនៅ​ដ្ឋាន​បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឥឡូវ​នេះ​មាន​គម្រោង​​លម្អិត​​អំពី​កន្លែង​ដែល​​លំនៅ​ដ្ឋាន​របស់​អ្នក​ភូមិបឹង​កក់​​ ដែល​ត្រូវ​បាន​​បណ្តេញ​​​អាច​ស្ថិត​នៅ​ក្នុង​​ដី​​បម្រុង​ទំហំ​១២,៤៤​ហិក​តា​​នេះ​។

លោក​ស្រី​​លើក​ឡើង​ថា “ ចំនួន​ក្បាល​​ដី​ទំនេរ​នៅ​ក្នុង​ដី​ទំហំ​១២,៤៤​ហិក​តា​​េនះ​ ​ច្រើន​ជាង​​​​​​អ្នក​ភូមិ​​ប្រហែល​៦០​គ្រួសារ​ ដែល​ត្រូវ​បាន​គេ​​ដក​​ចេញ​នេះ​ គឺ​មាន​​ទំហំ​​​លើសពី​តម្រូវ​ការ​ទៅ​ទៀត​”។ លោក​ស្រី​បាន​លើក​ឡើង​ថា “ នៅ​មាន​ដី​​ទំនេរ​​ប្រហែល​២,១​ហិក​តា​ទៀត​​”។
លោក ពុទ្ធិសក្ដិ បាន​មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​​បន្ទាប់​ពី​មាន​ការ​តែង​តាំង​អភិបាល​​រាជ​ធានី​ភ្នំពេញ​ថ្មី​ គឺ​លោក​ ប៉ា សុជាតិវង្ស។

លោក​បាន​បន្ថែម​ថា “ លោក​ កែប ជុតិមា អតីត​អភិបាល​រាជ​ធានី​ភ្នំពេញ​គ្មាន​ឆន្ទៈ​ជួយ​ពួក​យើង​ឡើយ​”៕

ប្រែ​សម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.