សៀវភៅ​ខៀវ​ជួយ​មន្ត្រី​​បក្ស​ប្រ​ជា​ជន​ពេល​ឃោសនា​បោះ​ឆ្នោត​

ដោយ​ការ​បោះ​ឆ្នោត​ជាតិនឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ជាគណបក្ស​កំពុង​កាន់​​អំណាច​ បានចែកចាយ
​សៀវភៅ​កម្រាស់៨០​ទំព័រ​ដល់​មន្ត្រី​រដ្ឋា​ភិបាល​គ្រប់​ជាន់​ថ្នាក់ ដើម្បី​ណែ​នាំពួកគេ​ពី​របៀប​ធ្វើ​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​​និង​របៀប​ផ្តួល​គណ​បក្ស​ប្រ​ឆាំង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ដែល​នឹងប្រ​ពឹត្ត​ទៅ​ក្នុង​ខែ​កក្កដា។ 

នៅ​ក្នុង​សៀវ​ភៅពណ៌​ខៀវតូច​មួយ​ប្រើ​ទំហំក្រដាស A5ដែល​មានចំណង​ជើង​ថា“ សៀវ​ភៅជំនួយ​ស្មារតី​សម្រាប់​មន្ត្រី​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ប្រើ​ប្រាស់​អំឡុង​ពេល​ធ្វើ​យុទ្ធនា​​ការ​ឃោសនា​បោះ​ឆ្នោត​ ដើម្បី​​វាយ​ប្រហារ​​ការ​ឃោសនា​របស់​គណ​បក្ស​ប្រ​ឆាំង”
និង​​បោះ​ពុម្ពកាល​ពី​ខែ​មេសា​នោះ គណ​បក្ស​កាន់​អំណាច​រៀប​រាប់​លម្អិត​ពី​ស្នាដៃ​​របស់​រដ្ឋាភិបាល​ដែល​អ្នក​​​ឃោសនា​របស់​គណ​បក្ស​​ប្រ​ជា​ជាន​កម្ពុជា គួរ​លើក​ឡើង​​នៅ​ពេល​ធ្វើ​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត។

សៀវភៅ​ដែល​គេ​​ទទួល​បាន​មួយ​ច្បាប់​​​កាល​ពី​សប្តាហ៍​មុន​នេះ​បាន​លើក​​ឡើង​ថា“ សៀវ​ភៅ​​ជំនួយ​ស្មារតី​នេះ​មាន​រៀប​រាប់​​​ប្រាប់​មន្ត្រី​គណ​បក្ស​ប្រ​ជា​ជន​​គ្រប់​រឿង​រ៉ាវ​ទាំង​អស់ ជា​មធ្យោបាយ​​សម្រាប់​ពន្យល់​​ប្រាប់​ប្រ​ជា​ពល​រដ្ឋ​ និង​ធ្វើ​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​​ប្រ​ឆាំង​គណ​បក្ស​ប្រ​ឆាំង ដែល​តែង​តែ​និយាយ​បំផ្លើស​ការ​ពិតនិង​និយាយ​ខុស​ពី​ការ​ពិត​​អំ​ពី​បញ្ហា​អវិជ្ជ​មាននិង​ចំណុច​អសកម្ម​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ការ​ព្យាយាម​លាក់​បាំង​ស្នាដៃ​​ធំៗ​ដែល​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ សម្រេច​បាន។​សៀវភៅ​សម្រាប់​​ឲ្យ​​អ្នក​ធ្វើ​យុទ្ធ​នា​ការ​ឃោសនា​បោះ​ឆ្នោត​​ប្រើ​ប្រាស់​ ដើម្បី​​​បំពេញ​បន្ថែម​​ខ្លឹម​សារ​ដោយ​ខ្លួនឯងឲ្យ​សមទៅ​នឹងស្ថាន​ភាព​និង​ការ​ពិត ដើម្បីប្រាប់​ប្រ​ជា​ជន​កម្ពុជា​ឲ្យបាន​ដឹង​ច្បាស់ និង​ក៏​ជា​មធ្យោបាយ​សម្រាប់​វាយ​បក​គណ​បក្ស​ប្រ​ឆាំង ​ដោយ​មាន​ប្រ​សិទ្ធភាព​​ខ្ពស់​ផងដែរ”។

ខ្លឹម​សារ​សំខាន់ៗ​ដែល​សៀវ​ភៅ​នេះ​ប្រាប់​​ឲ្យ​មន្ត្រី​ប្រើ​ប្រាស់នៅពេល​​ឃោសនា​​ឲ្យ​​​គណ​​បក្ស​ប្រ​ជា​ជន​កម្ពុជា រួម​មានតួនាទីរបស់​គណ​បក្ស​នេះ​ក្នុង​ការ​នាំ​មក​នូវសន្តិភាព​ដល់​ប្រទេស​​កម្ពុជា ការចុះ​ហត្ថ​លេខាកិច្ច​ព្រមព្រៀងសន្តិ​ភាព​ទីក្រុង​ប៉ារីសឆ្នាំ១៩៩១ និង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធក្នុង​ប្រទេស​។សៀវ​ភៅ​នេះ​ក៏​ណែនាំឲ្យ​មន្ត្រី​ប្រាប់អ្នក​បោះឆ្នោត​អំពី​​គោល​ជំហរ​រឹង​មាំរបស់​រដ្ឋាភិបាល​ទាក់​ទិន​នឹង​ដី​មាន​វិវាទ​ជា​មួយ​ប្រទេស​ថៃផង​ដែរ។

សៀវ​ភៅ​នេះ​លើកឡើង​ថា អ្វី​ដែល​សំខាន់​​បំផុត​នោះគឺថា អ្នក​ឃោសនា​​ត្រូវ​តែ​លើក​សរសើរ​ពីប្រ​ជា​ប្រិយ​ភាព​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​រំឭក​អ្នក​បោះ​ឆ្នោតអំពីប័ណ្ណ​កម្ម​សិទ្ធិ​ដី​​ដែល​ត្រូវបាន​​ចេញ​ឲ្យ​​អ្នក​ភូមិ​កន្លងមក។

សៀវ​ភៅ​នេះ​លើក​ឡើង​ថា “ សារ​នយោ​បាយ​សំខាន់​បំផុត​ដែល​អ្នក​​ឃោសនា​​ត្រូវ​លើក​ឡើង​ប្រាប់​​ប្រ​ជា​ពល​រដ្ឋ​សម្រាប់​ការ​បោះឆ្នោត​ដែល​នឹង​ប្រ​ព្រឹត្ត​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣នេះ គឺថា ប្រសិនបើ​បង​ប្អូន​ស្រឡាញ់ អាណិត​ ចូល​ចិត្ត​និង​ជឿ​ជាក់​លើ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន សូម​បោះ​ឆ្នោត​គាំទ្រ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា”។

ដូច​នៅ​ក្នុង​ការ​បោះ​ឆ្នោតអាណត្តិ​មុនៗ​អ៊ីចឹង គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ​មាន​ប្រៀប​ខ្លាំងលើ​គណ​បក្ស​ប្រឆាំង ដោយ​សារ​មាន​អ្នក
​​ឃោសនា​ស្មោះស្ម័គ្រ​​ជា​ច្រើន​ដែល​ជា​មន្ត្រី​​មូលដ្ឋាន។ការ​ព្យាយាម​ប្រើ​ប្រាស់​ធនធាន​នេះ សៀវ​ភៅ​សរសេរ​ជា​ភាសា​ខ្មែរ សាមញ្ញៗនិង​​ងាយស្រួល​យល់​នេះ ចែក​ចាយ​ដល់​មន្ត្រី​​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​គ្រប់​​ជាន់​ថ្នាក់។

សៀវ​ភៅ​នេះ​ប្រាប់​មន្ត្រី​ឲ្យ​រំឭក​ដល់​អ្នក​បោះ​ឆ្នោត​ថា“ គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា គឺ​ជា​គណ​បក្ស​តែ​មួយ​គត់ដែល​បាន​រំដោះ​ប្រ​ជា​ពល​រដ្ឋ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត។​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​បាន​នាំ​ឲ្យ​មាន​ការ​រីក​ចម្រើន​ផ្នែក​ម៉ាក្រូ​សេដ្ឋ​កិច្ច ដោយ​វា (ផលិត​ផល​ក្នុង​ស្រុកសរុប) ​កើន​ឡើង​៦ ឬ៧​ភាគ​រយ​ក្នុង​​មួយ​ឆ្នាំៗ”។

សៀវភៅ​នេះ​បានលើក​ឡើង​ថា អ្នក​​​ឃោសនា​​​​ក៏​គួរ​លើក​ឡើង​​ពី​អ្នក​គាំ​ទ្រ​គណ​​​បក្ស​​​​សម រង្សុី ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​កង​ទ័ព​សេរី​ជាតិ​កម្ពុជា​ ជា​ក្រុម​មួយ​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​ក្នុង​ឆ្នាំ​២០០០ផងដែរ។

សៀវភៅ​នេះ​លើក​ឡើង​ថា “ ពួកគេ​គួរ​​​តែចង​ចាំ​ថា មនុស្ស​មួយ​ចំនួន​មក​ពី​គណ​បក្ស​ប្រ​ឆាំង បាន​ចូល​រួម​ជា​មួយនឹង​ក្រុម ឈុន យ៉ាសិទ្ធ [មេដឹក​នាំ​កង​ទ័ព​សេរី​ជាតិ​កម្ពុជា​]​ ដើម្បី​​ធ្វើ​សកម្ម​ភាព​ភេរវ​កម្ម​កាល​ពី​ឆ្នាំ​​​២០០០ហើយ​ក្រោយមក​តុលាការ​បាន​ផ្តន្ទាទោស​ពួកគេ​ឲ្យជាប់​ពន្ធ​នាគារ”។

សៀវ​ភៅ​នេះ​លើក​ឡើង​ទៀត​ថា មន្ត្រី​ទាំង​អស់គួរតែ​សាកសួរ​ទាំង​គោល​នយោ​​​បាយ​​​​និង​ឈ្មោះ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​ការ​ច្រ​បាច់​បញ្ចូល​គ្នាកាល​ពី​ឆ្នាំ​មុន​រវាង​គណ​បក្ស​ សម រង្សុី និង​គណ​បក្ស​សិទ្ធិ​មនុស្ស។

សៀវ​ភៅ​នេះលើក​ឡើង​​បន្ថែម​​​ទៀត​ថា “ យើង​មិន​ដឹង​ថា ពួកគេនឹង​សង្គ្រោះ​ប្រទេស​​​​នេះ​ចេញ​ពី​អ្វី​នោះ​ទេ ពីព្រោះ​ប្រ​ជា​ជន​កម្ពុជា
កំពុង​តែ​មាន​សុខ​សន្តិ​ភាព​និង​ការ​រីក​ចម្រើន​ក្នុង​គ្រប់​វិស័យ និងធ្វើ​ឲ្យ​​ជីវ​ភាព​របស់ពួកគេ​កើន​ឡើង​ជា​លំដាប់​ទៀត​ផង។​ការ​អនុ​វត្ត​គោលនយោបាយ​របស់​គណ​បក្ស​ប្រឆាំង​​​ ដើម្បី​​​​បង្ខំ​ឲ្យ​ដំឡើង​ប្រាក់​​ខែ​អប្ប​​​បរ​​​មា​សម្រាប់​កម្មករ​កម្មការិនីកាត់​ដេរ​រហូត​ដល់​​១៥០​​​ដុល្លារ​​​​ក្នុង​មួយ​ខែនោះ នឹង​​ធ្វើ​​ឲ្យ​រោង​ចក្រ​នានា​ ជា​ពិសេស​រោង​ចក្រ​កាត់​ដេរ​បិទ​ទ្វារ”​​​។

លោក ជាម យៀប សមា​ជិក​សភា​​ជាន់​ខ្ពស់​របស់​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា បានមាន​ប្រ​សាសន៍​ថា សៀវ​ភៅ​ស្រដៀង​គ្នា​មួយ​​​ដែល​ផលិត​ដោយ​ទីស្នាក់​ការ​កណ្តាល​របស់​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ត្រូវ​បានបោះ​ពុម្ព​សម្រាប់​ការ​បោះ​ឆ្នោត​លើក​មុនៗ ប៉ុន្តែ​
ខ្លឹម​​​សារទាំង​នោះ​ត្រូវ​បាន​វាយ​តម្លៃ​ឡើង​វិញ​​​សម្រាប់​អាណត្តិ​នីមួយៗ​ដោយ​​​​សមាជ​​​ជាតិ​របស់​គណ​បក្ស​។

លោក ជាម យៀប បានមាន​ប្រ​សាសន៍​ថា“ សៀវ​ភៅ​ទាំង​នេះ​ត្រូវ​បាន​ផ្ញើ​ទៅ​ឲ្យ​មេ​​​ដឹក​​​​នាំ​ទាំង​អស់នៅ​ថ្នាក់ភូមិ ឃុំសង្កាត់ ស្រុក​​​ខណ្ឌ ឬថ្នាក់​ខេត្តនិង​រដ្ឋ​មន្ត្រី។យើង​ត្រូវតែ​មានគោល​នយោបាយ​​ច្បាស់​លាស់”។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​​​មាន​ប្រសាសន៍ថា មិន​ថា​​​គណ​​​បក្ស​ប្រ​ជាជន​កម្ពុជា ប្រើ​យុទ្ធ​សាស្ត្រ​អ្វីទេ គណ​បក្ស​សង្គ្រោះ​ជាតិនឹង​ទទួល​ជ័យ​ជម្នះ។

លោក​ថ្លែង​​​ថា “ រឿង​ដែល​ពួក​​​គេ​លើក​ឡើង​​អំឡុង​​ពេល​ឃោសនា​​នឹង​គ្មាន​ប្រ​យោជន៍​​​​ទេ។​វា​គ្មាន​ផល​ប៉ះ​ពាល់​ឬ​មាន​ឥទ្ធិពល​លើ​គណ​បក្ស​សង្គ្រោះ​ជាតិ​ឡើយ​​​”។

ទោះ​ជាយ៉ាង​ណា លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯក​រាជ្យ​បានមាន​ប្រសាសន៍ថា សៀវភៅ​នោះ​ជា​ផ្នែក​មួយ​នៃ​ព័ត៌​មាន​ដ៏​ទូលំទូលាយ​​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រ​ជាជន​កម្ពុជា ងាយ​នឹង​ឈ្នះ​ឆ្នោត។

លោកមានប្រ​សាសន៍​ថា “ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​អស់គ្រប់​គ្រង​ដោយ​គណ​បក្ស​កាន់​អំណាច។​ពួកគេ​ប្រើ​ប្រាស់វា​៣៦៥ថ្ងៃ​ក្នុង​មួយ​ឆ្នាំដើម្បី​និយាយ​ពី​កិច្ច​ការ​របស់​គណ​បក្ស​នេះ។វា​ដូច​ជា​ក្រុម​កីឡាអ៊ីចឹង។អ្នក​ដែល​ត្រៀម​ខ្លួន​បាន​ល្អ នឹង​លេងបាន​ល្អ​ជាង”​​​៕

ប្រែ​សម្រួល​ដោយ តែម សុខុម​​​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.