មានទស្សន​​​​​​ផ្សេងៗគ្នា​​​​អំពី​​​វាលព្រះ​មេរុ​​ ដែល​ជា​កន្លែង​ថ្វាយ​​​ព្រះភ្លើង​​​ព្រះបរម​​​រតនកោដ្ឋ នរោត្ដម សីហនុ

សោតូចមួយ​​​ព្យួរនៅ​​​ទ្វារ​​​របងចូល​​​វាល​​​មេរុ​​​ ដែលធ្លាប់ជាសួនច្បារលម្អនៅខាង​​​មុខ​​​សារមន្ទីរជាតិ​​​ ជា​កន្លែង​​​មួយ​​​ត្រូវបាន​សាង​សង់​​​​ជាពិសេស​​​សម្រាប់​ពិធីបុណ្យ​​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​ព្រះ​​​បរមសព​​​ នរោត្តម​​​ សីហនុ​​​​ នោះ នៅ​​តែ​ស្ថិត​​​នៅ​​​ដដែល​​ជាងបី​​​ខែ​​​មកហើយ​បន្ទាប់​​​ពី​ព្រះ​បរម​សពអតីត​​​ព្រះ​​​មហា​​​ក្សត្រ ​​​ត្រូវ​​​បាន​​​ថ្វាយ​ព្រះភ្លើង​​​រួចមក។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​​​ពី​​​ព្រះបរមសព​​នរោត្តម ​​​សីហនុ​​​ ត្រូវ​​​បាន​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​កាល​​​​​​ពី​​​ថ្ងៃ​​​ទី​​​៥​​​ខែ​​​កុម្ភៈ រដ្ឋា​​​​​​ភិបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​វាលព្រះ​មេរុ​​​នេះ​​​នឹង​​​ត្រូវ​​​រក្សា​​​ទុក​​​ជា​​​កន្លែង​​​ទេស​​​ចរណ៍​​​។​​​ប៉ុន្តែ​​​ចាប់​​​តាំង​​​ពី​​​​​ប្រារព្ធ​​ពិធីថ្វាយ​​ព្រះ​ភ្លើង​ដែលមាន​​​​ការ​ចូល​រួម​ពី​​​​​ថ្នាក់​​​ដឹក​​​នាំ​​​ជាន់​​​ខ្ពស់​​​នៅលើ​​ពិភព​​​លោក​រួច​មក​វាលព្រះ​​មេរុនេះភាគច្រើនត្រូវបានចាក់សោ និងទុក​ចោល​​​ ព្រះ​មេរុ​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរមសព ​ត្រូវ​បាន​រុ​ះរើ​​​​ចេញ​​​ ហើយផ្ទាំង​​​គំនូរ​​​រចនា​​​បាន​​​​របក​​​ចេញ​​​ពី​​​ផ្ទាំងម្នាងសិលា​និង​របង​ឈើ​​​​នៅ​ជុំ​វិញ​បរិវេណ​​​​​នេះ​ ហើយ​ថែម​ទាំង​​​មាន​​​ស្មៅ​​​ដុះ​ត្រឹម​ជង្គង់​​​​​នៅក្នុង​​បរិវេណវាល​​​ព្រះ​មេរុ។

គ្មានទេសចរ​​ណាម្នាក់​​​ត្រូវ​​​បាន​​​អនុ​​​ញ្ញាត​ឲ្យ​​​ចូល​​​ទីកន្លែង​​​ថ្វាយ​​​ព្រះភ្លើងព្រះ​​​បរមសព​​​នេះ​​​ទេ​​​។ កាល​​​ពីពេលមុន​​​ប្រ​​​ជា​​​ពលរដ្ឋ​​​ក្នុង​​​ស្រុក​​​និង​ភ្ញៀវ​​​ទេស​​​ចរ មក​​​កាន់​​​ប្រ​​​ទេស​​​នេះ​​​តែង​តែ​ទៅ​​​លេង​​វាលព្រះ​មេរុ​​​ដើម្បីលេង​​​កីឡា​​​ និង​​​ថត​​​រូប​​​សារមន្ទីរជាតិ​​​។

ប៉ុន្តែ​​​លោក​​​ ញឹក​​​ ប៊ុនឆៃ​​​ អគ្គលេខាធិការ​​​គណបក្សហ៊្វុនសុិនបុិច និងជាអនុ​​​ប្រ​​​ធាន​​​គណៈ​​​កម្មាធិការ​​​​របស់​រដ្ឋាភិបាល​ទទួល​​​បន្ទុក​​​​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​​​​ព្រះ​​​បរម​​​សព ​​​​​​មាន​​​ប្រសា​​​សន៍ជា​ថ្មី​​​​ម្ដង​​​ទៀត​កាល​​​ពី​​​ថ្ងៃ​ព្រហស្បតិ៍​ថា​​​ រដ្ឋា​ភិបាល​មាន​​គម្រោង​​​​រក្សាទុក​​​​ទី​កន្លែង​នេះ ​​​ពី​​​ព្រោះ​​​វា​ស្ថិត​​​នៅ​​​ក្បែរ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​។

ប៉ុន្តែព្រះ​​​អង្គម្ចាស់​​​ សីុសុវត្ថិ ធម្មិកោ​​​ អតីត​​​ទី​​​ប្រឹក្សា​​​របស់​​​​​​ព្រះ​​​បរម​​​រតនកោដ្ឋ នរោត្តម​​​សីហនុ​​​ បាន​​​មាន​​​ព្រះបន្ទូល​ថា សេចក្តី​​​សម្រេច​​​​​​របស់​​​រដ្ឋា​​​ភិ​​​បាល​​​នេះ​​​គឺ​​​ផ្ទុយ​​​​ពី​​​​ប្រ​​​ពៃណីរបស់​​​ព្រះ​​​មហាក្សត្រ​​​នៅ​ប្រទេសនេះ។

ព្រះអង្គម្ចាស់ សុីសុវត្ថិ ធម្មិកោ មា​នព្រះ​បន្ទូល​សំដៅ​ដល់​ទី​តាំង​នេះ​ថា “ ​កិច្ចការដែល​ពាក់​ព័ន្ធ​នឹង​​​វាលព្រះ​មេរុនេះ ​​​គឺជា​សេច​ក្ដី​​​សម្រេច​​​របស់រដ្ឋាភិបាល។​អ្វី​ដែល​​​ខ្ញុំអាច​​​និយាយបាន​គឺថា បើ​តាម​​​ប្រពៃណី​​​របស់​​​យើង​​​គេត្រូវ​រុះ​រើ​ព្រះ​មេរុ​នេះចេញ​​​”។

ការរក្សា​​​ទុក​​​​ព្រះ​ពន្លាបណ្ដោះអាសន្ន​​​ដែល​​​ប្រើសម្រាប់ភ្ញៀវអង្គុយអំឡុងពេលថ្វាយព្រះ​​​ភ្លើងនោះ​គឺ​មាន​​​ន័យ​​​ផង​​​ដែរ​​​ថា ​​​ពិ​​​​ធី​​​ច្រត់​​​ព្រះនង្គ័ល​​​ប្រ​​​ចាំ​​​ឆ្នាំ ​​​ដែល​​​​​​គ្រោង​ធ្វើនៅ​​​ថ្ងៃ​​​ទី​​​២៨​​​ខែ​​​ឧសភានោះ ​​​នៅ​​​ពេល​​​នេះ​​​ នឹង​​​ត្រូវ​​​ធ្វើ​​​នៅ​​​ខេត្ត​​​កំពង់ចាម​​​ជំនួស​​​ឲ្យ​វាលព្រះ​មេរុ​​​នេះ​​​វិញ​​​។ លោក ញឹក ប៊ុនឆៃ បាន​​​ផ្ដល់ទស្សនមួយ​​​ផ្សេង​​​ចំពោះវាលព្រះ​មេរុ និង​​​បាន​​​បក​​​ស្រាយ​ថា​​​វាលព្រះ​មេរុនេះ ទំនង​​មិនទុក​សម្រាប់​ធ្វើ​​​​ជា​​​​កន្លែង​​​រៀប​ចំ​ពិធីច្រត់​ព្រះ​នង្គ័ល​​​ទៀត​​​ទេ។

លោកបាន​​​មាន​​​ប្រសាសន៍ថា“ យើង​​​អាច​​​រក្សាទុក​​​អ្វី​ៗ​ដែល​នៅ​សល់​ពី​កន្លែង​ថ្វាយ​ព្រះ​ភ្លើង​នេះរហូត ពីព្រោះ​​​យើង​​​មិន​​​ចង់​​​ប្រើវាល​​ព្រះ​​មេរុនេះ​​​ទៀត​​​ទេ។​​​នៅពេលអនាគតពិធី​​​​​​ច្រត់ព្រះនង្គ័ល​​​នេះ​​​នឹង​​​ប្រព្រឹត្តទៅ​​​នៅ​​​ខេត្ត​​​ផ្សេងៗ​​​វិញ”។

ដោយលើកឡើង​​​អំពីវាលព្រះ​មេរុ​​​ដែល​​មិនស្អាតនេះ លោក ញឹក ប៊ុនឆៃ បាន​មាន​ប្រសាសន៍ថា អាជ្ញាធរនឹងសម្អាតវាលព្រះ​មេរុនេះ។លោកថ្លែង​ថា “ វាលព្រះ​មេរុនេះនឹង​​​បើក​ឲ្យ​​សាធារណជន​ចូល​”។​​​ ប៉ុន្តែ ​​​លោក ​​​មិន​​​បាន​​​និយាយ​​​ឲ្យ​​​ច្បាស់ថា​​​ នឹង​​​បើក​​​សម្រាប់​សាធារណជន​​​នៅពេល​​​ណា​​​នោះទេ”។

ពេលសួរ​​​ថា​តើ​ថា​ព្រះ​មេរុ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​ព្រះសព​​​គ្រួសាររាជវង្ស​​​នៅពេល​​​អនា​គត នឹង​​​ត្រូវ​​​សាងសង់នៅ​កន្លែង​ណា ​​​ប្រសិនបើរក្សាទុក​សំណង់​ដែល​នៅ​សេស​​​សល់​នៅ​វាល​ព្រះ​មេរុ​នេះ​“ ជា​​​រៀង​​​​​​រហូត​​​នោះ”​​​លោក ញឹក ប៊ុនឆៃ ​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក ​​​មិន​​​ដឹង​​​ច្បាស់​​​​ថា នឹង​​​ត្រូវសាងសង់នៅ​​​វាលព្រះ​​មេរុ​នេះ​​​ឬ​​​​អត់​ទេ។
លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ សូម​​​រង់​​​ចាំរហូត​​​ដល់​​​មានបញ្ហា​​​កើតឡើង”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.