បក្ស​សង្គ្រោះ​ជាតិពិចារណា​ពីអនាគត​ពេល​ទទួល​រង​ការ​វាយ​ប្រហារ​ផ្ទួនៗ​

អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ថា សមាជិក​ជាន់​ខ្ពស់​របស់​គណ​បក្ស​​សង្គ្រោះ​ជាតិ​ បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​យប់​ថ្ងៃ​សុក្រ​​ ដើម្បី​ពិភាក្សា​ថា តើ​គណបក្ស​របស់​ខ្លួន​គួរ​តែ​បន្ដ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ជាតិ​នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឬក៏​ត្រូវ​ដក​ខ្លួន​ចេញ​ ​ឬក៏​យ៉ាង​ណា ​បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​ផ្ទួនៗ​ ​កាល​ពី​សប្ដាហ៍​មុន​។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ជាអតីត​សមាជិក​សភា​មកពី​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​លើក​ឡើង​ថា “ យើង​ទទួល​រង​ការ​រំខាន​មួយ​ចំនួន​ នៅ​គ្រប់​ទី​កន្លែង​ នៅ​ពេល​ដែល​យើង​បើក​វេទិកា​”។

លោក​បាន​មាន​ប្រសាសន៍​ថា “ ​យើង​គួរ​តែ​ទទួល​បាន​ការ​ប្រកួត​ប្រជែង​ដោយ​យុត្ដិ​ធម៌​ ​​ប៉ុន្ដែ​យើង​មិន​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្ទាល់​ខ្លួន​ឡើយ​ ពីព្រោះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​គឺ​ត្រូវ​គ្រប់​គ្រង​ដោយ​ [គណបក្ស​កាន់​អំណាច]។ ហេតុ​ដូច្នេះ​ហើយ​មាន​តែ​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ប៉ុណ្ណោះ នៅ​ក្នុង​គណបក្ស​ នឹង​ចូល​រួម​នៅ​ក្នុងកិច្ច​ប្រជុំ​ ដើម្បី​សម្រេច​ថា តើ​ត្រូវ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ ឬក៏​អត់​”។

នៅ​ពេលសួរ​អំពី​កិច្ច​ប្រជុំ​មុន​ពេល​ការ​លើក​​ឡើង​​របស់​ខ្លួន​នៅ​ល្ងាច​ថ្ងៃ​សុក្រ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​បាននិរទេស​ខ្លួនឯង​​ទៅ​រស់​នៅ​ប្រទេស​​បារាំង បាន​លើក​ឡើង​តាម​អុីម៉េល​ថា គណ​បក្ស​របស់​​លោក​​កំពុង​ស្ថិត​នៅ​​ត្រង់​ចំណុច​បក​ក្រោយ​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “​ការ​ដក​សមាជិកភាព​របស់​សមាជិក​​​​រដ្ឋ​សភា​មក​ពី​គណបក្ស​ប្រឆាំង​ទាំង​អស់​ពី​រដ្ឋ​​សភា​ក្នុង​ពេល​ថ្មីៗ​នេះ​​ គឺ​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋ​ធម្ម​នុញ្ញ​។​ ប្រទេស​កម្ពុជា​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​រក​អស្ថិរភាព​ផ្នែក​នយោបាយ​”។

លោក​បាន​ថ្លែង​ថា​ “ ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​អំពាវ​នាវ​​កុំ​ឲ្យ​សហគមន៍​អន្ដរជាតិ​ទទួលស្គាល់​​ការ​បោះ​ឆ្នោត​មិន​យុត្តិធម៌​ដែល​រៀប​ចំ​ដោយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន និង​ឲ្យ​ថ្កោល​ទោស​ព្រម​ទាំង​​ទុក​ឲ្យ​​រដ្ឋា​ភិបាល​ណា​ដែល​​កើត​ចេញ​ពី​ការ​​បោះ​ឆ្នោត​មិន​យុត្តិធម៌​នៅឯកោ”។

បន្ទាប់​ពី​កិច្ច​ប្រជុំ​រយៈ​ពេល​១ម៉ោង​របស់​សមាជិក​ជាន់​ខ្ពស់​នៃ​​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​​រាជ​ធានី​ភ្នំពេញ​បាន​​បញ្ចប់​ លោក សម រង្ស៊ី​ បានមាន​ប្រសាសន៍​ថា “ យើង​រក្សា​ជំហរ​របស់​​យើង​សម្រាប់​ការ​ពិចារណា​បន្ថែម​។ អ្វី​ៗ​អាច​​នឹង​ទៅ​រួច​ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​”។

ទោះ​ប​ីជា​យ៉ាង​ណា​ សមាជិក​ជាន់​ខ្ពស់​ផ្សេង​ៗ​​ទៀត​របស់​បក្ស​ប្រឆាំង​​ទទួល​បាន​​សារ​សុទិដ្ឋិនិយម​ច្រើន​​ពី​កិច្ច​ប្រជុំ​នេះ​ ប៉ុន្ដែ ពួកគេ​បាន​លើក​ឡើង​ថា​ សន្និសីទ​កាសែត​មួយ​ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ​ ដើម្បី​បញ្ជាក់​​ឲ្យ​បាន​ច្បាស់​ពី​ជំហរ​របស់​គណបក្ស​ប្រឆាំង​។

លោក យឹម សុវណ្ណ ដែលក៏​ជា​អ្នក​នាំ​ពាក្យ​​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​នោះ បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​កិច្ច​ប្រជុំ​​នេះ​ថា គណបក្ស​របស់​លោក​​នឹង​បើក​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ពិភាក្សា​អំពី​អ្វី​ដែល​លោក​បាន​ហៅ​ថា “ ​បញ្ហា​រសើប​”  ដែល​លោក​​មិន​អាច​បង្ហាញ​ឲ្យ​ដឹង​ជា​មុន​នោះ​។

លោក​បាន​លើក​ឡើង​ថា “ ​យើង​ត្រូវ​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ជាមួយ​អ្វី​ដែល​យើង​បាន​ធ្វើ​ជាយូ​រមក​ហើយ​”។ លោក​បន្ថែមថា “ យើង​មិន​ខ្លាច​ទេ​ យើ​ង​មិន​បញ្ឈប់​សកម្មភាព​របស់​យើង​ឡើយ​។ យើង​នឹង​បន្ដ​សកម្មភាព​របស់​យើង​ទ្វេ​ឡើង​។ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​បាន​ប្ដេជ្ញា​ចិត្ត​ប្រឈម​គ្រប់​បញ្ហា​ទាំង​អស់​នៅ​ថ្ងៃ​អនាគត​”។

លោក​ស្រី មូរ សុខហួរ បេក្ខជន​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើកឡើង​ថា “ បរិយាកាស​​​នយោបាយ​” មិន​​ធ្វើ​​ឲ្យ​​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នោះ​ទេ​ ហើយ​កាល​​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​មាន​ការ​វិវឌ្ឍ​ផ្នែក​នយោ​បាយ​ជា​ច្រើន​ដែល​យើង​គិត​ថា វា​មិន​មែន​ជា​​ផល​ប្រយោជន៍​របស់​ប្រជាពល​រដ្ឋ​ និង​របស់​ជាតិ​នោះទេ”។

តែ​ទោះ​យ៉ាង​ណា​លោក​ស្រី មូរ សុខហួរ​ បាន​មានប្រសាសន៍​ថា មាន​មតិ​ស្រប​គ្នា​​​ថា គ្មាន​អ្វី​នឹង​មក​រារាំង​យើ​ង​មិនឲ្យ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឡើយ​”។
កាល​ពី​ពីរ​សប្ដាហ៍​មុន​សមាជិក​ចំនួន​២៧​រូប​របស់​គណបក្ស​សិទ្ធិ​មនុស្ស​​​ និង​គណបក្ស​ សម រង្ស៊ី ត្រូវ​បាន​ដក​សមាជិកសភា​ពី​រដ្ឋ​សភា​ ហើយ​លោក កឹម សុខា ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​​ត្រូវ​បាន​ប្ដឹង​ដោយ​ឡែកពី​គ្នា​ពី​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា ជា​​ប្រពន្ធ​ចុង​​របស់​លោក និង​ពី​លោក ជុំ ម៉ី អ្នក​រស់​រាន​មាន​ជីវិត​ពី​ពន្ធនាគារ​ស-២១ ខណៈ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​គំរាម​ប្ដឹង​លោក ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​រួច​ ពីបទ​ចោទ​ប្រកាន់​គណ​បក្ស​​កាន់​អំណាច​របស់​លោក​ថា បាន​ធ្វើ​យុទ្ធនា​ការ​​ដោយ​ប្រើ​ល្បិច​ស្មោកគ្រោក​៕

ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.