នគរបាល​​​ឃុំ​​​ខ្លួន​​​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​មួយ​​​ក្រុមពី​​​ប​​​ទ​​​បំផ្លាញប័ណ្ណ​​​ឃោស​​​នា​​​បោះ​​​ឆ្នោត​​​របស់បក្ស​​​ប្រជាជន​​​

មន្ត្រី​​​មួយរូប​​​នៅ​​​ស្ថាន​​​ទូត​​​អាល្លឺម៉ង់ បាន​​​ឲ្យ​​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ​​​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​ប្រាំមួយ​​​នាក់ បាន​​​ស្រវឹងស្រាដែលធ្វើការ​​​ជា​អ្នក​​​ស្ម័គ្រ​​​ចិត្ត​​​ប្រចាំនៅ​​​ប្រទេស​​​កម្ពុជា​​​ត្រូវ​​​បាន​​​​នគរបាល​​​ឃុំ​​​ខ្លួន​​​មួយរយៈ​​​ខ្លី កាលពី​​​ព្រឹក​​​ព្រលឹម​​​​ថ្ងៃសៅរ៍​​​ បន្ទាប់​​​ពី​​​សន្តិសុខ​​​ម្នាក់​​​បាន​​​ចាប់​​​ពួកគេ​​​​ពី​​​បទ​​​ហែក​​​ប័ណ្ណ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នៅ​​​សង្កាត់​​​បឹង​​​ទំពុន​​​ក្នុង​​​ខណ្ឌមាន​​​ជ័យ​​​រាជធានី​​​ភ្នំពេញ។

លោក​​​ ហ៊ស ទ្រីលល័រ (Horst Triller)​លេខា​​​ទី១​​​ប្រចាំ​​​​​​ស្ថានទូត​​​អាល្លឺម៉ង់​​​ បាន​​​មាន​​​ប្រសាសន៍ថា ជន​​​ជាតិអាល្លឺម៉ង់​​​ទាំង​​​ប្រាំ​​​មួយ​​​នាក់​​​នេះ​​​បាន​​​ស្ម័គ្រ​​​ចិត្ត​​​ធ្វើការ​​​នៅ​​​ក្នុង​​​ប្រទេស​កម្ពុជា​​​ក្រោម​​​កម្មវិធី​​​ស្ម័គ្រ​​​ចិត្ត​​​អន្តរជាតិ​​​​​​​​​​​​នៃ​​​ក្រសួង​​​ការបរទេស​​​អាល្លឺម៉ង់​​​ ហើយ​​​ថា អ្នក​​​ទាំង​​​នោះ ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញហើយ ​បន្ទាប់​​​​ពី​​​ធ្វើការ​​​អប់​​​រំពួក​​​គេ​​​រួច​​​មក​​​។

លោក ទ្រីលល័រ បាន​​​មាន​​​ប្រសាសន៍​​​ថា “ នៅ​​​ម៉ោង​ប្រហែល​​​​​១រំលង​​​អធ្រាត្រ​​​ឈាន​​​ចូល​​​ព្រឹក​​​ថ្ងៃសៅរ៍ បុរស​​​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​ទាំង​​​​ប្រាំ​​​មួយ​​​នាក់​​​នេះ ដែល​​​នៅ​​​ស្រវឹង​​​ស្រា​​​នៅ​​​ឡើយ​​​នោះ ទំនង​​​ជាបាន​​​ចេញ​​​ពី​​​ពិធី​​​ជប់​​​លៀង​​​​មួយ​​​ ហើយ​​​បុរស​​​ម្នាក់​​​ ឬពីរនាក់​​​ក្នុង​​​ចំណោម​​​ពួកគេ​​​បាន​​​ហែក​​​ប័ណ្ណ​ឃោសនា​​​បោះ​​​ឆ្នោត​របស់​​​គណបក្ស​​​ដែល​​​កំពុង​​​កាន់​​​អំណាច​​​។

អ្វី​​​ដែល​​​ពួកគេ​​​មិន​​​បាន​​​គិត​​​ដល់​​​នោះ​​​គឺ​​​ថា​​​ សន្តិ​សុខ​​​​ម្នាក់​​​ដែល​​​ប្រចាំ​​​ការនៅ​​​យប់​​​នោះ​​​បាន​​​ប្ដឹង​​​​នគរបាល…​​​ ជា​​ដំបូង​​​អ្នក​​​ទាំង​​​នោះ​​​បាន​​​អះ​​​អាង​​​​ថា ពួកគេ​​​មិន​​​បាន​​​ហែក​​​ប័ណ្ណ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​នេះ​​​ទេ​​​ ប៉ុន្តែ​​​ ក្រោយមក​​​សន្តិសុខ​​​បាន​យក​​រូប​​​ថត ដែលគាត់​​​បាន​​​ប្រើ​​​ទូរស័ព្ទដៃ​ថត​មក​​​​​បង្ហាញ​​​ពួកគេ​​​”។

លោក ​ទ្រីលល័រ​​​ ​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា ជន​​​ជាតិ​​​អាល្លឺម៉ង់​​​ទាំង​​​ប្រាំ​​​មួយ​​​នាក់​​​នេះ​​ត្រូវ​​​បាន​​​នាំ​​​ខ្លួន​​​ទៅ​​​ប៉ុស្តិ៍​​​នគរបាល ​ហើយ​នគរ​បាល​​បានដក​​​ហូត​​​យក​​​របស់​​​របរ​​​ពួកគេ​​​ និង​​​​​​បាន​​​​សាក​​​សួរ​​​រហូត​​​ដល់​​​ម៉ោង​​​ប្រហែល​​​៣ទៀប​​​ភ្លឺ។ ​លោក​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថា ​​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​ទាំង​​​ប្រាំមួយ​​​នាក់​​​នេះ កំពុង​​​ធ្វើ​​​ការ​​​នៅ​​​មជ្ឈមណ្ឌល​​​វប្បធម៌អាល្លឺម៉ង់​​​ មេតា​ហៅ (MetaHouse) និងអង្គការ​​​​​​ជាដៃគូ​​​អភិវឌ្ឍន៍​​​​របស់រដ្ឋាភិបាល​​​អាល្លឺម៉ង់​​ GIZ​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​ភេទ​​​ ឈ្មោះ និងអាយុ​​​របស់​​​ពួក​គេ​​​​ទាំង​​​នោះ​​​ទេ ឬក៏​​​អ្នក​​​ទាំង​​​ប្រាំមួយ​​​នាក់​​​នោះ ​នឹង​​​​​ប្រឈម​​​មុខ​​​ចំពោះ​​​ការ​​​ដាក់​​​ពិន័យអ្វី​​​ពី​​​ក្រសួង​​​សាមីុរបស់​​​ពួក​​​គេ ឬក៏​​​ពីនិយោជកក្នុង​​​ស្រុក​​​របស់​​​ពួកគេ​​​នោះ​​​ឡើយ។

លោក នីខូ មិស្ទ័រហាម (Nico Mesterham)​នាយកអង្គការ​​​មេតាហៅ បាន​​​មាន​​​ប្រសា​សន៍​​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​ហេតុការ​ណ៍​​​នេះ​​​ទេ ហើយ​​​លោក​​​ អេដេល​បើក អីុប័រ​ហាដ ​(Adelbert Eberhardt​​​) នាយក​​​ប្រចាំ​​​ប្រទេស​​​របស់​​​អង្គការ GIZ បាន​​​បង្វែរ​​​សំណួរ​​​ទាំងអស់​​​ទៅ​​​ស្ថាន​​​ទូត​​​អាល្លឺម៉ង​់​​​វិញ។

លោកឧត្តម​​​សេនីយ៍ឯក​​​ គៀត ច័ន្ទ​​​ថារិទ្ធ ​អ្នក​​​នាំពាក្យ​​​នគរបាល​​​ជាតិ​​​ និង​​​លោក មុំ​​​​ ស៊ីថា ​ប្រធាន​​​​​​នគរបាល​​​អន្តោរ​​​ប្រវេសន៍​​​រាជធានី​​​ភ្នំពេញបាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​បាន​​​សាក​​​សួរ​​​ជនជាតិ​​អាល្លឺម៉ង់​​​ពីរនាក់​​​ ដែល​​​សង្ស័យ​​​​ថា បាន​​ហែក​​​ប័ណ្ណ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​នោះ​​​​រួចហើយ។

លោក​​​ មុំ ស៊ីថា បាន​​​មាន​​​ប្រសាសន៍​​​ថា  “ យើង​​​បាន​​​សាក​​​សួរ​​​ជន​​​បរទេស​​​ទាំង​​​ពី​​​នាក់​​​នេះ​​​រយៈពេល​​​ប្រហែល​​​២ម៉ោង​​​ ប៉ុន្តែ យើង​​​បាន​​​ដោះ​​​លែង​​​ពួកគេ​​​វិញ ពី​​​ព្រោះ​​​យើង​​​មិន​​​មាន​​​ភ័ស្តុតាង​​​”។ លោកឧត្តមសេនីយ​​​ឯក ​គៀត ច័ន្ទថារិទ្ធ ​ក៏បាន​​​បញ្ជាក់​​​ផង​​​ដែរ​​​ថា យ៉ាងហោច​​​ណាស់​​​នគរបាល​​​បាន​​​សាកសួរ​​​​​​​​​ជន​​​ជាតិ​​​អាល្លឺម៉ង​​់​ម្នាក់​​​ហើយ​​​ថា ប័ណ្ណឃោសនា​​​បោះ​​​ឆ្នោត​​​​​​មាន​​​រូប​​​លោកនាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន ​​​លោក​​​ ជា ​សុីម ប្រធាន​​ព្រឹទ្ធសភា និង​​​លោក ហេង​ សំរិន​ ប្រធាន​​​រដ្ឋ​​​សភា។

លោក ទេព នីថា អគ្គលេខា​​​ធិការ​​​នៃ​​​គណៈ​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា ​លោក​​​​មិន​​​បាន​​​ដឹង​​​អំពី​​​ហេតុ​​​ការណ៍​​​កាលពី​​​ថ្ងៃសៅរ៍​​​នេះ​ទេ ប៉ុន្តែថា ការ​​​ចោទ​​​ប្រកាន់​​​ជន​​​ជាតិ​​​អាល​្លឺ​ម៉ង់​​​ពី​​​បទ​​​ឧក្រិដ្ឋ​​​ នឹង​​​ស្ថិត​​​នៅ​​​លើ​​​ចេតនា ។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ យើងមិន​​​បាន​​​ដឹង​​​ច្បាស់​​​ថា តើពួកគេ​​​មាន​​​ចេតនា​​​ប្រព្រឹត្ត​​​​បទ​​​ឧក្រិដ្ឋនេះ ឬក៏​​​មិន​​​មាន​​​ចេតនា​​​​​​នោះ​​​ទេ។  ប្រសិន​​​បើ​​​មិន​​​មាន​​​ចេតនា​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​នេះ​​​ទេ​​​នោះ យើង​​​គ្រាន់​​​តែ​​​ធ្វើការ​​​ណែនាំ​​​ពួកគេ​​​តែ​​​ប៉ុណ្ណោះ​​​”។ ច្បាប់​​​បោះ​​​ឆ្នោត​​​​​​ចែង​​ថា ប័ណ្ណ​​​ឃោស​នា​​​​​បោះ​​​ឆ្នោត​​​មិន​​​អាច​​​​​​​បំផ្លាញ​​​បាន​​​ទេ​​​ អំឡុង​​​ពេល​​​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​​​​រក​​​សំឡេង​ឆ្នោត​​​​​​មុន​ការ​​​បោះ​​​ឆ្នោត​​​រយៈពេល​​​៣០​ថ្ងៃ៕

    ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.