​កម្ពុជា​ ជា​ប្រទេស​ពុក​រលួយ​បំផុត​​ក្នុង​ចំណោម​ប្រទេស​ពុក​រលួយ​​នៅលើ​ពិភព​លោក

យោង​តាម​ការ​ស្ទង់​មតិ​របស់​អង្គការ​តម្លា​ភាព​អន្តរជាតិ​​​បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​​កម្ពុជា​​ដឹង​ថា ​ប្រទេស​របស់​ខ្លួន​ជា​ប្រទេស​មួយ​ពុក​រលួយ​បំផុត​ក្នុង​ចំណោម​​ប្រទេស​​ពុក​រលួយ​ចំនួន​១០​ដែល​ពុក​រលួយ​បំផុត​នៅ​ក្នុង​ពិភព​លោក​ និង​ជា​ប្រទេស​​ពុក​រលួយ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​ដោយ​ប្រជាពលរដ្ឋ​ជិត​៦០ភាគ​រយ​​ត្រូវ​បាន​ស្ទង់​មតិ​​ដោយ​អង្គការ​តម្លាភាព​អន្តរ​ជាតិ​ក្នុង​ឆ្នាំនេះ​​បាន​សារភាព​ថា​ ធ្លាប់​ បាន​ផ្ដល់​​សំណូក​ កាល​ពី១២ខែកន្លង​មក​។

យោង​តាម​​របាយ​ការ​ប្រឆាំង​នឹង​អំពើ​ពុក​​រលួយ​​ជា​សាកល​របស់​អង្គការ​តម្លាភាព​អន្តរ​ជាតិ​​សម្រាប់​ឆ្នាំ​២០១៣ ​ដែល​ផ្អែក​លើ​ការ​​​សម្ភាស​ ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​១១៥.០០០​​នាក់ ក្នុង​​ប្រទេស​ចំនួន​១០៧ហើយ​បាន​ចេញ​​ផ្សាយ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ​មាន​តែ​​ប្រជាពលរដ្ឋ​នៃ​ប្រទេស​យេម៉ែន និង​ប្រទេស​​​​ចំនួន​ប្រាំ​ពីរ​​ក្នុង​តំបន់​អាហ្វ្រិក​​​ ដូចជា​ប្រទេស​​ស៊ីមបាវ៉េ កាមេរូន​​ និង​ម៉ូសំប៊ិក ប៉ុណ្ណោះ​បាន​រក​ឃើញ​ថា ប្រទេស​ទាំងនេះ​មាន​ចំណាត់​ថ្នាក់​ទាប​ជាង​ប្រទេស​កម្ពុជា​។

លោក ព្រាប កុល ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​​​តម្លាភាព​អន្តរជាតិ​​កម្ពុជា​មាន​ប្រសា​សន៍​ក្នុង​ពិធី​ចេញ​របាយការណ៍​ក្នុង​រាជ​ធានី​ភ្នំពេញ​ថា​ “ ប្រទេស​ជិត​ខាង​របស់​យើង​​បាន​ដើរ​ទៅ​មុខ​ជាច្រើន​ជំហាន​រួច​ហើយ ក្នុង​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ និង​ការ​សូក​ប៉ាន់​”។ នៅ​ទូទាំង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា គឺ​ពុក​រលួយ​​ដូច​កម្លាំង​​​នគរបាល​ដែរ។

យោង​​តាម​របាយ​ការណ៍​ដដែល​នេះ​​ឲ្យ​ដឹង​​ថា ប្រជា​ពលរដ្ឋ​ចំនួន​៦៥​ភាគរយ​ធ្លាប់​បាន​​​ផ្ដល់​សំណូក​ឲ្យ​នគរបាល​និង​ប្រព័ន្ធ​តុលាការ​ កាលពី​១២ខែកន្លង​ទៅ។ លោក ព្រាប កុល បន្ត​ថា “ នៅ​ក្នុង​តុលាការ​​មេធាវី​គ្រប់​ៗ​រូប​​យក​ថ្លៃ​លើ​សេវា​​​កម្ម។​ការ​ដាក់​​​​ពាក្យ​បណ្ដឹង​ទៅ​​ក្រឡា​បញ្ជី ​ការ​ចុះ​កំណត់​​ហេតុ​លើ​ពាក្យ​បណ្ដឹង​គឺ​មាន​​យក​ថ្លៃ​​ដែល​មិន​បាន​កំណត់​ដោយ​ច្បាប់​ ដូច្នេះ បញ្ហា​បែប​នេះ​​គឺ​ត្រូវចាត់​ថា ជា​ការ​ទទួល​​សំណូក។ តាម​​រយៈ​ប្រព័ន្ធ​តុលាការ​គឺ​មិន​មាន​ឱកាស​គេច​ចេញ​ពី​អំពើ​ពុក​រលួយ​បាន​ឡើយ”។

យោង​​តាម​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​ចំនួន​១៥ភាគរយ​ដែល​បាន​សម្ភាស​បាន​លើក​ឡើង​ថា ពួកគាត់​បាន​ផ្ដល់​សំណូក​​​ ដើម្បី​ទទួល​បាន​សេវាកម្ម​។​តួលេខ​នេះ​ មាន​ចំនួន​​២៣​ភាគរយ​បើ​ធៀប​ទៅ​នឹង​ប្រជា​ពលរដ្ឋ​ ដែល​បាន​ឆ្លើយ​សំណួរ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ និង​២៦ភាគរយ​នៅ​ក្នុង​ប្រទេស​វៀតណាម។តាម​ច្បាប់​របស់​អង្គភាព​ប្រឆាំង​អំពើ​​​ពុក​រលួយ​​ប្រទេស​កម្ពុជា​​ដែល​បាន​អនុម័ត​កាល​ពី​​ឆ្នាំ​២០១០ បាន​បញ្ជាក់​​ថា ការ​បង់​ថ្លៃ “ ការ​សម្រប​សម្រួល” ទៅ​ឲ្យ​មន្ត្រី​​រដ្ឋា​ភិបាល​គឺ​អាច​​មាន​ទោស​ដាក់​​ពន្ធនាគារ​​ចាប់​​ពី​៥ឆ្នាំ រហូត​ដល់​១០ឆ្នាំ។​ ច្បាប់​ថ្មី​នេះ​ក៏​តម្រូវ​ឲ្យ​ក្រុម​​ហ៊ុន​បរទេស​ដែល​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ស្ថិតនៅ​ក្រោម​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​​នេះ​ផង​ដែរ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈរដ្ឋមន្ត្រីបាន​ច្រានចោល​នូវ​របាយ​ការណ៍​​នេះ​ ហើយ​លោក​បាន​ថ្លែង​ថា រដ្ឋាភិបាល​បាន​​បង្កើតច្បាប់​​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និង​និម្មិតកម្ម​​​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គឺ​ជា​ភ័ស្តុតាង​បញ្ជាក់​ពី​ការ​តាំង​ចិត្ត​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ពុក​រលួយ​​។

លោក​បន្ត​ទៀត​ថា “ ប្រទេស​កម្ពុជា​មាន​មោទនភាព​ក្នុង​ការ​ទប់​ស្កាត់​​​អំពើ​ពុក​រលួយ​​…​ហើយ​យើង​បាន​ធ្វើការ​ងារ​នេះ​ជាច្រើន​មក​ហើយ​ និង​យើង​បាន​បង្កើត​យន្តការ​ ដើម្បី​ទប់​ស្កាត់​​នឹង​អំពើ​ពុក​រលួយ​។យើង​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​…. អំពើ​ពុក​រលួយ​បាន​កើត​ឡើង​នៅ​គ្រប់​ទីកន្លែង​ក្នុង​​ពិភពលោក។ ខ្ញុំ​នឹង​មិន​ស្ដាប់​របាយ​ការណ៍​ [ដែល​បង្ហាញ​]​​ ថា មាន​ភាព​លម្អៀង​ប្រឆាំង​ចំពោះ​ប្រទេស​កម្ពុជា​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ នោះ​ឡើយ​”។

​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​​ថា​ ប្រទេស​​ជាង​៨០​នៅ​លើ​ពិភព​លោក​​មាន​អំពើ​ពុក​រលួយ​​កាន់​តែ​អាក្រក់​ទៅ​ៗ​ ​ប៉ុន្តែ​ ​កម្ពុជា​​​ស្ថិត​ក្នុង​ចំណោម​​ប្រទេស​ចំនួន​១១​ដែល​​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន​យល់​ដឹង​ប្រ​សើ​ជាង​មុន​៕

ប្រែសម្រួលដោយ ឃិន ណៃ​​​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.