ជន​ជាតិ​ខ្មែរ​សែ​ស្រឡាយ​ចិន​ធ្វើការ​ថ្លឹង​ថ្លែង​​មុនពេល​បោះឆ្នោត​

ខណៈ​ដែល​ជនជាតិ​ខ្មែរ​​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​មួយ​ក្រុម​ ដែល​មាន​ដូនតា​ជា​ចិន​មាន​​​ទំនាក់​ទំនង​ជិត​ស្និទ្ធ ជា​មួយ​មន្ត្រី​គណ​បក្ស​ប្រជា​​​​​​ជន​​កម្ពុជា​នោះ​ គណបក្ស​ប្រឆាំង​សង្ឃឹម​​​​ថា គោល​នយោបាយ​លើក​កម្ពស់​អាជីវ​កម្ម​​ខ្នាត​តូច​អាច​ទាញ​យក​សំឡេង​ឆ្នោត​​ពី​មនុស្ស​មួយ​ចំនួន​នៅ​​​ក្នុង​ចំណោមម​នុស្ស​មួយ​ក្រុម​ធំ​នេះ​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ខាង​មុខ​នេះ​​​​។

អ្នក​មាន​សែស្រឡាយ​ចិន​បាននិង​កំពុង​រស់​​​នៅ​ក្នុងប្រទេស​កម្ពុជា​រាប់​រយ​ឆ្នាំ​មក​ហើយ​ហើយ​តាម​ប្រវត្តិសាស្ត្រ​បាន​ដើរ​តួនាទី​​​​លេច​​​​​​​ធ្លោនៅ​ក្នុង​​ការ​ធ្វើ​​អាជីវកម្ម​ និង​ជំនួញ​ ហើយ​ឥឡូវ​នេះ​បាន​កាន់​តួនាទី​ជាន់​ខ្ពស់​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋាភិបាល​ និង​នៅ​ក្នុង​ក្រុមហ៊ុន​នានា​​​។

លោក​ ឡៅ​ ម៉េងឃិន សមាជិក​ព្រឹទ្ធ​សភា​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​ភរិយា​របស់​លោក​ គឺ​លោក​ស្រី ឈឹង សុភាព ដែល​ជា​ម្ចាស់​​​​ក្រុម​ហ៊ុន ស៊ូកាគូ អីុន​ និង​ក្រុម​ហ៊ុន ភាពី​​​ម៉ិច ជា​ក្រុម​ហ៊ុន​សម្បទាន​ដី ដ៏​ចម្រូង​ចម្រាស​ និង​​លោក​ឧកញ៉ា កុក​ អាន ម្ចាស់​កាស៊ីណូ​ ព្រម​​​​ទាំង​លោក​ ពង្ស ខៀវ​សែ ជា​​​ប្រធាន​ធនាគារ​  កា​ណា​ឌីយ៉ា អ្នក​ទាំង​អស់​នោះ​សុទ្ធតែ​ជា​​សែ​ស្រឡាយ​ចិន​​ស្ថិត​ក្នុង​ចំណោម​ “ ​ឧកញ៉ា​​​​កំពូល​​ទាំង​១០​” នៅ​ប្រទេស​កម្ពុជា​ តាម​សារ​​​ទូរលេខ​ការទូត​សហ​រដ្ឋ​អាមេរិក​ ដែល​បាន​បង្ហើប​ឲ្យ​ដឹង​តាម​រយៈ​គេហ​ទំព័រវីគី​លីក ។

ប៉ុន្តែ ខ្មែរ​​សែស្រឡាយ​ចិន​ក្មេង​ៗ​ជា​​​ច្រើន​កំពុង​ធ្វើ​អាជីវកម្ម​ខ្នាត​តូច​ទាំង​នៅ​ក្នុង​ផ្សារ​និង​នៅ​ជុំវិញ​ផ្សា​រ​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​ចំពោះ​ក្រុម​នោះ​ គណបក្ស​សង្គ្រោះ​ជាតិ​សង្ឃឹម​ថា នឹង​ទាក់​ទាញ​ពួក​គេ​បាន​។

អ្នក​ស្រី​ ហ៊ា មាន​ អាយុ​២៨​ឆ្នាំ​ ដែល​លក់​សម្ភារ​ការិយាល័យ​នៅ​តូប​មួយ​ក្នុង​ផ្សា​រ​អូរ​ឫស្សី បាន​និយាយ​ថា “​ឥឡូវ​នេះ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​​រស់​នៅ ក្នុង​ភាព​ស្ងប់​ស្ងាត់​។ ខ្ញុំ​មិន​​ចង់​ផ្លាស់​ប្តូរ​ទេ” ដោយ​ពន្យល់​ថា គណបក្ស​ប្រជា​​​​ជន​កម្ពុជា​ល្អ​ចំពោះ​សហ​គម​ន៍​ជន​ជាតិ​ចិន​ណាស់។

ប៉ុន្តែ អ្នក​ស្រី​បាន​ទទួល​ស្គាល់​ថា មិន​មែន​​ខ្មែរ​សែស្រឡាយ​ចិន​ទាំង​អស់​​សុទ្ធ​តែ​​គិត​ដូច​នេះទេ​។ អ្នក​ស្រី ហ៊ា​ មាន​ បាន​និយាយ​ថា “ខ្ញុំ​​​​បាន​ឃើញខ្មែរ​សែស្រឡាយ​ចិន​ច្រើន​ណាស់​នៅ​តាម​ផ្លូវ​ដើរ​តាម​គណបក្ស​ប្រឆាំង ប៉ុន្តែ គឺ​ដោយ​សារ​ពួក​គេ​​ឃើញ​ស្រី​ស្អាត​ៗ​ និង​​​​យុវ​ជន​​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​នោះ ហើយ​​​​​​​ពួក​គេ​ក៏​តាម​គ្នា​ទៅ។

យុវជន​ពិត​ជា​មិន​ចង់​ប្រឡូក​នយោ​បាយ​ទេ​។ពួក​គេ​និយាយ​ថា “ ប្តូរ” ​ ប៉ុន្តែ នៅ​ពេល​ពួក​គេ​បោះ​ឆ្នោត​ពួកគេ​នឹង​តាម​ឪពុក​ម្តាយ​របស់​គេ​​។ យោង​តាម​សមាគម​ខ្មែរ​ចិន​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​ខ្មែរ​សែ​​​ស្រឡាយ​ចិន​៧០០.០០០នាក់​ គឺ​ប្រហែល​៥​ភាគរយ​នៃ​ប្រជា​ពល​រដ្ឋ​សរុប​ និង​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការ​បោះ​ឆ្នោត​។

បន្ទាប់​ពី​ទទួល​រង​ការ​ចោទ​ប្រកាន់​ថា ជា “ វណ្ណៈ​មិនល្អ​​” នៅ​ក្នុង​របប​ ប៉ុល​ ពត​ នោះ ​ខ្មែរ​សែ​ស្រឡាយ​ចិន​​មិន​​រីក​ចម្រើន​ទៀត​ឡើយ រហូត​ដល់​​ទស្សន​ និ​ង​គោល​នយោ​​​បាយ​ប្រឆាំង​ចិន​តាម​រយៈ​ការ​គាំទ្រ​របស់​វៀតណាម​ចំពោះ​រដ្ឋា​ភិបាល​ និង​ភាព​តាន​តឹង​រវាង​ចិន​ និង​សូវៀត​​ ត្រូវ​បាន​ដក​ចេញ​ក្នុង​​​​ទសវត្សរ៍​ឆ្នាំ​១៩៩០​។

នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០​មាន​ការ​ដាក់​កម្រិត​ទៅលើ​​អាជីវកម្ម​​ដែល​មាន​គ្រួសារ​ជា​ជន​ជាតិ​ចិន​កាន់​កាប់​ ប៉ុន្តែ​​ ចាប់​តាំង​ពី​ពេល​នោះ​មក ខ្មែរ​សែស្រឡាយ​ចិន​ជាច្រើន​​​មាន​ភាព​ស្មោះ​ត្រង់​ជាមួ​យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ពេល​​មាន​សន្តិភាព និង​វិបុល​ភាព​។

អ្នក​ស្រី សុវណ្ណារី​ អាយុ៥៦​ឆ្នាំ​ជា​អ្នក​លក់​សម្លៀក​បំពាក់​បោះ​ដុំ​និយាយ​ថា អ្នក​ស្រី​មិន​អាច​និយាយ​អំពី​​យុវជន​បាន​ទេ​ ប៉ុន្តែ​ អ្នក​មាន​អាយុ​ស្រករ​​អ្នក​ស្រី​ភាគ​ច្រើន​ទំនង​ជា​បោះ​​​ឆ្នោត​​ចង់​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​បន្ត​ទៀត​​​​។

អ្នក​ស្រី​បាន​និយាយ​មិន​ចេញ​ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា​ថា “ គណបក្ស​មួយ​​បាន​ជួយ​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​រ​ង​ទុក្ខ​អំឡុង​របប​ខ្មែរ​ក្រហម ខ្ញុំ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នោះ។ ពួក​គេ​នឹង​ចង​ចាំ​​ការ​រង​ទុក្ខ​របស់​យើង​​ ហើយ​​ពួក​គេ​មិន​ដែល​ភ្លេច​រឿង​នោះ​ទេ​”។

អ្នកស្រី​ អ៊ុំ ចរណៃ អាយុ​២៣​ឆ្នាំ ដែល​ធ្វើ​ការ​នៅ​ហាង​លក់​គ្រឿង​អលង្ការ​របស់​ម្តាយ​មីង​នៅ​ក្បែរ​ផ្សារ​នោះ​បា​ន​និយាយ​ថា គ្រួសារ​​របស់​អ្នក​ស្រី បាន​មក​រស់​នៅ​ប្រទេស​កម្ពុជា​តាំង​ពីដើម​សត​វត្សរ៍​ទី១៨​​មក​ម៉្លេះ​ នៅ​ពេល​ពួក​គាត់​បាន​ចាក​ចេញ​ពី​ប្រទេស​ចិន​ភាគ​ខាង​ត្បូង។ អ្នកស្រី​បាន​បដិសេធមិន​និយាយ​ថា​អ្នក​​​ស្រី បោះឆ្នោត​គាំទ្រ​គណបក្ស​ណានោះទេ ប៉ុន្តែ​​​​បាន​និយាយថា អ្នកស្រី​នឹង​ថ្លឹងថ្លែង​ដោយ​​​​ប្រុង​ប្រយ័ត្ន។

ដោយ​សរសើរ​ពី​ទំនាក់​ទំនង​របស់​រដ្ឋាភិ​​​បាល​បច្ចុប្បន្ន​ជាមួយ​ប្រទេស​ចិន​ មាន​ការ​វិនិ​​​យោគ​ធំៗ​ ​កំពុង​កើន​ឡើង​ និង​​មាន​ដៃគូ​ផ្តល់​ជំនួយ​​ទៀត​ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ច​នៅ​កម្ពុជា​នោះ អ្នក​ស្រី ចរណៃ បាន​និយាយ​ថា “ យើង​មិន​មែន​គិត​តែ​អំពី​ការ​ធ្វើ​យុទ្ធ​នា​ការ​នោះ​ទេ​ ប៉ុន្តែ គិត​ពីអ្វី​ដែល​បាន​កើត​ឡើង​​​​ក្នុង​អតីត​កាល​ និ​ង​អ្វី​ដែល​កើត​ក្នុង​ពេល​​​​​ឥឡូវ​នេះ​ផង​។ មនុស្ស​មួយ​ចំនួន​និយាយ​ថា មាន​ការ​អភិវឌ្ឍ​យឺត​យ៉ាវ​ ប៉ុន្តែ ខ្ញុំ​គិត​ថា វា​សម​ហើយ ​ដោយ​សារ​យើង​មាន​សង្គ្រាម​ជា​ច្រើន​​ឆាំ្ន” ។ អ្នក​ស្រី​បាន​និយាយ​ថា ​សេដ្ឋកិច្ច​​ជួយ​ប្រជា​​​​ពល​រដ្ឋ​ទូទៅ​ មិន​ត្រឹម​តែ​អ្នក​ដែល​មាន​ដូន​តា​ជាចិន​នោះ​ទេ”។

លោក​ សុន ឆ័យ បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​មាន​ប្រសាសន៍​ថា ខណៈ​ដែល​​អាជីវករ​​ជា​ច្រើន​ជា​​ខ្មែរ​សែ​​​ស្រឡាយ​ចិន​នៅ​កៀក​នឹង​គណបក្ស​ប្រជា​​​ជន​កម្ពុជា​ ហើយ​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​នៅ​ក្រោម​ការ​គ្រប់​គ្រង់​របស់​គណបក្ស​​នេះ​ ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ទាំង​នោះ​​ដែល​បាន​បង្កើត​សហគមន៍​ខ្មែរ​ចិន​​ភាគ​ច្រើន នឹង​ទទួល​បាន​ផល​ប្រយោ​ជន៍​ពី​ការ​ផ្លាស់​ប្តូរ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា “ ពួក​គេ​ចង់​បាន​សង្គម​ល្អ​ប្រសើរ​មួយ​។ ប្រសិន​បើ​យើង​និយាយ​ដល់​ជន​ជាតិ​ចិន​ ជាពិសេស​អ្នក​​ជំនួញ​ ពួក​គេ​ចង់​បាន​ប្រព័ន្ធ​ប្រសើរ​ជាង​នេះ​ ដើម្បី​ពួក​គេ​អាច​ធ្វើ​ជំនួញ​ដោយ​គ្មាន​អំពើ​ពុក​រលួយ​​​​ដោយ​គ្មាន​ការ​បំភិតបំភ័យ​ពី​អាជ្ញាធរ”។ លោក​បាន​បន្ថែម​ថា វិធី​ដែល​ងាយ​ស្រួល​ជាង​នេះ​ក្នុង​ការ​ផ្តល់​ឥណទាន​ដល់​ក្រុម​ហ៊ុន​តូច​ៗ​ គឺ​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​សេដ្ឋ​កិច្ច​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​។

លោក​ សុន ឆ័យ​ បាន​មាន​ប្រសាសន៍​បន្ថែម​​​​ទៀត​ថា “ ពួក​គេ​ [អាជីវកម្ម​ខ្នាត​តូច]​ រង​គ្រោះ​ដោយ​សារ​ពាណិជ្ជកម្ម​ខ្នាត​ធំ​ ដែល​អាច​នាំ​ចូល​ទំនិញ​ដោយ​មិន​បង់​ពន្ធ​”។

នៅ​តូប​របស់​លោក​ដែល​លក់​សម្ភារ​ផ្ទះ​បាយ​នៅ​ក្នុង​ផ្សារ​អូរ​ឫស្សី​នៅ​សប្តាហ៍​នេះ​លោក លៀង ហេង អាយុ​២៨​ឆ្នាំ​​បាន​និយាយ​​​​​​​ថា លោក​មាន​ក្តី​សោមនស្ស​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ សុន​ ឆ័យ។

លោក​បាន​និយាយ​ថា “ អាជីវ​កម្ម​​ គឺ​ល្អ ប៉ុន្តែ​ ច្បាប់​មិន​ល្អ​។ អំពើ​ពុក​រលួយ​ប៉ះពាល់​ដល់​ការ​ធ្វើ​អាជីវកម្ម​”។
​ប៉ុន្តែ លោក​និយាយ​​ថា លោក​មិន​គិត​ថា ​ខ្មែរ​​​​សែស្រឡាយ​ចិន​ភាគ​ច្រើន​​ចង់​ប្រឈម​​​​នឹង​ហានិភ័យ​ដោយ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​នោះ​ទេ​។

​លោក​បាន​និយាយ​ថា “ មាន​គណ​បក្ស​កំពុង​កាន់​អំណាច​​ហើយ ហើយ​ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​នោះ​។ យុវជន​មាន​ការ​ងារ​ធ្វើ​ ដោយ​ធ្វើ​ការ​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា ឬ​ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល​”៕

 ប្រែសម្រួលដោយ សោម សារុន

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.