​ជន​ជាតិ​អាមេរិក​​ម្នាក់​ដែល​​​អាជ្ញាធរ​ស្វែង​រក​​​ត្រូវ​បាន​​ចាប់​​​ខ្លួន​នៅ​ខេត្ត​ព្រះ​សីហនុ​

នគរបាល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​សៅរ៍​បុរស​​ជន​ជាតិ​​អាមេរិក​អាយុ​៦៦ឆ្នាំ​ម្នាក់​ត្រូវ​បាន​​នគរ​បាល​ចាប់​ខ្លួន​នៅ​ខេត្ត​ព្រះ​សីហនុ​ហើយ​ប្រឈម​នឹង​ការ​​បញ្ចូន​ទៅ​កាន់​សហ​រដ្ឋ​អាមេ​​​រិក​វិញ ដែល​នៅ​ទី​នោះ​ជន​នេះ​ត្រូវ​បាន​នគរ​​​បាល​តាម​រក​ចាប់​ខ្លួន​​បំផុត​​​ពាក់​ព័ន្ធ​នឹង​​បទល្មើស​​រួម​ភេទ​ជាមួយ​កុមារ​ ដែល​ប្រព្រឹត្ត​នៅ​ក្នុង​រដ្ឋ​កាលីហ្វរញ៉ា។

លោក  តាក់  វណ្ណថា  ស្នង​ការ​នគរបាល​ខេត្ត​ព្រះ​សីហនុ បាន​មាន​ប្រសាសន៍​ថា ឈ្មោះ​ ចន រ៉ូឡែនស្តាល់ (John Roland Stahl) ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​ព្រះ​សីហនុ  បន្ទាប់​ពី​មាន​សំណើ​មួយ​តាម​រយៈ​​ស្ថានទូត​សហរដ្ឋ​អាមេ​​​រិក​ប្រចាំ​រាជធានី​ភ្នំពេញ។ លោក  វណ្ណថា  មាន​ប្រសាសន៍​បន្ត​ថា “គាត់​​​​ត្រូវ​បាន​បញ្ជូន​ទៅកាន់​នាយក​ដ្ឋាន​នគរបាល​អន្តោ​ប្រវេសន៍​​[ក្នុង​រាជធានី​ភ្នំពេញ]​រួច​ហើយ​ កាលពី​ថ្ងៃសៅរ៍​”។

នៅ​លើ​គេហទំព័រ​របស់​ការិយាល័យ​នគរ​​​បាល​ក្នុង​ទីក្រុង​ ម៉េនដូស៊ីណូ​(Mendocino) រដ្ឋ​កាលីហ្វរ​ញ៉ា (California)​ មាន​​ឈ្មោះ​​ លោក ស្តាល់​ ស្ថិត​ក្នុង​ចំណោម​​​ “ជន​ដែល​អាជ្ញាធរ​​ចង់​​ចាប់​ខ្លួន​បំផុត”​​។

ក្នុង​គេ​ហ​ទំព័រ​​នោះ​បាន​​ឲ្យ​ដឹង​ថា “ឈ្មោះ ចន ស្តាល់ បច្ចុប្បន្ន​នេះ​កំពុង​តាម​រក​ចាប់​ខ្លួន​ដោយ​ការិយាល័យ​នគរបាល​​ក្រុង​ម៉េនដូ​​​ស៊ី​​​ណូ ដែល​មាន​ដីកា​តាម​​​ចាប់​ខ្លួន​ជាច្រើន​ដូច​​​ជា​​​​ពី​បទ​ល្មើស​​​រក្សាទុក​គ្រឿង​ញៀន ការ​​ផ្តល់​គ្រឿង​ញៀន​ឲ្យ​អនីតិជន ​​​​​ការ​ដឹក​ជញ្ជូន​សារ​​​ធាតុ​ហាម​ឃាត់​ ព្រម​ទាំង​ការ​រំខាន​ និង​ការ​បៀត​បៀន​​ផ្លូវ​ភេទ​កុមារ​ម្នាក់​ ដែល​តម្រូវ​ឲ្យ​បង់​ប្រាក់​​​ធានា​នៅ​ក្រៅ​ឃុំ​បណ្តោះ​​អាសន្ន​​ចំនួន​​២០.០០០​ដុល្លារ​”។

លោក ស្តាល់ ក៏​ត្រូវ​នគរ​បាល​​ស្វែង​រក​​ចាប់​ខ្លួន​ដោយ​សារ​ខក​ខាន​មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​ និង​ខក​ខាន​មិន​បាន​ចុះ​ឈ្មោះ​​​​ខ្លួន​គាត់​ជា​​ជន​ល្មើស​​ផ្លូវ​ភេទ​​ផង​ដែរ​។ គេហទំព័រ​ដែល​មិន​បាន​​ធ្វើ​ការ​កែប្រែ​ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​ជន​​​នេះ​​​មក​បាន​​បង្ហាញ​​​​ថា  អសយ​ដ្ឋាន​ចុង​ក្រោយ​របស់​លោក ស្តាល់ គឺនៅ​ ​ម៉េនដូស៊ីណូ ប៉ុន្តែ លោក​​​​ត្រូវ​បាន​គេ​​​សង្ស័យ​ថា​  បាន​ចាក​ចេញ​ពី​​ទី​នោះ​​​ហើយ​​​​ប្រហែល​​​ជា​​​នៅ​​​អាមេរិក​​​នៅ​​​ឡើយ​​​ ​។

លោក យី ម៉ូដែន នាយក​ស្ដីទី​ប្រចាំ​អង្គ​​​ការ​សកម្ម​ភាព​​ដើម្បី​កុមារ​ដែល​ឃ្លាំ​មើល​ករណី​រំលោភ​បំពាន​ផ្លូវ​ភេទ​ពាក់​ព័ន្ធ​អនីតិជន​បាន​មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​របស់​អង្គការ​ក្រៅ​​រដ្ឋាភិបាល​ក្នុង​ស្រុក​នេះ​​បាន​រក​ឃើញ​ថា លោក  ស្តាល់  បាន​រស់​នៅ​ក្នុង​ប្រទេស​​​​កម្ពុជា​រយៈពេល​ប្រហែល​បួន​ឆ្នាំ​មក​ហើយ និង​ជា​ម្ចាស់​​ភាគ​ហ៊ុន​មួយ​នៅ​ហាង​ Cafe Noir ​នៅ​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ព្រះ​សីហនុ។

លោក ម៉ូដែន មាន​ប្រសាសន៍​បន្ត​ថា បុគ្គ​លិក​អង្គការ​សកម្មភាព​ដើម្បី​កុមារ​បាន​ចាប់​ផ្ដើម​ឃ្លាំ​មើល​សកម្មភាព​លោក ស្តាល់​ រយៈ​​​ពេល​មួយ​ឆ្នាំ​​កន្លង​មក​ហើយ នៅ​ពេល​អង្គ​​​ការ​​​​​ក្រៅ​រដ្ឋាភិបាល​មួយ​ផ្សេង​ទៀត​​ដែល​ធ្វើការ​ជាមួយ​កុមារ​បាន​លើក​ឡើង​ថា ខ្លួន​មាន​ការ​សង្ស័យ​អំពី​ជន​ជាតិ​អាមេរិក​រូប​នេះ​ដែរ​។

លោក ម៉ូដែន​​ បាន​លើក​ឡើង​ពី​ជន​ជាតិ​អាមេរិក​​ដែល​ត្រូវ​បាន​​​ឃាត់​​ខ្លួន​​នៅ​ក្នុង​ផ្ទះ​ជួល​របស់​គាត់​ស្ថិត​នៅ​សង្កាត់​លេខ​បួន​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​​ថា “​​រហូត​មក​ទល់​ពេល​នេះ​ មិន​មាន​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ត្រូវ​បាន​គេ​រាយការណ៍​ថា  ជន​នេះ​​បាន​រំលោភ​បំពាន​​​​នោះ​ទេ​”។

លោក​ ម៉ូដែន មាន​ប្រសាសន៍​បន្ត​ថា អង្គ​​​ការ​សកម្មភាព​ដើម្បី​កុមារ​បាន​ទាក់​ទង​អាជ្ញា​​​ធរ​សហរដ្ឋ​អាមេរិក​នៅ​ពេល​ខ្លួន​បាន​​ដឹងថា លោក ស្តាល់​ ត្រូវ​នគរបាល​សហរដ្ឋអាមេរិក​​ស្វែង​​រក​ចាប់​ខ្លួន​ពី​បទ​ល្មើស​ពី​មុនៗ​មក​នោះ​។​លោក​បាន​បន្ថែម​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ បាន​ស្នើ​ថា គាត់​គួរ​តែ​ត្រូវ​​បញ្ជូន​​ទៅ​​សហរដ្ឋ​អាមេរិក​វិញ៕

ប្រែសម្រួលដោយ ឃិន ណៃ

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.