មូលនិធិ​ជួយ​ជនក្រី​ក្រ​នៅ​ខេត្ត​ព្រៃវែង​របស់​លោក ស ខេង​ រង​ការ​រិះគន់

លោក ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ និង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​បង្កើត​មូលនិធិ​មនុស្ស​ធម៌​មួយ​ដែល​មាន​ទឹក​ប្រាក់​រាប់​សែន​ដុល្លារ​សម្រាប់​ជួយ​​អ្នក​ក្រ​​នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​ ជា​ទង្វើ​មួយ​ដែល​កើត​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការបោះ​ឆ្នោត​ ​ហើយ​មូល​និធិ​នេះ​ត្រូវ​បាន​​​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​(ខុម​ហ្វ្រែល​) បាន​ចាត់​ទុកថា ជាការ​ទិញ​សន្លឹក​ឆ្នោត។

សេចក្តី​ជូន​ដំណឹង​មួយ​​ចេញ​ដោយ​​ខុទ្ទកា​ល័យ​របស់​លោក​ ស ខេង និង​ចុះ​កាល​បរិច្ឆេទ​​ថ្ងៃ​សៅរ៍ ប៉ុន្តែ ទទួ​ល​បាន​​កាល​ពីម្សិល​មិញ មាន​​​ខ្លឹម​សារ​ថា “មូលនិធិ​ផ្ទាល់​ខ្លួន” របស់​លោក ស ខេង នឹង​ផ្តល់​លុយ​ឲ្យ​អ្នក​ជំងឺ សាច់​ញាតិ​របស់​អ្នក​ស្លាប់​ និង​ស្ត្រី​ដែល​ទើប​សម្រាល​​កូន​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ បន្ទាប់​ពីការ​បោះ​ឆ្នោត​នៅ​ថ្ងៃអាទិត្យ​ ។

សេចក្តី​ជូន​ដំណឹង​ដែល​មាន​រូប​សញ្ញា​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​ស្នើ​សុំ​ឲ្យ​ប្រជា​ជន​បោះ​ឆ្នោត​ឲ្យ​លេខ​៤​ដែល​ជាលេខ​រៀង​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​លើ​សន្លឹក ឆ្នោត​​នេះ​លើក​ឡើង​ថា  ដើម្បី​ទទួល​បាន​ជំនួយ​ហិរញ្ញ​វត្ថុ​ពី​មូលនិធិ​នេះ ប្រជាជន​ត្រូវ​ដាក់​សំណើ​ជាលាយ​លក្ខណ៍អក្សរ​តាម​រយៈ​មេឃុំឬ​អភិបាល​ស្រុក​របស់​ខ្លួន​។

យោង​តាម​សេចក្តី​ប្រកាស​នេះ​បាន​ឲ្យ​ដឹង​ថា មូល​និធិ​នេះ​នឹង​ផ្តល់​លុ​យ​ឲ្យ​អ្នក​ជំងឺ​ម្នាក់​ចន្លោះ​ពី​២០០.០០០ទៅ​៥០០.០០០ រៀល និង​ផ្តល់​ឲ្យ​ស្ត្រី​ទើប​ឆ្លង​ទន្លេ​១០០.០០០​រៀល​ និង​សាច់​ញាតិ​របស់​អ្នក​ទើប​ស្លាប់​ថ្មី​ចំនួន​២០០.០០០​រៀល​សម្រាប់​ធ្វើ​បុណ្យ​សព​។ ខេត្ត​ព្រៃវែង​​​មាន​ប្រជាជន​ជិត​១,១៨​លាន​នាក់​ និង​អ្នក​​បោះ​ឆ្នោត​ចំនួន​៨០៩.០០០​នាក់​ នេះ​បើ​តាម​តួលេខ​របស់​គណៈ​កម្មាធិ​ការ​​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត។

លោក​ ជាម ហ៊ីម ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ព្រៃវែង​បាន​បញ្ជាក់​ថា  ​ការ​ចែក​លុយ​របស់​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជាជន​កម្ពុជានេះ​ គឺ​ជាការ​ពិត​។​​​ លោក ជាម ហ៊ីម បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដឹង​ថា  តើ​ការ​ចែក​លុយ​នេះ​អាច​ទាក់​ទាញ​អ្នក​បោះ​ឆ្នោត​ឬ​អត់​នោះ​ទេ​ ប៉ុន្តែ តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ​ វាគឺ​ជា​សកម្ម​ភាព​មនុស្ស​ធម៌​”។

លោក ពុធ​ សុផាត សមាជិក​មូល​និធិ​នេះ​ដែល​លេខ​ទូរស័ព្ទ​របស់​គាត់​ជា​លេខ​សម្រាប់​ទំនាក់​ទំនង​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​នេះ​បាន​និយាយ​ថា មូល​និធិ​នេះ​មាន​លុយ​ចំនួន​២០០.០០០ដុល្លារ​សម្រាប់​បរិច្ចាគ​ដំបូងទៅ​ឲ្យ​អ្នក​ក្រ​នៅ​ក្នុង​ខេត្ត​នេះ។ លោក សុផាត​ បាន​និយាយ​ថា “ឥឡូវ​នេះ​ យើង​មាន​លុយ​ចំនួន​២០០.០០០​ដុល្លារ​  ហើយ​​​សប្បុរ​ស​ជន​​​​​​​​​​ នឹង​ជួយ​ផ្តល់​លុយ​មក​ឲ្យ​យើង​បន្ថែ​ម​ទៀត​។ យើង​នឹង​ពិនិត្យមើល​តុល្យ​ភាព​​នៃ​ការ​ចំណាយ​របស់​យើង​នៅ​ខែ​ដំបូង​ ដើម្បី​​ចង់​ដឹង​ថា  តើ​យើង​នឹង​ចំណាយ​អស់​លុយ​ប៉ុន្មាន​​ បន្ទាប់​ពីការ​បោះ​ឆ្នោត​នេះ”។

លោក​ សុផាត​ បាន​និយាយបន្ថែម​​ថា ការ​ផ្តួច​ផ្តើមគំនិត​​នេះ​គឺជា​ទង្វើ​មនុស្ស​ធម៌​ ហើយ​លុយ​ទាំង​នេះ​ត្រូវ​បាន​បរិច្ចាគ​​ដោយ​ផ្ទាល់​ពី​លោក​ ស ខេង​ អ្នក​នយោបាយ​ដែល​បម្រើ​​ការងារ​ជាយូរ​មក​ហើយ​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ គាត់​បា​ននិយាយថា “នេះ​មិន​មែន​ជាមូល​និធិ​របស់​រដ្ឋាភិបាល​ទេ​ ប៉ុន្តែវាគឺ​ជា​មូល​និធិ​ផ្ទាល់​ខ្លួន​”។

ដោយ​កើត​មាន​ឡើង​តែ​ប៉ុន្មា​ន​ថ្ងៃ​ មុន​ការ​បោះ​ឆ្នោត​នោះ​​ ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ចម្ងល់​ថា តើ​ការ​បរិច្ចាគ​លុយ​របស់លោក​ ស ខេង​ គឺ​ជា​ការ​ទិញ​សន្លឹក​ឆ្នោត​​សម្រាប់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ឬយ៉ាង​ណា​។

លោក​ ទេព នីថា អគ្គលេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​មាន​ប្រសាសន៍ថា ការ​សន្យា​ផ្តល់​លុយ​នេះ​មិន​មែន​​ជាការ​ទិញ​សន្លឹក​ឆ្នោត​នោះ​ទេ​ គឺ​គ្រាន់​តែ​ជាការ​សន្យា​ពេល​ឃោសនា​បោះ​ឆ្នោត​តែ​​​ប៉ុណ្ណោះ​ ស្រដៀង​គ្នា​​ទៅ​នឹង​ការ​សន្យារ​បស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ផ្តល់​ប្រាក់​ចូល​និវត្ត​ ប្រសិន​​បើ​ពួក​គេ​ឈ្នះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​។

លោក​ ទេព នីថា បាន​មាន​ប្រសាសន៍​ថា “នេះ​គ្រាន់​តែ​ជាការ​សន្យា​ប៉ុណ្ណោះ​ ហើ​យ​វា​​មិន​មែន​ជា​ការ​ទិញ​ទឹក​ចិត្ត​នោះ​ទេ​។ គណ​បក្ស​នយោបាយ​​ផ្សេង​ៗ​ទៀត​អាច​ធ្វើ​ដូច​គ្នា​នេះ​បាន​”។ ច្បាប់​ស្តី​ពីការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​​រាស្ត្រ​ចែង​ថា ជន​ណា​ដែល​រក​ឃើញ​ថា ទិញ​សន្លឹក​ឆ្នោត​ដោយ​ការ​ផ្តល់​សម្ភារ​  ឬលុយ​កាក់​ ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​​ឆ្នោត ដក​បេក្ខ​ភាពឈរ​ឈ្មោះ​បោះ​ឆ្នោត​ និង​ពិន័យ​​ជាប្រាក់​ចន្លោះ​ពី​៥លាន​រៀល​ ទៅ​២៥​លាន​រៀល។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បង្កើ​ត​ឡើង​​កាល​ពីឆ្នាំ​មុន​ ជាការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​ សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស​ ដោយ​​គណបក្ស​ទាំង​ពីរ​នេះ​បាន​ទទួល​ការ​គាំទ្រ​ច្រើន​ អំឡុងការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​កាល​ពីឆ្នាំ​មុន​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ ជា​ខេត្ត​ដែល​ធ្លាប់​មានការ​គាំទ្រ​ច្រើន​ចំពោះ​គណ​បក្ស​ប្រជាជន​កម្ពុជា។

ខេត្តព្រៃ​វែង​មាន​១១អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា និង​ជា​គោល​ដៅ​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោស​នា​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ព្រោះ​ពួក​គេ​ទំនង​ជាខ្លាច​បាត់​បង់​សំឡេង​ច្រើន​ទៅ​លើ​គណបក្ស​ប្រឆាំង​។

លោក យ៉ែម បុញ្ញប្ញទ្ធិ​ បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ប្រចាំ​មណ្ឌល​ព្រៃវែង​បាន​មាន​ប្រសាសន៍ថា  លោក​មិន​បារម្ភ​​ចំពោះ​មូល​និធិ​របស់​លោក ស ខេង​ នោះ​​ទេ។ លោក​ថ្លែង​ថា “​ខ្ញុំគិត​ថា ពួក​គេខ្លាច​បាត់​បង់​សន្លឹក​ឆ្នោត​នៅ​ទី​នេះ​។​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​ព្រៃវែង​កំពុង​គាំទ្រ​យើង​ជា​ច្រើន​​ និង​ចូល​រួម​​ជាមួយ​យើង​យ៉ាង​សកម្ម។ ទឹក​ចិត្ត​របស់​ពួកគេ​ខ្លាំង​ជាង​អំណាច​ទឹក​លុយ​ សារុង និង​គ្រឿង​ឧបភោគ​បរិភោគ”។

គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ផ្សព្វ​ផ្សាយ​ពី​គោល​នយោបាយ​របស់​ខ្លួន​​នៅ​ទូ​ទាំង​ប្រទេស​ រួម​មាន​​គោល​នយោបាយ​ផ្តល់​សំណាញ់​សុវត្ថិ​ភាព​សង្គម​​ឲ្យ​បាន​ល្អ​ប្រសើរ ​ បង្កើន​ការ​ចំណាយ​ថវិកា​ជាតិ​លើ​ការ​គាំពារ​សុខ​ភាព​ និង​ផ្តល់​ប្រាក់​​ប្រចាំខែ​១០​ដុល្លារ​ដល់​មនុស្ស​ចាស់។

លោក គល់​ បញ្ញា​ នាយក​គណៈកម្មាធិ​ការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​​នៅ​កម្ពុជា​​បាន​​មាន​ប្រសាសន៍​ថា គ.ជ.ប. ដែល​​មាន​ឯករាជ្យ​ពេញ​លេញ​នឹង​ចាត់​ទុក​ការ​​សន្យា​របស់​មូល​និធិនេះ​​ជាការ​ទិញ​សន្លឹក​ឆ្នោត​។ លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​គិត​ថា តាម​គោល​ការណ៍​អន្តរ​ជាតិ​ នេះ​គឺ​ជាការ​ទិញ​សន្លឹក​ឆ្នោត​ ប៉ុន្តែ តាម​ច្បាប់​របស់​យើង​ និង​តាម​ការ​បក​ស្រាយ​របស់​ គ.ជ.ប.នេះ​មិន​មែន​ជាការទិញ​សន្លឹក​ឆ្នោត​ទេ”។ លោក​បាន​មាន​ប្រសាសន៍ថា ខុមហ្វ្រែល​បាន​ស្នើ​សំុ​ជាច្រើន​ដង​ឲ្យ​គ.ជ.ប.​ បញ្ជាក់​ឲ្យ​បាន​ច្បាស់​បន្ថែម​ទៀត​​ថា  តើ​ការ​ទិញ​សន្លឹក​ឆ្នោត​មាន​ន័យ​​ដូចម្តេច។ លោក​បាន​ថ្លែង​ថា “ការ​ចែក​អំណោយ​របស់អ្នក​នយោបាយ​ និង​ការ​សន្យា​​ផ្តល់​លុយ​គួរតែ​ចាត់​ទុក​ជាការ​ទិញ​សន្លឹក​ឆ្នោត​”។

លោក​ ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លា​ភាព​អន្តរជាតិ​កម្ពុជា​បាន​​មានថ្លែង​ថា វា​​ច្បាស់​ហើយ​ថា មូលនិធិ​នេះ​មាន​បំណង​​ជួយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សន្លឹក​​ឆ្នោត​​​​​​​​​​​​​​​​​នៅ​ក្នុង​ខេត្ត​នេះ​នៅ​ថ្ងៃ​បោះ​ឆ្នោត​។ លោក​បាន​មាន​ប្រសាសន៍ថា មូល​ហេតុ​​ចំពោះ​ការធ្វើ​បែប​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​នៅ​ក្នុង​​ខេត្ត​នេះ”។ លោក​បាន​បន្ថែម​ថា លោក​គិត​ថា នេះ​ជា​វិធីសាស្ត្រ​ចម្លែក​មួយ ​ពីព្រោះ​​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ខេត្ត​ព្រៃ​វែង​នឹង​សួរ​ថា “ចុះ​ចំណែក​យើង​វិញ​​?”។

លោក​ ព្រាប កុល​ បាន​មាន​ប្រសាសន៍ថា “យើង​ដឹង​ថា  ប្រសិន​បើ​ពួក​គេ​ចង់​ប្រមូល​លុយ​សម្រាប់​មូលនិធិ​បែប​នេះ មាន​អ្នក​មាន​ទ្រព្យ​សម្បត្តិ​​ច្រើន​ណាស់​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​បរិច្ចាគ​លុយ​ទៅ​ឲ្យ​មូល​និធិ​នេះ​។ ​យើង​មិន​ដឹង​ថា លុយ​នេះ​​បាន​មក​ពីណា​ និង​ជា​លុយ​កខ្វក់​ ឬ​ជាលុយ​ស្អាត​ស្អំ​នោះ​ទេ”៕

ប្រែសម្រួល​ដោយ មូល​ គឹម​ហឿន

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.