របាយ​ការណ៍សិក្សា​​បង្ហាញ​ថា ​រដ្ឋ​សភា​​មា​ន​កា​រ​ត្រួ​តពិនិត្យតិច​តួច​លើ​ការ​ប្រើ​ប្រាស់​ប្រាក់​កម្ចី​

​របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញថា ​រ​ដ្ឋ​សភា​​​​នៃ​ប្រទេស​កម្ពុជា​ ​កំពុង​មាន​ចំ​ណុច​ខ្វះ​ខាត ក្នុងសកម្មភាព​ត្រួត​ពិនិត្យ​រប​ស់​ខ្លួន​​ លើ​ប្រាក់​កម្ចីថ្មីៗដែល​រដ្ឋាភិបាល​បា​ន​ទទួ​ល​ ពី​ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​នានា ​បើ​ធៀ​បនឹង​សភា​នៃ​ប្រទេស​ផ្សេងៗ​ទៀត​។​​

​របាយ​ការណ៍​សិក្សា​ដែល​សហ​ភាព​អ​ន្តរ​សភា​ មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ ហ្សឺ​ណែវ និង​ធនា​គារ​ពិភព​លោក ​បាន​ចេញ​ផ្សា​យ​កាល​​​ពីម្សិល​មិញ​ បាន​បង្ហាញថា ប្រ​ទេស​កម្ពុជា​ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្នុង​៤១​ភាគរយ​នៃ​ចំនួន​ប្រទេស​ទាំងឡាយដែ​ល​មាន​សភា​មិន​ត្រូវ​បាន​តម្រូវតាម​ផ្លូវ​ច្បា​ប់​​ឲ្យបញ្ជាក់​ប្រាក់​កម្ចី ដែល​ទទួល​បាន​ពី​ធ​នាគារ​ពិភព​លោក និង​​​​អង្គការ​មូល​និធិ​​រូបិ​យវត្ថុ​អ​ន្តរ​ជាតិ​ (IMF)។​

លទ្ធផល​ទាំងនេះ​ផ្អែក ​លើ​ការ​ចុះ​សិ​ក្សា​​​រយៈ​ពេល​ប្រាំបីខែ នៅ​ប្រទេស​កំពុង​អភិ​​​វឌ្ឍន៍ចំនួន​១០០​ក្នុងគោល​បំ​ណង​សិក្សា​ពី​ទំហំ​ជាក់ស្តែង​ ផ្នែក​គណនេ​យ្យភាព​ ដែល​សភា​ជ្រើស​តាំង​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ សម្រេច​​បាន​។ ​ទាក់​ទងនឹង​ប្រ​ទេស​កម្ពុជា ​លទ្ធផល​សិក្សានេះ​បាន​បង្ហា​ញ​ថា រដ្ឋសភា​​​មាន​តួនាទីចូល​រួ​ម​ក្នុង​ដំណើ​រ​ការ​អនុម័ត​ប្រាក់កម្ចី ​អំឡុង​កិ​ច្ច​ចរចានានា​ ប៉ុន្តែបែ​រ​ជា​រដ្ឋសភា​មិនមាន​តួនាទី​ក្នុងកា​រ​ត្រួត​ពិនិត្យ​គោលនយោ​​​បាយ​អភិវឌ្ឍន៍​រ​ប​ស់ធនាគារ​ពិភពលោក​ក្នុង​ប្រទេស​នេះ ​មិ​ន​ប្រើ​ប្រាស់​គណៈកម្មាធិការ​ ក្នុងកា​រ​​ពិនិ​ត្យ​ប្រាក់​កម្ចី ​និង​មិនពាក់​ព័ន្ធ​នឹង​​ប្រាក់​កម្ចី ដែលរដ្ឋាភិបាល​​សុំ​ខ្ចី​គេ​​ទៅ​វិញ។​

​នៅ​ក្នុងសេចក្តីការ​ណ៍​​ចេញ​ផ្សាយ ​កា​ល​ពី​ម្សិល​មិ​ញ​ សហភា​ព IPU ​បាន​លើ​ក​ឡើ​ង​ថា ទោះបីជា​សភា​ភាគ​ច្រើន​ មា​ន​សិទ្ធិ​ស្រប​ច្បាប់​ ក្នុងការធ្វើ​ការ​​សម្រេចចិត្ត​លើ​ប្រាក់​កម្ចី​ក៏​​​ដោយ ការ​ចូលរួម​រ​បស់​ស​ភា​ទាំងនោះ​មាន​ទំហំ​មិនប៉ុនគ្នា​ទេ​។​ លោ​ក អេឌ័រ ចន​សុន (Anders Johnson​) អគ្គ​លេ​ខា​ធិការ​ IPU បាន​លើក​ឡើង​​​​ថា  “ការ​ត្រួត​ពិនិត្យ​របស់​សភា​លើ​ប្រាក់​កម្ចី​សម្រាប់​ប្រទេស​រ​បស់ខ្លួន មាន​សារ​ៈសំខាន់​ ពីព្រោះ​ប្រាក់​ក​ម្ចី​ជារឿយៗ​តែង​តែ​មាន​​​លក្ខ​​​ខណ្ឌ ដែល​​ត​ម្រូវ​ឲ្យ​មាន​​​ការ​កែ​ប្រែ​គោល​នយោបាយ​ឬ​ក៏​ប្រព័ន្ធច្បាប់​ ដែល​អាច​ប៉ះ​ពាល់​​​​ខ្លាំង​ លើ​អាយុ​ជីវិត​របស់​ប្រជាជន​​​សាមញ្ញ ដូច​ដែ​ល​យើង​បានឃើញ​នៅក្នុង​ករណីរឹត​ត្បិត​ថ​វិកា​ ដក​បញ្ញត្តិ​ពីទីផ្សារ​ ​ជាដើម​”។​

លោក​បាន​បន្ត​ថា  “សមាជិក​សភា​គួរ​តែ​អាច​សម្រេច​បាន ប្រសិនបើ​ប្រាក់​កម្ចី​ណា​មួយ​ពិត​ជា​មានភាព​ចាំបាច់​ ហើយ​ពិ​ចា​រណា​ថា តើ​វាជា​បន្ទុក​ក្នុងថវិកា​ជាតិ​ដែរ​ឬ​ទេ​។ នៅពេល​សម្រេច​បាន​កិច្ច​ព្រម​ព្រៀ​ង​ហិរញ្ញ​​​ប្ប​ទាន​ជាមួយ​រដ្ឋាភិបាល​នៃប្រ​ទេ​សណា​​​មួយ​ ​ការ​ទូទាត់​សង​តែ​ង​តែ​ប្រើ​ពេ​ល​យូរ​ បន្ទាប់​ពី​មាន​​​ការ​​​ផ្លាស់​​​ប្ដូរ​​​រដ្ឋាភិបាល​”។​​

​រដ្ឋសភា​នៃប្រទេស​កម្ពុជា​ ដែល​មា​ន​សមា​​​ជិក​ភាគច្រើន ​មកពី​គណបក្ស​ប្រជាជ​ន​កម្ពុជា បានរង​ការ​រិះគន់​ជារឿយៗ​ អំឡុ​ង​នីតិ​​​កាល​ រយៈ​ពេល​ប្រាំឆ្នាំ​កន្លង​មក​នេះ​​​ ដោយ​​​សារ​​​តែច្បាប់​ប្រថាប់ត្រា​យ៉ាងសាម​ញ្ញ​ៗ​ ត្រូវបាន​ស្នើឡើង​ដោយរដ្ឋាភិបាល​និង​បាន​ផ្តល់​​​ឱកាស​​​​តិចតួច​ សម្រាប់​កិ​ច្ច​ពិ​ភាក្សា​ដេញ​ដោល​ ​​​ឬ​ក៏​សម្រាប់​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​។

​អំឡុង​នីតិកាល​មុន ធនាគារពិភព​លោ​ក​ បានបង្កក​ឥណ​ទាន​ថ្មីៗ​ សម្រាប់​​​ប្រ​ទេស​កម្ពុជា​ ដោយសារតែ​មានរឿង​រ៉ាវ​ទា​ក់​ទង​នឹង​ការ​បណ្តេញចេញ​ពី​តំបន់​បឹងកក់​។ ក្នុងឆ្នាំនេះ ក្រុម​ហ៊ុនសំណង់កាណាដា​ឈ្មោះ SNC​-Lavalin ត្រូវបាន​ហាម​ឃាត់​មិ​ន​ឲ្យ​ទទួល​បាន​កិច្ច​សន្យា​ថ្មីជាមួយ​ធនាគារ​ពិភព​លោក បន្ទាប់​​​​ពី​ប្រតិ​បត្តិ​ការ​សុើប​អ​ង្កេត​​​មួយ​បានរក​ឃើញ​​​ថា ​ក្រុម​ហ៊ុន​នេះ​បា​ន​សូក​ប៉ាន់​មន្ត្រី​នានា​ ហើយ​​​ថែម​ទាំង​ជាប់​ពាក់​ព័ន្ធ​នឹង​គម្រោង​ថាមពល​ ដែល​ធនា​គា​រ​ពិភព​លោក​បាន​ផ្តល់​មូលនិធិ​ចំនួន​៥​លាន​ដុល្លារ​នៅប្រទេស​កម្ពុជាផង​​​​៕

ប្រែ​សម្រួលដោយ​ កង ​សុធា

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.