​​​លោក កឹម សុខា សម្ដែង​​​ការ​​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​​​អំពើ​​​ហិង្សា​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ ប្រាប់​​​តំណាង​​​អ.ស.ប.

កាល​​​ពី​​​ម្សិលមិញ លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​អាច​​​ធានា​​​ថា នឹង​​​គ្មាន​​​អំពើ​​​ហិង្សា​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​នេះ​​​បាន​​​​​​ទេ​​​ ហើយ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​សហ​​​គ​​​មន៍​​​​​​​​អន្តរ​​​ជាតិ​​​​​​ប្រុង​​​ជើង​​​ការ​​​ និង​​​ជួយ​​​ធានា​​​ឲ្យ​​​បាន​​​នូវ​​​អន្តរ​​​កាល​​​មួយ​​​ដោយ​​​សន្តិ​​​វិធី​​​ បន្ទាប់​​​ពី​​​ចេញ​​​ផ្សាយ​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​។

ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន ​​​បន្ទាប់​​​ពី​​​ជួប​​​ជាមួយ​​​តំណាង​​​មួយ​​​រូប​​​មក​​​ពី​​​ទី​​​ភ្នាក់​​​ងារ​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​(អ.ស.ប.)នៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្ដាល​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ លោក កឹម សុខា ថ្លែង​​​ថា ​​​លោក​​​បាន​​​សម្ដែង​​​ការ​​​ព្រួយ​​​បារម្ភ​​​ថា បរិយាកាស​​​ឆ្ពោះ​​​ទៅ​​​ថ្ងៃ​​​ផ្ដាច់​​​ព្រ័ត្រ​​​នៃ​​​​​​​​​ការ​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​​​​មាន​​​ភាព​​​តាន​​​តឹង​​​ ហើយ​​​អាច​​​នឹង​​​មាន​​​ភាព​​​ចលាចល​​​​​​យ៉ាង​​​ងាយ​​​ ប្រសិន​​​បើ​​​លទ្ធផល​​​នៃ​​​កា​​​របោះ​​​ឆ្នោត​​​មិន​​​ត្រូវ​​​បាន​​​ទទួល​​​ស្គាល់​​​ជា​​​ផ្លូវ​​​ការ​​​។

លោក កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិនបើ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឈ្នះ យើង​​​មិន​​​ដឹង​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​នឹង​​​មាន​​​ប្រតិកម្ម​​​អ្វី​​​នោះ​​​ទេ ហើយ​​​ប្រសិន​​​បើ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ឈ្នះ​​​វិញ​​​​​​ យើង​​​ក៏​​​មិន​​​ដឹង​​​ថា អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​នឹង​​​មាន​​​ប្រតិកម្ម​​​អ្វីនោះដែរ​​”។

ដោយ​សារ​​​តែ​​​ស្ថាន​​​ភាព​​​មិន​​​ច្បាស់​​​លាស់​​​បែប​​​នេះ​​​ លោក កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា អង្គការ​​​សហ​​​ប្រជាជាតិ និង​​​ប្រទេស​​​ចំនួន​​​១៨​​​ រួម​​​មាន​​​ទាំង​​​សហ​​​រដ្ឋ​​​អាមេរិក​​​ ចិន​​​ បារាំង និង​​​ជប៉ុនផង ដែល​​​បាន​​​ពិនិត្យ​​​មើល​​​កិច្ច​​​ព្រម​​​ព្រៀង​​​សន្ដិភាព​​​ក្រុង​​​ប៉ារីស​​​ ឆ្នាំ​​​១៩៩១​​​ ដែល​​​​​​​​​បាន​​​បញ្ចប់​​​សង្គ្រាម​​​​​​រាប់​​​ទសវត្សរ៍​​​ក្នុងប្រទេស​​​កម្ពុជា​​​នោះ គួរ​​​តែ​​​ត្រៀម​​​ខ្លួនឲ្យ​​​ហើយ​​​​​​ ដើម្បី​​​ធានា​​​ឲ្យ​​​បាន​​​នូវ​​​សន្ដិភាព​​​ជា​​​ថ្មី​​​ម្ដង​​​ទៀត​​ បន្ទាប់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​។

សំដៅ​​​ដល់​​​កិច្ច​​​ព្រម​​​ព្រៀងក្រុង​​​ប៉ារីស​​​​​​ដែល​​​បាន​​​ផ្ដួច​​​ផ្ដើម​​​ឲ្យ​​​មាន​​​បេសកកម្ម​​​រក្សា​​​សន្ដិភាព​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ ដែល​​​បាន​​​ពិនិត្យ​​​មើល​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​១៩៩៣ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​​​​ថា  “ ខ្ញុំ​​​សូម​​​អំពាវ​​​នាវ​​​ឲ្យ​​​បណ្ដា​​​ហត្ថលេខី​​​នៃ​​​កិច្ច​​​ព្រមព្រៀង​​​សន្ដិភាព​​​ទីក្រុង​​​ប៉ារីស ត្រៀម​​​ខ្លួន​​​​​​មក​​​ធ្វើ​​​ជា​​​អ្នក​​​សម្រុះ​​​​​​សម្រួល​​​ និង​​​​​សង្កេត​​​ការណ៍​​​ ពីព្រោះ​​​ខ្ញុំ​​​គិត​​​ថា​​​ ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ឆ្នាំ​​​នេះ​​​​​​មាន​​​ភាព​​​ស្វិត​​​ស្វាញ​​​ខ្លាំង​​​ណាស់​​​”។

លោក កឹម សុខា បាន​​​វិល​​​ត្រឡប់​​​មក​​​រាជ​​​ធានី​​​ភ្នំពេញវិញ​​​​​​​​​ អំឡុង​​​ដំណើរ​​​ចុះ​​​ឃោសនា​​​យ៉ាង​​​ប្រញាប់​​​ប្រញាល់នៅ​​​តាមបណ្ដា​​​​​​ខេត្ត​​​ ហើយ​​​បាន​​​ជួប​​​ជាមួយ​​​តំណាង​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ ដើម្បី​​​សម្ដែង​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការ​​​កើត​​​មាន​​​អំពើហិង្សា​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​​​​។

ទោះ​​​បី​​​ជា​​​សេចក្ដី​​​រាយការណ៍​​​អំពី​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ក្នុង​​​ពេល​​​ថ្មីៗ​​​នេះ បាន​​​លើក​​​ឡើង​​​ថា អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ខឹង​​​ ដោយ​​​សារ​​​​​​តែ​​​ការ​​​ប្រើ​​​វោហារស័ព្ទ​​​ប្រឆាំង​​​វៀតណាម​​​ ជាពិសេស​​​តាម​​​រយៈ​​​​​​ការ​​​ប្រើ​​​ប្រាស់​​​ពាក្យ​​​ថា “យួន” ក៏​​​ដោយ​​​ ក៏​​​លោក កឹម សុខា បាន​​​អះអាង​​​ថា គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​​​​ នឹង​​​​​​រក​​​ដំណោះ​​​ស្រាយ​​​អហិង្សា​​​ទាក់​​​ទិន​​​លទ្ធផល​​​បោះ​​​ឆ្នោត​​​​​​។

លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ជាដំបូង​​​យើងនឹង​​​​​​រង់​​​ចាំ​​​មើលសិន​​​​​​ថា តើ​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ត្រឹម​​​ត្រូវ​​​កម្រិ​​​តណា​​​ និង​​​ថា តើ​​​លទ្ធផល​​​ពិត​​​ជា​​​មិន​​​ត្រឹម​​​ត្រូវ​​​ ឬយ៉ាង​​​ណា​​​ យើង​​​នឹង​​​ពិចារណា​​​​​​រក​​​វិធី​​​តវ៉ា​​​។ យើង​​​នឹង​​​តវ៉ា​​​ដោយ​​​អហិង្សា​​​ គឺ​​​មិន​​​ប្រើ​​​អំពើ​​​ហិង្សា​​​ឡើយ​​​ យើង​​​ចង់​​​ឃើញ​​​ដំណោះ​​​ស្រាយ​​​មួយ​​​ដែល​​​ភាគី​​​ទាំង​​​អស់​​​អាច​​​ទទួល​​​យក​​​បាន​​​”។

លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​ទី​​ស្ដីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​​​​ ថ្លែងថា លោក​​​មិន​​​អាច​​​ព្យាករ​​​បាន​​​ថា នឹង​​​មាន​​​អ្វី​​​កើត​​​ឡើង​​​បន្ទាប់​​​ពី​​​​​​ការ​​​បោះ​​​ឆ្នោត​​​នោះ​​​ទេ​​​ ប៉ុន្តែ​​​លោកលើក​​​ឡើង​​​​​​ថា គណបក្ស​​​ទាំង​​​អស់​​​ត្រូវ​​​តែ​​​ទទួល​​​ស្គាល់​​​ការ​​​សម្រេច​​​ចិត្ត​​​របស់​​​អ្នក​​​បោះ​​​ឆ្នោត​​​។ លោក​មា​​​ន​​​​​​ប្រសាសន៍​​​ថា “ យើង​​​ត្រូវ​​​តែ​​​គោរព​​​ការ​​​ជ្រើស​​​រើស​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ភាគ​​​ច្រើន​​​។ យើង​​​កំពុង​​​និយាយ​​​អំពី​​​នីតិរដ្ឋ​​​។ យើង​​​កំពុង​​​និយាយ​​​អំពី​​​លទ្ធិប្រជា​​​ធិប​​​តេយ្យ​​​។ នោះ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​យើង​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត វា​​​មិន​​​មាន​​​ន័យ​​​ថា យើង​​​បែក​​​បាក់​​​​​​សាមគ្គី​​​ទេ​​​។ យើង​​​គ្មាន​​​ការ​​​រំពឹង​​​ទុក​​​​​​ណាមួយ​​​ចំពោះ​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​នោះ​​​ទេ។ វា​​​ជា​​​ការ​​​ជ្រើស​​​រើស​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ ហើយ​​​​​​ច្បាប់​​​នឹង​​​ត្រូវ​​​អនុវត្ត​​​លើ​​​ជន​​​ណា​​​ដែល​​​ព្យាយាម​​​បង្ក​​​បញ្ហា​​​ [បន្ទាប់​​​ពី​​ចេញ​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​]”។

លោក​​​​​​មាន​​​ប្រសាសន៍​​​ថា ពិធី​​​ជួប​​​ជុំ​​​មហា​​​ជន​​​​​​ដើម្បី​​​សម្ដែង​​​ការ​​​គាំ​​​ទ្រ​​​ចំពោះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ធ្វើ​​​ឡើង​​​នៅ​​​ទូទាំង​​​ប្រទេស បាន​​​​​​បង្ហាញ​​​ថា ការ​​​បោះ​​​ឆ្នោត​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ក្នុង​​​បរិ​​​យាកាស​​​សេរី​​​។ លោ​​​ក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “​​​ គណបក្ស​​​ប្រឆាំង​​​មាន​​​ផែន​​​ការ​​​ប្រឌិត​​​រឿង​​​ដើម្បី​​​បង្ហាញ​​​ថា លទ្ធផល​​​បោះ​​​ឆ្នោត​​​​​​គួរ​​​ឲ្យ​​​ខក​​​ចិត្ត​​​ [ចំពោះ​​​ប្រជា​​​ពល​​​រដ្ឋ​​​]”។

លោក កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ដាក់​​​សំណើ​​​ទៅ​​​​​​តំណាង​​​ការិយា​​​ល័យ​​​​​​ឧត្ដម​​​ស្នង​​​ការ​​​ទទួល​​​បន្ទុក​​​សិទ្ធិមនុស្ស​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​ ដើម្បី​​​សម្ដែង​​​ការ​​​ព្រួយបាម្ភ​​​ចំពោះ​​​ភាព​​​តាន​​​តឹង​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​។

លោក​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា  ​​​លោក​​​បាន​​​ស្នើ​​​ជា​​​ពិសេស​​​ឲ្យ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​​​​ស៊ើប​​​អង្កេត​​​ហេតុការណ៍​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ កាល​​​ពីថ្ងៃ​​​ពុធ ក្នុង​​​ខណ្ឌ​​​ឫស្សីកែវ រាជ​​​ធានី​​​ភ្នំពេញ និង​​​ហេតុការណ៍​​​មួយកើត​​​ឡើង​​​​​​កាល​​​ពី​​​ពេល​​​រំលង​​​អធ្រាត្រ​​​ឈាន​​​ចូល​​​ព្រឹក​​​ថ្ងៃ​​​សៅរ៍​​​ ដែល​​​ក្នុង​​​នោះ​​​គ្រាប់​​​កាំភ្លើង​​​មួយ​​​គ្រាប់​​​ត្រូវ​​​បាន​​​បាញ់​​​ទម្លុះ​​​ទ្វា​​​រកញ្ចក់​​​​​​នៃ​​​ទីស្នាក់​​​ការ​​​កណ្ដាល​​​របស់​​​គណប​​​ក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា លោក​​​ក៏​​​បាន​​​ស្នើ​​​ឲ្យ​​​តំណាង​​​មួយ​​​រូប​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ឃ្លាំ​​​មើល​​​កា​​​រ​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​នៅ​​​អ្នក​​​លឿង​​​ ក្នុង​​​ខេត្ត​​​ព្រៃវែង​​​ ជា​​​តំបន់​​​មួយ​​​ដែល​​​មាន​​​ជន​​​ជាតិ​​​វៀតណាម​​​​​​រស់​​​នៅ​​​ច្រើនផង​​​ដែរ​​​​​​ និង​​​ដែល​​​លោក​​​ កឹម សុខា និង​​​លោក សម រង្ស៊ី ប្រធាន​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ចុះ​​​ធ្វើ​​​យុទ្ធនាការ​​​ឃោស​​​នា​​​កាល​​​​​​ពី​​​ម្សិលមិញ៕

ប្រែ​​​សម្រួល​​​ដោយ​​ តែម សុខុម    ​​   

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.