អង្គការ​ឃ្លាំ​មើល​សិទ្ធ​មនុស្ស​​​ស្នើ​​ឲ្យ​ម្ចាស់​ជំនួយ​ចាត់វិធានការ​លើ​​ភាព​មិន​ប្រក្រតី​ក្នុង​​​​ការ​បោះឆ្នោត

​កាលពី​ម្សិលមិញ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា ខ្លួន​សង្ស័យ​ថា គណបក្ស​កាន់​អំណាច​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​​​លួច​​​បន្លំ​សន្លឹក​ឆ្នោត​អំឡុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​​​នេះ​​​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​ម្ចាស់​ជំនួយ​អន្តរជាតិ​របស់​ប្រទេស​នេះ​​​ទាម​ទារ​​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​អង្កេត​ឯករាជ្យ​​​ជា​​​បន្ទាន់​​​​មួយ។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាមទារ​ឲ្យ​មាន​ការ​បង្កើត​​គណៈ​​កម្មាធិការ​មួយ​​ដែល​មាន​ការ​​ចូល​រួម​ពី​​​​អង្គការ​​​សហប្រជាជាតិ​​​​ និង​សហ​គមន៍​​អន្តរជាតិ​ដើម្បី​​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​​អំឡុង​ការ​បោះ​ឆ្នោត​ ដែល​​​​គណបក្ស​​​​ទាំងពីរ​​​សុទ្ធ​​​តែ​​អះអាង​ថា ខ្លួន​​​​ជា​​​អ្នក​​​ទទួល​​​​​​ជ័យ​​​ជម្នះ​​​។

តាមរយៈ​​​​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​បាន​​​ចេញ​​​​ផ្សាយ​​​​​​នៅ​បុរី​ញូយ៉ក​​​ កាលពី​ម្សិល​មិញ​​​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អះ​អាង​​​​ថា ខ្លួន​បាន​រក​ឃើញ​ភ័ស្តុតាង​ដែល​​​​បញ្ជាក់​​​ថា​​​ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​​​​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​​​​​ការ​លួច​​​បន្លំ​សន្លឹក​ឆ្នោត។

សេចក្ដី​ថ្លែងការណ៍​នេះមាន​​​ការ​​​អះអាង​​​ថា មេភូមិ​មិន​បញ្ចេញ​ឈ្មោះ​មួយ​រូប​​​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​សារភាព​ប្រាប់​បុគ្គលិក​​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ថា ខ្លួន​​​​បាន​ចេញ​​ឯកសារ​សម្គាល់​ខ្លួន​ក្លែង​ក្លាយ​​​​ដើម្បី​​​បាន​​​សន្លឹក​​​ឆ្នោត​​​បន្ថែម​​​សម្រាប់​​​​គណ​បក្ស​​កាន់​អំណាច​តាម​​​​​បញ្ជា​របស់​​​​​ឧត្តម​សេនីយ៍​​​​យោធា​​​មួយ​រូប​​ដែល​​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​គណបក្ស​ប្រជាជន​កម្ពុជា​​។

សេចក្ដី​ថ្លែងការណ៍​នេះ​​​​មាន​​​ខ្លឹមសារ​​​ថា “ គាត់​​​​បាន​ពន្យល់​ថា​​​ ឧត្ដម​​សេនីយ៍​​​​​មួយ​​​រូប​​​បាន​ណែនាំ​ឲ្យ​​​​គាត់​​​ចេញ​​​​ឯកសារ​​​ដោយ​​​ប្រើ​​​ឈ្មោះ​របស់​​​អ្នក​ភូមិ​ដែល​មាន​​​​ឈ្មោះ​​​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ប៉ុន្តែ​​​ដែល​​​​បាន​ស្លាប់​​​​បាត់​​​ទៅ​​​ហើយ​​​​ឬដែល​​​បាន​​​​ចាកចេញ​ពី​ស្រុក​កំណើត​​​របស់​ខ្លួន​ជាយូរមកហើយនោះ​​​​”។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ក៏​បាន​លើក​ឡើង​ផង​​​ដែរ​ថា ​ខ្លួន​ទទួល​បាន​ដំណឹង​ថា មាន​​​មន្ត្រី​យោធា​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែល​​​ត្រូវ​បាន​គេ​ចេញ​ប័ណ្ណ​បោះ​ឆ្នោត​ឲ្យ​នៅ​ក្នុង​តំបន់​ដែល​​​​មិនមែន​​​ជា​​​ទីលំនៅ​​​របស់​​​ខ្លួន​​​ និង​​​ថា​​​ មាន​​​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​​​ដែល​​​​​​បាន​​​ប៉ុនប៉ង​​​​បោះ​ឆ្នោត​នៅ​ការិយាល័យ​បោះ​ឆ្នោត​​​​ច្រើន​​​កន្លែង​​​ផ្សេងគ្នា​​​​។ អង្គការ​នេះ​ក៏​​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ជំនួយ​ដែល​បាន​​​និង​​​កំពុង​​​​ផ្ដល់​ជំនួយ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​​​ជា​​​ច្រើន​​​នៅឡើយ​​​នោះ បង្ខំ​​​ឲ្យ​​​មាន​​​ការ​​ស៊ើប​អង្កេត​ដ៏​ហ្មត់ចត់​មួយជុំវិញ​​​​​​​ការ​ចោទ​ប្រកាន់​ពី​​​​ការលួច​​​បន្លំ​សន្លឹក​ឆ្នោត​​​​ផង​ដែរ​។

លោក ប្រេដ អាដាម​ (Brad Adams) នាយក​​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ បាន​លើក​ឡើង​តាមរយៈ​​​សេចក្ដី​ថ្លែងការណ៍​មួយ​ថា “ ផែនការ​​​​​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​បោះឆ្នោត​​​បាន​​​ច្រើនដង​​​នេះ​​​​ ស្តែង​​​ឲ្យ​ឃើញ​​​​ពី​​​លទ្ធភាព​​​នៃ​​​​ការ​លួច​​​បន្លំ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​ពីសំណាក់​​​គណបក្ស​ប្រជាជន​កម្ពុជា ​​​​និង​​​បង្ក​​​ឲ្យ​​​មាន​​​មន្ទិល​​​ជាខ្លាំង​​​ចំពោះ​ភាព​​​គួរ​​​ឲ្យ​​​ជឿជាក់​​​នៃ​​​​ការ​បោះ​ឆ្នោត​​នេះ”។

សេចក្ដី​ថ្លែងការណ៍​នេះ​មាន​​​ខ្លឹមសារ​​​បន្ត​ថា “ ដោយ​សារ​តែ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​​​ការ​បោះ​ឆ្នោត​ និង​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ក្នុង​​​មូលដ្ឋាន​​​​​​សុទ្ធតែ​​​ស្ថិត​​​​នៅ​​​ក្រោម​​ការ​គ្រប់​គ្រង​របស់​គណបក្ស​កាន់​អំណាច​នោះ​ រដ្ឋាភិបាល​​និង​ម្ចាស់​ជំនួយ​ដែល​មាន​ឥទ្ធិពល​​​គួរតែ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​ការលួច​​​​បន្លំ​​​​នេះ ក៏​​​ដូចជា​​​​ការ​ចោទ​ប្រកាន់​​​​គួរ​​​ឲ្យ​​​ជឿជាក់​​​​ផ្សេងៗ​ទៀត​​ពី​ភាព​មិន​ប្រក្រតី​ក្នុង​​​ការ​បោះ​ឆ្នោត​នេះ។ ប្រសិន​​​បើ​គ្មាន​ការ​ស៊ើប​អង្កេត​អំពី​ភាព​មិន​ប្រក្រតី​​​​នេះ​ទេ​​​​នោះ​​​ ​អ្នក​បោះ​ឆ្នោត​ មិន​​​អាច​​​មាន​​​​​ទំនុក​ចិត្ត​លើ​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ និង​រដ្ឋាភិបាល​ថ្មី​ដែល​បង្កើត​​​ឡើង​​​ចេញ​​​ពី​​​ការ​​​បោះឆ្នោត​​​នេះ​​​​ឡើយ​”។

កាលពី​ថ្ងៃច័ន្ទ​​​ ក្រសួង​ការ​បរទេស​សហ​រដ្ឋ​​​​អាមេរិក​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​នានា​។​លោកស្រី ខាធឺរីន អាស្តុន (Catherine Ashton) ប្រធាន​​ផ្នែក​​​​កិច្ច​ការ​បរទេស​​​​នៃ​​​សហភាព​អឺរ៉ុប​​​ ក៏​បាន​​​សម្ដែង​ការ​សោក​ស្ដាយ​ផង​​​ដែរ​ចំពោះ​​​ការ​​​​​​ដែល​​​អនុ​សាសន៍​ដែល​​​ត្រូវបាន​​​ផ្តល់​​​​​​ក្រោយ​​​​ការ​បោះ​ឆ្នោត​​​ឆ្នាំ​២០០៨ មិន​ត្រូវ​បាន​​​​​រដ្ឋាភិបាល​ និង​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀបចំ​​​​​​ការ​​​បោះឆ្នោត ​​​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​ នោះ។

លោក អៀ សុផល អ្នក​និពន្ធ​សៀវភៅ​ក្រោម​​​​ចំណង​ជើង​ថា “ ការ​ពឹង​ផ្អែក​​​លើ​​​​ជំនួយ​​នៅ​​​កម្ពុជា៖ ​មូលហេតុ​​​ដែល​​​ជំនួយ​បរទេស​ធ្វើ​ឲ្យ​ខូច​​​​​លទ្ធិ​​​ប្រជា​ធិប​​តេយ្យ​” បាន​លើក​ឡើង​ថា វា​​​មិន​​​ទំនង​​​ថា​​​ ​នឹង​​​មាន​​​ម្ចាស់​ជំនួយ​ណា​មួយ​​ដែល​នឹង​​​​កាត់​ផ្ដាច់​​ជំនួយ​របស់​ខ្លួន​​ ប្រសិន​​​បើ​​​​រដ្ឋាភិបាល​​​មិន​​​យក​​​ចិត្ត​​​ទុកដាក់​​​ចំពោះ​​​ការ​អំពាវ​នាវ​ឲ្យ​មានការ​ស៊ើប​អង្កេត​​​នេះ​​​ទេ​​​​​​​ ​។

លោក​បាន​លើក​ឡើង​តាម​រយៈ​អ៊ីម៉េល​មួយ​ថា “ ជា​អកុសល​ ការ​អំពាវ​នាវ​ទាំង​នេះ​មិន​ទំនង​​​ថា​​​ នឹង​​​​មាន​ឥទ្ធិពល​លើ​គណបក្ស​កាន់​អំណាច​​​​សោះ​​​ឡើយ​”ដោយ​​​លោក​បាន​ធ្វើ​​​​​​ការ​​​កត់​​​សម្គាល់​​​​ថា ប្រទេស​មួយ​ចំនួន​ រាប់​ទាំង​​​​ប្រទេស​ចិន និង​ប្រទេស​ហុងគ្រី​​​ផង​​​ ​បាន​​ប្រកាស​រួចហើយ​​ថា ការ​បោះ​ឆ្នោត​នេះ​​​គឺ​​​​បាន​​​​ប្រព្រឹត្ត​​​ទៅ​​​​ដោយ​សេរី​ និង​យុត្តិធម៌​​​។

លោក អៀ សុផល បានគូស​​​បញ្ជាក់​​​​ថា ធនាគារ​ពិភពលោក​ ដែល​បាន​ផ្អាក​​​​ការ​​​ផ្ដល់​ប្រាក់​កម្ចី​ថ្មី​​​​ៗ​​​របស់​ខ្លួន​​​​ឲ្យ​ប្រទេស​កម្ពុជា ដោយ​សារ​ការ​ដោះ​ស្រាយ​​​​មិន​​​បាន​​​ល្អ​​​របស់​រដ្ឋា​ភិ​បាល​​​​ជុំវិញ​​​​​ការ​បណ្ដេញ​ប្រជាជន​​​ចេញ​នៅ​សហគមន៍​បឹង​កក់​ក្នុង​រាជធានី​ភ្នំពេញ​​​នោះ​​​​ ធ្លាប់​បាន​​​​​​បញ្ជាក់​​​​​​​​ថា ខ្លួន​​​នឹង​​​​ចាប់​ផ្ដើម​ចរចា
​​ជា​មួយ​រដ្ឋាភិបាល​ជាថ្មី​​​ម្ដង​ទៀត​ក្រោយ​​​​​ការ​បោះ​ឆ្នោត​​​​។ លោក អៀ សុផល ​បានមាន​ប្រសាសន៍​ថា “ ប្រហែល​ជាមាន​ការ​ពន្យាពេល​ខ្លះ​ក្នុង​ចំណោម​ម្ចាស់​ជំនួយ​ ប៉ុន្តែ​នៅ​ទីបំផុត​ពួកគេ​នឹង​ទទួល​យក​ការ​ពិ​ត​ ហើយ​លែង​ឈរ​ឱប​ដៃមើល​ទៀត​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.