ឯកអគ្គ​​​រដ្ឋទូត​​​អាមេរិក​​​អំពាវ​នាវ​ឲ្យ​​​​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ភាព​​​មិន​​​ប្រក្រតី​​​និង​​​កំណែ​​​ទម្រង់​​​ គ.ជ.ប.

ជាការ​​​​​​បញ្ជាក់​​​ឡើង​​​វិញ​​​ពី​​​ការ​​​អំពាវនាវ​​​របស់​​​​​​​​​​​​​​អាមេរិក​​​​​​ឲ្យ​​​មាន​​​ការស៊ើប​​​អង្កេត​​​​​​អំពី​​​​​​ភាព​​​មិន​​​ប្រក្រតី​​​អំឡុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ កាលពី​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា ឯក​​​អគ្គ​​​រដ្ឋ​​​ទូត​​​​​​អាមេរិក​​​ប្រចាំ​​​នៅ​​​​​​ប្រទេស​​​កម្ពុជា​​​ បាន​​​ទទូច​​​ឲ្យ​​​រាជ​រដ្ឋាភិបាល​​​​​​កម្ពុជា​​​ ដោះ​ស្រាយ​​​ពាក្យ​​​បណ្តឹង​​​ពាក់ព័ន្ធ​​​​​​នឹង​​​​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​​​​។

ខណៈ​​​រដ្ឋាភិបាល​​​បរទេស​​​មួយ​​​ចំនួន​​​បាន​ផ្ញើ​​​សារ​អប​​​អរ​​​​​​លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា បន្ទាប់ពី​​​គណបក្ស​​​ប្រជាជន​​​បាន​ប្រកាស​ពីជ័យ​ជម្នះ​​​ភ្លាម​​​ៗ​​​នោះ​​​​ ​អាមេរិក​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ (CNRP)​​ ក៏​​​បាន​​​ប្រកាស​​​អំពី​​​​​​ជ័យ​​​ជម្នះ​​​​​​របស់​​​ខ្លួន​​​​​​​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​នេះដែរ​​ ​និង​​​បាន​​​ចោទ​​​ប្រកាន់​​​ថា​​​ មាន​​​ការ​​​លួច​​​បន្លំ​​​​​​​​​​សន្លឹក​​​ឆ្នោត​​​ទ្រង់ទ្រាយ​​​ធំ​​​ ដោយ​​​​​​​អំពាវ​​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ឯករាជ្យ​​​មួយ​​​​​​លើ​​​ដំណើរ​​​ការ​​​បោះឆ្នោត​​​នេះ។​​​

កាលពី​​​សប្តាហ៍​​​មុន​​​ ក្រសួង​​​ការ​​​បរទេស​​​សហរដ្ឋ​​​អាមេរិក ក៏​​​បាន​​​អំពាវនាវ​​​ឲ្យ​​​មាន​​​ការ​​​​​​ស៊ើប​​​អង្កេត​​​ “​​​ដែល​​​អាច​ទុក​ចិត្ត​បាន​” ​​​លើ​​​ការ​​​​​​ចោទ​​​ប្រកាន់​​​​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​​​​នេះ​​​ដែរ​​​។ នៅ​​​ក្នុងអត្ថបទ​​​​​​ប្រចាំ​​​សប្តាហ៍​​​របស់​​​លោក​​​ ដែល​​​​​​បាន​​​ចុះ​​​ផ្សាយ​​​​​​​​​នៅ​​​លើ​​​​​​​​​កាសែត​​​រស្មី​​​កម្ពុជា ​​​ និង​​​​​​លើ​​​គេហ​​​ទំព័រ​​​​​​​​​ព័ត៌មាន​​​ជា​​​ភាសា​​​អង់គ្លេស​​​​​​​​​​​​របស់​​​កាសែត​​​នេះ​​​កាលពី​​​ម្សិល​​​មិញ លោក វីលលៀម​​​ ថដ៍ (William Todd) ឯកអគ្គ​​​រដ្ឋទូ​​​ត​​​អាមេរិក​​​ លើកឡើង​​​ថា ការ​​​បោះ​​​ឆ្នោត​​​នេះ​​​ដែលសូម្បី​​​តែ​​​​​​លទ្ធផល​​​បឋម​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ផ្ទាល់​​​ ​​​ក៏​​​បង្ហាញ​​​ថា ​​​គណបក្ស​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​​​​កើន​​​​​​អាសនៈ​​​ច្រើននោះ​​​​​​​​​ “​​​​​​ផ្តល់​​​ឱកាស​​​ជា​​​ប្រវត្តិ​​​សាស្ត្រ​​​​​​​​​​ និង​​​តែ​​​មួយ​​​គត់​​​​​​ ​​​សម្រាប់​​​​​​​កំណែ​​​ទម្រង់​​​នយោបាយ​​​សំខាន់​​​ៗ​​​ប្រកប​​​ដោយ​​​លក្ខណៈ​​​វិជ្ជមាន​​​”។

លោក វីលលៀម ថដ៍ បាន​​​ទទូច​​​ឲ្យ​​​គណ​​​បក្ស​​​ទាំង​​​អស់​​​បន្ត​​​សកម្មភាព​​​ដោយ​​​សន្តិវិធី​​​នៅ​​​ពេល​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ត្រូវ​​​បាន​​​ប្រកាស​​​ជា​​​ផ្លូវការ​​​​​​។ លោក វីលលៀម ថដ៍​​​​​​ បាន​​​សរសេរ​​​​​​ថា “​​​​​​ជា​​​អកុសល​​​​​​ មាន​​​សេចក្តី​​​រាយ​​​ការណ៍​​​ជា​​​ច្រើន​​​អំពី​​​ភាព​​​មិន​​​ប្រក្រតី​​​​​​​​​អំឡុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​ដែលបាន​​​​​​ធ្វើ​​​ឲ្យ​​​មជ្ឈដ្ឋាន​​​​​​ខ្លះ​​​មានមន្ទិល​​​សង្ស័យ​​​ចំពោះ​​​លទ្ធផល​​​​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​នេះ”។​​​

“​​​ដូច្នេះ សហរដ្ឋអាមេរិក​​​គាំទ្រ​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ពេញ​​​លេញ​​​ និង​​​ប្រកប​​​ដោយ​​​តម្លាភាព​​​លើ​​​ភាព​​​មិន​​​ប្រក្រតី​​​ណាមួយ ដែល​​​ត្រូវ​​​បាន​​​រាយ​​​ការណ៍​​​​​​។​​​ ទន្ទឹម​​​នឹង​​​នោះ ដើម្បី​​​ស្តារ​​​ទំនុក​​​ចិត្ត​​​របស់​​​អ្នក​​​បោះ​​​ឆ្នោត​​​លើ​​​ដំណើរ​​​ការ​​​បោះ​​​ឆ្នោត​​​ ដែល​​​កំពុង​​​តែ​​​បោះ​​​ជំហាន​​​ទៅ​​​​​​​មុខ​​​នោះ​​​ ​​​វា​​​ជា​​​រឿង​​​សំខាន់​​​ខ្លាំងណាស់​​​ក្នុងការ​​​ចាប់​​​ផ្តើម​​​ការ​​​​​​ធ្វើ​​​កំណែ​​​ទម្រង់​​​​ភ្លាមៗ ដើម្បី​​​​បញ្ចប់​​​បញ្ហា​​​​​នេះ​​​”។

លោក វីលលៀម ថដ៍​​​ បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋា​​​ភិបាលកម្ពុជា ​​​ធ្វើ​​​កំណែ​​ទម្រង់​​​ប្រព័ន្ធ​​​បោះ​​​​​​ឆ្នោត​​​ ដែល​​​លោក​​​ សូរិយា ស៊ូបេឌី (Surya Subedi)  ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការសហ​​​ប្រជា​​​ជាតិ​​​ប្រ​​​ចាំ​​​នៅ​​​កម្ពុជា​​​ ធ្លាប់​បាន​​​ស្នើ​​​ កាលពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១២​​​ ប៉ុន្តែ​​​ដែល​​​​​​មិន​​​ត្រូវ​​​បាន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​​​​​​។​​​

លោក វីលលៀម ថដ៍​​​ បាន​​​លើកឡើង​​​​​​ថា “​​​ចំណុច​​​ចាប់​​​ផ្តើម​​​ដ៏​​​ល្អ​​​មួយ​​​​​​សម្រាប់​​​​​​រដ្ឋា​​​ភិបាល​​​​​​គឺ​​​ត្រូវ​​​​អនុវត្ត​​​តាម​​​អនុសាសន៍​​​ដ៏មាន​​​សារៈ​​​សំខាន់​​​របស់​​​អ្នក​​​ធ្វើ​​​របាយ​​​ការណ៍​​​ពិសេស​​​​​​​​​​​​ស្តី​​​ពី​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ ដូច​ជា​ កែតម្រូវ​​​​​​បញ្ជី​​​ឈ្មោះ​​​អ្នក​​​បោះ​​​​​​ឆ្នោត​​​ និង​ធ្វើ​​​ឲ្យ​​​សកម្មភាព​​​របស់​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​មាន​​​លក្ខណៈ​​​​​​អព្យា​​​ក្រឹត​​​​​​​​​​ និង​​​ប្រកប​​​ដោយ​​​តម្លា​​​ភាព​​​​​​​​​”។

ឯក​​​អគ្គ​​​រដ្ឋទូត​​​រូប​​​នេះ​​​បាន​​​​​​សរសេរបន្ត​​​​​​ថា ​​​ “ប្រទេស​​​កាន់​​​លទ្ធិ​​​ប្រជាធិបតេយ្យ​​​ទាំង​​​អស់​​​ត្រូវបន្ត​​​​​​អភិវឌ្ឍ និង​​​កែលម្អ​​​ ហើយ​​​ប្រទេស​​​កម្ពុជា​​​ក៏​​​ដូច​​​គ្នា​​​​​​ដែរ​​​។ ទោះបី​​​ជា​​​​​​​​​មាន​​​បញ្ហា​​​ និង​​​ការ​​​លំបាក​​​ខ្លះនៅរាល់​​​​​​ពេល​​​​​​មាន​​​​​​ការ​​​កែ​​​លម្អ​​​​​​​​​​​​​​​ក៏​​​ដោយ​​​ ក៏​​​ប្រទេស​​​កម្ពុជា​​​ត្រូវ​​​ធានា​​​ឲ្យ​​​​​​​​​​មាន​​​​​​​​​​ការ​​​បោះឆ្នោត​​​​​​ ដែល​​​មាន​​​លក្ខណៈ​​​សេរី និង​​​យុត្តិធម៌​​​បំផុត​​​”។

លោក វីលលៀម ថដ៍​​​ បាន​​​បន្ថែម​​​​​​ថា ​​​លោក​​​សង្ឃឹម​​​ថា តំណាង​​​រាស្ត្រ​​​ដែល​​​បាន​​​ជាប់​​​ឆ្នោត​​​កាលពី​​​ខែ​​​​​​កក្កដា​​​​​​​​នេះ​​​​ នឹង “​​​ឆក់​​​យក​​​ឱកាស​​​ជា​​​ប្រវត្តិ​​​សាស្ត្រ​​​នេះដើម្បី​​​​​​ពង្រឹង​​​​​​​​​នីតិ​​​រដ្ឋ​​​ និង​​​សិទ្ធិ​​​មនុស្ស​​​ និង​​​បង្កើត​​​ច្បាប់​​​ប្រកប​​​ដោយ​​​លក្ខណៈ​​​ត្រឹម​​​ត្រូវ​​​និង​​​តម្លាភាព​​​ ហើយ​ដឹក​នាំ​ប្រទេស​​​ដើម្បី​​​ផល​​​ប្រយោជន៍​​​របស់​​​ប្រជា​​​ពលរដ្ឋ​​​កម្ពុជា​​​គ្រប់ៗ​​​រូប​​​”។

​​​អត្ថបទ​​​​​​​របស់​​​លោក វីល​​​លៀម ថដ៍​​​ ​​​បាន​​​ចេញផ្សាយ​​​រយៈពេល​​​​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ប៉ុណ្ណោះ បន្ទាប់​​​ពី​​​លោក​​​នាយករដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​រិះ​​​គន់​​​​​​ការ​​​អំពាវ​​​នាវ​​​របស់​​​ក្រុម​​​តស៊ូមតិ ​​​និង​​​សមា​​​ជិក​​​សភា​​​​​​​​​ក្នុងរដ្ឋធានី​​​​​​វ៉ាស៊ីន​​​តោន​​​ ឲ្យ​​​សហរដ្ឋ​​​អាមេរិក​​​ឈប់​​​ផ្តល់​​​ជំនួយ​​​និង​​​ជំនួយ​​​យោធា​​​ដល់​​​ប្រទេស​​​កម្ពុជា​​​​​​ សោយ​​​សារ​​​មាន​​​​​​​​​ការ​​​អះអាង​​​ថា ការ​​​បោះឆ្នោត​​​នេះ​​​ មិន​​​មាន​​លក្ខ​​​ណៈ​​​សេរី​​​និង​​​យុត្តិ​​​ធម៌​​​​​​​​​។​​​

លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​ទីស្តីការ​​​គណៈរដ្ឋមន្ត្រី​​​ បាន​​​មាន​​​ប្រសាសន៍ថា ការ​​​អត្ថា​​​​​​ធិប្បាយ​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន​​​ សែន កាលពី​​​ថ្ងៃ​​​សុក្រ​​​​​​កន្លង​​​ទៅ​​​​​​​​​ គឺ​​​មិនមែន​​​​​​​​សំដៅ​​​ទៅ​​​​​​លើ​​​​​​រដ្ឋា​​​ភិបាល​​​​​​​​​សហរដ្ឋ​​​អាមេរិក​​​ ដែ​​​ល​​​មាន​​​ទំនាក់​​​ទំនង​​​ល្អ​​​​​​​​​​​​​​​ជាមួយ​​​រដ្ឋាភិបា​​​ល​​​កម្ពុជា​​​នោះទេ។

លោក ផៃ ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​យើង​​​នៅ​​​តែ​​​មាន​​​ទំនាក់​​​ទំនង​​​និង​​​កិច្ច​​​សហ​​​ប្រតិបត្តិ​​​ការ​​​ល្អ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​​​​សង្កត់​​​ធ្ងន់​​​​​​ថា “សម្តេច​​​នាយក​​​​​​រដ្ឋមន្ត្រី​​​​​​មាន​​​ប្រសាសន៍​​​​​​សំដៅ​​​តែ​​​​​​​​​​​​​​​លើ​​​​​​​​​សមាជិក​​​សភា​​​​​​សហរដ្ឋ​​​អាមេរិក​​​មួយ​​​ក្រុម​​​ និង​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​ប៉ុណ្ណោះ​​​។​​​ ពួក​​​គេ​​​​​​បាន​​​ប្រើ​​​ជំនួយ​​​ដើម្បី​​​​​​គាប​​​សង្កត់​​​មក​​​លើ​​​​​​រាជ​​​រដ្ឋាភិបាល​​​កម្ពុជា។​​​ វាមិន​​​យុត្តិ​​​ធម៌​​​ចំពោះ​​​ប្រទេស​​​កម្ពុជា​​​ ក្នុង​​​នាម​​​ជា​​​រដ្ឋ​​​​​​អធិប​​​តេយ្យ​​​នោះ​​​ទេ​​​”៕

ប្រែ​​​សម្រួល​​​ដោយ អ៊ូច សូនី

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.