អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​ព្យាករ​ថា​ ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​ នឹង​មាន​ចំនួន​ស្មើ​ឆ្នាំ​មុន

អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​របស់​អង្គការ​សហប្រជា​ជាតិ​ ដែល​ហៅ​កាត់​ថា​ អង្គការ​ហ្វាវ​ (FAO)​ ព្យាករ​ថា​ ទិន្នផល​ស្រូវ​របស់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​នេះ​នឹង​មាន​ចំនួន​ស្មើ​ទិន្ន​ផល​ស្រូវ​ឆ្នាំ​មុន​។

នៅ​ក្នុង​របាយការណ៍​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​ទីផ្សារ​ស្រូវ​ខែ​កក្កដា​របស់​ខ្លួន​ ដែល​ចេញ​ផ្សព្វ​ផ្សាយ​ប្រចាំ​ត្រី​មាស​ អង្គការ​ហ្វាវ​ បាន​ឲ្យ​ដឹង​ថា​ បើ​តាម​ស្ថាន​ភាព​អាកាស​ធាតុ​មាន​ន័យ​ថា​ ទិន្ន ផល​ស្រូវ​ឆ្នាំ​នេះ​នឹង​មិន​អាច​ឈាន​ដល់​កម្រិត ​ដែល​បាន​ព្យាករ​ទុក​កាល​ពី​ពេល​មុន​នោះ​ទេ។

របាយការណ៍​ដែល​វិភាគ​អំពី​ទីផ្សារ​ស្រូវ​នៅ​លើ​ពិភព​លោក​នេះ​បាន​បង្ហាញ​ថា​ “នៅ​ក្នុង​ប្រទេស​កម្ពុជា​ ការ​ធ្លាក់​ភ្លៀង​យឺត​យ៉ាវ​បាន​ពន្យា​រពេល​ដល់​ការ​ដាំ​ដុះ​ដំណាំ​ដ៏​សំខាន់​នេះ​នៅ​រដូវ​ដាំ​ដុះ​ឆ្នាំ​២០១៣​ ដែល​រហូត​ដល់​ខែ​ធ្នូ​ទើប​ដល់​រដូវ​ប្រមូល​ផល។​ បើ​តាម​ការ​ប៉ាន់​ស្មាន​ជា​ផ្លូវ​ការ​ នៅ​ត្រឹម​ដំណាច់​ខែ​មិថុនា​ផ្ទៃ​ដី​ដាំដុះ​រួច​មាន​ទំហំ​៩៣​.០០០​ហិកតា​ ពោល​គឺ​តិច​ជាង​ផ្ទៃ​ដី​ដាំ​ដុះ​រួច​កាល​ពី​ឆ្នាំ​មុន​ដែល​មាន​ទំហំ៨៥០.៧០០​ហិកតា​”។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា​ បើ​ទោះ​ជា​នៅ​សល់​ពេល​វេលា​សម្រាប់​ការ​ធ្វើ​ស្រែ​ ដើម្បី​ឲ្យ​បាន​ស្មើ​នឹង​ផ្ទៃ​ដី​ធ្វើ​ស្រែ​កាល​ពី​ឆ្នាំ​មុន​ និង​ដើម្បី​បង្កើន​ទិន្នផល​ស្រូវ​សម្រាប់​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​​ ក៏បច្ចុប្ប​ន្ន​​​នេះ​គេ​រំពឹង​ថា​ ប្រទេស​កម្ពុជា​នឹង​អាច​ផលិត​ស្រូវ​បាន​តែ​ចំនួន​៩,៣​លាន​តោន​តែ​ប៉ុណ្ណោះ​​​ពោល​​​​​​​គឺ​មាន​ចំនួន​ស្មើ​នឹង​ទិន្នផល​ស្រូវ​ឆ្នាំ​មុន​។

យោង​តាម​របាយការណ៍​នេះ​ ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​នឹង​មាន​ចំនួន​តិច​ជាង​ការ​ព្យាករណ៍​ទុក​កាល​ពី​លើក​មុន​ចំនួន​ “ ២០០.០០០​តោន​ ប៉ុន្តែ​នៅ​តែ​មាន​ចំនួន​ស្មើនឹង​ទិន្នផល​ស្រូវ​កាល​ពី​ឆ្នាំ​២០១២​ដដែល​”។ បើនិយាយ​ពី​ការ​នាំ​ចេញ​វិញ​ អង្គការ​ ហ្វាវ​ បាន​ឲ្យដឹង​ថា​ គេ​រំពឹង​ថា​ ប្រទេស​កម្ពុជា​នឹង​អាច​នាំ​ចេញ​សរុប​ទាំង​ស្រូវ​ទាំង​អង្ករ​បាន​ចំនួន​១,៣​លាន​តោន​ ប៉ុន្តែ​ភាគ​ច្រើន​គឺ​ការ​នាំ​ចេញ​​​​ជា​ស្រូវ ​ដែល​នឹង​ត្រូវ​យក​ទៅ​កិន​ជា​អង្ករ​នៅ​​​​ក្នុង​ប្រទេស​ថៃ​ និង​ប្រទេស​វៀត​ណាម​។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ “ ​ប្រទេស​កម្ពុជា​កំពុង​តែ​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​​​​ទៅ​កាន់​ការ​បង្កើន​ការ​នាំ​ចេញ​អង្ករ​របស់​ខ្លួន​ដោយ​ផ្ទាល់​តាម​រយៈ​ការ​បង្កើន​ការ​លក់​ចែក​ចាយ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​។​ កិច្ច​ព្រម​ព្រៀង​កាល​ពី​ខែ​មេសា​ក៏​បាន​បើក​ផ្លូវ​សម្រាប់​ការ​លក់​អង្ករ​ទៅ​ឲ្យ​អាជ្ញា​ធរ​ស្បៀង​អាហារ​របស់​ប្រទេស​ហ្វីលីពីន​ផង​ដែរ​ ដោយ​មាន​កិច្ច​ព្រម​ព្រៀង​នា​ពេល​ថ្មីៗ​មួយ​ទៀត​សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ព្រុយ​ណេ​”។

រដ្ឋាភិបាល​បាន​ដាក់​ទិស​ដៅ​កិន​ស្រូវ​ និង​នាំ​អង្ករ​ចេញ​ឲ្យ​បាន​មួយ​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ​ នៅ​ត្រឹម​ឆ្នាំ​២០១៥​។ ខណៈ​ដែល​រោង​ម៉ាស៊ីន​កិន​ស្រូវ​ជា​ច្រើន​កំពុង​ត្រូវ​បាន​សាង​សង់​អំឡុង​ពេល​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​ឥណទាន​ខាង​វិស័យ​កសិកម្ម​នោះ​ ការ​នាំ​អង្ករ​ចេញ​កាល​ពី​ឆ្នាំ​២០១២​ មាន​ចំនួន​ជាង​​​២០០.០០០​​តោនប៉ុណ្ណោះ​។

លោក​ ហ៊ាន ​វណ្ណហន​ អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម​នៅ​ក្រសួង​កសិកម្ម​​​ មិន​បាន​យល់​ស្រប​ជា​មួយ​ការ​ព្យាករណ៍​របស់​អង្គការ​ហ្វាវ​នោះ​ទេ​ ដោយ​​លោក​អះអាង​ថា​ កំណើន​ទិន្នផល​ស្រូវ​នៅ​ប្រទេស​កម្ពុជា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​នៅ​តែ​បន្ត​កើន​ឡើង​។

ដោយ​មិន​បាន​ផ្ដល់​នូវ​តួលេខ​ជាក់​លាក់​ចំពោះ​ទំហំ​ផ្ទៃ​ដី​ដាំដុះ​រួច​គិត​មក​ទល់​នឹង​​​ពេល​​​នេះ​នៅឆ្នាំ​នេះ​ លោក​  ហ៊ាន វណ្ណហន បាន​ឲ្យ​ដឹង​ថា​​​​ តាម​ពិត​ទៅ​ មាន​ភ្លៀង​តាំង​ពី​ដើម​រដូវ​មក​ម៉្លេះ​។ លោក ​វណ្ណហន​ បាន​មាន​ប្រសាសន៍​ថា ​ “ ជា​ទូទៅ​ ទិន្នផល​ស្រូវ​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ពី​ព្រោះ​ប្រជា​កសិករ​ព្យាយាម​ដាំ​ដុះ​ដំណាំ​របស់​ពួក​គាត់​ដោយ​ប្រើ​គ្រាប់​ពូជ​ និង​ជីកសិកម្ម​”៕

ប្រែ​សម្រួល​ដោយ ហួង កុកទៀន

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.