អតី​ត​រដ្ឋ​មន្ត្រីការ​បរទេស​ថៃ​ប្រឈម​មុខ​នឹង​បទ​ចោទ​ពាក់​ព័ន្ធ​កិច្ច​ព្រម​ព្រៀង​ប្រាសាទ​ព្រះវិហារ

យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត​​ថៃ​មួយ​បាន​ឲ្យដឹង​ថា អតី​ត​រដ្ឋ​មន្ត្រី​ការបរទេស​ថៃ​កំពុង​ប្រឈម​មុខ​នឹង​បទ​ចោទ​ពី​ទង្វើមិន​ត្រឹម​ត្រូវ​ជុំ​វិញសេចក្ដីថ្លែង​ការណ៍​មួយ ដែល​លោក​បានចុះហត្ថលេខា​ជា​មួយ​លោក​ឧបនាយករដ្ឋ​មន្ត្រី សុខា អាន​ អំពី​ប្រាសាទ​ព្រះវិហារ​។

លោក ណូបប៉ាដុន ប៉ាតតាម៉ា (Noppadon Pattama) ដែល​ធ្លាប់​ជា​ទីប្រឹក្សា​របស់​លោក​នាយក​រដ្ឋ​មន្ត្រីថៃ​ តាក់ស៊ីន​ (Thaksin) និង​ដែល​បាន​បម្រើ​ការជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ​បាន​តែ​ប្រាំ​ខែ​ប៉ុណ្ណោះ ​​កាល​ពី​​ឆ្នាំ​២០០៨ បាន​ចុះ​ហត្ថលេខាលើ​សេចក្ដីថ្លែ​ង​ការ​ណ៍​រួម​មួយ​នៅ​ឆ្នាំនោះ​ជា​មួយ​លោក សុខា អាន​ ដោ​យ​គាំទ្រ​ការ​ដាក់​ពាក្យ​របស់​ប្រទេស​កម្ពុជា​សុំ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ជា​តំបន់​បេតិក​ភណ្ឌ​​ពិភព​លោក​​​ជាមួយ​​អង្គការ​យូណេ​ស្កូ (UNESCO)។

អំឡុង​ពេល​មាន​ចលាចល​នយោបាយ​នៅ​ថៃ​ គណៈ​កម្មាធិការជាតិ​​ប្រឆាំង​អំពើ​ពុក​រលួយ​ថៃ​​ បាន​ចោទ​ប្រកាន់​លោក ណូបប៉ាដុន និង​សមាជិក​ផ្សេង​ៗ​ទៀត​របស់​​គណបក្ស​អំណាច​ប្រជា​ជន ​ពីបទ​រំលោភ​បំពាន​វិធាន​មួយ​នៅ​ក្នុងរដ្ឋធម្មនុញ្ញ​របស់​ថៃ​ ដែល​ចែង​ថា ​​ត្រូវ​ប្រឹក្សាយោបល់​ជាមួយ​សភាជាមុន​សិន​ ​​អំពី​សន្ធិ​សញ្ញា​ណាមួយ​ដែលប៉ះពាល់​ដល់​ទឹក​ដី​របស់​ប្រទេស​ថៃ​។

កាសែត​ជា​ភាសា​អង់គ្លេស​នៅ​ទី​ក្រុង​បាង​កក​ដែលមាន​ឈ្មោះ​ថា ឌឹ ណេសិន​ (The Nation) បាន​រាយការណ៍​កាល​ពីម្សិលមិញ​ថា កាល​ពី​ថ្ងៃ​សៅរ៍​តុលាការ​ថៃ​ “ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​បទ​ចោទ​” លើ​រូប​លោក ណូប​ប៉ាដុន​ ពី​បទ​ប្រព្រឹត្តិ​មិនត្រឹម​ត្រូវ​។

សេចក្ដី​រាយការណ៍​របស់​កាសែត​នេះ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ លោក ណូប​ប៉ាដុន ស្ថិត​នៅ​ក្រៅ​ឃុំ​នៅ​ឡើយ​ ហើយ​លោក​បានបដិ​សេធ​​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ដោ​យ​លោក​លើក​ឡើង​ថា កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​កម្ពុជា​ មិនប៉ះពាល់​ដល់​ទឹក​ដី​របស់​ប្រទេស​ថៃ​នោះ​ទេ។

អង្គការ​យូណេស្កូ​បាន​ចុះ​បញ្ជី​​ប្រាសាទ​ព្រះវិហារ​ជា​តំបន់​បេតិកភណ្ឌ​ពិភព​លោក​ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៨​។ ក្រោយ​មក​នៅ​ខែ​ដដែល​លោក ណូបប៉ាដុន បាន​ចុះ​ចេញ​ពី​តំណែង​ ហើយ​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​​នៅ​ឆ្នាំនោះ​ រហូត​ទាល់​តែ​​ការប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​ជាច្រើនដង​បាន​ផ្ទុះ​ឡើង​ នៅ​​ជុំ​វិញ​តំបន់​ប្រាសាទ​ព្រះវិហារ​កាលពី​ខែ​តុលា​​។

លោក ផៃ ស៊ីផាន​ អ្នកនាំពាក្យ​ទី​ស្ដីការ​គណៈរដ្ឋមន្ត្រី​ បាន​ឲ្យ​ដឹង​ថា សេចក្ដីថ្លែង​ការណ៍​រួម​គ្នានេះ​មិនប៉ះពាល់​ដល់​ទឹកដី​របស់​ថៃ​ទេ​ ពីព្រោះ​​កម្ពុជា​ទទួល​ស្គាល់​ថា តំបន់​បេតិកភណ្ឌ​ពិភព​លោក​​នេះ​ គឺ​គ្រប​​ដណ្ដប់​តែ​តំបន់​ប្រាសាទ​ប៉ុណ្ណោះ​​​ មិន​មែន​តំបន់​ជុំ​វិញ​ដែលមាន​ជម្លោះនោះ​ទេ​។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា វា​មិន​មែន​ជារឿង​ទឹក​ដី​នោះ​ទេ​ លោក​គ្រាន់​តែ​គាំ​ទ្រ​ចំពោះ​ការ​ចុះ​បញ្ជី​ប្រសាទ​ប៉ុណ្ណោះ​។ ការ​ចុះហត្ថលេខារបស់​លោក [ លើ​សេចក្ដី​ថ្លែង​ការណ៍​រួម​នេះ​] ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​​សេចក្ដី​សម្រេចជា​គោល​ការណ៍​​​​របស់​អង្គការ​​យូណេ​ស្កូ ដើម្បីយល់​ព្រម​​ចំពោះ​ការ​ចុះ​បញ្ជី​នេះ​​តែ​ប៉ុណ្ណោះ​៕

ប្រែ​​​សម្រួល​​​ដោយ ហួង កុកទៀន

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.