លោក​​​ សុខ អាន និងឯកអគ្គ​​​រដ្ឋ​​​ទូត​​​អាមេរិក​​​ពិភាក្សា​​​អំពី​​​ការ​​​បង្កើត​​​រដ្ឋ​​​សភា​​​

លោកឧប​​​នាយក​​​រដ្ឋ​​​មន្ត្រី សុខ អាន បាន​​​ជួប​​​ជាមួយ​​​អ្នក​​​ការទូត​​​កំពូល​​​របស់​​​អាមេរិក​​​ប្រចាំ​​​នៅ​​​កម្ពុជា​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ​​​ដើម្បី​​​​​​ពិភាក្សា​​​​​​អំពី​​​ការ​​​បង្កើត​​​រដ្ឋ​​​សភា​​​​​​ ក្រោយ​​​​​​ការ​​​បោះ​​​ឆ្នោត​​​​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា ដ៏​​​ចម្រូង​​​​​​ចម្រាស​​​។

ទាំង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​និង​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ សុទ្ធតែ​​​បាន​​​អះអាង​​​ពី​​​ជ័យ​​​ជម្នះ​​​រៀងៗ​​​ខ្លួន​​​​​​ ហើយ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​អំពាវ​​​នាវ​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​មួយ​​​ ដែល​​​​​​មានការ​​​ចូល​​​រួម​​​​​​ពី​​​ស្ថាប័ន​​​​​​អន្តរជាតិ​​​​​​​​​ អំពី​​​​​​ភាព​​​មិន​​​ប្រក្រតី​​​ទ្រង់​​​ទ្រាយ​​​ធំ​​​នៅ​​​តាម​​​​​ការិយា​​​ល័យ​​​​​​​​​បោះ​​​ឆ្នោត​​​​​​នានា​​​។

អាមេរិក​​​​​​នៅ​​​មិន​​​ទាន់​​​​​​បាន​​​ទទួល​​​ស្គាល់​​​លទ្ធផល​​​​​​នៃ​​​ការ​​​បោះឆ្នោត​​​​​​ជា​​​សាធារ​​​ណៈ​​​​​​នៅ​​​​​​ឡើយ​​​ទេ​​​ ហើយ​​​ក្រសួង​​​ការ​​​បរទេស​​​​​​អាមេរិក​​​បាន​​​លើក​​​ឡើង​​​ថា ចាំបាច់​​​ត្រូវ​​​​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​គួរ​​​ឲ្យ​​​ទុក​​​ចិត្ត​​​មួយ​​​លើ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​។

សេចក្ដី​​​ប្រកាស​​​មួយ​​​ដែល​​​អង្គ​​​ភាព​​​ព័ត​​​៌មាន​​​និង​​​ប្រតិកម្ម​​​រហ័ស​​​នៃ​​​​​​ទី​​​ស្ដី​​​ការ​​​គណៈ​​​រដ្ឋ​​​ម​​​ន្ត្រី​​​បាន​​​ចេញ​​​​​​ ក្រោយ​​​ជំនួប​​​រវាង​​​លោក ​​​សុខ ​​​អាន ​​​និង​លោក​ វីលៀម​ ថដ (Willian Todd) មាន​​​ខ្លឹមសារ​​​​​​​​​ថា “ភាគី​​​ទាំង​​​ពីរ​​​បាន​​​ពិភាក្សា​​​​​​គ្នា​​​ជា​​​យូរ​​​​​​មក​​​ហើយ​​​អំពី​​​ដំណើរ​​​ការ​​​ឆ្ពោះ​​​ទៅ​​​រក​​​ការ​​​​​​បើក​​​សម័យ​​​ប្រជុំ​​​​​​លើក​​​ដំបូង​​​​របស់​​​រដ្ឋ​​​សភា​​​​​នីតិកាល​​​ទី​​​៥​​​និង​​​ការ​​​បង្កើត​​​រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​​”។

សេចក្តី​​​ប្រកាស​​​នេះ​​​មាន​​​ខ្លឹមសារ​​​បន្ត​​​ថា​​​ភាគី​​​ទាំង​​​ពីរ​​​ [កម្ពុជា​​​ និង​​​អាមេរិក] ក៏​​​បាន​​​ផ្លាស់​​​ប្ដូរ​​​​​យោបល់​​​គ្នា​​​​​​អំពី​​​​​​វិធី​​​​​​ពង្រីក​​​ទំនាក់​​​ទំនង​​​ទ្វេ​​​ភាគី​​​ដ៏​​​ល្អ​​​​​​រវាង​​​ប្រទេស​​​ទាំងពីរ​​​​​​និង​​​ប្រជា​​​ជន​​​នៃ​​​ប្រទេស​​​ទាំងពីរ​​​​​​ ដោយ​​​គិត​​​ពី​​​លទ្ធផល​​​​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​សកល ​​​ដែល​​​​​​​​​ជា​​​ឆន្ទៈ​​​របស់​​​ប្រជា​​​​​​ពលរដ្ឋ​​​​​​កម្ពុជា​​​​ទូទាំង​​​ប្រទេស​​​ផងដែរ​​​​​​”។

កាល​​​ពី​​​ដើម​​​ខែ​​​កក្កដា សភា​​​អាមេរិក​​​បាន​​​ពិភាក្សា​​​អំពី​​​លទ្ធភាព​​​នៃ​​​ការ​​​កាត់​​​​​​ផ្តាច់​​​ជំនួយ​​​អាមេរិក​​​​សម្រាប់​​​​​កម្ពុជា​​​ ប្រសិន​​​បើ​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​ពុំ​​​ត្រូវបាន​​​ចាត់ទុក​​​ថា​​​ មាន​​​លក្ខណៈ​​​​​​សេរី​​​ និង​​​យុត្តិធម៌​​​ទេនោះ​​​។
សេចក្ដី​​​ប្រកាស​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​នេះ​​​ ក៏​​​មាន​​​​​​ការ​​​​​​លើក​​​ឡើង​​​​​​ផង​​​ដែរ​​​ថា លោក សុខ​​​ អាន ​​​និង​​​លោក​​​ ថដ បាន​​ “អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ភាព​​​ស្ងប់​​​ស្ងៀម​​​ និង​​​​​​មធ្យោបាយ​​​​​​សន្ដិវិធី​​​​​​​​​សម្រាប់​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ទាំង​​​​​​នេះ​​​ និង​​​ត្រូវ​​​​​​បញ្ចៀស​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​គ្រប់​​​ប្រភេទ​​​​​​ ដើម្បី​​​រក្សា​​​​​​​​​បរិយាកាស​​​ល្អ​​​ និង​​​ស្ថិរភាព​​​សម្រាប់​​​ជីវិត​​​រស់នៅ​​​​​​ប្រចាំថ្ងៃ​​​របស់​​​ប្រជាជន​​​”។

កង្វះ​​​ដំណោះ​​​ស្រាយ​​​សម្រាប់​​​​​​បណ្ដឹង​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ និង​​​ការ​​​ដាក់​​​ពង្រាយ​​​រថ​​​ពាស​​​ដែក​​​នៅ​​​ជិត​​​រាជធានី​​​​​​ភ្នំពេញ​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ព្រួយបារម្ភ​​​អំពី​​​ការ​​​កើតមាន​​​​​ភាព​​​ចលាចល​​​។ មន្ត្រី​​​ស្ថាន​​​ទូត​​​អាមេរិក​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​ភ្លាម​​​ៗ​​​​​​ចំពោះ​​​​​​សំណើ​សុំ​​​ការ​​​អត្ថាធិប្បាយ​​​​​​ទេ​​​ ​​​ប៉ុន្តែ​​​សម្រាប់​​​​​​​​​សប្ដាហ៍​​​​​​ទី​​​២​​​នេះ​​​ លោក ថដ បាន​​​ប្រើ​​​​​​​អត្ថបទ​​​​​​ចេញផ្សាយ​​​ប្រចាំ​​​​​​​​ថ្ងៃ​​​អាទិត្យ​​​​​​​​​​​​​របស់​​​លោក​​​ក្នុង​​​ទំព័រ​​​កាសែត​​​រស្មី​​​កម្ពុជាដើម្បី​​​លើក​​​ឡើង​​​ពី​​​ស្ថាន​​​ភាព​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​។

លោក ថដ បាន​​​សរសេរ​​​ថា “ខណៈ​​​​​​ពិភព​​​លោក​​​សំឡឹង​​​មើល​​​​​​កម្ពុជា​​​ឆ្លងកាត់​​​ដំណាក់​​​កាល​​​ដោះស្រាយ​​​​​​បញ្ហា​​​ពាក់ព័ន្ធ​​​នឹង​​​​​លទ្ធផល​​​នៃ​​​ការ​​​បោះឆ្នោត ខ្ញុំ​​​សូម​​​ជំរុញ​​​​​​ឲ្យ​​​គណបក្ស​​​ទាំង​​​អស់​​​ និង​​​អ្នក​​​គាំទ្រ​​​របស់​​​ខ្លួន​​​បន្ត​​​ការ​​​ងារ​​​​​​កសាង​​​​​អនាគត​​​​​​​​​នៃ​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​នៅ​​​កម្ពុជា​​​តាម​​​រយៈ​​​ការ​​​ពិភាក្សា​​​​​​គ្នា​​​ ហើយ​​​ត្រូវ​​​​​​ធានា​​​​​​ឲ្យ​​​​​​បាន​​​នូវ​​​បរិយាកាស​​​មួយ​​​ដែល​​​ប្រកប​​​ដោយ​​​​​​ភាព​​​ស្ងប់​​​ស្ងៀម​​​ ដោយ​​​សន្តិ​​វិធី និង​​​គ្មាន​​​​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​”។

“ដើម្បី​​​​​​រក្សា​​​បាន​​នូវ​​​ស្មារតី​​​នៃ​​​ដំណើរ​​​ការ​​​ប្រជា​​​ធិបតេយ្យ​​​ប្រកប​​​ដោយ​​​យុត្តិធម៌​​​ និង​​​​​​​​​​​​តម្លា​​​ភាព សហ​​​រដ្ឋ​​​អាមេរិក​​​សូម​​​ជំរុញ​​​មេដឹក​​​នាំ​​​​​​គណបក្ស​​​នយោបាយ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ ឲ្យ​​​ធ្វើការ​​​រួម​​​គ្នា​​​ដើម្បី​​​ទទួល​​​បាន​​​លទ្ធ​​​ផល​​​​មួយ​​​​​​​​​​​ដែល​​​បម្រើ​​​ដល់​​​ផល​​​ប្រយោជន៍​​​​​​របស់​​​ប្រជា​​​ជន​​​កម្ពុជា​​​គ្រប់ៗ​​​រូប​​​”៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.