ប្រាក់​ចំណូល​របស់​កាស៊ីណូ​ ឌ្រីមវើល​ របស់​ក្រុម​ហ៊ុន​ អ៊ីនធើ​ធេន​មិន​ ហ្គេមីង​ អាស៊ី​ នៅ​ប៉ៃលិន​ធ្លាក់ចុះ​

យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ក្រុម​ហ៊ុន​បាន​ផ្សព្វ​ផ្សាយ​ បាន​ឲ្យ​​​ដឹង​​​ថា​ កា​​​ស៊ីណូ​ ឌ្រីមវើល​ (Dreamworld  Casino)​ នៅ​​​​ខេត្ត​ប៉ៃលិន​ របស់​ក្រុម​ហ៊ុន​មួយ​ ដែល​ចុះ​​​​បញ្ជី​នៅ​សហរដ្ឋ​អាមេរិក​ គឺ​ក្រុម​ហ៊ុន​ អ៊ីនធើធេនមិន​ ហ្គេមីង​ អាស៊ី​ (Entertainment Gaming Asia)​ បាន​ជួប​ប្រទះ​នឹង​ការ​ធ្លាក់​ចុះ​នូវ​ប្រាក់​ចំណូល​អស់​ជិត​១៨​ភាគ​រយ​នៅ​ឆ្នាំ​នេះ។

របាយការណ៍​ហិរញ្ញវត្ថុ​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ពី​ទីក្រុង​ ហុង​ កុង​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ ហើយ​បាន​បង្ហាញ​ថា​ កាស៊ីណូ​ ដែល​បាន​បើក​ទ្វារ​ទទួល​ភ្ញៀវ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១២​នេះ​ រក​ប្រាក់​ចំណូល​បាន​ចំនួន​៩០៧.០០០​ដុល្លារ​ចាប់​ពី​ខែ​មេសា​ដល់​ខែ​មិថុនា​ បើ​ធៀប​នឹង​ប្រាក់​ចំណូល​ចំនួន​១,១​លាន​ដុល្លារ​កាល​ពី​ត្រី​មាស​ទី១​ឆ្នាំ​នេះ​។

សេចក្តី​ជូន​ដំណឹង​មួយ​ដែល​អម​ជា​មួយ​របាការណ៍​ហិរញ្ញវត្ថុ​នេះ​បាន​ឲ្យ​ដឹង​ថា​ “​ការ​ធ្លាក់​ចុះ​នេះ​គឺ​ដោយសារ​តែ​ចំនួន​អ្នក​ចូល​មក​លេង​ល្បែង​ស៊ីសង​ធ្លាក់​ចុះ​”។ កាស៊ីណូ​នេះ​មាន​តុ​សម្រាប់​លេង​ល្បែង​ចំនួន​២៦​ នឹង​ទូលេង​ល្បែង​ស៊ីសង​ចំនួន​៥៨​គ្រឿង​។ ការ​ចំណាយ​លើ​ថ្លៃ​ធ្វើ​ប្រតិបត្តិ​ការ​មាន​ការ​ធ្លាក់​ចុះ​បន្តិច​បន្តួច​នៅ​រយៈ​ពេល​បី​ខែ​នេះ​ ក៏​ប៉ុន្តែ​ វា​មាន​ចំនួន​១,២​លាន​ដុល្លារ​ ដែល​នៅ​តែ​មាន​កម្រិត​ខ្ពស់​ជាង​ប្រាក់​ចំណូល​​​​នៅ​ក្នុង​ត្រី​មាស​ដែល​គិត​មក​ទល់​នឹង​ដំណាច់​ខែ​ខែ​មិថុនា​ បើ​ធៀប​នឹង​ការ​ចំណាយ​លើ​ការ​ធ្វើ​ប្រតិបត្តិការ​ចំនួន​១,៣​លាន​ដុល្លារ​នៅ​ក្នុង​ត្រី​មាស​មុន​។

ក្រុម​ហ៊ុន​ អ៊ីនធើ​ធេន​មិន​ ហ្គេមីង​ អាស៊ី​ ក៏​បើក​ទូម៉ាស៊ី​នលេង​ល្បែងស៊ីសង​​​នៅ​កា​ស៊ីណូ​ ណា ហ្គា​វើល​ (NagaWorld) ​ក្នុង​រាជ​ធានី​​​​ភ្នំពេញ​ និង​នៅ​រមណីយ​ដ្ឋាន​ឋានសួគ៌​បូក​គោ​ ក្នុង​ខេត្ត​កំពត​ផង​ដែរ​ ហើយ​បាន​បើក​សាល​លេង​ល្បែង​ស៊ីសងមួយ​កន្លែង​ ដែល​មាន​ទូលេង​ល្បែង​ចំនួន​៣០០​នៅ​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ពី​ខែ​ឧសភា​ឆ្នាំ​នេះ​។​ក្រុម​ហ៊ុន​ ក៏​បាន​ប្រកាស​ជូន​ដំណឹង​អំពី​ផែន​ការ​បើក​កាស៊ីណូ​មួយ​ទៀត​នៅ​ខេត្ត​កំពត​ផង​ដែរ​។

ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្រុម​ហ៊ុន​មូលបត្រ​ ណាសដាក់​ ខាភីថល​ ម៉ាឃីត​ (NASDAQ Capital Market)​ នៅ​បុរីញូវ​យ៉ក​ ហើយ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ក្រុម​ហ៊ុន​ ម៉េលកូ​ អុីន​ធើណេសិណល​ ឌីវែលប់មិន​ (Melco    International development)​ ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ម៉ាកាវ។

យោង​តាម​ប្រតិចារឹក​នៃ​ការ​ជួប​គ្នា​តាម​ទូរស័ព្ទ​ជា​មួយ​ក្រុម​អ្នក​វិភាគ​កាល​ពី​សប្តាហ៍​មុន​បាន​ឲ្យ​ដឹង​ថា​ លោក​ ឃ្លែរិន​ ឆុង​ (Clarence Chung)​ អគ្គនាយក​ និង​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ អុីនធើ​ធេន​មិន​ ហ្គេមីង​ អាស៊ី​ បាន​និយាយ​ថា​ អាជីវកម្ម​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​​ ដែល​​​​ជា​ការ​អភិវឌ្ឍ​កាស៊ីណូ​ដំបូង​គេ​របស់​ក្រុម​ហ៊ុន​ គឺ​ជា​ “បទពិសោធន៍​រៀន​សូត្រ​ដ៏​មាន​តម្លៃ​ដែល​មាន​ [​ផល​ប៉ះ​ពាល់​] ​ចំពោះ​មូលធន​តិច​តួច​ប៉ុណ្ណោះ​​”។

លោក​បាន​ឲ្យ​ដឹង​ថា​ “បញ្ហា​ប្រឈម​មួយ​ចំនួន​ ដែល​យើង​បាន​ជួប​ប្រទះ​…​ បាន​ផ្តល់​ឲ្យ​យើង​នូវ​ការ​យល់​យ៉ាង​ស៊ីជម្រៅ​ចំពោះ​ទីផ្សារ​នេះ​ ហើយ​យើង​កំពុង​ចាត់​វិធានការ​មួយ​ចំនួន​ ដើម្បី​បង្កើន​សក្តា​នុពល​សម្រាប់​គម្រោង​ទាំង​នេះ​”។ ជា​ការ​ឆ្លើយ​តប​នឹង​ការ​ខាត​បង់​ ក្រុម​ហ៊ុន​នេះ​មាន​ផែន​ការ​កាត់​បន្ថយ​តុ​លេង​ល្បែង​ស៊ី​សង​ចេញ​ខ្លះ​នៅ​កាស៊ីណូ​ក្នុង​ខេត្ត​ប៉ៃលិន​ ហើយ​ចាប់​ដៃ​ជា​មួយ​អ្នក​រៀប​ចំដំណើ​រកម្សាន្ត​​​​ឲ្យ​បាន​ច្រើន​ ដើម្បី​នាំ​អ្នក​លេង​ល្បែង​ស៊ីសង​ដែល​ហ៊ាន​ចំណាយ​ច្រើន​ឲ្យ​មក​ចូល​​លេង​នៅ​កាស៊ីណូ​ទាំង​នេះ​។

លោក​ ឆុង​ បាន​និយាយ​ថា​ រូប​លោក​មាន​ទំនុក​ចិត្ត​ថា​ គម្រោង​នៅ​ក្រុង​ប៉ោយ​ប៉ែត​ គឺ​សាល​​​​បំពាក់​ម៉ាស៊ីន​សម្រាប់​លេង​ល្បែង​ ដែល​នៅ​ជាប់​ជា​មួយ​កាស៊ីណូ​មាន​ស្រាប់​ មុខ​ជា​នឹង​ទទួល​បាន​ជោគ​ជ័យ​។ យោង​ទៅ​តាម​ប្រតិចារឹក​ដដែល ​បាន​ឲ្យ​ដឹង​ថា​ លោក​ បាន​និយាយ​ថា​ “ដោយ​មាន​កាស៊ីណូ​ចំនួន​ប្រាំ​បី​កន្លែង​កំពុង​ដំណើរ​ការ​ ក្រុង​ប៉ោយ​ប៉ែត​គឺ​ជា​ទីផ្សារ​​​​ល្បែង​ស៊ីសង​​មាន​ស្រាប់​ និង​​​កំពុង​​កើន​ឡើង​​​នៅ​​​ក្នុង​​​តំបន់​​​”។

លោក សៅ សារ៉ាត់ នាយក​​​រដ្ឋបាល​​​សាលា​​​ខេត្ត​ប៉ៃលិន​​​​​​ បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​មិន​​​ដឹង​​​អំពី​​​ការ​​​ធ្លាក់​​​ចុះ​​​ចំនួន​​​ភ្ញៀវ​​​ដែល​​​ចូល​​​លេង​​​នៅ​​​កាស៊ីណូ​​​ទាំង​​​ប្រាំ​​​កន្លែង​​​ ដែល​​​ទទួល​​​អ្នក​​​លេង​​​​​​ល្បែង​​​ស៊ីសង​​​ពី​​​ប្រទេស​​​ថៃនោះ​ទេ។​ ​​នៅ​​​ប្រទេស​​​ថៃ​​​ការ​​​លេង​​​ល្បែង​​​​​​​​​គឺ​​​ខុស​​​ច្បាប់​​​។

លោក​​​និយាយ​​​ថា “ពួក​​​គេ​​​ [កាស៊ីណូ​​​ទាំង​​​នេះ] នៅ​​​តែ​​​អាច​​​រក​​​ប្រាក់​​​ចំណេញ​​​បាន​​​។ ខ្ញុំ​​​មិន​​​មាន​​​ក្ដី​​​បារម្ភ​​​ថា ពួក​​​គេ​​​នឹង​​​ផ្លាស់​​​ប្ដូរ​​​​​​មុខជំនួ​ញ​​​របស់​​​ពួក​​​គេ​​​ចេញ​​​ពី​​​ខេត្ត​​​របស់​​​យើង​​​នោះឡើយ​​​”។ លោក​​​ ង៉ោ ម៉េងជ្រួន អភិបាល​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ ក៏​​​បាន​​​ឲ្យ​​​ដឹង​​​ផង​​​ដែរ​​​ថា ​​​លោក​​​គិត​​​ថា វិស័យ​​កាស៊ីសណូ​​​​​​​​​​​​នៅ​​​ក្នុង​​​ក្រុង​​​នេះ​​​មិន​​​សូវ​​​​កាក់​​​កប​​​ប៉ុន្មាន​​​ទេ​​​។

លោក​​​ឲ្យ​​​ដឹងថា ​​​ “ខ្ញុំ​​​មិន​​​ដឹង​​​អំពី​ប្រាក់​​​ចំណូល​​​របស់​​​ពួក​​​គេ​​​ទេ​​​ ប៉ុន្តែ​​​អតិថិជន​​​នៅ​​​តែ​​​ចូល​​​លេង​នៅ​​កាស៊ីណូ​​​ទាំង​​​នេះ​​​ជា​​​ធម្មតា​​​”។ យោង​​​តាម​​​លទ្ធផល​​​ហិរញ្ញវត្ថុ​​​របស់​​​ក្រុមហ៊ុន​​​អ៊ីនធើ​ធេន​មិន​ ហ្គេមីង​ អាស៊ី បាន​ឲ្យ​ដឹង​ថា​ ម៉ាស៊ីន​​​សម្រាប់​​​លេង​​​ល្បែង​​​របស់​​​ក្រុមហ៊ុន​​​នេះ នៅ​​​កាស៊ីណូ​​​ណាហ្គាវើល​​​ ដែល​​​​​​ជា​​​កាស៊ីណូ​​​ទទួល​​​បាន​​​អាជ្ញាបណ្ណ​​​តែ​​​មួួ​​​យគត់​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​ រួម​​​ចំណែក​​​ចំនួន​​​៣,៧​​​លាន​​​ដុល្លារ​​​ដល់​​​ប្រាក់​​​ចំណូលសរុប​​​​​​របស់​​​ក្រុមហ៊ុន​​​នេះ​ដែល​​​មាន​​​ចំនួន​​​៥,៨​​​ដុល្លារ ​ចន្លោះ​​​ពី​​​ខែ​​​មេសា​​​ដល់​​​ខែ​​​មិថុនា។

លទ្ធផល​​​ហិរញ្ញ​​​វត្ថុ​​​នេះ​​​បង្ហាញ​​​ថា ប្រាក់​​​ចំណូល​​​ពី​​​ម៉ាស៊ីន​​​លេង​​​ល្បែង​​​ស៊ីសង​​​នៅ​​​កាស៊ីណូ​​​ឋាន​​​សួគ៌​​​បូកគោ​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​សណ្ឋាគារ​កាស៊ីណូ​​​មួយ​​​ក្នុង​​​ចំណោម​​​សណ្ឋា​គារ​កាស៊ីណូ​​​ចំនួន​​​បី​​​ដែ​​​ល​​​កំពុង​​​សាង​​​សង់​​​នៅ​​​លើ​​​ភ្នំ​​​បូកគោ​​​​​​ក្នុង​​​ខេត្ត​​​កំពត​​​ដោយ​​​ក្រុមហ៊ុន​​​សូគីម៉ិក​​​ របស់​​​​​​លោក សុខ គង់ អ្នក​​​ជំនួញ​​​ដ៏​​​ល្បី​​​ល្បាញ​ម្នាក់​​ មាន​​​ការ​​​ធ្លាក់​​​ចុះ​​​ ប៉ុន្តែ​​​មិន​​​ដឹង​​​ថា ​​​ធ្លាក់​​​ចុះ​​​ប៉ុន្មាន​​​នោះ​​​ទេ​​​។

នៅ​​​ទូទាំង​​​ប្រទេស​​​កម្ពុជា​​​ ម៉ាស៊ីន​​​លេង​​​ល្បែង​​​ស៊ី​​​សង​​​មួយ​​​គ្រឿង​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​អាច​​​រក​​​ប្រាក់​បាន​​​ចំនួន​​​១៦៩​​​ដុល្លារ​​​​​​ក្នុង​​​មួយ​​​ថ្ងៃ​​​នៅ​ចន្លោះ​​​ពី​​​ខែ​​​មេសា​​​ដល់​​​ខែ​​​មិថុនា ដោយ​​​​បាន​​​ធ្លាក់​​​ចុះ​​​ពី​​​ចំនួន​​​២១៥​​​ដុល្លារ​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាល​​​ពី​​​ឆ្នាំ​​​២០១២៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.