លទ្ធផល​​របស់​ គ.ជ.ប. ​​បង្ហាញពី​​​ការ​​​ទទួល​​​បាន​​​នូវ​​​​​​សំឡេង​​​ឆ្នោត​​​យ៉ាង​​​ប្រកៀកប្រកិតរវាង​​​បក្ស​​​ទាំង​​​ពីរ​​​

លទ្ធផល​​​​ផ្លូវ​ការ​ ដែល​​គណៈកម្មាធិការ​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) បាន​ប្រកាស​​​កាលពី​ម្សិល​មិញ​​បង្ហាញថា  ​ខេត្ត​មួយ​ចំនួន​​ធ្លាក់​ចុះ​រហូត​ដល់​រាប់​រយ​សំឡេង​​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា។​

ក្រុម​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​មួយ​បាន​លើក​ឡើង​ថា  បើគិត​ពី​ការដែល​​គណ​បក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រឆាំង​បាន​ចោទ​ថា មាន​ភាព​មិន​ប្រក្រតី​​ច្រើន​​នៅ​​ពេល​បោះ​ឆ្នោត​នោះ​ ភាព​ខុស​គ្នា​​​បន្តិច​បន្តួច​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ធ្វើ​ឲ្យ​មាន​ការ​ចាំ​បាច់​ក្នុង​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ​ចំពោះ​លទ្ធ​ផល​បោះ​ឆ្នោត​នេះ។

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​​ដែល​បាន​ចេញ​លទ្ធផល​មិន​ផ្លូវ​ការ​ និង​មិន​​ទាន់​ពេញ​លេញ​នៅ​មួយ​ថ្ងៃ​  បន្ទាប់​ពី​ការ​បោះ​​ឆ្នោត​នោះ​កាលពី​ម្សិល​មិញ បាន​ចេញ​លទ្ធ​ផល​​ផ្លូវ​ការ​លើក​ដំបូង​របស់​ខ្លួន​ ប៉ុន្តែ​លទ្ធ​ផល​នេះ​នៅ​ជា​លទ្ធផល​បឋម​នៅ​ឡើយ​។

ទោះ​បី​ជា​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​​បោះ​ឆ្នោត​មិន​ទាន់​ប្រកាស​សាធារណៈ​អំពី​លទ្ធផល​ផ្លូវ​ការ​​សម្រាប់​អាសនៈ​សភាក៏​ដោយ  ក៏​​ការ​វិភាគ​លើ​តួលេខ​ដែល​ប្រើ​រូប​មន្ត​​ដូច​មាន​ចែង​នៅ​ក្នុង​​ច្បាប់​បោះ​ឆ្នោត​បង្ហាញ​ថា តួលេខ​ទាំង​ពីរ​​លើក​ដែល​ ​គ.ជ.ប.​ បាន​ចេញ​​ស្រប​តាម​លទ្ធផល​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​  ដែល​ប​បង្ហាញ​ថា  គណ​បក្ស​កំពុង​កាន់​អំណាច​បាន​ទទួល​បាន​៦៨​អាសនៈ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​​បាន​៥៥អាសនៈ។

យោង​តាម​តួលេខ​នោះ​ឲ្យ​ដឹង​ថា  លទ្ធ​ផល​​ចុង​ក្រោយ​បង្អស់​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៣.២៣៥.៩៦៩​សំឡេង​ ឬ​ប្រហែល​៤៨,៨៣ភាគ​រយ​នៃ​សន្លឹក​ឆ្នោត​សរុប​។ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​២.៩៤៦.១៧៦​សំឡេង​ ឬ​៤៤,៤៦​ភាគរយ​នៃ​​សន្លឹកឆ្នោត​ទាំង​អស់​។

ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះ​អាង​ថា ខ្លួន​បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​នេះ ខុសពី​លទ្ធផល​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​នោះ​ ​គណបក្ស​ប្រឆាំង​​ត្រូវ​ការ​អាសនៈ​ចំនួន​​ប្រាំពីរ​ថែម​ទៀត​ ដើម្បី​យក​ជ័យ​ជម្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។

នៅ​ក្នុង​ខេត្ត​កណ្ដាល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ប្រាំមួយ​អាសនៈ​ទល់​នឹង​ប្រាំ​អាសនៈ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ​ គណបក្ស​ប្រឆាំង​​ត្រូវ​ការ​តែ​១៦៦សំឡេង​ថែម​ទៀត​ ឬ​០,០៣ភាគរយ​នៃ​សន្លឹក​ឆ្នោត​សរុបប៉ុណ្ណោះ​ ដើម្បី​ផ្លាស់​ប្ដូរ​លទ្ធផល​​នេះ​ទៅ​ប្រាំពីរ​អាសនៈ​ទល់​នឹង​បួន​អាសនៈ។

ក្នុង​ខេត្ត​សៀមរាប​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​បួន​អាសនៈ​ទល់​នឹង​ពីរនោះ ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ការ​សំឡេង​​បន្ថែម​ចំនួន​៤.០៨៣​ ឬ​១ភាគរយ​​នៃ​សំឡេង​ឆ្នោត​ទាំង​អស់​ទើប​​គណបក្ស​សង្គ្រោះ​​​ជាតិ​ទទួល​បាន​អាសនៈ​មួយ​ទៀត​។

នៅ​ក្នុង​ខេត្ត​បាត់​ដំបង បើគណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បានចំនួន​​១៦.៤៥៩​សំឡេង​ ឬ​ក្រោម​បួន​ភាគរយ​នៃ​សំឡេង​ឆ្នោតទាំង​អស់់​អាច​បន្ថយ​​អាសនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ឈ្នះ​​ប្រាំ​អាសនៈ​​ទល់​នឹង​​បី​អាសនៈ​​បាន​។ នៅ​រាជធានី​ភ្នំពេញ​ បើទទួល​បាន​សំឡេង​​ឆ្នោត​៤,៣៩ភាគរយ​ ឬ​២៨.៨៨២សំឡេង​អាច​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​​ទទួល​បាន​មួយ​​អាសនៈ​បន្ថែម​ទៀត​​បន្ថែម​ពី​លើ​ប្រាំពីរ​អាសនៈ​​ដែល​ខ្លួន​បាន​ទទួល​​ ទល់​នឹង​ប្រាំ​អាសនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

នៅ​ក្នុង​ខេត្ត​ដែល​គណៈកម្មាធិការ​​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា ​(ខុមហ្វ្រែល) មាន​ការ​​សង្ស័យ​លើ​លទ្ធផល​របស់​ គ.ជ.ប. និងលទ្ធផលរបស់​​គណ​បក្ស​ប្រជាជន​​​ដែល​បង្ហាញ​ថា  គណ​បក្ស​ប្រជាជន​ទទួល​បាន​សំឡេង​ឆ្នោត​គ្រប់​គ្រាន់​សម្រាប់​ទទួល​បាន​ពីរ​អាសនៈ​ក្នុង​ចំណោម​​បី​អាសនៈ​​ក្នុង​ខេត្ត​នេះ លទ្ធផល​របស់​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បង្ហាញ​ថា  គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ការ​សំឡេង​១១.២៧៨សំឡេង​​ទៀត​​ទើប​ឈ្នះ។

នៅ​ក្នុង​ខេត្ត​ផ្សេងៗ​ទៀត​ គណបក្ស​ប្រជា​ជន​កម្ពុជា​​ត្រូវការ​៣៥.៨៥៥សំឡេង​ទៀត​ ឬ​ប្រហែល​៤ភាគរយ​នៃ​សំឡេង​ឆ្នោត​​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​​ទើប​ទទួល​បាន​៩អាសនៈ​ស្មើគ្នា​សម្រាប់​គណបក្ស​នីមួយ​ៗ​ជា​ជាង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​​១០​អាសនៈ​ទល់​នឹង​៨អាសនៈ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។

នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ​និង​ខេត្ត​ស្វាយ​រៀង​ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ការ​​​​ជាង​៥ភាគរយ​ ឬ​១៣.២៣៧សម្រាប់​ខេត្តបន្ទាយ​មាន​ជ័យ​ និង​១៥.៩៤២សំឡេងទៀត​សម្រាប់​​ខេត្ត​ស្វាយ​រៀង​ ​ទើប​គណបក្ស​នេះ​អាច​ទទួល​បាន​១អាសនៈ​បន្ថែម​ទៀត​ពី​គណ​បក្ស​សង្គ្រោះជាតិ​។

លោក ធន់ សារាយ​ ប្រធាន​ក្រុម​ប្រឹក្សា​  ភិ​បាល​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា លទ្ធផល​ប្រកិត​គ្នា​បែប​នេះ​ បង្ហាញ​ពី​សារៈសំខាន់​ក្នុង​ការ​​ស៊ើប​អង្កេត​​​ដោយ​ឯករាជ្យ​​។ លោក​មាន​ប្រសាសន៍​បន្ត​ថា “ នៅ​ក្នុង​ខេត្ត​សៀមរាប​ និង​ខេត្ត​ក្រចេះ​ និង​នៅ​កន្លែង​​ផ្សេង​ទៀត​ យើង​ត្រូវ​តែ​ស៊ើប​អង្កេតឲ្យ​បាន​ស៊ី​ជម្រៅ​ថែម​ទៀត​ ដើម្បី​ស្វែង​រក​លទ្ធផល​ចុង​ក្រោយ​” ហើយ​លោក​ស្នើ​ឡើង​ថា លទ្ធផល​គៀក​គ្នា​យ៉ាង​ខ្លាំង​នៅក្នុង​​ខេត្ត​កណ្ដាល​ គួប​ផ្សំ​នឹង​ពាក្យ​បណ្ដឹង​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ខេត្ត​នោះ​មាន​ន័យ​ថា ​សន្លឹក​ឆ្នោត​​​គួរ​ត្រូវ​​រាប់​ឡើង​វិញ​។ លោក​ ធន់ សារាយ បាន​មាន​ប្រសាសន៍​​បន្ត​ទៀត​ថា “ ពួកគេ​ក៏​ត្រូវ​ការ​ពិនិត្យ​មើល​ខេត្ត​ធំៗ​ទាំង​អស់​ផង​ដែរ៕

ប្រែសម្រួល​ដោយ ឃិន ណៃ

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.