កម្ពុជា​ពន្យារពេលទទួល​​ជំនួយ​យោធា​របស់​សហ​រដ្ឋ​អាមេរិក​

កម្ពុជា​បានពន្យារពេល​​កម្ម​វិធីផ្តល់​ជំនួយ​យោធា​របស់​អាមេរិក​ភ្លាម​ៗ​  បន្ទាប់​ពីកា​រ​បោះ​​ឆ្នោត​ជាតិ​ថ្ងៃទី​២៨ ខែ​កក្កដា ជាទង្វើ​មួយ​ដែល​អ្នក​វិភាគ​និយាយ​ថា ឆ្លុះ​បញ្ចាំង​ពី​ភាព​តាន​តឹង​​នៅ​ក្នុង​ទំនាក់​ទំនង​បន្ទាប់​ពី​មាន​ការ​ពង្រឹង​ទំនាក់​ទំនង​យោធា​ជាច្រើន​ឆ្នាំ​​​ នេះ​​បើ​តាម​ការ​បញ្ជាក់​​កាល​ពីម្សិល​មិញ ពី​ក្រុម​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ សហរដ្ឋ​អាមេរិក​បាន​បង្កើន​វគ្គ​បណ្តុះ​បណ្តាល​ និង​ការ​ផ្តល់​មូលនិធិផ្សេងទៀត​ដល់​កង​យោធ​ពល​ខេមរភូមិន្ទ​ ប៉ុន្តែ ការ​ពន្យារ​ពេល​នេះ​កើត​​មាន​ឡើង​បន្ទាប់​ពី​សមាជិក​សភា​អាមេរិក​​​​អំពាវ​នាវ​ឲ្យ​សហរដ្ឋ​អាមេរិក​កាត់​ផ្តាច់​ជំនួយ​ដល់​កម្ពុជា​ និង​បន្ទាប់​ពី​​ក្រសួងការ​បរទេស​អាមេរិក​​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ម៉ត់​ចត់​លើការ​ចោ​ទប្រកាន់​ពី​ភាព​មិន​ប្រក្រតី​​​នៅពេល​បោះឆ្នោត​កាល​ពីខែ​មុន​។

នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ទីក្រុង​វ៉ាស៊ីន​​តោន​កាល​ពីថ្ងៃ​ច័ន្ទ លោក​ស្រី ម៉ារី​ ហាហ្វ (Marie Harf) អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​លើក​ឡើង​ថា ការ​ផ្អាក​ជំនួយ​យោធា​នេះ ធ្វើ​ឡើ​ងជា​ឯកតោ​ភាគី​ពី​រដ្ឋា​ភិ​បាល​កម្ពុជា​។

លោក​ស្រី ហាហ្វ បាន​មាន​ប្រសាសន៍ថា “ បន្ទាប់​ពីការ​បោះឆ្នោត​ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​បាន​ផ្អាក​ ឬលុប​ចោល​កម្មវិធី​យោធា​អន្តរជាតិ​មួយ​ចំនួន​​រួម​ទាំ​ងជំនួយ​យោធា​អាមេរិក​ផង​ដែរ​។ យើង​មិន​ចាត់​ទុក​ការ​លុប​ចោល​កម្មវិធីទាំង​នេះ​ជា​ការ​ផ្អាក​ទំនាក់​ទំនង​យោធា​នោះ​ទេ​។ យើង​មិន​បាន​បង្ហាញថា យើង​ផ្អាក​ទំនាក់​ទំនង​យោធា​នោះ​ទេ​”។

លោក​ស្រីបាន​មាន​ប្រសាសន៍ថា  សហ​រដ្ឋ​​​អាមេរិក​កំពុង​​រង់​ចាំមើល​ថា តើបន្ទាប់មក​​កម្ពុជា​នឹង​​ធ្វើ​ដូចម្តេច​ទៀត​ពាក់​ព័ន្ធ​នឹង​ជំនួយ​យោធា​របស់​ខ្លួន ហើយ​បាន​បញ្ជាក់​ថា សហ​រដ្ឋ​អាមេរិក​នឹង​ចាត់​វិធាន​ការ​ណា​មួយ​​ទៅ​តាមការ​វិវត្ត​នៃ​ស្ថាន​ភាពនយោបាយ​ក្រោយ​ការ​បោះឆ្នោត​។

នៅ​ពេល​អ្នក​យក​ព័ត៌មាន​សួរ​ថា តើ​សហ​រដ្ឋ​អាមេរិក​​មាន​ការ​ខក​ចិត្ត​ចំពោះ​សេចក្តី​សម្រេច​​ពន្យារពេល​​កម្ម​វិធី​ទាំង​នេះឬ​យ៉ាង​ណា​នោះ​ លោក​ស្រី​បាន​មាន​ប្រសាសន៍ថា “ដូចខ្ញុំ​បាន​និយាយ​រួច​ហើយ​ យើង​កំពុង​រង់ចាំ​មើលថា តើ​បន្ទាប់​មក​ទៀត​នឹង​មាន​អ្វី​កើត​ឡើង​។ យើង​មិន​ចាត់​ទុក​រឿង​នេះ​ជាការ​ផ្អាក​​​ទំនាក់​ទំនង​យោធា​ ឬ​មិត្ត​ភាព​ស្រុងនោះ​ទេ​។ យើង​មិន​បាន​បង្ហាញថា នោះគឺជា​អ្វី​ដែល​យើង​ចង់​បាន​​ទេ​។ ដូច្នេះ​រឿង​នេះ​ពិត​ជា​ទាក់​ទង​នឹង​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ដែល​បាន​ប្រកាស​លទ្ធផល​បោះឆ្នោត​បឋម​ ដូច្នេះ​ហើយយើង​នឹង​រង់ចាំមើល​​​ស្ថាន​ភាព​​ដែល​កើ​តឡើង​ជាក់ស្តែង​ ហើយ​ពិនិត្យ​មើល​ថា តើ​យើង​នឹង​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច​​”។

លោក​ស្រី ហាហ្វ បដិសេធ​មិន​ប្រាប់​ថា តើ​អាមេរិក​នឹង​លើកឡើង​ពី​បញ្ហា​នេះ​ជា​មួយ​​រដ្ឋាភិបាល​កម្ពុជា​ ឬយ៉ាងណា​នោះ​ទេ​។ ស្ថាន​ទូត​អាមេរិក​បាន​ឲ្យដឹង​ថា ខ្លួន​ត្រូវ​បាន​ជូនដំណឹង​ថា កម្មវិធី​យោធា​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​សហរដ្ឋ​អាមេរិក​​ និង​ប្រទេស​ផ្សេង​ទៀត​ត្រូវបាន​ពន្យារពេល​រហូត​ដល់​មាន​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​។ ប៉ុន្តែ មន្ត្រី​ក្រសួង​ការ​ពារជាតិ​ម្នាក់​បាន​និយាយថា មាន​តែ​កម្មវិធី​ផ្តល់​ជំនួយ​យោធា​អាមេរិក​ប៉ុណ្ណោះ​ត្រូវ​បាន​ពន្យារពេល​ ហើយ​បាន​បញ្ជាក់ថ​ា ទាំង​កម្ពុជា​ និង​អាមេរិក​បាន​ព្រម​ព្រៀង​លើការ​​ពន្យារពេល​នេះ​។

កាល​ពីព្រឹក​ម្សិលមិញ ក្រសួង​ការ​ពារ​ជាតិ​បាន​ធ្វើ​សន្និសីទកាសែត​មួយ​ដែល​នៅ​ក្នុង​នោះ​លោក​​ឧត្តម​សេនីយ៍​ឯក នឹម សុវ៉ាត​ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គោល​នយោ​បាយ​ និ​ង​កិច្ច​ការបរទេសនៅ​ក្រសួង​ការ​ពារ​ជាតិ​បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា កម្ម​វិធី​រួម​​មួយ​ចំនួន​ជាមួយ​សហរដ្ឋ​អាមេរិក  ​ត្រូវ​បាន​ពន្យារពេល។

ទោះជាយ៉ាង​ណា លោក​មាន​ប្រសាសន៍​ថា ការ​ពន្យារពេល​​កម្មវិធី​ទាំង​នេះ​មិន​​ទាក់​ទង​ទៅនឹង​ការ​បោះឆ្នោតទេ​ ប៉ុន្តែ លោក​​បាន​​ព្យាយាម​ពន្យល់​យ៉ាង​ច្បាស់​ពី​​មូល​ហេតុ​ចំពោះការ​ពន្យារពេល​នេះ​​ ឬ​​ពេល​វេលា​នៃ​ការ​ពន្យារពេល​នេះ​។​​​​​​ លោក​បាន​មាន​ប្រសាសន៍ថា “កម្ពុជា​ត្រូវ​​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ល្អ​ និង​រក​អ្នក​ជំនាញ​ក្នុងកង​យោធពល​ខេមរភូមិន្ទ​ដើម្បី​​ចូល​រួម​កម្ម​វិធី​ផ្តល់​ជំនួយ​យោធា​អាមេរិក​។ ដូច្នេះ​យើង​ពន្យារពេល​មួយ​រយៈ​សិន​។វា​មិន​ប៉ះ​ពាល់​ដល់​ផ្នែក​​ណាមួយ​នៃ​ការ​បំពេញ​ភារកិច្ច​របស់​យើង​​ចំពោះ​ប្រទេស​ជាតិ​នោះទេ​”។

លោក​ឧត្តមសេនីយ៍​ឯក​ នឹម​ សុវ៉ាត បាន​មាន​ប្រសាសន៍​បន្ថែ​មថា “ខ្ញុំ​ចង់​ពន្យល់​ថា ពាក្យ​ពន្យារពេល​ខុស​គ្នា​ពី​ពាក្យ​ផ្អាក​ ឬពាក្យ​លុប​ចោល​​។ កា​រពន្យារ​ពេល​មាន​ន័យ​ថា ឥឡូវ​នេះយើង​ពន្យារ​ពេល​ជំនួយរហូត​ដល់​ពេលក្រោយ”។ ប៉ុន្តែ លោក​បាន​បដិសេធ​មិន​ប្រាប់​ថា តើ​ការ​ពន្យារ​ពេល​នេះ​នឹង​ចប់​នៅ​ពេល​ណា​ទេ​។

លោក​បាន​បញ្ជាក់​ថា ទំនាក់​ទំនង​យោធា​ជាមួយ​អាមេរិក​នឹ​ងបន្ត​ ដោយលោក​លើក​ឡើង​ពី​កម្មវិធី​ផ្តល់​ហិរញ្ញវត្ថុ​ដល់​យោធា​បរទេស​​របស់​ក្រសួង​ការ​បរទេស​អាមេរិ​ក​ជា​ឧទាហរណ៍​។ លោក​បាន​មាន​ប្រសាសន៍ថា “តាម​កម្ម​វិធី​ផ្តល់​ហិរញ្ញវត្ថុ​ដល់​យោធា​បរទេស​នេះ​​ យើង​បាន​ព្រម​ព្រៀង​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក​​រួច​ហើយ​។ យើង​នៅតែ​រំពឹង​ថា សហរដ្ឋ​អាមេរិក​​នឹង​ផ្តល់​ជំនួយ​ថែម​ទៀត​សម្រាប់​ឆ្នាំនេះដូច​ដែល​បាន​គ្រោង​ទុក​។ បច្ចុប្បន្ន​នេះ​មាន​ឧបករ​ណ៍មួយ​ចំនួន​ និង​សម្ភារ​ផ្សេង​ៗ​ទៀត​ដែល​បាន​សន្យា​ផ្តល់​ឲ្យ​ក្រោម​កម្មវិធី​ផ្តល់​ហិរញ្ញវត្ថុ​ដល់​យោធា​បរទេស​នេះ​ ដែល​មិនទាន់​បាន​មក​ដល់​នៅ​ឡើយ​ ប៉ុន្តែ​ជំនួ​យ​មួយ​ចំនួន​បាន​មក​ដល់​ហើយ​”។ លោក​បាន​បន្ថែម​ថា កម្មវិធី​បណ្តុះ​បណ្តាល​​អំពីសន្តិសុខ​ដែន​ទឹក​កំពុង​ដំណើរ​ការ​នៅ​ឡើយ​។ លោកបាន​មាន​ប្រសាសន៍ថា កម្ពុជា​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន​ ៤៧៧.០០០​ដុល្លារ​ពី​កម្មវិធី​ផ្តល់​ហិរញ្ញវត្ថុ​ដល់​យោធា​បរទេស​នៅឆ្នាំនេះ​។

ទោះបីជា​ ក្រសួង​ការបរទេស​អាមេរិក​មិន​បាន​​ផ្សព្វផ្សាយ​​តួលេខ​ថ្មី​ក៏ដោយ​ ក៏​​នៅ​ក្នុង​ឆ្នាំ​២០១១​កម្ពុជា​បាន​ទទួល​មូល​និធិ​សរុប​ពី​កម្មវិធី​ផ្តល់​ហិរញ្ញវត្ថុ​ដល់​យោធា​បរទេស​នេះ​ចំនួន​១លាន​ដុល្លារ​ដែរ​។ ជំនួយ​សរុប​ពី​សហរដ្ឋ​អាមេរិក​​សម្រាប់​កម្ពុជា​មាន​ចំនួន​៧៦​លាន​ដុល្លារ​កាល​ពីឆ្នាំមុន​។

ទោះបីជា លោក​ស្រី  ហាហ្វ បាន​មាន​ប្រសាសន៍ថា  កម្មវិធី​ផ្តល់​ជំនួយ​របស់​ប្រទេស​ផ្សេង​ទៀតក៏ត្រូវ​បាន​ពន្យារពេលដែរ​នោះ​ ​លោក​ឧត្តម​សេនីយ៍​ឯក នឹម សុវ៉ាត គ្រាន់​តែ​មាន​ប្រសាសន៍ថា កម្មវិធី​ផ្តល់​ជំនួយ​របស់​អាមេរិក​​ត្រូវ​បាន​ពន្យារ​ពេល​។ ស្ថាន​ទូត​អូស្ត្រាលី​  ស្ថានទូតកូរ៉េខាង​ត្បូង និង​ស្ថាន​ទូត​បារាំ​ងប្រចាំរាជធានី​ភ្នំពេញ​សុទ្ធ​តែ​បាន​បញ្ជាក់​កាល​ពីម្សិលមិញ​ថា  កម្មវិធី​ផ្តល់​ជំនួយ​យោធា​របស់ខ្លួន​កំពុង​ដំណើរការ​ដោយ​គ្មាន​បញ្ហា​ឡើយ​។ ស្ថាន​ទូត​ជប៉ុន​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះសំណើ​សុំ​ការ​អត្ថា​ធិប្បាយ​ទេ​។

លោក​ ស៊ាន​ ម៉ាកគីនតុស អ្នក​នាំពាក្យ​ស្ថាន​​ទូត​អាមេរិក​បាន​បដិសេធមិ​ន​បញ្ចេញ​ឈ្មោះ​ប្រទេស​ផ្សេងទៀត​ ដែល​កម្ម​វិធី​ផ្តល់​ជំនួយ​របស់​ប្រទេស​ទាំង​នោះ​ត្រូវ​បាន​ពន្យា​រ​ពេល​នោះទេ​​ ហើយ​បាន​បញ្ជាក់​ថា មាន​តែ​កម្មវិធី​មួយ​ចំនួន​ប៉ុណ្ណោះ​ត្រូវ​បាន​ពន្យារ​ពេល​នៅកម្ពុជា​។

លោក​បាន​លើក​ឡើង​តាម​អ៊ីម៉េល​ថា “ សកម្មភាពទ្វេភាគី​ដែ​ល​រង​ផល​ប៉ះពាល់​មួយ​ចំនួន​​រវាង​អាមេរិក​ និង​កម្ពុជា​ភាគច្រើន​ពាក់​ព័ន្ធ​នឹង​​ការ​ងារ​របស់​ថ្នាក់​ដឹកនាំជាន់​ខ្ពស់​។ ចំណែក​ឯ​​សកម្ម​ភាព​ការងារកំពុង​ដំណើរ​ការ​ដូច​ការ​គ្រោង​ទុក​”។

ទោះបីជា លោក​ ម៉ាកគីនតុស មិន​បាន​បញ្ជាក់​ថា សកម្មភាព​ណាមួយ​ត្រូវ​បាន​ពន្យារ​ពេល​​ក៏​ដោយ​ ក៏​កាល​ពីមុន​អាមេរិក​បាន​ធ្វើ​សមយុទ្ធ​ជាមួយ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​​របស់​កម្ពុជា​ដែល​ដឹកនាំដោយ​​លោក​​ឧត្តម​សេនីយ៍ឯក  ហ៊ុន​  ម៉ាណែត  កូន​ប្រុស​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដែរ​។

កាល​ពីខែ​សីហា​ឆ្នាំមុន​ ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​អរគុណ​លោក​ឧត្តម​​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ចំពោះកា​រទទួល​ស្វាគមន៍កងកម្លាំង​ពិសេស​អាមេរិក​នៅ​កម្ពុជា​​​សម្រាប់​ការ​ហាត់​សម មាន​ឈ្មោះថា  Vector Balance Canoe។

លោក​ ម៉ាកគីន​តុស​ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​បានធានា​អះអាង​ចំពោះ​អាមេរិក​​​ថា ​នេះ​គឺ​គ្រាន់​តែ​ជាការ​ពន្យារ​ពេល​​​មួយ​រយៈ​ប៉ុណ្ណោះ​ មិនមែន​ជាការ​លុប​ចោល​នោះទេ​ ទម្រាំ​មានការ​បង្កើត​រដ្ឋាភិ​បាល​ថ្មី​​ ដោយ​សារតែ​ការបោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃទី​២៨ ខែកក្កដា។ “ បើ​​ចង់​ដឹង​ថែម​ទៀត​ចំពោះ​ការ​ពន្យារ​ពេល​កម្មវិធីទាំង​នេះ​ ខ្ញុំ​សូម​ឲ្យ​លោក​​ទៅ​សួរ​រដ្ឋាភិបាល​កម្ពុជា ​ ដើម្បី​បញ្ជាក់​ពីសេចក្តី​ប្រកាស​របស់​ខ្លួន​”។

លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី និង​លោក​ កុយ​ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សុទ្ធ​តែ​បាន​បដិសេធ​មិន​​​បញ្ជាក់់​ឲ្យ​ហួស​ពី​​​សេចក្តី​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​​នោះទេ។

នៅមុន​ការ​បោះឆ្នោត​ជាតិ​នេះ​​​​ អនុ​គណៈ​​​កម្មាធិការ​​សភាអាមេរិក​​មួយ​បាន​ពិភាក្សា​​គ្នា​ថា ​តើ​អាមេរិក​គួរ​កាត់​ផ្តាច់​​ជំនួយ​សម្រាប់​​ប្រទេស​កម្ពុជា ​ ឬអត់​ប្រសិនបើមាន​ការ​បោះ​ឆ្នោត​មិន​យុត្តិធម៌នោះ​។

អាមេរិក​មិន​ទាន់​ទទួលស្គាល់លទ្ធផល​នៃ​កា​របោះឆ្នោត​ដែល​លទ្ធផល​បឋម​របស់​ គណ​បក្ស​ប្រជាជន​កម្ពុជា និង​ គ.ជ.ប. បង្ហាញ​ថា គណបក្ស​កាន់​អំណាច​ជាអ្នក​ឈ្នះឆ្នោត​ប្រផិត​ប្រផើយ​នោះទេ​។ មួយ​ថ្ងៃ​បន្ទាប់​ពីការ​បោះឆ្នោត ​ក្រសួង​ការ​បរទេស​អាមេរិក​​បាន​លើក​ឡើ​ងពី​គុណ​វិបត្តិ​ដែល​មិនទាន់​បាន​ដោះស្រាយ​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​នៅកម្ពុជា​ ហើយ​បាន​អំពាវ​នាវឲ្យ​មាន​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ម៉ត់​ចត់​ និង​មាន​តម្លា​ភាព​លើការ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​។

ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​ បាន​រិះគន់​តប​​វិញថា អាមេរិក​​គួរ​តែ​កាត់ផ្តាច់​ជំនួយ​តែ​ម្តង​ទៅ ពីព្រោះ​ប្រទេស​ចិន  ​ដែលជា​អ្នក​ផ្តល់​ជំនួយ​ដ៏ធំដល់​កម្ពុជា​នោះ​ នឹង​បំពេញ​កង្វះ​ខាត​ជំនួយ​ណា​មួយ​។ លោក​ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ វីលៀម ថត ឯក​អគ្គ​រដ្ឋទូត​អាមេរិក​កាល​ពីថ្ងៃសុក្រ និង​បាន​ពិភាក្សា​ពីស្ថាន​ភាពនយោបាយ​ក្រោយ​ការ​បោះឆ្នោត​។

លោក ឯក ថា ​ អ្នក​នាំពាក្យ​​អង្គ​ភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា ជំនួយ​យោធា​មិន​ត្រូវ​បាន​ពិភាក្សា​អំឡុង​ពេល​ជំនួប​នោះ​ទេ​។

លោក​ សុខ​  ទូច អគ្គនាយក​រង​នៃវិទ្យា​ស្ថាន​​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​បាន​មាន​ប្រសាសន៍ថា លោក​គិត​ថា ការ​ពន្យារ​ពេល​នេះគឺជាសញ្ញាមួយ​​បង្ហាញ​ពីភាព​តាន​តឹង​រវាង​កម្ពុជា និង​សហ​រដ្ឋ​អាមេរិក​​។ លោក​បាន​មាន​ប្រសាសន៍ថា “មាន​ភាព​តាន​តឹង​ផ្នែកនយោបាយ ​ពីព្រោះ​យើង​បាន​ឃើញ​ប្រជាពល​រដ្ឋ​នៅ​អាមេរិក​​អំពាវ​នាវ​ឲ្យ​កាត់​ផ្តាច់​ជំនួយ​ ប៉ុន្តែ មេដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​​រូប​នេះគ្រាន់​តែ​បាន​និយាយ​ថា លោក​មិន​ខ្វល់​ទេ​ពី​ព្រោះ​លុយ​ជំនួយ​នោះ​បាន​តែ​ទៅលើ​​អង្គការ​ក្រៅ​រដ្ឋា​ភិបា​ល​ប៉ុណ្ណោះ​”។​
“ ប៉ុន្តែ ខ្ញុំ​គិត​ថា កង​យោធពល​ខេមរភូមិន្ទ​​ ត្រូ​វការ​ជំនួយ​យោធាពី​អាមេរិក​​ ដើម្បី​ពង្រឹង​សមត្ថភាព​របស់ខ្លួន​ពីព្រោះទាហាន​កម្ពុជា​មាន​ភាព​ទន់ខ្សោយ​ខាង​បច្ចេកទេស​”។

លោក​ ខាលីល ថៃយ័រ អ្នក​ជំនាញ​ទទួល​បន្ទុក​អាស៊ីអាគ្នេយ៍​នៅ​បណ្ឌិត្យ​សភា​កង​កម្លាំង​ការ​ពារជាតិ​អូស្ត្រាលី​នៅក្នុង​ទីក្រុង​កង់បេរ៉ា​បាន​មាន​ប្រសាសន៍ថា ទំនាក់​ទំនង​យោធា​រវាង​អាមេរិក​ និង​កម្ពុជា​មាន​ភាព​រឹង​មាំតាំង​ពីឆ្នាំ​២០០៨​មក​ម្លេះ ពេល​ដែល​អាមេរិក​​​បង្កើន​ជំនួយ​ ហើយ​កម្ពុជា​បាន​ស្នើ​សុំឲ្យ​មាន​ការ​បណ្តុះ​បណ្តាល​ថែមទៀត​។

លោក​ ខាលីល ថៃយ័រ បាន​លើក​ឡើង​តាម​អ៊ី​ម៉េល​ថា “ប្រកា​រនេះ​បាន​នាំឲ្យ​មាន​ការ​​ធ្វើ​ទស្សនកិច្ច​​ជា​រៀង​រាល់​ឆ្នាំរបស់​នាវា​នានា ការ​ហាត់​សម​រួម​គ្នា​​ទ្រង់​ទ្រាយ​តូច​របស់​កង​ទ័ព​ជើង​ទឹក​​ និង​ការ​បង្កើន​ការគាំទ្រ​​របស់​អាមេរិក​​ចំពោះការ​ចូល​រួម​​របស់​កម្ពុជា​នៅ​ក្នុង​ការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ ប្រទេស​ឆាដ និង​ប្រទេសលីបង់​”។ ទោះជាយ៉ាង​ណា លោកមាន​ប្រសាសន៍​​ ​ថា ព្រឹត្តិការណ៍​ពាក់​ព័ន្ធនឹងការ​បោះឆ្នោត​នេះ​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ធ្លាក់​ចុះ។

លោក​ ខាលីល ថៃយ័រ បាន​មាន​ប្រសាសន៍​ថា “ទង្វើ​ទាំង​នោះ​ដោយ​សារតែមាន​បញ្ហា​ជា​ច្រើន​ដែល​សំខាន់​ជាង​បញ្ហា​គ្រប់​គ្រង​​​បែប​​ការិយា​ធិបតេយ្យ​​ក្នុង​ក្រសួង​ការពារ​ជាតិ​”។ “ហ៊ុន​ សែន ហាក់ដូចជា​កំពុង​លេង​ល្បែង ​មិន​ច្បាស់​លាស់​មួយ ដើម្បី​កេង​ចំណេញ​នយោយាយ​ដោយ​យកលេស​និយាយ​ថា ប្រសិន​​បើ​អាមេរិក​គាបសង្កត់​កាន់​តែខ្លាំង​ឡើង​ដោយសារ​បញ្ហា​បោះឆ្នោត​រហូត​ដល់​កាត់​ផ្តាច់​ជំនួយ​​ ឬគំរាមកាត់​ផ្តាច់​ជំនួយ​នោះ កម្ពុជានឹង​កាត់​ផ្តាច់​ទំនាក់​ទំនង​យោធា និង​យោធា​​ជាឯកតោ​ភាគី​ ហើយ​ស្វែង​រក​​ជំនួយ​ពី​ច​ិន​វិញ​។ នេះ​បង្ហាញ​ឲ្យឃើញ​ពី​ឧបសគ្គ​ដ៏ធំមួយនៅ​ក្នុង​​​ទំនាក់​ទំនងយោធា​ទ្វេ​ភាគី​”។

កម្ពុជា​ធ្លាប់​បាន​លុប​ចោល​ដោយ​គ្មាន​ប្រតិកម្ម​នូវ​គម្រោង​ផ្តល់​ជំនួយ​​​។ កាល​ពីឆ្នាំ​២០០៩​រដ្ឋាភិបាល​បាន​លុប​ចោល​កម្មវិធី​ផ្តល់ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​របស់​ធនាគារ​ពិភព​លោក​ បន្ទាប់​ពី​ធនាគារ​នេះ​បាន​លើក​ឡើង​ពីកង្វល់​អំពី​ការ​បណ្តេញ​​ប្រជាជនចេញ​ពីដី​នៅ​តំបន់​បឹង​កក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ក្រោយ​មក​ធនាគារ​នេះបាន​ផ្អាក​ជំនួយ​ថ្មី​ៗ​ទាំង​អស់​ដល់​ប្រទេស​​កម្ពុជា​ដោយ​សារ​មាន​ការ​ផ្លាស់​ទីលំនៅ​របស់​អ្នក​ភូមិ​ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​អភិ​វឌ្ឍ​អចលនទ្រព្យ​របស់​ក្រុម​ហ៊ុនមួយ​ដែល​ជាកម្មសិទ្ធិ​របស់​លោក ឡៅ​ ម៉េង​ឃិន សមា​ជិក​ព្រឹទ្ធសភា​មក​ពីគណបក្ស​ប្រជាជន​កម្ពុជា​៕​

ប្រែ​សម្រួល​ដោយ មូល គឹមហឿន

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.