រដ្ឋ​មន្រ្តី​ការបរទេស​​ចិន​នឹង​ជួប​ប្រជុំ​ជាមួយ​លោក​ ​ហ៊ុន សែន

​យោង​តាម​សេ​ច​ក្តី​​ថ្លែង​ការ​ណ៍​មួយ​ឲ្យ​ដឹង​ថា​ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ការ​​​បរទេស​​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជានៅ​​ថ្ងៃ​នេះ ហើយ​​នេះ​ជា​ដំណើរទស្សនកិច្ច​លើក​​​​ដំបូង​របស់​លោក​ចាប់​តាំង​ពី​លោក​​បាន​ចូល​កាន់​ដំណែង​មក ​​ហើយ​ការ​បំពេញ​​ទស្សន​​​កិច្ច​​​​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា​នេះ​រួម​មាន​កិច្ច​​​ប្រ​ជុំ​​​​​មួយ​ ជាមួយ​​​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​​​។

យោង​តាម​សេចក្ដី​ថ្លែង​ការ​ណ៍​​ពី​ក្រ​សួង​ការ​បរទេស​កម្ពុជា​កាលពី​ម្សិល​មិញ​ឲ្យ​ដឹង​ថា​ លោក​វ៉ាង ​ជា​មន្ត្រី​ការទូត​ជាន់​ខ្ពស់​ចិន​​ចាប់​តាំង​ពី​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​​កាល​ពី​ខែ​មីនា​នោះ​ នឹង​ដឹក​នាំ​គណៈប្រតិភូ​ មក​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ​។
សេចក្ដី​ថ្លែង​ការ​ណ៍​នោះ​ឲ្យ​ដឹង​បន្ត​ថា លោក​វ៉ាង​​ត្រូវ​បាន​អញ្ជើញឲ្យ​មក​បំពេញ​ទស្សនកិច្ច​​ដោយ​រដ្ឋ​មន្ត្រី​ការបរទេស​ លោក ហោ ណាំហុង​​ ហើយ​​លោក​នឹង​​ជួប​ពិភាក្សា​​ទ្វេភាគី​ព្រម​ទាំង​ជួប​ប្រជុំជា​មួយ​លោក​នាយក​​​​រដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ​។

ការ​ធ្វើ​ទស្សនកិច្ច​​ពីសំណាក់មន្ត្រី​ជាន់​ខ្ពស់​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​គឺកើត​ឡើង​​​ជា​រឿយៗ​​ ហើយ​តែង​តែ​ពាក់​ព័ន្ធ​​​នឹង​​កិច្ច​ព្រម​​​​ព្រាង​សម្រាប់​ប្រាក់​កម្ចី​​ថ្មី ឬជំនួយ​ពី​ប្រទេស​ផ្តល់​ជំនួយ​របស់​ប្រទេស​កម្ពុជា​ដ៏​ធំ​នេះ​។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​បន្ត​ថា​ “ការ​មកបំពេញ​ទស្សនកិច្ច​របស់​លោកក្នុង​​​ប្រទេស​​​​​កម្ពុជា​ស្រប​ពេល​នឹងការ​ប្រារព្ធ​​ខួប​​លើក​ទី​៥៥​នៃ​ការ​បង្កើត​​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​កម្ពុជា​-​ចិន​ក្នុង​ឆ្នាំ២០១៣​​នេះ​ និង​ជា​ ឆ្នាំ​មិត្តភាព កម្ពុជា-ចិន​​ផង​ដែរ​”។

យោង​តាម​​គេហ​ទំព័រ​របស់​ក្រសួង​ការ​បរ​ទេស​ចិន​​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ថ្មី​រូបនេះ​ត្រូវ​បាន​​អម​ដំណើរ​​​ដោយអតីត​នាយក​រដ្ឋន្ត្រី​​ចិន​លោក​​​​​​​​​ជូ​ ជុងជី​ (Zhu Rongji) ដែលបានមក​បំពេញ​​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០០២​ ដែលនៅ​ពេល​នោះ​លោក វ៉ាង​ជា​អនុ​រដ្ឋ​មន្ត្រី​ការបរទេស​៕

ប្រែសម្រួល​ដោយ ឃិន​ ណៃ​​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.