រដ្ឋមន្ត្រីការបរទេសចិន​ទទួល​ស្គាល់​ថាបក្ស​ប្រជាជន​ជា​អ្នក​ឈ­្នះឆ្នោត

ក្រុម​មន្ត្រី​បាន​និយាយថា លោក​ វ៉ាង យី រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចិន​កាល​ពីម្សិល​មិញ​បាន​ទទួល​ស្គាល់​​ជ័យ​ជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​បោះឆ្នោត​ជាតិ​កាល​ពី​​​ថ្ងៃទី​២៨​ខែ​កក្កដា​ បន្ទាប់​ពី​មាន​ការ​​ជួប​ពិភាក្សា​​​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក​ ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរ​ទេស​កម្ពុជា​នៅក្នុង​រាជធានី​ភ្នំពេញ​។

លោក​ នា​យក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន ​ខាង​ស្តំា​​និង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចិន​លោក​ វ៉ាង យី​​ ខាង​ឆ្វេង​ ក្នុង​កិច្ចជំ​នួ​ប​មួយនៅ​ឯ​​វិមាន​សន្តិ​ភាព​កាល​ពីម្សិលមិញ។ (​ស៊ីវ ​ចាន់​ណា​)
លោក​ នា​យក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន ​ខាង​ស្តំា​​និង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចិន​លោក​ វ៉ាង យី​​ ខាង​ឆ្វេង​ ក្នុង​កិច្ចជំ​នួ​ប​មួយនៅ​ឯ​​វិមាន​សន្តិ​ភាព​កាល​ពីម្សិលមិញ។ (​ស៊ីវ ​ចាន់​ណា​)

បើ​តាម​​លទ្ធផល​បឋម​​ដែល​ គ.ជ.ប. និង​គណបក្ស​ប្រជាជន​កម្ពុជាបាន​ផ្សព្វ​ផ្សាយ​​ គឺគណបក្ស​​ប្រជាជន​កម្ពុជា​ឈ្នះបាន​៦៨​អាសនៈ​ទល់​នឹង​៥៥​អាសនៈ​ គឺ​បង្ហាញ​ពីការ​ធ្លាក់ចុះសំឡេង​គាំទ្រ​របស់​លោក ហ៊ុន សែន ចាប់​តាំង​ពី​ការ​បោះ​ឆ្នោតឆ្នាំ១៩៩៣ ​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​​មក​។​

ប៉ុន្តែ គណបក្ស​ប្រឆាំង​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​អះអាង​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​បាន​តវ៉ា​នឹង​លទ្ធផល​នេះ​ ហើយ​ទាំង​សហ​រដ្ឋ​អាមេរិក​ និង​សហ​ភាពអឺរ៉ុប​បាន​អំពាវ​នាវ​ឲ្យមាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​ការ​បោះ​ឆ្នោត​​នេះ​មុន​ពេល​ខ្លួន​ទទួល​ស្គាល់​លទ្ធផល​នៃការ​បោះឆ្នោត​នេះ​។

លោក​ វ៉ាង យី បាន​មាន​ប្រសាសន៍ថា “នៅ​​​​ក្នុងការ​បោះប្នោ​តនេះ​គណបក្សប្រជា​ជន​កម្ពុជា​​ដែល​ជាគណបក្ស​កាន់​អំណាច​​ទទួលបាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​​រដ្ឋ​សភា​ ហើយ​មេដឹកនាំ​ចិន​បាន​សរសេរ​លិខិត​អបអរ​សាទរ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​។ នៅ​ថ្ងៃ​នេះ ខ្ញុំ​សូម​ជូន​ពរ​ និង​អប​អរ​សាទរ​សម្តេច​តេជោ​ [ ហ៊ុន​ សែន ] ”។

លោក វ៉ាង​ ក៏បាន​អំពាវ​នាវឲ្យរក​ដំណោះ​​ស្រាយ​ឲ្យបានឆាប់​​ចំពោះស្ថានភាព​​នយោ​បាយ​នៅ​កម្ពុជា​ដែល​មាន​ការ​បង្កើន​សន្តិសុខ​នៅក្នុង​រាជធានី​ភ្នំពេញ​នៅពេល​ដែល​គណ​បក្ស​សង្គ្រោះជាតិ​និយាយថា  ខ្លួន​នឹង​ធ្វើ​មហា​​បាតុកម្ម​ ប្រសិន​បើ​ពុំមាន​ការ​ដោះ​ស្រាយ​​ពាក្យ​បណ្តឹង​របស់​ខ្លួន​អំពី​​លទ្ធ​ផល​បោះឆ្នោត​​នេះឲ្យ​បាន​ត្រឹម​ត្រូវ​នោះទេ​។ លោក​បាន​មាន​ប្រសាសន៍ថា “ប្រទេស​ចិន​គឺជា​មិត្ត​ភក្តិ​ដ៏ល្អមួយ​របស់​កម្ពុជា​។ យើង​សង្ឃឹមថា ភាគី​កម្ពុជា​ទាំង​អស់​នឹង​ចរចារក​​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដើម្បី​បង្កើត​រដ្ឋ​សភា និង​រដ្ឋាភិបាល​ថ្មី​ឲ្យ​បាន​ឆាប់រហាស់​តាម​ដែល​អាច​ធ្វើ​ទៅបាន​”។

លោក វ៉ាង យី គឺជា​មន្ត្រី​ការ​ទូត​ជាន់​ខ្ពស់បរទេសទី​១​ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​មាន​ជម្លោះ​នៃ​ការ​បោះ​ឆ្នោត​នេះ​មក​ ហើយការ​ធ្វើ​ទស្សនកិច្ច​របស់​លោក​​ ក៏ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ លី ខឹឈាង​ នាយក​រដ្ឋ​មន្ត្រី​ចិន​បាន​សរសេរ​លិខិត​​អបអរ​សាទរ​​លោក ហ៊ុន​ សែន បន្ទាប់​ពី​ការ​បោះឆ្នោត​។

បន្ទាប់​ពីការ​ពិភាក្សារវាង​លោក​ ហ៊ុន សែន និង​លោក​ វ៉ាង​ យី កាល​ពីម្សិល​មិញ​នៅ​ខុទ្ទកាល័យ​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​រួចមកលោក​ ប្រាក់​ សុខុន រដ្ឋ​លេខាធិការ​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ លោក​ទាំង​ពីរ​មិន​បាន​ពិភាក្សា​ពី​   ការ​ពង្រឹង​​ទំនាក់​ទំនង​ថែម​ទៀត​រវាង​ប្រទេស​​ទាំង​ពីរ​នោះ​ទេ​ ។

លោក​ ប្រាក់​ សុខុន បាន​មាន​ប្រសាសន៍​ថា “មេដឹកនាំចិន​បាន​អបអរសាទរ​​គណបក្ស​ប្រជា​ជន​កម្ពុជា​​ចំពោះការ​បោះឆ្នោត​ និង​ការ​ទទួល​បាន​សំឡេង​ភាគច្រើន​ដាច់​​នៅ​ក្នុងការ​បោះឆ្នោត​នេះ។ យោង​តាម​លោក​ ប្រាក់​ សុខុន បាន​ឲ្យ​ដឹង​ថា លោក​ វ៉ាង ដែល​បាន​អញ្ជើញ​មក​ប្រទេស​កម្ពុជា​តាមការ​អញ្ជើញ​របស់​លោក​ ហោ ណាំហុង​ ក៏បាន​កោត​សរសើរ​ការ​ដឹក​នាំ​របស់​លោក​ ហ៊ុន​ សែន នៅ​ក្នុងការ​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា និង​ចិន​ផង​ដែរ។

លោក ប្រាក់ សុខុន ​មាន​ប្រសាសន៍​ថា “ប្រទេស​របស់​យើង​គឺជា​មិត្ត​ភក្តិ​ល្អ​ អ្នក​ជិត​ខាង​ល្អ​ ហើយ​ស្ថិត​នៅក្រោម​ការ​ដឹក​នាំ​របស់​ប្រទេស​ទាំង​ពីរ​ យើង​មាន​ទំនាក់​ទំនង​ល្អ​​ មាន​ការ​ទុកចិត្ត​ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​”។

នៅ​ពេល​សួរ​ថា តើ​មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​អំពីភាព​ទាល់​ច្រក​ផ្នែក​នយោបាយ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ដែរ​ ឬ​អត់​នោះ​​លោក​ ប្រាក់​ សុខុន បាន​មាន​ប្រសាសន៍ថាលោក​ វ៉ាង បាន​បញ្ជាក់​ពីការ​វិវឌ្ឍ​ទៅ​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​។

លោក​ ប្រាក់ សុខុនថាបានបន្តថា “នេះ​គឺ​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​​កម្ពុជា​ ខ្ញុំជឿថា ចិន​គ្មាន​បំណង​ផ្តល់​អនុសាសន៍​ដល់​កម្ពុជា​អំពី​វិធី​រក​ដំណោះស្រាយ​នោះ​ទេ​។ ពួក​គេ​គាំទ្រ​កម្ពុជា​ ​ដូច្នេះ​ប៉ុណ្ណឹង​វា​ជាសារ​មួយ​គ្រប់​គ្រាន់​ទៅ​ហើយ​”។

លោក ឡៅ ម៉ុង​ហៃ​ អ្នក​វិភាគនយោ​បាយ​​ឯករាជ្យ​​បាន​មាន​ប្រសាសន៍ថា ​ការ​បង្ហាញ​ពី​ការ​គាំទ្រ​ដោយ​ចំហ​របស់​ចិន​ចំពោះ​គណ​បក្ស​កាន់​អំណាច​នេះ ​​គឺ​ដើម្បី​​ពង្រឹង​​គណ​បក្ស​​ប្រជាជន​កម្ពុជា​​​ដែល​​មាន​បញ្ហា​​ច្រើន​ បន្ទាប់​ពី​ខ្លួន​បាន​បាត់​បង់​អាសនៈ​នៅ​ក្នុងការ​បោះឆ្នោត​នេះ ។ លោក​បាន​បន្តថា “វត្តមាន​​និង​ការ​ពិភាក្សា​របស់​ថ្នាក់​ដឹកនាំ​នេះ ព្រម​ទាំង​អ្វីៗទាំង​​អស់​ហាក់​ដូចជា​ផ្តល់​ទំនុក​ចិត្ត​ថែម​ទៀត​ដល់​នាយក​រដ្ឋមន្ត្រី​របស់​យើង​ និង​​គណ​បក្ស​​របស់​គាត់​”។

លោក​បាន​មាន​ប្រសាសន៍បន្ត​ទៀតដែល​​សំដៅ​​ដល់​ប្រទេស​ចិន​ថា “ក្រោយ​ពីការ​បោះ​ឆ្នោត​​នេះ​ មិន​មាន​​រដ្ឋាភិ​បាល​បរទេស​ច្រើន​ចេញ​មក​គាំទ្រ​ទេ​។​យ៉ាង​ហោច​ណាស់​ពួក​គេ​មាន​មហា​អំណាច​មួយ​ចេញ​មុខ​គាំទ្រ​ដែរ”។

សហរដ្ឋ​អាមេរិក​រួម​ជាមួយ​នឹង​សហ​ភាព​អឺរ៉ុប និង​អូស្ត្រាលី​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​តម្លាភាព និង​គួរ​ឲ្យទុក​ចិត្ត​លើក​ការអះអាង​អំពីការ​លួច​បន្លំ​ក្នុង​ការ​បោះ​ឆ្នោត​។

កម្ពុជា​បានឆ្លើយ​តប​វិញ​​ដោយការ​ពន្យារ​ពេល​កម្មវិធី​ទទួល​ជំនួយ​យោធា​មួយ​ចំនួន​ជាមួយសហ​រដ្ឋ​​អាមេរិក​ និង​អូស្ត្រាលី​ ប៉ុន្តែ ក្រុម​មន្ត្រី​បាន​បញ្ជាក់​ថា ទំនាក់​ទំន​ង​នៅ​មាន​ជា​ធម្មតា​។

ផ្ទុយ​ទៅវិញ ភ្លាមៗ​បន្ទាប់​ពីការ​បោះ​ឆ្នោត​​នោះ​ប្រទេស​ចិន​បាន​ផ្តល់​កាំភ្លើង​ និង​គ្រាប់​ឲ្យ​នគរបាល​កម្ពុជា​ និង​បាន​ចុះ​ហត្ថ​លេ​ខា​សន្យា​​ផ្តល់​លុយ​ជាច្រើន​ទៀត​ បន្ទាប់​ពី​មាន​​កម្ចី​ការ​ប្រាក់​ទាប ​និង​ជំនួយ​យោធា​រាប់រយ​លាន​​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។ កាល​ពីថ្ងៃទី​១១​ ខែ​សីហា​ ឯកអគ្គ​រដ្ឋ​ទូត​ចិន​បាន​យល់​ព្រម​ផ្តល់​កម្ចី​ចំនួន​១២១​លាន​ដុល្លារ​​សម្រាប់​គម្រោង​ធារាសាស្ត្រ​មួយ​ និង​បណ្តាញបញ្ជូន​​ថាម​ពល​អគ្គិសនី​។

លោក ឡៅ​  ម៉ុង​ហៃ​ បាន​មាន​ប្រសាសន៍​ថា ទស្សនកិច្ច​របស់​លោក វ៉ាង យី គឺជា​សញ្ញា​មួយ​បង្ហាញ​ថា គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​​អាច​ពឹង​ផ្អែក​លើការ​គាំទ្រ​របស់​ចិន​ ចាប់​តាំង​ពី​កម្ពុជា​បាន​ក្លាយ​ជា​សម្ពន្ធមិត្ត​ដ៏​សំខាន់​មួយ​របស់​ចិន​នៅ​ក្នុង​តំបន់​ ​បន្ទាប់​ពី​អាមេរិក​​ប៉ុន​ប៉ង​យក​ឥទ្ធិពល​នៅ​អាស៊ីក្នុង​វិស័យ​សន្តិសុខ​ និង​ពាណិជ្ជកម្ម​។

លោក​បាន​មាន​ប្រសាសន៍ថា “វា​មាន​ការ​ពាក់​ព័ន្ធ​ច្រើន​ណាស់​នឹង​បញ្ហា​នយោ​បាយ​​នៅក្នុង​​តំបន់​​នេះ។ អាមេរិក​បាន​ដាក់​សម្ពាធ​ជាច្រើន​មក​លើ​នាយក​រដ្ឋ​មន្ត្រី និង​គណបក្ស​របស់​លោក​”។ លោក​បាន​មាន​ប្រសាសន៍​បន្តទៀតថា “​បន្ថែម​ពី​លើ​នេះ ​អ្នក​បោះឆ្នោត​ដែល​បង្ហាញពី​ការ​មិន​ពេញ​​ចិត្ត​ចំពោះ​គណបក្សកាន់​អំណាច​​​យូរនោះ បង្កឲ្យមានការ​ព្រួយ​បារម្ភ​ពី​​បក្ស​កុម្មុយនីស្ត​ចិន​​ដែល​មាន​បក្ស​តែ​មួយ​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា “មាន​ការ​ធ្លាក់ចុះ​លទ្ធិប្រជា​ធិបតេយ្យ​នៅ​អាស៊ី ហើយ​វា​នឹង​រាល​ដាល​ថែម​ទៀត”៕

ប្រែសម្រួល​ដោយ មូល គឹមហឿន

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.