លោក វ៉ាង យី សម្តែង​ការ​គាំទ្រ​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា

កាល​ពី​ម្សិលមិញ អ្ន​ក​នាំ​ពាក្យ​រដ្ឋា​ភិបាល​បាន​ស្វាគមន៍​ប្រសាសន៍​គាំទ្រ​របស់​​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចិន​ចំពោះ​គណបក្ស​ប្រជា​​ជន​កម្ពុជា​កំពុង​កាន់​អំណាច ដែល​មា​ន​​ប្រសាសន៍​ថា ពួក​គេ​បាន​បង្ហាញ​ថា ប្រទេស​ផ្ដល់​ជំនួយ​ដ៏​ធំ​ដល់​ប្រទេស​កម្ពុជា​នេះ ធ្វើជា​ឧទាហរណ៍​ប្រាប់​ប្រទេស​ផ្សេង​ៗ​ទៀត​។

បន្ទាប់​ពី​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​លោក ហោ ណាំហុង រដ្ឋ​មន្ត្រីក្រសួង​ការ​បរទេស​កាល​ពី​ថ្ងៃ​ពុធ​ លោក វ៉ាង យី រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចិន បាន​អប​អរសាទរចំពោះ​​ជ័យ​ជម្នះ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត បើ​ទោះ​ជា​ ទើបតែ​ប្រកាស​លទ្ធ​ផល​ផ្លូវ​ការបឋម និង​នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​ក៏ដោយ ហើយ​​បាន​លើកឡើ់ងថា ​ចិន​នឹង​ជួយ​កម្ពុជានៅ​​ក្នុង​ការ​ត​តាំង​នឹង​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ​។

លោក វ៉ាង យី បាន​មាន​ប្រសាសន៍​អំឡុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ជាមួយ​លោក ហោ ណាំហុង ថា “ចិន​នឹង​បន្ត​គាំ​ទ្រ​ជានិច្ច​ដល់​កម្ពុជា​ក្នុង​ការ​ទប់​ស្កាត់​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ​”។ លោក​បាន​មាន​ប្រសាសន៍ថា “ចិន​នឹង​បន្ត​គាំទ្រជានិច្ច​​ដល់​រាជ​រដ្ឋាភិបាល​ដើម្បី​ធានា​ឲ្យ​មាន​ស្ថិរភាព​ ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​សន្ដិភាព​”។

បស្ចិម​ប្រទេស​មួយ​ចំនួន​ ដែល​លេច​ធ្លោ​ជាង​គេ​​នោះ​ គឺ​សហ​រដ្ឋ​អាមេរិក​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​ទៅ​លើ​ការ​ចោទ​ប្រកាន់​ពីការ​លួច​បន្លំ​សន្លឹក​ឆ្នោត​អំឡុង​ការ​បោះ​ឆ្នោត​ជាតិ​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដែល​គណបក្សប្រជា​ជន​កម្ពុជា​ និ​ងគណបក្ស​សង្គ្រោះ​ជាតិ​សុទ្ធ​តែ​បាន​អះអាង​ថា​ បាន​ឈ្នះ​​រៀង​ៗខ្លួននោះ​។

ជា​ការ​ឆ្លើយ​​តប​ទៅ​នឹង​ប្រសាសន៍​របស់​លោក វ៉ាង យី លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសា​សន៍​ថា ប្រទេស​ដទៃ​គួរ​មើល​ពី​ការ​គោរពរបស់​ចិន​ចំពោះ​អធិបតេយ្យ​ភាព​របស់​កម្ពុជា​។

លោក ផៃ ស៊ី​ផាន​ បាន​មាន​ប្រសា​សន៍​ថា  “រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចិន​ បាន​ប្រកាន់​តាម​គោល​ការ​ណ៍​អធិប​តេយ្យ​ភាព និង​រដ្ឋ​ឯករាជ្យ​។ វា​ជា​គោល​ការណ៍​ដែល​មានចែង​នៅ​ក្នុង​ធម្មនុញ្ញ​អង្គ​ការ​សហ​ប្រជាជាតិ​”។ លោក​បាន​មាន​ប្រសាសន៍ថា ចិន​គឺ​ជា​ប្រទេស​មហា​អំណាច​ដែល​​ធ្វើ​ជា​គំរូ​សម្រាប់​​ប្រទេស​ដទៃ​ទៀត​។ ពួក​គេ​​ [ចិន​] គោរព​អធិប​​តេយ្យភាព​ និង​ជម្រើស​របស់​ប្រជា​ពល​រដ្ឋ​”។

លោក ផៃ ស៊ី​ផាន​ បាន​ប្រៀបធៀបពី​ ទង្វើ​​របស់​ចិន​ចំពោះ​ប្រទេស​កម្ពុជា​​ជាមួយ​ប្រទេស​ជា​សមាជិក​​ក្រុម​ប្រឹក្សា​សន្ដិ​សុខ​អង្គការ​សហ​ប្រជា​ជាតិ​ដទៃ​ទៀត”។ លោក​បាន​មាន​ប្រសាសន៍​ថា “ ចិន​ជួយ​កម្ពុជា​ឲ្យ​មានស្ថានភាព​ស្មើ​ភាព​ជាមួយ​ប្រទេស​​ដទៃ​ដូច​ជា​ប្រទេស​ជិត​ខាង​នានា​ក្នុង​​ផ្នែកសេដ្ឋកិច្ច​ ក្នុង​ផ្នែក​ឯក​រាជភាព​​ ពាក់​ព័ន្ធ​គោល​នយោ​បាយ​ការ​បរទេស និង​ក្នុង​ផ្នែកអព្យាក្រឹត​ភាព​”។

ពេល​​សួរ​អំពី​ប្រសាសន៍​របស់​លោក វ៉ាង យី​ នោះ លោក ចេង ហុងបូ ប្រធាន​ផ្នែក​​នយោបាយ​នៅ​ស្ថាន​ទូត​ចិន​ប្រចាំ​រាជ​ធានី​ភ្នំពេញបាន​មាន​ប្រសាសន៍ថា ការលើក​ឡើង​​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​​មិន​បាន​សំដៅ​​ដល់​នរណា​ម្នាក់​​ជាពិសេសនោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ចំពោះ​ ‘ការ​ជ្រៀត​ជ្រែក​’ ដែល​លោក វ៉ាង យី បាន​​លើក​ឡើង​នោះ​ ខ្ញុំ​មិន​គិត​ថា វា​សំដៅ​ដល់ ចំណុចជាក់លាក់​ណាមួយ​ទេ​ ផ្ទុយ​ទៅ​វិញ​វាសំដៅ​ដល់​ការ​លំបាក​ដែល​រដ្ឋាភិបាល​​កម្ពុជា​គួរ​តែ​ដោះ​ស្រាយនៅ​​​​ក្នុង​ដំណើរ​ការ របស់ខ្លួន​​ដើម្បី​រក្សា​សន្ដិ​ភាព ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​។ ជា​ការ​ពិត ​ចិន​នឹង​ប្រឹងប្រែង​អស់​ពី​លទ្ធភាព​ជួយ​ដល់​ប្រទេស​កម្ពុជា​បាន​តាម​សំណើ​របស់​កម្ពុជា​”។

ដំណើរ​ទស្សនកិច្ច​របស់​លោក វ៉ាង យី នៅ​សប្ដាហ៍​នេះ បង្ហាញឲ្យឃើញ​ពី​ការ​ពង្រឹង​​ទំនាក់​ទំនង​បន្ថែម​ទៀត​ជាមួយ​ប្រទេស​ចិន​ ដែល​ឥឡូវ​នេះ​ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ ប្រាក់​កម្ចី​ និង​ជំនួយ​យោធា​ដល់​ប្រទេសកម្ពុជា​ដោយ​គ្មាន​លក្ខខណ្ឌ​​ដូច​ជំនួយ​ពី​ប្រទេស​លោក​ខាង​លិច​​ឡើយ។

លោក ហោ ណាំហុង និង​លោក ហ៊ុន សែន គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​នៅ​ក្នុង​រយៈ​ពេ​ល​ប៉ុ​ន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។ យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​​ការ​បរទេស​ ឲ្យ​ដឹង​ថា លោកហោ ​ណាំហុង នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា​​​​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន-​ចិន ​ក្នុង​ទី​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​២៩ ខែ​សីហា។

លោក ប្រាក់ សុខុន រដ្ឋ​លេខាធិការ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​មាន​​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ​ថា លោក ហ៊ុន សែន នឹងធ្វើ​ទស្សន​កិច្ច​ទៅកាន់​ក្រុង​ណាននីងស្ថិ​តក្នុង​ខេត្ត​គ័ងស៊ី​ប្រទេស​ចិន នៅ​ដើម​ខែ​កញ្ញា​ ដើម្បី​ជួបចរចា​ទ្វេ​ភាគី​ជា​មួយ​លោក លី ខឹឈាង នាយក​រដ្ឋ​មន្ត្រី​ចិន​​។

សហ​រដ្ឋ​អាមេរិក​បាន​អំពាវ​នាវ​ឲ្យ​​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​ភាព​មិនប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ឲ្យ​មាន​តម្លា​ភាព​។ ការ​អំពាវនាវ​បែប​នេះ​ ហាក់​ដូច​ជា​​បាន​បង្ក​ឲ្យ​កម្ពុជា​មាន​កំហឹង​ ដោយ​លោក​ ហ៊ុន  សែន ព្រមាន​ជា​សាធារណៈ​ឲ្យ អាមេរិក​​កាត់ផ្ដាច់​ជំនួយ​ដល់​កម្ពុជា​ ហើយ​ឲ្យក្រសួង​ការ​ពារជាតិ​ពន្យា​រពេល​កម្មវិធី​ទទួល​ជំនួយ​យោធារបស់អាមេរិក​។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ស្ដី​ពី​ការ​លើក​ឡើង​ចំ​ៗ​របស់​លោក វ៉ាង យី ចំពោះ​សហ​រដ្ឋ​អាមេរិក​នោះ លោក ស៊ាន ម៉ាកគីន​តុស អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​បាន​មាន​ប្រសាសន៍​ថា អាមេរិក​មិន​មែន​ជា​ប្រទេស​​ប្រកាន់​បក្ខពួក​ទេ។ លោក ស៊ាន ម៉ាកគីនតុស ​បាន​មាន​ប្រសាសន៍​​​​បន្ថែម​​​ថា “យើង​គាំទ្រ​ដំណើរ​ការ​ដោយ​ចំហ និងបែប​ប្រជា​ធិបតេយ្យ​។ យើង​មិន​លម្អៀង​​​​​ទៅ​លើ​គណ​បក្ស​​នយោបាយ​​ ឬ​បេក្ខជនណា​​មួយ​ឡើយ​”​៕

ប្រែសម្រួល​ដោយ សោម សារុន

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.