ស្ថាប័ន​ច្បាប់​អន្តរជាតិ​​​អំពាវ​នាវ​ឲ្យ​គណៈ​មេធាវី​កម្ពុជា ​ធានា​នូវ​ឯករាជ្យ​ភាព​របស់​ខ្លួន​​

គណៈកម្មាធិការ​​ក្រុម​អ្នក​ច្បាប់​អន្តរជាតិ ​(International Commission of Jurists ) បាន​លើក​ឡើង​ថា គណៈ​មេធាវី​កម្ពុជា​គួរ​តែ​ពិចារណា​ពី​បទដ្ឋាន​​តឹង​រ៉ឹង​ក្នុង​ការ​ទទួល​សមាជិក ផ្តល់​ឪកាស​ឲ្យ​មេធាវី​​​ទទួល​បាន​វគ្គ​បណ្តុះ​បណ្តាល​ជាប្រចាំ​ និង​បង្កើត​គណៈកម្មការ​​​វិន័យ​ថ្មី​មួយ​ ដើម្បី​ធានា​ឲ្យ​អ្នក​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានឯករាជ្យ​។

កាល​ពី​ខែ​មេសា​ គណៈកម្មាធិការ​​ក្រុម​អ្នក​ច្បាប់​អន្តរជាតិបាន​អំពាវ​នាវ​ឲ្យ​គណៈ​មេធាវី​កម្ពុជា​ធ្វើការ​បញ្ជាក់​អំពី​ភាព​មិន​ច្បាស់​លាស់​ក្នុង​មាត្រា​១៧​នៃ​​ក្រម​សីលធម៌​ដែល​ទើប​​អនុ​​​ម័ត​ថ្មីៗ​​របស់​ខ្លួន​ ដែល​ចែង​ថា មេ​​​ធាវី​​​​ទាំង​អស់​គួរ​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍ជា​សាធារ​​​ណៈ ​​ឬ​​និយាយ​​ជាមួយ​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​ “​តែ​ក្នុង​កិច្ច​ការ​ពាក់​ព័ន្ធ​តួនាទី​ និង​វិជ្ជាជីវៈ​របស់​ខ្លួន​”។

នៅ​ក្នុង​លិខិត​ចំហ​មួយ​​​​ចុះ​ថ្ងៃ​ទី​សុក្រ​របស់​លោក សាម ហ្សារីហ្វី (Sam Zarifi) ​នាយក​គណៈកម្មាធិការ​​ក្រុម​អ្នក​ច្បាប់​អន្តរជាតិប្រ​ចាំ​​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ផ្ញើ​ជូន​អគ្គ​លេខា​​​ធិការ​នៃ​គណៈ​មេធាវី​កម្ពុជា​ លោក សាង សុធន ​​បាន​ថ្លែង​អំណរគុណ​ចំពោះ​លោក សុធន ចំពោះ​​ការ​បញ្ជាក់​ពី​មាត្រា​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ។

លោក ហ្សារីហ្វី បាន​សរសេរ​ថា “យើង​មាន​សេចក្ដី​រីករាយ​ណាស់​ដោយ​បាន​ឮ​ថា គណៈ​មេធាវី​​កម្ពុជា​មិន​បកស្រាយ​មាត្រា​១៧​តាម​របៀប​​មួយ​ដែល​ធ្វើ​ឲ្យ​មេធាវី​​ស្វែង​រក​ការ​អនុញ្ញាត​ពី​គណៈ​មេធាវី​មុន​ពេល​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​នោះ​”។ លោក​ ​ហ្សារីហ្វី​ បាន​សរសេរ​បន្ត​ថា “ជាង​នោះ​ទៅទៀត​លោក​បាន​បញ្ជាក់​ថា តាម​​មាត្រា​១៧​មេធាវី​ទាំង​អស់​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​​តាម​​កម្មវិធី​វិទ្យុ​ ឬ​តាម​កម្ម​វិធី​ទូរ​ទស្ស​ន៍​ដោយ​សេរី​ ដោយ​មិន​ចាំ​បាច់​សុំ​ការ​អនុញ្ញាត​ពី​ប្រធាន​គណៈ​មេធាវី​ ឬ​មនុស្ស​ផ្សេង​ទៀត​ ​​​​ក្នុង​គណៈ​មេធាវី​នោះ​ឡើយ​”។

ក្នុង​លិខិត​ដដែល​នោះ​ក៏​បាន​សរសើរ​គណៈ​មេធាវី​កម្ពុជា​​ផង​ដែរ​ដែល​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ មិនបាន​​ដាក់​ទណ្ឌកម្ម​មេធាវី​ណា​មួយ​ចំពោះ​ការ​បំពាន​​មាត្រា​១៧​​។ ទោះ​ជា​យ៉ាង​លោក ហ្សារីហ្វី ក៏​បាន​​បង្ហាញ​ពី​​​អនុសាសន៍​​ដែលគណៈកម្មាធិការ​​ក្រុម​អ្នក​ច្បាប់​អន្តរជាតិបាន​ស្នើ​ឲ្យ​គណៈ​មេធាវី​កម្ពុជា​​​” អនុវត្ត និង​លើក​តម្កើង​បទ​ដ្ឋាន និង​ធានា​នូវ​ឯករាជ្យ​ភាព​​​របស់​​មេធាវី​ឲ្យ​សមស្រប​តាម​បទ​ដ្ឋាន​អន្តរជាតិ​ និង​គោរព​សិទ្ធិ​របស់​មេធាវី​។

គណៈកម្មាធិការ​​ក្រុម​អ្នក​ច្បាប់​អន្តរជាតិ​បាន​ស្នើ​ឲ្យ​គណៈ​មេ​ធាវី​កម្ពុជា​អនុវត្ត​ “​លក្ខណៈ​វិនិច្ឆ័យ ដោយ​មិន​មាន​ការ​រើស​អើង​ ដោយ​សត្យានុម័ត ​ច្បាស់លាស់​​​ និង​​មានលក្ខណៈ​ដូចគ្នា​ពាក់​ព័ន្ធ​នឹង​ការ​ទទួល​សមាជិក​របស់​ខ្លួន​”។​លោក​បន្ថែម​ថា ​ការ​សុំ​ចូល​ជា​សមាជិក​គួរ​តម្រូវ​ឲ្យ​មេធាវី​ទាំង​អស់​ទទួល​បាន​នូវ​ការ​បណ្តុះ​បណ្តាល​ឲ្យ​បាន​ត្រឹម​ត្រូវ​​ផ្នែក​​ច្បាប់ ​ឯករាជភាពតុលាការ និង​ក្រមសីលធម៌​ ព្រម​ទាំង​​សិទ្ធិ​មនុស្ស​។

អង្គការ​នេះ​ក៏​បាន​ផ្ដល់​​អនុសាសន៍​ឲ្យ​មាន​ការ​បំពាក់​បំប៉ន​វិជ្ជាជីវៈ​មេធាវីជា​ទៀង​ទាត់​ និង​បង្កើត​គណៈកម្មាធិការ​​ឯករាជ្យ​មួយ​ដើម្បី​​ត្រួត​ពិនិត្យ​មើល​ការ​ជំនុំ​ជម្រះ​ដាក់​វិន័យ​ចំពោះ​មេធាវីណា​​ដែលរង​ការ​ចោទ​ប្រកាន់​ថា ​​បាន​​ប្រព្រឹត្ត​ខុស​ច្បាប់​។

ទោះ​ជា​​លិខិត​នោះ​បាន​ចុះ​ផ្សាយ​លើ​​ប្រព័ន្ធ​អ៊ីន​ធើណិត​​ក៏ដោយ​ ក៏​លោក ប៊ុន ហុន ប្រធា​​គណៈ​មេធាវី​កម្ពុជាបាន​​​ថ្លែង​​​​​​​កាលពី​​​​​​​​​​ម្សិលមិញ​ថា លោក​មិន​ទាន់​បាន​ឃើញ​​​​លិខិត​នោះ​នៅ​ឡើយ​ទេ​ ដូច្នេះ លោក​មិន​អាច​​​​ធ្វើ​​អត្ថាធិប្បាយ​អំពី​អនុសាសន៍​ទាំង​នោះ​បាន​ទេ​។

លោក​ ប៊ុន ហុន ជា​អតីត​អនុ​រដ្ឋ​លេខា​ធិការ​នៃ​ក្រសួង​យុត្តិធម៌​ និង​ជា​សមាជិក​នៃ​ស្ថាប័ន​ប្រឹក្សា​​ផ្នែក​ច្បាប់របស់​រដ្ឋាភិបាល គឺ​​ក្រុម​ប្រឹក្សា​​អ្នក​ច្បាប់​កម្ពុជា​​នោះ បាននិយាយ​​ការពារ​ម្ដង​ទៀត​នូវ​ឯក​រាជ្យ​ភាព​របស់​​គណៈ​មេធាវី​កម្ពុជា​​។ លោក​ថ្លែង​បន្ត​ថា “ពួកគេ​គួរ​តែ​សិក្សា​អំពី​គណៈ​មេធាវី​របស់​ប្រទេស​ផ្សេង​ទៀត​។ យើង​មិន​យល់​ថា ហេតុ​អ្វី​បាន​ជា​ពួកគេ​លើក​​​​ឡើង​ថា គណៈ​មេធាវី​កម្ពុជា​មិន​ឯករាជ្យ​”។​​លោក​បន្ថែម​ថា មាត្រា​១៧​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ជំនួយ​​ពី​អង្គការ​សហ​​​ប្រជា​​​ជាតិ​ហើយ​មិន​បាន​ហាមឃាត់​មេធាវី​មិន​ឲ្យ​និយាយ​ជាមួយប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឡើយ​៕

ប្រែសម្រួលដោយ​ ឃិន ណៃ

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.