ព្រះសង្ឃមួយ​អង្គត្រូវ​​គំរាម​បណ្តេញចេញពីវត្ត​ចំពោះការ​ចូល​រួម​គណបក្ស​ប្រឆាំង​

មន្ត្រី​សង្ឃបានបញ្ជាក់​កាល​ពីម្សិលមិញថា ព្រះសង្ឃមួយ​អង្គ​ត្រូវ​បានបណ្តេញ​ចេញ​ពី​វត្ត​ធំមួយ​នៅ​ក្នុង​រាជធានីភ្នំពេញ​កាល​ពីថ្ងៃ​ច័ន្ទ​ បន្ទាប់​ពី​ព្រះសង្ឃ​អង្គ​នោះ​បាន​និមន្ត​ទៅ​ចូល​រួម​ការ​ជួប​ជុំ​គ្នា​របស់​គណបក្ស​ប្រឆាំង​កាល​ពីថ្ងៃ​ច័ន្ទ។

បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​កា​របណ្តេញ​ចេញនេះ​ មន្ត្រីសង្ឃគង់នៅ​វត្ត​ប​ទុម​​វតីក្នុង​រាជធានីភ្នំពេញ​បាន​អនុញ្ញាត​ឲ្យ​ព្រះ​តេជ​គុណ​  វឿង​  សំណាង​  ព្រះ​ជន្ម​២៨​ព្រះ​វស្សា គង់​នៅ​វត្ត​នេះដដែល​ ប៉ុន្តែ ត្រូវ​មាន​លក្ខ​ខណ្ឌ​ថា  ព្រះអង្គមិន​ចូល​រួម​ការ​ជួបជុំគ្នា​របស់​គណបក្ស​សង្គ្រោះជាតិ​ទៀត​ឡើយ​។

ព្រះសង្ឃ​ជាធម្មតាមាន​វត្តមាន​ជាប្រចាំ​នៅ​តាម​កន្លែង​ជួប​ជុំ​របស់​គណបក្ស​ប្រឆាំង​ ហើយ​ក៏មានព្រះអង្គខ្លះបាន​ទៅ​ចូល​រួម​ផង​ដែរកាល​ពី​ថ្ងៃ​ច័ន្ទ ដែលនៅពេល​​នោះ​មាន​មនុស្ស​ជាង​​១០.០០០នាក់​បាន​ជួប​ជុំគ្នា​ដោយ​សន្តិ​វិធី​នៅ​សួន​សេរីភាព ដែល​​ជាការ​ជួប​ជុំគ្នា​ដ៏​ធំបំផុត​ចាប់​តាំង​ពីការ​បោះឆ្នោត​ជាតិ​​មក​។

បន្ទាប់​ពីនិមន្ត​មក​ពីចូលរួម​ការ​ជួប​ជំ​គ្នា​នេះ​នៅ​ម៉ោង​ប្រហែល​៧យប់​ថ្ងៃ​ច័ន្ទ ព្រះ​​តេជគុណ​ វឿង​ សំណាង បាន​មាន​សង្ឃដីកា​ថា ព្រះតេជគុណ ឃឹម សន ព្រះមេគណ​រាជ​ធានីភ្នំពេញ​ និង​ជាព្រះចៅ​អធិការ​វត្ត​បទុម​បាន​​បណ្តេញ​ព្រះអង្គ​ចេញពីកុដិ​លេខ​២៥​។

ទោះជាយ៉ាង​ណា​  ព្រះតេជគុណ​  ឃឹម សន​ បាន​ប្តូរ​ព្រះទ័យ​វិញ​ បន្ទាប់​ពីស្ថានីយ​ វិទ្យុ​មួយ​បាន​ផ្សាយ​ព័ត៌មាន​អំពីការ​បណ្តេញ​ព្រះ​សង្ឃ​អង្គនេះ​។​

ព្រះតេជគុណ វឿង​ សំណាង ដែល​ជា​និស្សិត​រដ្ឋបាល​នៅ​ពុទ្ធិកសាកល​វិទ្យាល័យ​ព្រះ​​សីហ​នុ​រាជ​  និង​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ​បាន​មាន​សង្ឃដីកាថា “ព្រះចៅ​អធិ​ការ​​​វត្ត​អាត្មាបាន​ទូរស័ព្ទ​ហៅ​​អាត្មា​ឲ្យត្រឡប់​មក​វិញ​ បន្ទាប់​ពី​អាត្មា​បាន​ចាកចេ​ញ​ពីកុដិ​នោះ​រួច​ហើយ​ កាល​ពី​ព្រឹក​ម្សិលមិញ​”។

ព្រះតេជគុណបាន​មាន​សង្ឃដីកាថា ព្រះ​ចៅ​អធិការវត្ត​​បានប្រាប់​ព្រះអង្គ​ថា ព្រះអង្គ​អាច​គង់​នៅវត្ត​នេះ​បាន​ក្រោម​លក្ខខណ្ឌ​ថា ព្រះអង្គ​មិន​ចូល​រួមការ​ជួប​ជុំគ្នារបស់​គណ​បក្ស​នយោបាយណាមួយ​ទៀត​ឡើយ​។​​ ព្រះតេជគុណ វឿង​ សំណាង​ មាន​សង្ឃ​ដីកាថា “អាត្មា​នឹង​នៅ​តែ​ចូល​រួម​ប្រសិន   ​បើ​មាន​បាតុកម្ម​ណា​មួយកើត​មាន​​នៅ​ពេល​អនាគត​ ពី​ព្រោះ​យើង​ត្រូវ​ការ​សេរីភាព​ក្នុង​ការ​បញ្ចេញ​​​​មតិ”។ ព្រះអង្គបាន​បន្ថែម​ថា បើ​សិន​ជា​ចាំ​បាច់​ ព្រះអង្គ​នឹង​ចាក​ចេញ​ពីវត្ត​នេះ​ ដើម្បី​អាច​ចូល​រួម​ការ​ជួប​ជុំគ្នា​ទៀត​។ ព្រះអង្គ​បាន​មាន​សង្ឃដីកាថា “ដូច្នេះ​យើង​មិន​អាច​នៅ​តែ​អត់ធ្មត់​បាន​ទេ​នៅ​ពេល​​ដែលមាន​ការ​បិទ​​សិទ្ធិ​រស់​នៅ​របស់​យើង​ និង​សិទ្ធិ​បញ្ចេញ​មតិ​របស់​យើង​នោះ​”។

គណបក្ស​សង្គ្រោះជាតិ​បាន​ចេ​ញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពីម្សិលមិញ ថ្កោល​ទោស​ចំពោះ​ការ​គំរាម​ទៅលើ​​ព្រះតេជគុណ វឿង​  សំណាង​​ ដោយ​បាន​លើក​ឡើង​ថា ការ​បណ្តេញ​ព្រះអង្គ​ចេញ​ពីវត្ត​មានន័យថា ព្រះ​អង្គមិន​អាច​សិក្សា​រៀនសូត្រ ​ និង​មាន​កន្លែង​ស្នាក់​នៅ​ទៀត​ផង​។

ព្រះតេជគុណ ឃឹម សន​ បាន​បដិសេធ​ថា ​ មិន​ដែល​មាន​ការ​​បង្ខំ​ឲ្យ​ព្រះតេជគុណ​ វឿង​ សំណាង​និមន្ត​ចេញពីវត្ត​នោះទេ​។ ព្រះអង្គបានមាន​សង្ឃដីកាថា “យើង​មិន​បាន​បណ្តេញព្រះតេជគុណ​ វឿង​ សំណាង​​ទេ​​ ប៉ុន្តែ ព្រះអង្គ​ចាក​ចេញ​ដោ​យ​ខ្លួន​ឯង​ បន្ទាប់​ពីអាត្មា​សួរ​ព្រះអង្គ​ពីមូល​ហេតុ​ដែល​ព្រះអង្គ​ទៅ​ចូល​រួម​​ការ​ជួប​ជុំ​គ្នា​នេះ។ អាត្មា​ធ្លាប់​បាន​ណែនាំព្រះសង្ឃទាំង​អស់​ឲ្យគង់​នៅ​ស្ងៀម​ស្ងាត់​ និង​ណែនាំមិន​ឲ្យ​ព្រះសង្ឃ​ទៅ​ចូល​រួមការ​ធ្វើបាតុកម្ម​របស់​គណបក្ស​ណា​មួយ​ឡើយ​”។

ព្រះតេជគុណ ឡុង​ សុភាព មេកុដិ​លេខ​២៥​បាន​មាន​សង្ឃដីកាថា បញ្ហានេះត្រូវ​បាន​ដោះស្រាយ​រួច​ហើយ​។ ព្រះអង្គ​បាន​មាន​សង្ឃដីកាថា “យើង​ចង់​បណ្តេញ​ព្រះអង្គ ពីព្រោះព្រះអង្គបាន​ចូល​រួម​ការ​ជួប​ជុំ​គ្នា​ ប៉ុន្តែ ឥឡូវ​នេះ​យើង​ បាន​ដោះស្រាយ​រួច​ហើយ​។ យើង​បាន​ដោះ​ស្រាយ​បញ្ហានេះនៅ​ព្រឹកមិញ​នេះ​។ អាត្មា​បាន​​​នាំ​ព្រះតេជគុណ វឿង​ សំណាង ទៅ​ជួប​ព្រះ​ចៅ​អធិការ​វត្ត​ [ ឃឹម សន ] ហើយ​ព្រះ​អង្គ​បាន​ស្នើ​ឲ្យ​ព្រះតេជគុណ វឿង​ សំណាង​ សូម​ទោស​ និង​ឲ្យ​មាន​សង្ឃដីកាថា ព្រះអង្គ​នឹង​មិន​និមន្ត​ទៅ​ចូល​រួម​ការ​ជួប​ជុំ​គ្នា​ទៀត  ​នោះ​ឡើយ​”។

នៅពេល​សួរថា  ហេតុ​អ្វី​បាន​ជាការ​ចូល​រួម​ការ​ជួប​ជុំ​គ្នា​បណ្តាល​ឲ្យ​មានការ​បណ្តេញ​ព្រះសង្ឃ​ចេញពីវត្ត​នោះ​ ព្រះតេជគុណ ឡុង​ ​សុភាព​ មិនអាច​ឆ្លើយ​សំណួរ​បាន​ទេ​។ “យោង​តាម​វិន័យ​របស់​ព្រះពុទ្ធ​ ការ​ចូល​រួមការ​តវ៉ា​ គឺជា​អំពើមិន​ខុសវិន័យ​ទេ។ ប៉ុន្តែ អាត្មា​មិន​អាច​និយាយ​ច្រើន​ទៀត​ទេ​”។

លោក​ ង៉ែត ច័ន្ទបូ ប្រធាន​នាយក​ដ្ឋាន​កិច្ច​ការ​សាសនា​នៅ​ក្រសួង​ធម្មការ​ និង​សាសនា​បាន​​និយាយថា ព្រះ​សង្ឃ​មាន​សិទ្ធិ​បោះ​​ឆ្នោត​ ​ប៉ុន្តែ​ ព្រះសង្ឃមិន​ត្រូវបាន​​អនុញ្ញាត​ឲ្យ​ចូល​រួម​ការ​ធ្វើ​បាតុកម្ម​ជាសាធារណៈទេ​។ លោកបាន​និយាយ​ថា “ខ្ញុំគិត​ថា ព្រះសង្ឃ​​ដែល​ចូលរួម​ការ​ធ្វើ​បាតុកម្ម​ គឺ​ប្រាស​ចាក​វិន័យ​​សង្ឃ ពីព្រោះ​វា​បណ្តាល​ឲ្យមាន​​ផល​ប៉ះ​ពាល់​​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​”។

ព្រះ​តេជគុណ លួន សុវ៉ាត ជាសកម្មជន​ព្រះសង្ឃ​ដែល​ល្បីឈ្មោះនៅកម្ពុជា​កាល​ពី​ឆ្នាំ​២០១១​ត្រូវ​បាន​បណ្តេញ​ចេញ​ពីវត្ត​ឧណ្ណា​លោម​ក្នុង​រាជធានីភ្នំពេញ​ បន្ទាប់​ពី​បាន​បង្ហាញការ​គាំទ្រជាសាធារណៈ​ចំពោះ​ប្រជា​ជន​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំបន់​បឹង​កក់​។

មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​នៅ​ពេល​ដែល​​បឹង​នោះ​ត្រូវ​បាន​គេ​បូម​ខ្សាច់​លុប ​ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​អចលនទ្រព្យ​ដ៏ធំមួយដែល​ដឹកនាំ​ដោយ​ក្រុម​ហ៊ុន​របស់ លោក ឡៅ​ ម៉េង​ឃិន សមាជិក​ព្រឹទ្ធសភាមក​ពីគណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​។

វត្ត​នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​បង្គាប់​មិន​ឲ្យទទួល​​​​ព្រះតេជគុណ លួន សុវ៉ាត ដែល​បន្ត​ចូល​រួម​​ការ​តវ៉ា និងការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បណ្តេញចេញនានា​។

ព្រះតេជគុណ លួន​ សុវ៉ាត​ ​បាន​មាន​សង្ឃ​ដីកា​ថា ការ​គំរាម​ព្រះតេជគុណ សំណាង​ មិន​ពាក់ព័ន្ធ​នឹង​វិន័យ​ព្រះពុទ្ធទេ​ ប៉ុន្តែ បាន​បង្ហាញ​ថា ការ​គ្រប់​គ្រង​លើស​លប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លើស្ថាប័ននានា​មាន​ឥទ្ធិពល​លើ​ថ្នាក់​ដឹកនាំសាសនា​ក្នុង​ប្រទេស​។

ព្រះតេជគុណ លួន សុវ៉ាត​ បាន​មាន​សង្ឃ​ដីកាថា “នេះមិន​មែន​ជាវិន័យ​ព្រះពុទ្ធ​ទេ​។​ នៅ​ក្នុង​វិន័យ​ព្រះពុទ្ធ​​ ព្រះសង្ឃ​មាន​សិទ្ធិ​សេរី​ភាព​ក្នុងការ​បញ្ចេញ​មតិ​ សិទ្ធិសេរីភាព​ក្នុង​ការ​ធ្វើ​បាតុកម្មអហិង្សា​។ វិន័យ​នេះគឺ​​ពាក់​ព័ន្ធ​នឹង​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ព្រះសង្ឃ​កម្ពុជា​ទាំង​អស់​​គ្រប់​គ្រង​ដោយ​នយោ​បាយ​ ជា​ពិសេស​គ្រប់​គ្រង​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា៕​

ប្រែសម្រួល​ដោយ មូល គឹមហឿន

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.