នគរបាល​​​កំពុង​​​​​ស្វែងរក​​​ជន​​​សង្ស័យ​​​ទី​​​៣​​​ម្នាក់​​​ទៀត​​​ពាក់​​​ព័ន្ធការ​​​ឆបោក​​​ និង​​​ក្លែង​​​ឯកសារ​​​

កាល​ពីម្សិលមិញ នគរបាល​បាន​និយាយ​ថា ពួកគេ​កំពុង​ស៊ើប​អង្កេ​ត​ស្វែង​រក​ជន​សង្ស័យ​​​​ទី​៣​ដែលបាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណីឆបោក និ​ងក្លែងបន្លំ​ឯកសារ​ពាក់​ព័ន្ធ​កិច្ច​ព្រម​ព្រៀង​រុក​​​​រក​រ៉ែ ដែល​នៅ​ក្នុង​នោះ  ពាណិជ្ជ​ករ​ជន​ជាតិ​​​​ខ្មែរ​ម្នាក់​ និង​ជន​ជាតិ​ចិន​ម្នាក់​កំពុង​ឃុំ​ខ្លួន​រង់ចាំការ​​​កាត់​ក្តី​រួច​ហើយ​។

កាល​ពីថ្ងៃ​អង្គារ ​ សាលាដំបូង​រាជធានី​ភ្នំពេញ​​​​​​​បាន​ចោទ​ប្រកាន់​ ឈ្មោះ អាល់ រមណី ​​​អាយុ​៤១​ឆ្នាំ​ជា​ប្រធាន​ក្រុមហ៊ុន ACICA​ និង​ឈ្មោះ ជីន ម៉ុង​ស៊ើន អាយុ​៤៥​ឆ្នាំ​ជាជន​ជាតិ​ចិន​ពីបទ​ឆ​បោក​ និង​ប្រើ​ប្រាស់​​ឯកសារ​ក្លែង​ក្លាយ​ បន្ទាប់​ពីអ្នក​ដាក់​ពាក្យ​បណ្តឹង​អនាមិក​ម្នាក់​បាន​អះអាង​ថា ពួក​គេ​បាន​បាត់​បង់​ប្រាក់​ ចំនួន​៨១០.០០០​ដុល្លារ​សហ​​​រដ្ឋ​​​អាមេរិក​​​ទៅ​​​​​​​លើ​អ្នក​​ទាំ​ង​​​ពីរ​​​នេះ​ក្នុងកិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​ទិញ​អាជ្ញា​​​ប័ណ្ណ​​​​រុក​រក​រ៉ែ​នៅ​ក្នុង​ខេត្ត​មណ្ឌល​​គិរី។

លោក​ លួ សុខា មន្ត្រី​នាយក​ដ្ឋាន​នគរបាល​​​​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​​​ថា របាយការណ៍​នគរបាល​ដែល​បាន​ផ្ញើ​ទៅ​តុលាការ​នៅ​ក្នុង​រឿង​ក្តី​នេះ​បាន​លើក​ឡើង​ពីជន​សង្ស័យ​ម្នាក់​ទៀត​ ហើយ​ថា នគរបាល​​កំពុង​ស៊ើប​អង្កេត​រកតម្រុយ​។

លោក លួ សុខា បាន​បដិសេធ​មិន​​ធ្វើ​អត្ថា​​​ធិប្បាយ​លម្អិត​​​ឡើយ​​​។ ប៉ុន្តែ​នៅក្នុងសារ​មួយ​យក​ចេញ​ពីអ៊ីម៉េល​របស់​ក្រុមហ៊ុន ACICA បុគ្គលិក​​​​រដ្ឋបាល​ម្នាក់​ដែល​មិន​បាន​ប្រាប់​ឈ្មោះ​​​​របស់​ខ្លួន​នោះ​បាន​និយាយថា​​​ បុរស​ឈ្មោះ រមណី បាន​ប្រាប់​ក្រុម​ហ៊ុន​នេះ​ថា ឈ្មួញ​កណ្តាល​​​​ម្នាក់​​​​ជា​អ្នក​​ទទួល​ខុស​ត្រូវ​ចំពោះការ​ឆបោ​ក​​​នេះ ហើយ​ថា លោក​បាន​ប្រាប់​នគរបាល​អំពី​​​បុរស​​​​រូប​នេះ​រួចហើយ​​​។

បុគ្គលិក​រដ្ឋបាល​រូប​នេះ​បាន​និយាយ​ទៀត​ថា “[​ ឈ្មោះ រមណី ] បាន​និយាយថា  ​ដោយ​​​សារ​តែ​រូប​គាត់​ជាប់​រវល់​ គាត់​បាន​ចាត់​តាំង​បុគ្គល​ម្នាក់​ឲ្យ​ទទួល​ភារកិច្ច​​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​ការអនុម័ត​យល់​ព្រម​ពីរដ្ឋាភិ​​​បាល​សម្រាប់​អាជ្ញាប័ណ្ណ​​រុក​រក​រ៉ែនៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​នេះ​​​”។

បុគ្គលិក​រដ្ឋបាល​ដដែល​នេះ​បាន​និយាយ​បន្ថែម​ទៀត​ថា “គាត់​ក៏​បាន​បង់​ប្រាក់​ពេញ​​ឲ្យ​​​​​បុគ្គល​រូប​នេះ​ដើម្បី​រត់​ការ​។ បុគ្គល​រូប​នេះ​បាន​ផ្តល់លិខិត​ដែល​មាន​ការ​អនុម័ត​យល់​ព្រម​ទាំង​អស់​មក​ឲ្យ​​លោក​វិញ ហើយ​លោក​បាន​យក​លិខិត​នោះ​ទៅ​ឲ្យក្រសួង​សាមី​ ដោយ​​​​មិន​បាន​ផ្ទៀង​ផ្ទាត់​ជាមុនឡើយ​ ហើយ​មិន​បាន​​​​ដឹង​ថា ជា​ឯកសារ​ក្លែង​ក្លាយ​ទេ”។

ក្រុម​ហ៊ុន​ ACICA បាន​លើក​ឡើង​កាល​ពី​​​ថ្ងៃ​ពុធថា បុរសឈ្មោះ រមណី​ បាន​រត់​ការ​ឲ្យ​ទទួល​បាន​​កិច្ច​ព្រម​ព្រៀង​រុក​រក​រ៉ែ​នេះ​ដោយ​ខ្លួន​ឯង​។ គេហទំព័រ​របស់​ក្រុម​ហ៊ុន​នេះ​​អះអាង​ថា មាន​ការ​រក​ស៊ី​រួមគ្នា​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រួម​មាន​គម្រោង​ធ្វើ​ឯកជន​ភាវូប​​​នីយកម្ម​ទឹក​ស្អាត​ និង​​សំណល់​រាវ និង​​ចម្ការ​ដ៏ធំ​មួយ​នៅក្នុ​​​ង​ខេត្ត​កោះកុង​។

បុគ្គលិក​រដ្ឋបាល​រូប​នេះ​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​អំពី​សកម្ម​ភាព​ផ្សេងៗ​ទៀត​របស់​ក្រុម​ហ៊ុន​នេះឡើយ​។ សារ​ដដែល​នេះ​មាន​ខ្លឹម​សារ​ថា “ យើង​សូម​អភ័យ​ទោស​ដែល​យើង​មិន​អាច​លាត​ត្រដាង​ពីកិច្ច​ការ​ជំនួញ​របស់​យើង​ប្រាប់​ភាគី​ទី​៣​បាន​ ដោយ​សារ​​មានកិច្ច​ព្រម​ព្រៀង​មិន​បញ្ចេញ​ព័ត៌មាន​ដែល​បាន​ចុះហត្ថលេខា​រួច​ហើយ​ជាមួយ​ដៃគូ​រក​ស៊ី​របស់​យើង​៕

ប្រែសម្រួល​ដោយ សោម សារុន​​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.