អាថ៌កំបាំង​​​ជុំវិញ​​​ការ​​​ដោះ​​​ដូរ​​​ដី​​​ធ្លី​​​រាប់​​​លាន​​​ដុល្លារ​​​នៅ​​​ខេត្ត​​​សៀម​​​រាប

នៅ​​​ខាង​​​ក្នុង​​​បរិវេណ​​​​​​​​​នៃ​​​អគារ​​​សាលា​​​ខេត្ត​​​​​​​​​សៀមរាប​​​ចាស់​​​កាត់​​​របង​​​ដែក​​​ពណ៌​​​ខៀវ​​​ អ្នក​​​បោស​​​សម្អាត​​​ផ្លូវ​​​ក្នុង​​​ក្រុង​​​និង​​​គ្រួសារ​​​របស់​​​ខ្លួន​​​កំពុង​​​អង្គុយ​​​នៅ​​​​​លើ​​​ទីតាំង​​​ដែល​​​ធ្លាប់​​​​​​ជា​​​​​​អគារ​​​រដ្ឋាភិបាល​​​ពោរ​​​​​​ពេញ​​​​​​​​​ទៅ​​​ដោយ​​​មន្ត្រី​​​រាជការ​​​ដ៏​​​មមាញឹក​​​។

នៅ​​​ផ្លូវ​​​ទល់​​​មុខ​​​នោះ​​​ អតី​​​ត​​​មន្ទីរ​​​អភិវឌ្ឍ​​​ជន​​​បទ​​​​​​ឃើញ​​​នៅសល់​​​តែ​​​សំណង់​​​អគារ​​​ទទេ​​​ ដោយ​​​បរិវេណ​​​ជុំ​​​វិញ​​​នោះ​​​បាន​​​ក្លាយ​​​ជាកន្លែង​​​​​​លក់​​​បាយ​​​សាច់ជ្រូក​​​​​​ឲ្យ​​​​​ក្រុម​​​​អ្នក​​​លេង​​​អុក​​​ដែល​ញៀន​​​បារី​​​​​​។​​​ ទិដ្ឋភាព​​​នៅ​​​លើ​​​ដី​​​នេះ​​​ធ្វើ​​​ឲ្យ​​​គេ​​​នឹក​​​ឃើញ​​​ដល់​​​ជីវភាព​​​រស់នៅ​​​​​​តាម​​​ទី​​​ជនបទ​​​។​​​ ប៉ុន្តែ​​​ នេះ​​​ជាដី​​​ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ដី​​​មាន​​​ទីតាំង​​​នៅ​​​ចំ​​​កន្លែង​​​​​​ល្អ​​​​​​​​បំផុត​​​និង​​​មាន​​​តម្លៃ​​​បំផុត​​​ក្នុង​​​ខេត្ត​​​សៀមរាប​​​  ដែល​​​ជា​​​គោលដៅ​​​ទេស​​​ចរណ៍​​​មាន​​​ភ្ញៀវ​​​ទេសចរ​​​មក​​​ទស្សនា​​​​ច្រើន​​​​បំផុត​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។​​​  ហើយ​​​ដី​​​​​​នៅ​​​ក្នុង​​​​ខេត្ត​​​នេះ​​​ទៀតសោត​​​​​​​​​​​​​គឺ​​​មិន​​​ថោក​​​សោះឡើយ​​​។​​​ ចំណែក​​​​​​​ដី​​​ដែល​​​​​​ធ្លាប់​​​ជា​​​ទីតាំង​​​សាលាខេត្ត​​​ចាស់​​​​នេះ​​​​​​ក៏​​​ជា​​​ផ្នែក​​​នៃ​​​កិច្ច​​​ព្រមព្រៀង​​​​​​ដោះ​ដូរ​​​​ដី​​​ដ៏ធំ​​​បំផុត​​​​​​ដែល​​​ធ្វើ​​​ឡើង​​​ដោយ​​​រដ្ឋា​ភិបាល​​​​កម្ពុជា​​​។​​​

ការ​​​ដោះ​​​ដូរ​​​ក្នុង​​​ខែ​​​មីនា ឆ្នាំ​​​២០១០នេះ ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​​​​ក្រុមហ៊ុន​​​ J&R  អាហរ័ណ នីហរ័ណ និង​​​សំណង់​​​ (J&R Improt, Export and Construction Company) ដែល​​​គេ​​​មិន​​​សូវ​​​ស្គាល់​​​ បាន​​​ទទួល​​​កិច្ច​​​សន្យា​​​សាង​​​សង់​​​អគារ​​​ការិយា​​​ល័យ​​​ថ្មី​​​ចំនួន​​​៦០ឲ្យ​​​សាលា​​​ខេត្ត​​​​​​ នៅ​​​លើ​​​ដី​​​ទំហំ​​​៤២​​​ហិកតា ក្នុង​​​ឃុំ​​​អំពិលដាច់​​​ស្រយាល។ ជា​​​ថ្នូ​​​រមក​​​វិញ ​​​ក្រុម​​​ហ៊ុន J&R បាន​​​ទទួល​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី​​​របស់​​​សាលា​​​ខេត្ត​​​ ក្នុង​​​នោះ​​​រួម​​​មាន​​​ទាំង​​​សាលា​​​ខេត្ត​​​ និង​​​មន្ទីរ​​​ចំនួ​​ន​​​២៦ នៅ​​​ក្នុង​​​តំបន់​​​ដ៏​​​សែន​​​ល្អ​​​ចំ​​​កណ្តាល​​​ក្រុង​​​នេះ​​​ ក្នុង​​​នោះ​​​រាប់​​​ទាំង​​​ទី​​​តាំង​​​មួយ​​​ ដែល​​​ស្ថិត​​​នៅ​​​ជាប់​​​រាជ​​​ដំណាក់​​​​ និង​​​ក្បែរ​​​សណ្ឋាគារ​​​ផ្កាយ​​​៥​​​មួយ​​​ចំនួន​​​​​​ក្នុង​​​ចំណោម​​​សណ្ឋាគារ​​​ផ្កាយ​​​៥​​​ដ៏​​​ប្រណិត​​​បំផុត​​​នៅ​​​ក្នុង​​​ក្រុង​​​នេះ​​​ផង​​​ដែរ។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ កាល​​​ពី​​​សប្តាហ៍​​​មុននេះ សាលា​​​ខេត្ត​​​​​​បាន​​​ប្តូរ​​​ទី​​​តាំង​​​ទៅ​​​កណ្តាល​​​ក្រុង​​​វិញ​​​ បន្ទាប់​​​ពី​​​បាន​​​ដោះ​​​ដូរ​​​ការិយាល័យ​​​ជាមួយ​​​អាជ្ញាធរ​​​អប្សរា​​​ ដែល​​​ជា​​​ស្ថាប័នទទួល​​​បន្ទុក​​​គ្រប់​​​គ្រង​​​ឧទ្យាន​​​បុរាណ​​​អង្គរ។ ការ​​​ដោះ​​​ដូរ​​​នេះ​​​​​​ បាន​​​ទទួល​​​ការ​​​គាំ​​​ទ្រ​​​ជា​​​ទូទៅ​​​ពី​​​សំណាក់​​​មន្ត្រី​​​ខេត្តដែល​​​មាន​​​ភាព​​​នឿយ​​​ណាយ​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​ការ​​​ធ្វើ​​​ដំណើរ​​​ដ៏​​​សែន​​​ឆ្ងាយ​​​ទៅ​​​និង​​​មកពី​​​កន្លែង​​​ធ្វើ​​​ការ​​​ នៅ​​​ឃំុ​​​អំពិល​​​ដាច់​​​ស្រយាល​​​នេះ។

ក៏ប៉ុន្តែ ចម្ងល់​​​ជំុវិញ​​​ការ​​​ដោះ​​​ដូរ​​​ដី​​​សាលា​​​ខេត្ត​​​ពីដំបូង​​​នេះនៅ​​​តែ​​​មិន​​​ទាន់​​​មាន​​​ការ​​​បក​​​ស្រាយ​​​នៅ​​​ឡើយទេ។ អ្នក​​​រិះគន់​​​ការ​​​ដោះ​​​ដូរ​​​ដី​​​បែប​​​នេះ​​និយាយ​​​ថា វា​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដោយ​​​គ្មាន​​​ការ​​​ដេញ​​​ថ្លៃ​​​ជា​​​សាធារណៈ​​​ និង​​​បាន​​​ជា​​​ប្រយោជន៍​​​ដ៏​​​ធំ​​​មួយ​​​សម្រាប់​​​អ្នក​​​ដែល​​​មាន​​​សំណាង​​​ទទួល​​​បាន​​​សិទ្ធិ​​​កាន់​​​កាប់ដី​​​រដ្ឋ​​​នេះ​​​ ព្រោះ​​​ពួក​​​គេ​​​ទទួល​​​បាន​​​​​ដី​​​ដែល​​​ស្ថិត​​​នៅ​​​ចំ​​​ទីតាំង​​​ដ៏​​​ល្អ​​​​​​ ជា​​​ថ្នូ​​​រនឹង​​​ការ​​​សាង​​​សង់​​​អគារ​​​ការិយាល័យ​​​សាលា​​​ខេត្ត​​​ថ្មី​​​ នៅ​​​លើ​​​ដី​​​ ដែលមាន​​​តម្លៃ​​​ស្មើ​​​នឹង​​​ដី​​​មួយ​​​ចំណែក​​​របស់​​​សាលា​​​ខេត្ត​​​ចាស់​​​។

ទោះ​​​បីជា​​​គេ​​​មិន​​​ទាន់​​​បាន​​​ដឹង​​​ឲ្យ​​​ប្រាកដ​​​ថា តើ​​​អ្នក​​​ណា​​​ជា​​​អ្នក​​​បាន​​​ទទួល​​​ផល​​​ប្រយោជន៍​​​ពី​​​ការ​​​ដោះ​​​ដូរ​​​ដី​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​នេះ និង​​​ថា តើ​​​ទឹក​​​ប្រាក់​​​ចំនួន​​​ប៉ុន្មាន​​​ដែល​​​ត្រូវ​​​បាន​​​ទទួល​​​ពី​​​ការ​​​លក់​​​ដី​​​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​ដី​​​រដ្ឋ​​​នេះ​​​​​​ក៏​​​ពិត​​​មែន​​​ ប៉ុន្តែ កិច្ច​​​សម្ភាសន៍​​​ជាមួយ​​​មន្ត្រី​​​សាលា​​​ខេត្ត និង​​​អ្នក​​​ជំនាញ​​​ខាង​​​វិស័យ​​​អចលន​​​ទ្រព្យ​​​​​​បង្ហាញ​​​ថា វា​​​ជា​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដែល​​​ទំនង​​​ជា​​​នឹង​​​ផ្តល់​​​ផល​​​ប្រយោជន៍​​​យ៉ាង​​​ក្រាស់​​​ក្រែល​​​ និង​​​ថា ការ​​​សម្រេច​​​ចិត្ត​​​ដោះ​​​ដូរ​​​ដី​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​​​​ឡើង​​​ដោយ​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​​​ជាន់​​​ខ្ពស់​​​បំផុត​​​។

ឧទាហរណ៍ ដី​​​មួយ​​​ក្បាល​​​ដែល​​​មាន​​​ទំហំ​​​ប្រហែល​​​៣.៥០០​​​ម៉ែត្រ​​​ក្រឡា និង​​​ធ្លាប់​​ជា​​​ទីតាំង​​​នៃ​​​សាលា​​​ខេត្ត​​​ចាស់​​​ គឺ​​​មាន​​​តម្លៃ​​​ជាង​​​​​​៣​​​លានដុល្លារ ពេល​​​ការ​​​ដោះ​​​ដូរ​​​ដី​​​នេះ​​​​​​ធ្វើ​​​ឡើង​​​​​​ក្នុង​​​ឆ្នាំ​​​២០១០ នេះ​​​បើ​​​យោង​​​តាម​​​ភ្នាក់​​​ងារ​​​អចលន​​​ទ្រព្យ​​​ក្នុង​​​មូល​​​ដ្ឋាន​​​។ មួយ​​​ផ្នែក​​​នៃ​​​ដី​​​នេះ ត្រូវ​​​បាន​​​លក់​​​ឲ្យ​​​ម្ចាស់​​​សណ្ឋាគារ ​​​រមណីយដ្ឋាន​​​ថ្ងៃ​​​បាំង​​​ឆ័ត្រ​​​ដ៏​​​ប្រណិត​ នៅ​​​ក្នុង​​​ក្រុង​​​កែប​​​ កាល​​​ពី​​​ចុង​​​ឆ្នាំ​​​២០១០ េនះ​​​បើ​​​តាម​​​ការ​​​បញ្ជាក់​​​របស់​​​លោក ជែហ្វ មូន (Jeff Moons) អគ្គ​​​នាយក​​​ប្រតិបត្តិ​​​នៃ​​​ក្រុម​​​ហ៊ុន ដែល​​​ជា​​​ម្ចាស់​​​សណ្ឋាគារ រមណីយដ្ឋាន​​​នេះ ប៉ុន្តែ លោកបាន​​​បដិសេធ​​​មិន​​​បញ្ជាក់​​​ថា តើ​​​ក្រុម​​​ហ៊ុន​​​របស់​​​លោកបាន​​​ទិញ​​​ដី​​​នេះ​​​ក្នុង​​​តម្លៃ​​​ប៉ុន្មាន​​​ទេ​​​។

នៅ​​​ក្បែរ​​​នោះ​​​ ទីតាំង​​​ដែល​​​ធ្លាប់​​​ជា​​​មន្ទីរ​​​រៀប​​​ចំ​​​ដែន​​​ដី​​​ ត្រូ​​វ​​​បាន​​​លក់​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ ខែក លាង​​​ (Khek Leang Co. Ltd.,) ដែល​​​ជា​​​ម្ចាស់​​​សណ្ឋា​​​គារ សោមាទេវី អង្គរ (Somadevi Angkor Hotel & Spa)។ បើ​​​គិត​​​តាម​​​ការ​​គណនា​​​តម្លៃ​​​ដោយក្រុម​​​ហ៊ុន​​​អចលនទ្រព្យ​​​ស៊ីភីអែល​​​​​​ (Cambodia Property Limited) ដី​​​ដែល​​​មាន​​​ទំហំ​​​ប្រហែល​​​១.២០០​​​ម៉ែត្រ​​​ក្រឡា​​​នេះ​​​​​​ប្រាកដ​​​ជា​​​អាច​​​លក់​​​បាន​​​ក្នុង​​​រង្វង់​​​ទឹក​​​ប្រាក់​​​មួយ​​​លាន​​​ដុល្លារ​​​ គឺ​​​៩.០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ម៉ែត្រ​​​ក្រឡា ក្នុង​​​ឆ្នាំ​​​២០១០។ ការ​​​ដោះ​​​ដូរ​​​នេះ​​​រួម​​​មាន​​​ទាំង​​​​​​ដី​​​ជា​​​ច្រើន​​​ផ្សេង​​​ទៀត​​​ ដូច​​​ជា​​​ដី​​​របស់​​​អតីត​​​មន្ទីរ​​​​​​សង្គម​​​កិច្ច និង​​​មន្ទីរ​​​អភិវឌ្ឍន៍​​​ជន​​​បទ​​​ ដែល​​​ឥឡូវ​​​នេះ​​​ ត្រូវ​​​បាន​​​គេ​​​ទុក​​​ចោល​​​ទាំង​​​ស្រុង​​​ និង​​​មិន​​​ដឹង​​​ថា អ្នក​​​ណា​​​ជា​​​អ្នក​​​ទិញ​​​ឲ្យ​​​ច្បាស់​​​ទេ។

ត្រង់​​​ថា តើ​​​ក្រុម​​​ហ៊ុន J&R បាន​​​ទទួល​​​ប្រាក់​​​ចំនួន​​​ប៉ុន្មាន​​​ពី​​​ការ​​​ដោះ​​​ដូរ​​​ដី​​​នេះ​​​ គឺ​​​មិន​​​ទាន់​​​ដឹង​​​ច្បាស់​​​ទេ​​​។ ប៉ុន្តែ ដី​​​នៅ​​​ក្នុង​​​ឃំុអំពិល ដែល​​​ក្រុម​​​ហ៊ុន J&R ប្រើ​​​ប្រាស់​​​សម្រាប់​​​សាង​​​សង់​​​សាលា​​​ខេត្ត​​​ថ្មី​​​នេះ គឺ​​​អាច​​​មាន​​​តម្លៃ​​​មិន​​​លើស​​​ពី​​​​​ប្រាំដុល្លារ​​​ក្នុងមួយ​​​ម៉ែត្រ​​​ក្រឡា​​​ទេ ពេល​​​ការ​​​ដោះ​​​ដូរនេះ​​​បាន​​​ប្រព្រឹត្ត​​​ទៅ​​​ នេះ​​​បើ​​​យោង​​​​​​​​​តាម​​​​​​លោក បុង សូមុន្នី នាយក​​​សាខា​​​ក្រុមហ៊ុន​​​អចលនទ្រព្យ​​​ស៊ីភីអែល ក្នុង​​​ខេត្ត​​​សៀម​​​រាប។

បើគិត​​​តាមការ​​​គណនា​​​តម្លៃ​​​ដី​​​នៅ​​​ពេល​​​នោះ​​​ ដី​​​ទាំង​​​៤២​​​ហិកតានៅ​​​ក្នុង​​​ឃុំអំពិល​​​នេះ ប្រាកដ​​​ជា​​​មាន​​​តម្លៃ​​​​​​ប្រហែល​​​​​​២,១លាន​​​ដុល្លារ​​​ ​​​ដែល​​​ជា​​​ចំនួន​​​ដ៏​​​ស្តួច​​​ស្តើង​​​មួយ​​​ បើ​​​ធៀប​​​នឹង​​​តម្លៃ​​​ដី​​​ដែល​​​ធ្លាប់​​​ជា​​​ទីតាំង​​​សាលា​​​ខេត្ត​​​ និង​​​មន្ទីរ​​​​​​ចំនួន​​​២៦។

លោក លុន សុធី នាយក​​​ក្រុម​​​ហ៊ុន​​​ J&R ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​ទេ នៅ​​​ពេល​​​ត្រូវ​​​​​​​​​បាន​​​ទាក់​​​ទង​​​ ដើម្បី​​​សួរ​​​ពី​​​ការដោះ​​​ដូរ​​​ដី​​​នេះ​​​ កាល​​​ពី​​​សប្តាហ៍​​​មុន។
យោង​​​តាម​​​លោក ឈុន ឈន អតីត​​​អភិ​​​បាល​​​ខេត្ត​​​កំពង់​​​ធំ បាន​​​ឲ្យ​​​ដឹង​​​ថា លោក សុធី គឺ​​​ជា​​​ឧត្តម​​​សេនីយ៍​​​ផ្កាយ​​​ពីរក្នុង​​​ជួរ​​​កង​​​យោធ​​​ពល​​​ខេមរភូមិន្ទ​​​ នៅ​​​ពេល​​​អ្នក​​​ទាំង​​​ពីរ​​​ជួប​​​គ្នា​​​ដើម្បី​​​រៀប​​​ចំ​​​ការ​​​ស្ថាបនា​​​ប្រឡាយទឹក​​​ ដែល​​​ក្រុម​​​ហ៊ុន J&R ​​​បាន​​​សាង​​​សង់​​​ក្នុង​​​ឆ្នាំ​​​២០១០។

ទោះ​​​ជា​​​យ៉ាង​​​ណា មន្ត្រី​​​យោធា​​​បាន​​​បដិ​​​សេធ​​​​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ថា លោក សុធី​​​ ​​​​​​មិន​​​មែន​​​ជា​​​មន្ត្រី​​​ក្នុង​​​ជួរ​​​កងយោធពល​​​ខេមរ​​​ភូមិន្ទ​​​ឡើយ។ មន្ត្រី​​​សាលា​​​ខេត្ត​​​សៀម​​​រាបគ្រប់​​​លំដាប់​​​ថ្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​ដោះ​​​ដូរ​​​ដី​​​នេះ​​​ ត្រូវ​​​បាន​​​រៀប​​​ចំ​​​ដោយ​​​សម្ងាត់​​​បំផុត​​​​​​រវាង​​​លោក ស៊ូ ភិរិន្ទ អតីត​​​អភិបាល​​​ខេត្ត​​​សៀម​​​រាប​​​ និង​​​គណៈ​​​កម្មាធិ​​​​ការ​​​អន្តរ​​​ក្រសួង​​​ដែលមាន​​​សមាសភាព​​​ចូល​​​រួម​​​ពីឥស្សរជន​​​​​​រដ្ឋា​​​ភិបាល​​​ជាន់​​​ខ្ពស់​​​។

ក្នុង​​​បទ​​​សម្ភាសន៍​​​មួយ​​​កាលពី​​​សប្តាហ៍​​​មុន មន្ត្រី​​​ខេត្ត​​​មួយ​​​ចំនួន​​​ បានសម្តែង​​​កំហឹង​​​ចំពោះ​​​ការ​​​ដោះ​​​ដូរ​​​ដី​​​ពី​​​ដំបូង​​​នេះ ហើយ​​​​​​អះ​អាង​​​ថា លោក ស៊ូ ភិរិន្ទ បាន​​​រៀប​​​ចំ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ដោយ​​​គ្មាន​​​ការ​​​ដឹង​​​ឮពី​​​មន្ត្រី​​​ក្រោម​​​ឱវាទ​​​ឡើយ។

លោក ឈីក គឹមឈុន អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​ខេត្ត​​​ បាន​​​មាន​​​ប្រសាសន៍ថា “យើង​​​ជា​​​មន្ត្រី​​​តូច​​​តាច​​​ពេក​​​ មិន​​​អាច​​​ផ្តល់​​​ព័ត៌​​​មាន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ដោះ​​​ដូរ​​​ដី​​​នេះ​​​ទេ​​​។ ខ្ញុំ​​​មាន​​​ឯកសារ​​​ ប៉ុន្តែ ខ្ញុំ​​​មិន​​​អាច​​​ផ្តល់​​​ឲ្យ​​​អ្នក​​​បាន​​​ទេ​​​ ព្រោះ​​​ពុំ​​​មាន​​​ការ​​​អនុញ្ញាត”។

តាមការ​​​ពិត​​​ ភាព​​​​​​ស្ទាក់​​​ស្ទើរ​​​របស់​​​លោក គឹមឈុន ក្នុងការ​​​ចែក​​​រំលែក​​​ព័ត៌​​​មាន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ដោះ​​​ដូរ​​​ដី​​​ កាល​​​ពី​​​ឆ្នាំ​​​២០១០​​​នេះ គឺ​​​ជា​​​រឿង​​​ធម្មតា​​​ទៅ​​​ហើយ​​​ក្នុង​​​ចំណោម​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​​​។

លោក ម៉ៅ វុទ្ធី ​​​ដែល​​​មាន​​​ឋានៈ​​​ជា​​​អភិ​​​បាល​​​រង​​​ខេត្ត​​​​​​​ ក្នុង​​​ចំណោម​​​អភិបាល​​​រង​​​ខេត្ត​​​សៀម​​​រាប​​​ ពេល​​​ការ​​​ដោះ​​​ដូរ​​​ដី​​​នេះ​​​ត្រូ​​​វបាន​​​ធ្វើ​​​ឡើង​​​នោះ​​​ បាន​​​មានប្រសាសន៍ថា “គណៈ​​​កម្មា​​​ធិការ​​​អន្តរ​​​ក្រសួង​​​ និង​​​ថ្នាក់​​​ដឹក​​​នាំ​​​ប្រទេស​​​ជា​​​អ្នក​​​ចាត់​​​ចែង​​​រឿង​​​នេះ​​​ក្នុង​​​ឆ្នាំ​​​២០១០។​​​ខ្ញុំ​​​អត់​​​ដឹង​​​ទេ។ សុំទោស​​​”។

តាម​​​ច្បាប់​​​ អចលនទ្រព្យ​​​ទាំង​​​អស់​​​របស់​​​រដ្ឋ​​​ក្នុង​​​ខេត្ត​​​នានា ត្រូវ​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​គ្រប់​​​គ្រងរបស់​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ ដែល​​​ត្រូវ​​​ធ្វើ​​​ការជាមួយ​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី ពេល​​​រៀប​​​ចំ​​​ការ​​​ដោះ​​​ដូរ​​​ដី​​​ធ្លី​​​។ អភិបាល​​​រង​​​ខេត្ត​​​សៀម​​​រាប​​​ លោក ប៊ុន ថារិទ្ធ បាន​​​ឲ្យ​​​ដឹង​​​ថា លោក ព្រំ សុខា រដ្ឋ​​​លេខា​​​​​​ធិការ​​​ក្រសួង​​​​​​មហា​​​ផ្ទៃ​​​ គឺ​​​ជា​​​ប្រធាន​​​គណៈ​​​កម្មា​​​ធិការ​​​ទទួល​​​បន្ទុក​​​លើ​​​ការ​​​ដោះ​​​ដូរ​​​ដី​​​នៅខេត្ត​​​​​​សៀម​​​រាប​​​នេះ​​​ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​សេចក្តីលម្អិត​​​ពីកិច្ច​​​ព្រម​​ព្រៀង​​​នេះ​​​ទេ​​​។

លោក ព្រំ សុខា បាន​​​បដិសេធមិន​​​ធ្វើ​​​ការ​​​អត្ថាធិប្បាយ​​​​​​អំពី​​​ការ​​​ដោះ​​​ដូរ​​​ដីធ្លី​​​នេះ​​​ឡើយ​​​​​​ ហើយ​​​បាន​​​បង្វែរ​​​សំណួរ​​​ទៅលោក​​​ ស៊ូ ភិរិន្ទ​​​  និង​​​អភិបាល​​​ខេត្ត​​​បច្ចុប្បន្ន​​​ គឺលោក​​​ ឃឹម ប៊ុន​​​សុង​​​ ។ នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​អំពី​​​តួនាទី​​​របស់​​​លោក​​​ជា​​​ប្រធាន​​​គណៈកម្មាធិការ​​​ទទួល​​​បន្ទុក​​​លើ​​​ការ​​​ដោះដូរ​​​ដី​​​នេះ​​​ លោក​​​ ព្រំ សុខា​​​  មាន​​​ប្រសាសន៍​​​ថា “ រឿង​​​​​​​​​នេះ​​​បាន​​​ចប់​​​យូរ​​​ហើយ​​​។ សួរ​​​អភិបាល​​​ខេត្ត​​​​​​នេះទៅ​​​”។

លោក​​​ បេង​​​ហុង​​​ សុជាតិ​​​ខេមរ៉ូ​​​ ​​​​​​អ្នក​​​នាំ​​​ពាក្យ​​​​​​ក្រសួង​​រៀបចំ​​​​​​ដែន​​​ដី​​​ បាន​​​អះអាង​​​ថា លោក​​​ពុំមាន​​​ព័ត៌មាន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ដោះ​​​ដូរ​​​ដី​​​ដ៏ធំនេះ​​​ទេ​​​ ហើយ​​​លោក​​​បាន​​​បដិសេធថា ខ្លួនមិន​​​ដឹង​​​ថា តើ​​​អតីត​​​អគារ​​​សាលា​​​ខេត្ត​​​​​​នៅ​​​ចំ​​​កណ្តាល​​​ក្រុង​​​សៀម​​​រាប​​​នេះ​​​ បាន​​​ប្រែ​​​ក្លាយ​​​ទៅជាអ្វី​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ខ្ញុំ​​​អត់​​​ដឹង​​​ទេ​​​។ ខ្ញុំមិន​​​ដែល​​​បាន​​​ទៅ​​​មើល​​​ដី​​​ទាំង​​​នោះ​​​ទេ​​​។ លោក​​​គួរ​​​តែសួរ​​​ថ្នាក់​​​ខេត្ត​​​ទៅ​​​។ ក្រសួង​​​​​​រៀបចំ​​​ដែន​​​ដី​​​មិន​​​ដឹង​​​រឿង​​​នេះឡើយ​​​”។

លោក​​​  ប៊ុន​​​សុង​​​ អភិបាល​​​ខេត្ត​​​សៀម​​​រាប​​​បច្ចុប្បន្ន​​​​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​​​​អត្ថាធិប្បាយ​​​​​​​​​​​​អំពី​​​ការ​​​ដោះដូរ​​​ដីនេះ​​​ទេ​​​។ លោក​​​ ស៊ូ ភិរិន្ទ មិន​​​​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​​​​​​​ ទោះជា​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ព្យាយាម​​​ទាក់​​​ទង​​​ទៅលោកជា​​​​​​ច្រើន​​​ដង​​​យ៉ាង​​​ណា​​​ក៏ដោយ​​​​​​​​​។ ភូមិគ្រឹះ​​​ដ៏ស្កឹម​​​ស្កៃ​​​​​​របស់​​​លោក ​​មិន​​​​​​ឃើញមាន​​​មនុស្ស​​​នៅ​​​ឡើយ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ និង​ថ្ងៃ​​​សុក្រ​​​។

ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ដោះដូរ​​​ដីនេះ​​​ មាន​​​ការ​​​យល់​​​ស្រប​​​ជាទូ​​​ទៅ​​​ថា សេចក្តី​​​សម្រេច​​​ក្នុង​​​ការ​​​រើ​​​សាលា​​​ខេត្ត​​​ទៅ​​​ឃុំ​​​អំពិល​​​ ចម្ងាយ​​​១៦​​​គីឡូម៉ែត្រ​​​ពីក្រុង​​​សៀម​​​រាប​​​នេះ​​​ គឺជា​​​សេចក្តី​​​សម្រេច​​​ដ៏​​​អាក្រក់​​​មួយ​​​ដោយសារ​​​ចម្ងាយ​​​ផ្លូវ​​​ដ៏​​​សែន​​​ឆ្ងាយ​​​ និង​​​ការ​​​ចំណាយ​​​បន្ថែម​​​លើ​​​ថ្លៃ​​​សាំង​​​សម្រាប់ការធ្វើ​​​ដំណើរ​​​ទៅ​​​ទីនោះ​​​។ វាក៏​​​បាន​​​ស្តែង​​​ចេញ​​​យ៉ាង​​​ច្បាស់​​ភ្លាមៗ​​​ផង​​​ដែរ​​​ថា មន្ត្រី​​​នៅ​​​ទីនេះ​​​សុទ្ធ​​​តែ​​​មាន​​​ភា​​​ព​​​ស្ទាក់​​​ស្ទើរ​​​ក្នុង​​​ការ​​​និយាយ​​​ពីអ្នក​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​​​​ចំពោះការ​ដោះដូរ​​​នេះ​​​ និង​​ពីមូល​​​ហេតុ​​​​​​ដែល​​​ក្រុមហ៊ុន​​​ J&R ​​​ ត្រូវ​​​បាន​​​ជ្រើសរើ​​​ស​​​ឲ្យ​​​សាង​​​សង់​​​អគារ​​​សាលា​​​ខេត្ត​​​ថ្មី​​​សម្រាប​​​់​​​​​​ជំនួស​​​សាលាខេត្ត​​​ចាស់​​​។

នៅ​​​ពេល​​​លោក ឃឹម​​​ ប៊ុន​​​សុង​​​ អភិបាល​​​ខេត្ត​​​ថ្មី​​​បាន​​​ឡើង​​​កាន់​​​អំណាច​​​កាល​​​ពីដើម​​​ឆ្នាំ​​​នេះ​​​ ការ​​​ងារ​​​ដំបូង​​​ក្នុង​​​ចំណោម​​​ការងារ​​​របស់​​​លោក​​​ គឺ​​​រើ​​​ការិយាល័យ​​​សាលា​​​ខេត្ត​​​ទាំង​​​អស់​​​ពីឃុំ​​​អំពិល​​​​​​មក​​​កណ្តាល​​​ក្រុង​​​វិញ​​​តាមលិខិត​​​បង្គាប់ដែល​​​លោក​​​ ហ៊ុន សែន​​​ បាន​​​ចុះ​​​ហត្ថ​​​លេខា​​​កាល​​​ពីថ្ងៃ​​​ទី​​​៩ ​​​ខែ​​​សីហា​​​។ ការិយាល័យ​​​សាលា​​​ខេត្ត​​​ថ្មី​​​នៅ​​​ក្នុង​​​ឃុំ​​​អំពិល​​​មាន​​​ទីតាំង​​​ស្ថិត​​​នៅ​​​លើ​​​ដី​​​ដែល​​​ហ៊ុំ​​​ព័ទ្ធ ​​​​​​ជុំ​​​វិញដោយ​​​​​​វាលស្រែ​​​ និង​​​គោ​​​។ វា​​​ជាកន្លែង​​​ដែល​​​គេ​​ឃើញ​​​​​​​​​មាន​​​តែ​​​ឆ្កែ​​​អត់​​​ម្ចាស់​​​ និង​ផ្ទះ​​​ខ្ទម​​​ប្រក់ស្លឹក​​​ត្នោត​​​ មិន​​​សម​​​ជាកន្លែង​​​​​​អភិ​​​បាល​​​ខេត្ត​​​ក្នុ​​​ងឈុត​​​អាវ​​​ធំ​​​មាន​​​ក្រវាត់​​​ក​​​ ធ្វើ​​​ការ​​​ទេ​​​។

នៅ​​​ពេល​​​មន្ត្រី​​​សាលា​​​ខេត្ត​​​ និង​​​កម្ម​​​ករ​​​រើ​​​អីវ៉ាន់​​​​​​រាប់​​​សិប​​​នាក់​​​​​​​​​កំពុង​​​រើ​​​ការិយាល័យ​​​ទៅ​​​​​​ការិយាល័យ​​​របស់​​​អាជ្ញាធរ​​​អប្សរា​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​វិញ​​​​​​​​​កាល​​​ពីថ្ងៃ​​​ព្រហស្បតិ៍​​​ និង​ថ្ងៃ​​​សុក្រ​​​ មន្ត្រី​​​សាលា​​​ខេត្ត​​​មួយ​​​ចំនួន​​​បានសំដែង​អារម្មណ៍​​​ធូរស្រាល​​​ដោយ​​​សារ​​​ខ្លួន​​​លែង​​​ចាំ​​​បាច់​​​ធ្វើ​​​ដំណើរ​​​ក្នុង​​​ចម្ងាយ​​​ផ្លូវ​​​១៦​​​គីឡូម៉ែត្រ​​​រាល់​​​ថ្ងៃ​​​ទៀត​​​។

ប៉ុន្តែ នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​អំពី​​​ក្រុម​​​ហ៊ុន​​​J&R  ឬ​​​តួនាទី​​​របស់​​​លោក ស៊ូ ភិរិន្ទ ក្នុងការ​​​រៀប​​​ចំកិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ ពួក​​​គេ​​​ភាគ​​​ច្រើន​​​​​​បាន​​​នៅ​​​ស្ងៀម​​​ ហើយបាន​​​​​​ស្នើ​​​មិន​​​ឲ្យ​​​​​​បញ្ចេញ​​​ឈ្មោះ​​​របស់​​​ខ្លួន​​​លើ​​​ទំព័​​​រកាសែត​​​​​​។ មន្ត្រី​​​ម្នាក់​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​មន្ទីរ​​​ហិរញ្ញវត្ថុ​​​ និង​​​ដែល​​​ស្នើ​​​មិន​​​ឲ្យ​​​បញ្ចេញ​​​ឈ្មោះ​​​ព្រោះ​​​តែ​​​​​​ការ​ដោះដូរ​​​ដី​​​នេះ​​​ជារឿង​​​ដ៏​​​រសើប​​​នោះ បាន​​​និយាយ​​​ថា ​​​ “ក្រុម​​​ហ៊ុន​​​ J&R ​​​ កាន់កាប់​​​ក្រុម​​​ហ៊ុន​​​ម៉ៅការ​​​បន្ត​​​ជាច្រើន​​​ទៀត​​​ ហើយ​​​ដីនេះ​​​​​​ត្រូវ​​​បានបែង​​​ចែក​​​ក្នុង​​​ចំណោម​​​ក្រុម​​​ហ៊ុន​​​ទាំ​​​ង​​​នោះ​​​។ ដីខ្លះ​​​ត្រូវ​​​បាន​​​លក់​​​ ហើយ​​​ដី​​​ខ្លះទៀត​​​ត្រូវ​​​បាន​​​ជួល​​​។ ដីខ្លះ​​​ទុក​​​ឲ្យ​​​នៅ​​​ទំនេរ​​​ដោយ​​​​​​មាន​​​របង​​​ព័ទ្ធ​​​ជុំ​​​វិញ​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្តទៀត​​​ថា “ខ្ញុំ​​​មិន​​​អាច​​​ប្រាប់​​​បាន​​​ថា មាន​​​រឿង​​​អ្វី​​​កើត​​​ឡើង​​​ឲ្យ​​​ប្រាកដ​​​ទេ ព្រោះ​​​មាន​​​គណៈកម្មាធិ​​​ការ​​​មួយ​​​ដែល​​​ទទួល​​​បន្ទុក​​​ចាត់​​​ចែង​​​រឿង​​​នេះ​​​ និង​មាន​​​រដ្ឋ​​​មន្ត្រី​​​ពាក់​​​ព័ន្ធ​​​ផ្សេង​​​ៗ​​​ទៀត​​​​​​​​​។ លោក​​​ទៅ​​​សួរ​​​ថ្នាក់​​ដឹក​​​នាំ​​​ទៅ”​​​។ ការ​​​ដែល​​​ឥឡូវ​​​នេះ​​​សាលា​​​ខេត្ត​​​មាន​​​ទី​​​តាំង​​​​​​ នៅ​​​ក្នុង​​​បរិវេណ​​​អាជ្ញាធរ​​​អប្សរា គឺ​​​រឹត​​​តែ​​​គួរ​​​ឲ្យ​​​ចម្លែក​​​ទៅ​​​ទៀត​​​ព្រោះ​​​លោក ស៊ូ ភិរិន្ទ ត្រូវ​​​បាន​​​តែង​​​តាំង​​​ឲ្យធ្វើជា​​​​​​ទីប្រឹក្សា​​​របស់​​​អាជ្ញា​​​ធរ​​​អប្សរា​​​​​​ចាប់​​​តាំង​​​ពីពេល​​​នោះ​​​មក​​​ ហើយ​​​​​​ឥឡូវ​​​នេះ​​​រូបលោក​​​ខ្លួន​​​ឯង​​​ គឺជាអ្នក​​​ដែល​​​ត្រូវ​​​ធ្វើ​​​ដំណើរ​​​ក្នុង​​​ចម្ងាយ​​​ផ្លូវ​​​១៦​​​គីឡូម៉ែត្រ​​​ទៅ​​​ការិយាល័យ​​​អាជ្ញាធរ​​​អប្សរា​​​ថ្មី​​​នៅឃុំ​​​អំពិល​​​។​​​

អង្គការ​​​សហ​​​ប្រជាជាតិ​​​ និងលោក​​​ ហ៊ុន សែន​​​ បាន​​​សំដែង​​​ការ​​​​​​ប្រឆាំង​​​របស់ខ្លួន​​​ចំពោះ​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដោះដូរ​​​ដី​​​នេះ ​​​ព្រោះ​​​វា​​​ពាក់​​​ព័ន្ធ​​​នឹង​​​ដី​​​ដ៏​​​មាន​​​តម្លៃ​​​នៅ​​​ចំកណ្តាល​​​ក្រុង​​​​​​​​​ដែល​​​អគារ​​​ភាគច្រើន​​​មាន​​​តម្លៃ​​​ជាកេរតំណែល​​​ប្រវត្តិសាស្ត្រ​​​។

លោក​​​ គ្រីស្តូ​​​ហ្វើ​​​ ផត​​​ធីយ័រ​​​ (Christophe Pottier)​​​  ប្រធាន​​​វិទ្យាស្ថាន​​​​​​ Ecole Francaise d’Exterme Orient  ក្នុង​​​ក្រុង​​​បាង​​​កក​​​ ដែល​​​បាន​​​ចំណាយ​​​ពេល​​​១៨​​​ឆ្នាំ​​​ធ្វើ​​​ជា​​​ប្រធាន​​​មជ្ឈ​​​មណ្ឌល​​​​​​របស់​​​វិទ្យាស្ថាន​​​នេះ​​​ក្នុង​ខេត្ត​​​សៀម​​​រាប​​​រហូត​​​ដល់​​​ខែ​​​ធ្នូ​​​ ឆ្នាំ​​​២០០៩​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​មិន​​​ដឹង​​​ថា តើ​​​ការ​​​ដោះដូរ​​​ដី​​​នេះ​​​មាន​​​តម្លៃជាទឹក​​​ប្រាក់​​​ប៉ុន្មាន​​​នោះទេ​​​។ ប៉ុន្តែ លោក​​​​​​បាន​​​ធ្វើ​​​ការ​​​កត់​​​សម្គាល់​​​ពីការព្យាយាម​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​រើ​​​អគារ​​​រដ្ឋាភិបាល​​​ទៅ​​​ក្រៅ​​​ក្រុង​​​ជាផ្នែក​​​នៃ​​​យុទ្ធសាស្ត្រ​​​រយៈ​​​ពេល​​​វែង​​​ក្នុង​​​ការ​​​ផ្តល់​​​ដីធ្លី​​នៅ​​​កណ្តាល​​​ក្រុង​​​​​​ឲ្យ​​​សេចក្តី​​​សម្រេច​​​ផ្នែក​​​នយោ​​​បាយ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​អភិ​​​វឌ្ឍក្រុង​​​សៀម​​​រាប”។

ទោះជា​​​យ៉ាង​​​ណា​​​ ត្រង់​​​ថា តើ​​​អ្នក​​​ណា​​​ដែល​​​ជា​​​អ្នក​​​ទទួល​​​បាន​​​ផល​​​ប្រយោជន៍​​​ពី​​​ការ​​​ដោះ​​​ដូរ​​​ដី​​​នេះ និង​​​ថា តើ​​​ក្រុម​​​ហ៊ុន J&R បាន​​​ធ្វើ​​​អ្វី​​​ខ្លះ​​​លើ​​​ដី​​​នៅ​​​ចំ​​​កណ្តាល​​​ក្រុង​​​នេះ គឺ​​​នៅ​​​មិន​​​ទាន់​​​ច្បាស់​​​ទេ។

លោក ជែហ្វ មូន ដែល​​​ជា​​​អគ្គ​​​នាយក​​​ប្រតិ​​​បត្តិ​​​សណ្ឋា​​​គារ រមណីយដ្ឋាន​​​ថ្ងៃ​​​បាំង​​​ឆ័ត្រ បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​បាន​​​ទិញ​​​ “អគារ​​​មួយ​​​” នៅ​​​លើ​​​ទីតាំង​​​នៃ​​​អតីត​​​សាលា​​​ខេត្ត​​​ ប៉ុន្តែ​​​លោក​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ថា តើ​​​ក្រុម​​​ហ៊ុន​​​លោក​​​បាន​​​ទិញ​​​ក្នុង​​​តម្លៃ​​​ប៉ុន្មាន​​​ ឬ​​​ថា​​​ តើ​​​ក្រុម​​​ហ៊ុន​​​លោក​​​បាន​​​ទិញ​​​វា​​​ពី​​​អ្នក​​​ណា​​​ទេ​​​។
លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ពិត​​​មែន​​​ហើយ ខ្ញុំ​​​បាន​​​ទិញ​​​វា​​​ក្នុង​​​ឆ្នាំ​​​២០១០  ២០១១។ ខ្ញុំ​​​បាន​​​ទិញ​​​វា​​​​​​ “ ពី​​​អ្នក​​​ដែល​​​ជា​​​ម្ចាស់​​​ដី​​​នេះ​​​។ សូម​​​កុំសួរ​​​សំណួរ​​​ផ្សេង​​​ទៀត”។

បន្ទាប់​​​ពី​​​បាន​​​ធ្វើ​​​ដំណើរ​​​រៀង​​​រាល់​​​សប្តាហ៍​​​ទៅ​​​សាលា​​​ខេត្ត​​​ ក្នុង​​​ឃុំអំពិល​​​អស់​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​ លោក ស ចាន់​​​ផល្លីន ប្រធាន​​​មន្ទីរ​​​រៀប​​​ចំ​​​​​​ដែន​​​ដី​​​​​​ បាន​​​សម្តែង​​​ភាព​​​ធូរស្រាល​​​ដោយ​​​សារ​​​លោក​​​លែង​​​ចាំបាច់​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ធ្វើ​​​ការ​​​ក្នុង​​​ចម្ងាយ​​​ផ្លូវ​​​ដ៏​​​សែន​​​ឆ្ងាយ​​​ទៀត។ ដោយ​​​សំដៅ​​​ទៅលើ​​​ការ​​​ដោះ​​​ដូរ​​​ដី​​​នេះ​​​លោក​​​​​​​​​​​​បាន​​​ថ្លែងថា “យើ់ង​​​មិន​​​ដឹង​​​ព័ត៌​​​មាន​​​នេះ​​​ទេ​​​។ យើង​​​ផ្តល់​​​ឲ្យ​​​សាធារណជន​​​នូវ​​​សេវា​​​​​​កម្ម​​​ពាក់ព័ន្ធ​​​នឹង​​​កម្ម​​​សិទ្ធិ​​​ដី​​​ធ្លី​​​ ជួយ​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​… តែយើង​​​គ្មាន​​​ព័ត៌​​​មាន​​​​​​​​​នេះ​​​​​​ក្នុង​​​​​​ដៃ​​​ទេ។ អ្នក​​​ត្រូវ​​​សួរ​​​មន្ត្រី​​​សាលា​​​ខេត្ត​​​”។

ហើយ​​​​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​អំពី​​​ការ​​​រើ​​​មក​​​កាន់​​​​​​អគារ​​​របស់​​​អាជ្ញាធរ​​​អប្ស​​​រា​​​នេះ លោក​​​ ​​​ផល្លីន បាន​​​និយាយ​​​​​​ថា “យើ់ង​​​ទាំង​​​អស់​​​​​​គ្នា​​​រីក​​​រាយ​​​ណាស់​​​ដែល​​​សាលា​​​ខេត្ត​​​ និង​​​មន្ទីរ​​​​​​នានា បាន​​​រើ​​​មក​​​វិញ។ វា​​​គឺជា​​​ការ​​​ខ្ជះ​​​ខ្ជាយ​​​ពេល​​​វេលា​​​​​​ផង សាំង​​​ផង និង​​​ប្រាក់​​​កាស​​​ផង”៕

ប្រែ​​​សម្រួល​​​ដោយ កង សុធា

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.