សាលាឧទ្ធរណ៍​បដិសេធ​ការអះ​​អាងផ្អាកសំណុំរឿង​ធ្វើ​បត្យាប័ន​មហាសេដ្ឋី​ជន​ជាតិ​រុស្សី ប៉ូលុនស្គី

ក្រុម​មន្ត្រី​នៅ​សាលា​ឧទ្ធរណ៍​បាន​ឲ្យ​ដឹង​កាល​ពីម្សិលមិញថា ពួក​គេ​នឹង​សម្រេច​ធ្វើ​បត្យាប័ន​របស់​មហា​សេដ្ឋីរុស្ស៊ី​ សេរហ្គេ​ ប៉ូលុន​ស្គី (Sergei Polonsky) ដូច​ដែល​បាន​គ្រោង​ទុក ​ដោយ​បដិសេធ​ចំពោះការ​អះ​អាង​ដោយ​មេធាវី​របស់​អតីត​មហាសេដ្ឋី​រូប​​នេះ​កាល​ពីសប្តាហ៍​មុន​​ថា រឿង​ក្តី​នេះ​ត្រូវ​បាន​ផ្អាកជា​បណ្តោះ​អាសន្ន​។

លោក​ ប៉ូលុន​ស្គី ដែល​ត្រូវ​បាន​តុលាការ​មួយ​នៅ​ក្នុង​ទីក្រុង​មូស្គូ​ ចោទ​ប្រកាន់​កាល​ពី​ក្នុង​ខែ​កក្កដា​ពីបទ​លួ​ចបន្លំ​យកប្រាក់​ប្រមាណ​១៧៦​លាន​ដុល្លារ​ពី​វិនិយោគិន ក្នុង​ការ​អភិ​វឌ្ឍលំនៅដ្ឋាន​ដែល​មិន​ទាន់ចប់​រួ​ច​រាល់​មួយ​​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កោះ​រុង​ នៅក្នុង​សមុទ្រ​​ខេត្ត​ព្រះសីហនុ​ កាល​ពីថ្ងៃទី​១១​ ខែ​វិច្ឆិកា តាម​សំណើ​របស់​អាជ្ញាធរ​រុស្ស៊ី។

បើ​ទោះជា​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​​នៅ​កម្ពុជា​នៅ​​ពេល​នោះ​បាន​សន្យា​ធ្វើ​បត្យាប័ន​លោក​ ប៉ូលុន​ស្គី​ ទៅកាន់​ទីក្រុង​មូស្គូ កាន់តែ​ឆាប់​កាន់​តែ​ល្អក៏ដោយ​ ក៏​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​បាន​ប្រកាស​កាល​ពីសប្តាហ៍​មុន​ថា ខ្លួន​នឹង​បន្ត​បើក​សវនាកា​រ​​ជំនុំ​ជម្រះ​នាពេល​ឆាប់​ៗនេះ​ក្នុង​សំ​ណុំ​រឿង​ក្តី​ពី​​បទ​បង្ក​របួស​ស្នាម​រយៈ​ពេល​មួយ​ឆ្នាំ​មកហើយ​ ដោយអ្នក​ជំនួញ​រូប​នេះ​។

កាល​ពីថ្ងៃ​ព្រហស្បតិ៍​ មេធាវី​របស់​លោក ប៉ូលុនស្គី​ គឺលោក​ អាឡិច​ សាន់ឌ័រ ការ៉ាបា​ណូវ​ (Alexander Karabanov)​ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​រុស្ស៊ី​ថា មន្ត្រី​តុលាការ​កម្ពុជា​នឹង​ផ្អាក​ការធ្វើ​បត្យាប័ន​កូន​ក្តី​របស់​លោក​រហូត​ដល់​បន្ទាប់​ពី​រឿង​ក្តី ទាក់​​ទង​ការបង្ក​របួស​ស្នាមដោ​យ​លោក​ ប៉ូ​លុន​ស្គី ដោះ​ស្រាយ​​ចប់​រួច​រាល់​សិន​។

​ កាសែត​ RIA Novosti ​ បាន​ដក​ស្រង់​សម្តី​របស់​មេធាវី​រូប​នេះថា “លោក​ ប៉ូលុន​ស្គី នឹង​ត្រូវ​ផ្ទេរ​ទៅកាន់​ពន្ធនាគារ​មួយ​ទៀត​ ហើយ​ការ​បើក​សវនាការ​​ជំ​នុំ​ជម្រះ​​​​​ជុំ​​វិញ​ការធ្វើ​បត្យាប័ន​នឹង​ត្រូវ​ផ្អាក​ រហូត​ដល់​ការ​ជំនុំជម្រះ​ក្តី​មួ​យ​​​​តាម​ការ​ចោទ​ប្រកាន់​របស់​កម្ពុជា ​ត្រូវ​បាន​បញ្ចប់​​សិន​”។ ក៏ប៉ុន្តែ លោក តាន់​ សេ​​ណារ៉ុង​  ចៅក្រម​នៅ​​សាលាឧទ្ធរណ៍​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេច​ធ្វើ​បត្យាប័ន​ជន​បរ​ទេស​នោះ​ បាន​លើក​ឡើង​កាល​ពីម្សិល​មិញ​ថា មិន​មែន​ជាការ​ពិត​ទេ​ចំពោះការ​អះអាង​របស់​លោក​ ការ៉ាបាណូវ នោះ​។ លោក​ចៅក្រម​ សេណារ៉ុង​ បាន​ឲ្យ​ដឹង​ថា “សាលាឧទ្ធរណ៍​មិន​បាន​សម្រេច​ផ្អាក​​ការ​បើក​សវនាការជំនុំ​ជម្រះ​​​នោះទេ​”។

លោក​បាន​បន្ថែម​ថា “អង្គ​បុរេជំនុំ​ជម្រះ​របស់​សាលា​ឧទ្ធរណ៍​នឹង​បើ​ក​សវនាការ​​ជំនុំ​ជម្រះ​រឿង​ក្តីនេះ​​ ហើយ​បន្ទាប់​នោះ​ចៅ​ក្រម​នឹង​ពិនិត្យ​សំណើ​[ធ្វើ​បត្យាប័ន]”។ លោក​បាន​បដិសេធ​មិន​និយាយ​ថា ពេល​ណា​នឹងធ្វើ​សេចក្តី​សម្រេច​នោះ​ទេ​។

កាល​ពី​ខែ​មករា​ សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​បាន​ចោទ​ប្រកាន់​លោក ប៉ូលុន​ស្គី និង​ជន​ជាតិ​រុស្ស៊ី​ពីរនាក់​ទៀត​ពីបទ​បង្ក​របួស​​ស្នាម ​បន្ទាប់​ពី​កើត​មា​ន​ជម្លោះ​​ជាមួយ​បុរស​ជន​ជាតិ​​ខ្មែរ​ធ្វើ​ការ​នៅលើ​​ទូក​កាល​ពីក្នុ​ង​ខែ​ធ្នូ។ មហា​សេដ្ឋី​រូប​នេះ ជាប់​ក្នុង​ពន្ធនាគារ​ខេត្ត​រយៈពេល​បីខែ​ ហើយ​ត្រូ​វបាន​ដោះ​លែង​នៅ​ក្រៅ​ឃុំ​ជាបណ្តោះ​អាសន្ន​កាល​ពីថ្ងៃ​ទី​៣ ខែមេសា បើ​ទោះជា​គ្មាន​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​រូប​គាត់​ក៏​ដោយ​​។ ក្រុម​មន្ត្រី​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​​មិន​អាច​ទាក់​ទងបា​ន​​​ទេ​​កាល​ពីម្សិលមិញ​៕​ប៊ុន​នី​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.