អ្នកតវ៉ា​​​ពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​តវ៉ា​​​ជាប់ឃុំ​​​២៣​​​នាក់​​​ត្រូវ​​​បាន​​​​​​​​​ដោះលែង​​​​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ

កាល​​​ពីព្រឹក​​​ថ្ងៃ​​​សុក្រ​​ សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​​​​​​​បាន​​​សម្រេច​​​ដោះ​​​លែង​​​​​​មនុស្ស​​​ពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​សកម្ម​​​ជន​​​សហជីព​​​​​​​​​និង​​​​​​​​​អ្នក​​​តវ៉ា​​​ចំនួន​​​២៣​​​​​​នាក់ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ ។ ​​​​​​សកម្ម​​​​​​ជន​​​សហជីព​​​​​​​​​និង​​​​​​​​​អ្នក​​​តវ៉ា​​​ចំនួន​​​២៣​​​​​​នាក់​​​នេះ​​​ត្រូវបាន​​​បញ្ជូន​​​ចូលពន្ធនាគារ ​​​បន្ទាប់ពី​​​ការ​​​បង្ក្រាប​​​​​​របស់​​​កង​​​រាជអាវុធ​​​ហត្ថ​​​លើ​​​កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​ ដែល​​​កំពុង​​​ធ្វើកូដកម្ម​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣​​​ខែ​​​មករា​​​ ។

លោក​​​ លាង​​​ សំណាត់​​​ ចៅ​​​ក្រម​​​ប្រធាន​​​​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​​​​សាលា​​​ដំបូង​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​បាន​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ក្ដី​​​​​​ដោយ​​​​​​មិន​​​បាន​​​​​​គ្រោង​​​ទុក​​​មួយ​​​​​​កាល​​​ពីព្រឹក​​​ថ្ងៃ​​សុក្រ ហើយ​​​បាន​​​សម្រេច​​​ដោះលែង​​​​​​មនុស្ស​​​ពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​អ្នកតវ៉ា​​​​​​ ដែល​​​កំពុង​​​ជាប់​​​ពន្ធ​​​នាគារ​​​ទាំង​​​២៣​​​នាក់​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​។ កម្មករ​​​​​​រោង ចក្រ កាត់​​​ដេរ​​​ដែល​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ទាំង​​​ពីរ​​​នាក់​​​នោះ​​​​​​រួម​​​មាន​​​ លោក​​​ ប៊ូ សារិទ្ធ អាយុ​​​២៧​​​ឆ្នាំ​​​ និង​​​​​​ យុវជន​​​ យុន ជា អាយុ​​​១៧​​​ឆ្នាំ ។

យោង​​​តាម​​​​​​​​​ដីកា​​​​​​បង្គាប់​​​​​​ឲ្យ​​​ដោះ​​​លែង​​​​​​​​​របស់​​​តុលាការ​​​​​​ ដែលចុះ​​​ហត្ថលេខា​​​ដោយ​​​ចៅ​​​ក្រម ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ចៅក្រម លាង​​​​​​ សំណាត់​​​ បាន​​​ចេញ​​​​​​សេចក្ដី​​​បង្គាប់​​​​​​ឲ្យ​​​​​​ប្រធាន​​​ពន្ធនាគារ​​​ទាំង​​​ពីរ​​​ “ដោះលែង​​​ជន​​​ដែល​​​​​​ត្រូវ​​​បាន​​​ចាប់​​​​​​ឃុំ​​​ឃាំង ​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​បាន​​​ស្ថិត​​​នៅ​​​​​​ក្រោម​​​​​​សេចក្ដី​​​បង្គាប់​​​ឲ្យ​​​ឃុំ​​​ឃាំង​​​ ពីបទ​​​​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ផ្សេង​​​ៗ​​​ទៀត​​​នោះ​​​”។

សេចក្ដី​​​បង្គាប់​​​ឲ្យ​​​ដោះលែង​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​នេះ​​​មិន​​​ទាន់​​​កំណត់​​​​​​ពេល​​​វេលា​​​ឲ្យ​​​បាន​​​​​​ច្បាស់​​​លាស់​​​​​​ថា  តើ​​​ពេល​​​ណា​​​​​​អ្នក​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​គួរ​​​​​​​​​តែ​​​ត្រូវ​​​ដោះ​​​លែង​​​នោះ​​​ទេ​​​។ ប៉ុន្តែ​​​លោក​​​ អំ សំអាត​​​ អ្នកគ្រប់គ្រង​​​ផ្នែក​​​បច្ចេកទេស​​​​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ បាន​​​លើក​​​ឡើង​​​ថា គេ​​​​​​បាន​​​ប្រាប់​​​លោក​​​ថា ឯកសារ​​​​​​ទាក់ទឹន​​​នឹង​​​ការ​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​​​​ក្រៅ​​​ឃុំ​​​ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​​​​កាន់​​​អគ្គនាយក​​​ដ្ឋាន​​​ពន្ធនាគារ​​​ហើយ​​​។

យោង​​​តាម​​​​​​លោក​​​ សំអាត បាន​​​ឲ្យដឹង​​​ថា លោក​​​ សារិទ្ធ ត្រូវ​​​បាន​​​​​​ឃុំ​​​ខ្លួន​​​ជាមួយ​​​អ្នក​​​តវ៉ា​​​២១​​​នាក់​​​ផ្សេង​​​ទៀត​​​​​​នៅ​​​​​​មណ្ឌល​​​អប់​​​រំ​​​កែ​​​ប្រែ​​​ទី៣ នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​ ហើយ​​​យុវជន​​​​​​ យុន​​​ ជា កំពុង​​​តែ​​​ជាប់​​​​​​ឃុំ​​​ឃាំង​​​​​​នៅពន្ធនា​​​គារ​​​ខេត្ត​​​កំពង់​​​ចាម​​​។ លោក​​​ សំអាត បាន​​​មានប្រសាសន៍​​​ថា “វា​​​គឺជា​​​សញ្ញា​​​ល្អ និង​​​​​​ជា​​​ការ​​​វិវឌ្ឍ​​​មួយ​​​​​​ដ៏​​​​​​អស្ចារ្យ ដែល​​​ចៅ​​​ក្រម​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​​​​បាន​​​សម្រេច​​​​​​​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​​​​​​​ឃុំ​​​សម្រាប់​​​​​​អ្នកតវ៉ា​​​​​​ទាំង​​​ពីរ​​​នាក់​​​”។

លោក​​​​​​​​​បន្ត​​​ថា “យើង​​​សង្ឃឹម​​​ថា ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ក្ដី​​​​​​ទាក់​​​ទិន​​​​​នឹង​​​ការ​​​​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​នា​​​ពេល​​​​​​ឆាប់​​​ៗ​​​ ដែល​​​គ្រោង​​​នឹង​​​ធ្វើ​​​ឡើង​​​​​​នៅ​​​​​​សាលា​​​​​​ឧទ្ធ​​​រណ៍នៅ​​​ថ្ងៃ​​​អង្គារ​​​ នឹង​​​​​​ផ្ដល់​​​​​​លទ្ធផល​​​​​​ដូច​​​គ្នា​​​សម្រាប់​​​​​​​​​អ្នកដែល​​​នៅ​​​សេស​​​សល់​​​ទាំង​​​២១​​​នាក់​​​”។ ការ​​​​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​នេះ​​​​​​កើ​​​តឡើ​​​ង​​​ដោយ​​​នឹកស្មាន​​​​​​មិន​​​ដល់​​​ឡើយ​​​ ហើយ​​​វា​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ បន្ទាប់ពី​​​តុលាការ​​​ដដែល​​​បាន​​​បដិសេធ​​​សំណើ​​​សុំ​​​ឲ្យ​​​មាន​​​​​​​​​ការ​​​​​​​​​​​​​​​ដោះ​​​លែង​​​​​​អ្នក​​​ទាំង​​​២៣​​​នាក់​​​ឲ្យ​​​នៅ​​​ក្រៅឃុំ​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​២១ ខែ​​​មករា។

លោក​​​ អំ សំអាត​​​ បាន​​​លើកឡើងថា ការ​​​កែប្រែ​​​សេចក្ដី​​​សម្រេច​​​​​​​​​របស់​​​តុលាការ​​​ ដែល​​​​​​ដំបូង​​​​​​ឡើយ​​​បាន​​​បដិសេធ​​​​​​នូវ​​​សំណើ​​​សុំ​​​ឲ្យ​​​មាន​​​​​​ការ​​​ដោះលែង​​​នៅ​​​ក្រៅ​​​ឃុំ​​​នេះ​​​ គឺ​​​ជា​​​រឿង​​​ចម្លែក​​​បន្ដិច​​​ហើយ​​​ ប៉ុន្តែ​​​វា​​​នៅ​​​តែ​​​ជា​​​ “ការ​​​ចាប់​​​ផ្ដើម​​​មួយ​​​ដ៏ល្អ​​​​​​”។

លោក​​​ គៀ សុវណ្ណា ប្រធាន​​​មណ្ឌល​​​​​​អប់​​​រំ​​​កែប្រែ​​​ទី​​​៣​​​ បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​នៅ​​​មិន​​​ទាន់​​​ទទួល​​​បាន​​​សេចក្ដី​​​បង្គាប់​​​ឲ្យ​​​ដោះ​​​លែង​​​នៅ​​​​​​ក្រៅ​​​ឃុំ​​​ពី​​​សាលា​​​ដំបូង​​​រាជ​ធានីភ្នំពេញ​​​នៅ​​​​​​ឡើយ​​​ទេ​​​ ប៉ុន្តែលោក​​​បាន​​​បញ្ជាក់ថា យុវជន​​​​​​ យុន ជា អាយុ​​​១៧ឆ្នាំ​​​ កំពុង​​​តែ​​​ទទួល​​​ការ​​​ព្យា​​​បាល​​និង​​​ទទួល​​​ការ​​​ឆ្លុះ​​​កាំរស្មី​​​អ៊ិច​​​នៅ​​​ពន្ធនា​​​គារ​​​។ លោក​​​ សុវណ្ណា បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ច្រើន​​​ថា “នៅ​​​ពេល​​​​​​ណា​​​ខ្ញុំ​​​ទទួល​​​បាន​​​ដីកា​​​បង្គាប់​​​ឲ្យ​​​ដោះ​​​លែង​​​ពី​​​តុលាការ​​​ ខ្ញុំ​​​នឹង​​​បញ្ជូន​​​​​​ដីកា​​​នេះ​​​​​​បន្ត​​​ទៅ​​​ព្រះរាជអាជ្ញា​​​សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ចាម​​​ ដើម្បី​​​អនុម័ត​​​”។

នៅ​​​ខាង​​​មុខ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​​​​កាលពី​​​​​​ព្រឹក​​​ថ្ងៃ​​​សុក្រ​​​ ព្រះសង្ឃ​​​ចំនួន​​​២៣​​​អង្គ​​​មក​​​ពី​​​​​​បណ្ដាញ​​​​​​ព្រះសង្ឃ​​​ឯករាជ្យ​​​ដើម្បី​​​យុត្តិធម៌​​​សង្គម​​​​​​បាន​​​​​​បួង​​​សួង​​​នៅ​​​ក្បែរ​​​ព្រះ​​​អង្គដង​​​កើ ដើម្បី​​​សុំ​​​ឲ្យ​​​មាន​​​​​​ការ​​​ដោះលែង​​​អ្នក​​​​​​ទាំង​​​២៣​​​នាក់​​​។​

លោក​​​ស្រី​​​ ធីតា ឃឹះ នាយិកា​​​អង្គការ​​សីល​​​កា​​ ដែល​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ពិធី​​​បួង​​​សួង​​​​​​នៅ​​​ព្រះ​​​អង្គដង​​​​​​កើ​​​ ដែរ​​​នោះ​​​ បាន​​​លើក​​​ឡើង​​​​​ថា ការ​​​ប្រារព្ធ​​​ពិធី​​​បួង​​​សួង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​​​​​​​​​ គឺ​​​ជា​​​ឱកាស​​​មួយ​​​ដ៏​​​ល្អ​​​ ដើម្បី​​​យាង​​​បារមី​​​​​​ឲ្យ​​​ទៅ​​​បន្ទន់​​​ចិត្ត​​​ចៅក្រម​​​​​​​​​ឲ្យ​​​ដោះលែង​​​អ្នក​​​ទាំង​​​២៣​​​នាក់​​​។ អំឡុង​​​ពិធី​​​បួង​​​សួង​​​នោះ​​​ក៏​​​មាន​​​ការ​​​​​​បង្ហោះ​​​ប៉េងប៉ោង​​​​​​ពណ៌ស​​​ចំនួន​​​៤៦​​​ផង​​​ដែរ​​​។ លោក​​​ស្រី​​​ ធីតា ឃឹះ​​​ បានមានប្រសាសន៍​​​ថា “យើង​​​​​​បាន​​​យាង​​​បារមី​​​នៅ​​​ទូទាំង​​​ប្រទេស​​​ ឲ្យ​​​ទៅ​​​បន្ទន់ចិត្ត​​​ចៅ​​​ក្រម​​​ដើម្បី​​​ឲ្យ​​​ពួក​​​គេ​​​​​​ផ្ដល់​​​យុត្តិធម៌ឲ្យ​​​មនុស្ស​​​ដែល​​​កំពុង​​​ជាប់​​​ឃុំ​​​ទាំង​​​២៣​​​នាក់​​​ និង​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ផ្សេង​​​ៗ​​​ទៀត​​​”៕​​​ស៊ុយ​​​ឈាង​

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.