កុមារា​អាយុ​១១​ឆ្នាំ​ម្នាក់​ស្លាប់​ដោយ​សារជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ 

ក្រសួង​សុខាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​កាល​ពី​ម្សិល​មិញ​ថា កុមារា​អាយុ​១១​ឆ្នាំ​ម្នាក់​​​មក​ពី​ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់​ឆ្នាំ​ បាន​ស្លាប់​ដោ​យ​សារ​ជំងឺ​ផ្តាសាយ​បក្សី​ ចំណែក​ឯ​កុមារា​អាយុ​៨​ឆ្នាំ​ម្នាក់​មក​ពី​ស្រុក​លើក​ដែក​ ខេត្ត​កណ្តាល​ ដែល​បាន​ឆ្លង​មេរោគ​នេះ​ដែរ​នោះ​ កំពុង​មាន​ស្ថាន​ភាព​ប្រសើរ​ឡើង​វិញ​។​​ ក្រសួង​សុខាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក​​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា  “នេះ​គឺ​ជា​ករណី​ទី​៧​ និង​ទី​៨​នៅ​ឆ្នាំ​នេះ​”។

លោក​វេជ្ជបណ្ឌិត​ ដេនីស ឡូរែន (Denis Laurent) អនុ​ប្រធាន​មន្ទី​រ​ពេទ្យ​គន្ធបុប្ផា បាន​ឲ្យ​ដឹង​ថា កុមារា​ទាំង​ពីរ​ត្រូវ​បាន​បញ្ជូន​​ចូល​សាខា​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​នៅ​រាជ​ធានី​ភ្នំពេញ​កាល​ពី​សប្តាហ៍​មុន​។

លោកវេជ្ជបណ្ឌិត​ ឡូរែន​ បាន​មាន​ប្រសា​​​សន៍​ថា “ជា​អកុសល​ កុមារ​ម្នាក់​ក្នុង​ចំណោម​កុមារា​ទាំង​ពីរ​បាន​ស្លាប់​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ប៉ុន្តែ​ដំណឹង​ល្អ​នោះគឺ​ថា កុមារា​ម្នាក់​​​ទៀត​កំពុង​មាន​ស្ថាន​ភាព​ប្រសើរ​ឡើង​ច្រើន​​ ហើយ​យើង​មាន​សុទិ​ដិ្ឋ​​និយម​ថា កុមារ​រូបនេះ​នឹង​ជា​សះស្បើយ​”។

នៅ​ក្នុង​ករណី​ទាំង​ពីរ​នេះ​ មាន់​ទា​នៅ​ទី​ធ្លា​ក្រោយ​ផ្ទះ​កំពុង​មាន​ជំងឺ​ជិត​ងាប់​នៅ​ជុំ​វិញ​ភូមិ​របស់​​​កុមារា​ទាំង​ពីរ​នាក់​នេះ​រយៈពេល​ពីរ​ ឬ​បី​សប្តាហ៍។​​​​មេរោគ​ H5N1 បាន​ឆ្លង​រាល​ដាល​យ៉ាង​លឿន​​​ពី​បក្សី​ទៅ​បក្សី​ផ្សេង​ទៀត​ ដែល​ជា​ទូ​ទៅ​អាច​​​មាន​ជីវិតរស់​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ហើយ​ការ​​ឆ្លង​ទៅ​មនុស្ស​មិន​សូវ​កើត​មាន​ទេ​ ប៉ុន្តែ​បើ​ឆ្លង​វា​តែ​ង​តែ​មាន​គ្រោះ​ថ្នាក់ខំ្លា​ង​ដល់​អាយុ​ជីវិត​​​។

ក្រសួង​សុខាភិបាល​ និង​អង្គការ​សុខ​ភាព​​ពិភពលោក​បាន​ឲ្យ​ដឹង​ថា “កុមារា​ [ដែល​​ស្លាប់​] បាន​ជួយ​ធ្វើ​មាន់​និង​ទា​ងាប់​​សម្រាប់​ធ្វើ​ម្ហូប​ ហើយ​បាន​ទទួល​ទាន​សាច់​មាន់ទា​ ទាំងនោះ​”។

ទោះ​បី​ជា​មាន​យុទ្ធ​នាការ​ផ្សព្វ​ផ្សាយ​តាម​​​វិទ្យុ​ជា​ច្រើន​បាន​បង្កើន​ការ​យល់​ដឹង​អំពី​គ្រោះ​​​ថ្នាក់​នៃ​ការ​ឆ្លង​មេ​រោគគ្រុន​ផ្តាសាយ​បក្សី​​ H5N1 ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​នៅ​ទី​ជន​បទក៏ដោយ ក៏​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​នៅ​តែ​បន្ត​កើត​មានលើ​មាន់​ទា​​ដោយ​គ្មាន​ការ​រាយ​​ការណ៍​ ខណៈ​ដែល​កសិ​ករ​​​តែង​តែ​និយាយ​ថា ពួក​គាត់​ក្រី​ក្រ​ពេក​មិន​ចង់​​ឲ្យ​គេ​​​យក​មាន់​ទា​របស់​ពួក​គាត់​ទៅ​សម្លាប់​ចោល​យ៉ាង​ច្រើន​នោះ​ទេ​។​ ការ​សម្លាប់​មាន់​ទា​ចោល​​​​​នេះ​គឺ​ជា​វិធី​ធម្មតា​មួយ​ ប្រសិន​បើ​គេ​រក​ឃើញ​​​មេរោគ​ផ្តាសាយ​បក្សី​ H5N1 ។

នៅ​ឆ្នាំ​២០១៣​ គេ​បាន​រាយ​ការណ៍​ថា មាន​​​ការ​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​នេះ​មកមនុស្ស​​ចំនួន​២៦ករណី​ ក្នុង​នោះ​មនុស្ស​​១២​នាក់​បាន​ស្លាប់​ ដែលបាន​ធ្វើ​ឲ្យ​ឆ្នាំ​មុន​ជា​ឆ្នាំ​អាក្រក​់​​​បំផុត​ចាប់​តាំង​ពី​មេ​រោគ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​លើក​ដំបូង​លើ​មាន់​ទា​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៤​៕​កុកទៀន

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.