មន្ត្រី​រដ្ឋាភិបាល​៖ កម្ពុជា​មិន​ទាន់​​ត្រៀម​ខ្លួន​រួច​សម្រាប់​​​ការ​ចូល​រួម​ក្នុង​សហ​គមន៍​​សេដ្ឋកិច្ច​អាស៊ាន​

ជំនាញការ​របស់​រដ្ឋាភិបាល​​​លើក​ឡើង​កាលពីថ្ងៃសុក្រថា កម្ពុជា​​​​នៅ​​​មិនទាន់​ត្រៀម​​​ខ្លួនរួច​សម្រាប់​មូល​ដ្ឋាន​​ផលិត​កម្មតែមួយ​និ​ង​ទីផ្សារ​អាសា៊ន​​​តែ​មួយ​​​នៅ​ឆ្នាំ​​​​​​​ក្រោយ​​​ទេ​។

ឆ្នាំក្រោយ ​សមាគម​អាស៊ាន ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន​១០​នឹង​បង្កើត​សហ​គម​ន៍​​​សេដ្ឋកិច្ច​អាស៊ាន​ ហៅកាត់​ថា AEC ។ ក្នុង​សហគមន៍នេះ កម្លាំង​ពល​កម្ម​នឹង​មាន​រំហូរ​ដោយសេរី ហើយ​ពន្ធ​នាំចូល​នឹង​ធ្លាក់មក​ត្រឹម​​​សូន្យភាគរយ​។ កម្ពុជា​ទំនង​ជា​​​នឹង​ក្លាយ​ជា​​សមា​ជិកមួយ​​ក្នុង​ចំណោម​សមាជិក​ដែល​បាន​ទទួល​​​ប្រយោជន៍តិច​បំផុត​​ពីការ​បង្កើត​សហ គមន៍​នេះ​ នេះ​បើ​តាម​ការ​លើក​ឡើង​របស​់​អ្នក​ចូល​​​​រួម​​ក្នុង​វេទិកា​តំបន់មួយ​ក្រោម​ប្រធាន​​បទ ​“សិទ្ធិ​ការ​ងារ​ និង​ការ​រៀប​ចំ​សហ​គមន៍​​អាស៊ាន​​​​​ឆ្នាំ​២០១៥​”។

លោក ជួប ណារ័ត្ន អនុ​ប្រធាន​នាយក​ដ្ឋាន​មុខ​ងារ​ និង​ហត្ថកម្ម​នៃ​ក្រសួង​កា​រ​ងារ​ បាន​មាន​​ប្រសាសន៍​ក្រោយ​វេទិកានេះ​ថា“ ប្រសិន​បើ​​អ្នកនិយាយ​ពីរយៈពេល​ខ្លី​ គឺ​មែន​ យើង​មិន​ទាន់​ត្រៀម​ខ្លួនរួចក្នុង​ការ​ចូល​រួម​ជាមួយ​សហ​គមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំក្រោយ​នេះ​​មែន​។​​​សម្រាប់​រយៈពេល​វែង​ យើង​​ត្រូវ​​​តែ​សិក្សា​​​​ពីវិធីប្រកួត​ប្រជែង​”។

នៅពេល​ត្រូវ​បាន​សួរ​ថាតើ​កម្ពុជា​គួរ​ស្នើ​​ឲ្យ​អាស៊ាន​ពន្យារពេល​បង្កើត​​សហគមន៍នេះ​ ឬយ៉ាង​ណានោះ លោក ណារ័ត្ន បាន​និយាយ​ថា រឿង​នេះ​មិនមែន​អាស្រ័យ​លើ​លោក​ទេ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា “រឿង​នេះ​ស្រេច​លើ​ថ្នាក់​ដឹកនាំ​របស់​យើង​ក្នុង​ការ​សម្រេច។ប្រហែល​ជា​ក្រសួង​ការ​បរទេស​ឬ​ថ្នាក់​ដឹកនាំកំពូល​ផ្សេង​ទៀត​អាច​ពិនិត្យ​មើល​លទ្ធភាព​ថា តើ​អាច​ពន្យារ​បាន​ឬអត់”។

គម្លាត​ដ៏ធំក្នុង​ការ​អភិវឌ្ឍរវាង​ប្រទេស​ក្រី​ក្របំផុត​ និង​ប្រទេស​មាន​បំផុ​ត​នៅ​តំបន់​នេះ​ គឺ​ជា​ឧបសគ្គ​មួយ​សម្រាប​់ការ​បង្កើត​មូល​ដ្ឋាន​សេដ្ឋកិច្ច​តែមួយ​នេះ​។ ប្រទេស​ក្រីក្រ​បំផុត​រួម​មាន​ កម្ពុជា ឡាវ និង​ភូមា។

ប្រទេស​មាន​បំផុ​ត​របស់​អាស៊ាន​ គឺ​ប្រទេស​សិង្ហបុរី​ជាប់​ចំណាត់​ថ្នាក់លេខ​៣​ក្នុង​សន្ទស្សន៍​​ផលិត​ផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​របស់​ធនាគារ​ពិភព​លោក​ប្រចាំឆ្នាំ​២០១៣​។ ប្រទេស​ថៃ​ជាប់​ចំណាត់​ថ្នាក់​​​លេខ​៩២​ ខណៈ​កម្ពុជា​​ជាប់​លេខ​១៤៧​​តាម​​​​ពីក្រោយ​ឡាវ​ដែល​ជាប់​​លេខ​១៤១​។

បើ​និយាយពីលក្ខណៈ​វិជ្ជមាន​ ការ​អន​ុញ្ញា​ត​​ឲ្យ​កម្មករ​ជំនាញនិង​កម្មករ​មិន​ជំនាញ​​ធ្វើ​ចំណាក​​ស្រុក​ពី​ប្រទេស​ដែល​​ជា​សមាជិក​ AEC មួយ​ទៅ​​​ប្រទេស​​​ជា​សមាជិក​ AEC មួយទៀត​នឹង​ផ្ដល់​ប្រយោជន៍​ដល់​តំបន់​ទាំង​មូល​។ វា​នឹង​ផ្ដល់​ឱកាស​សម្រាប់​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ និង​ជំនាញ​។

លោក ណារ័ត្ន បាន​និយាយ​ថា សម្រាប់​កម្ពុជា​ យុវជន​មាន​ជំនាញ​នឹង​ទទួល​បាន​ផល​​ប្រយោជន៍​តាម​រយៈ​ការ​​មាន​ឱកាស​ទទួល​​​បាន​បទ​ពិសោធន៍ការ​ងារ​នៅ​បរទេស​។

ប៉ុន្តែ​លោក​បាន​ក្រើន​រំឭក​អ្នកចូល​រួម​ស្ដាប់​ក្នុង​វេទិកានេះ​ ដែល​ភាគ​ច្រើន​ជា​និស្សិត​ មិន​ឲ្យ​ពឹង​ផ្អែក​លើការ​ទទួល​បាន​ការងារ​នៅ​បរទេស​ឡើយ​​​​​​។ លោក​បាន​បន្ត​ថា ក្រៅពី​​​ចំណុច​នេះ​ វា​មិនទំនង​ថា កម្ពុជា​នឹងមើល​ឃើញ​ផល​​​វិជ្ជមាន​ទេ​ បើ​និយាយ​អំពី​រំ​​​ហូរ​នៃកម្លាំង​ពល​កម្ម​​​​នោះ​​​។

លោក​មាន​ប្រសាសន៍​ថា “វា​ជា​តម្រូ​វ​ការ​​និង​ការ​ផ្គត់​ផ្គង់​។ អ្នក​មាន​ជំនាញ​មកពី​ប្រទេស​ដទៃ​នឹង​មក​ប្រទេស​កម្ពុជា​តែ​ក្នុង​ករណីពួកគេ​ទទួល​បាន​ផល​ប្រយោជន៍ដូច​នៅ​ប្រទេស​ដទៃ​ប៉ុណ្ណោះ​។ ប្រសិន​បើ​អ្នក​ត្រូវ​ការ​ពួកគេ​ អ្នក​ត្រូវ​ផ្តល់​​​ប្រាក់ខែ​​​ឲ្យ​​​​ពួក​គេ​​ស្មើ​នឹងប្រាក់ខែ​​​នៅ​​​​ប្រទេស​ដទៃ​ដែរ​…ទន្ត​ពេទ្យ​ គណនេយ្យករ​ ប្រសិន​បើ​អ្នក​មិន​អាច​ផ្ដល់​ប្រាក់​ខែ​ឲ្យពួកគេ​ដូច​នៅ​ប្រទេស​​សិង្ហបុរី ឬម៉ាឡេស៊ីទេ​នោះ អ្នក​មិន​អាច​​ទទួល​​​បាន​អ្នកមាន​​​វិជ្ជាជីវៈ​ល្អទេ​។

លោក​បាន​និយាយ​ថា វិស័យ​ឯក​ជន​ត្រូវ​ចាប់​ផ្ដើម​ដំឡើង​ប្រាក់​ខែ​ ដោយ​បាន​បន្ថែម​​ថា ​រដ្ឋាភិបាល​គ្មាន​ភារកិច្ច​កំណត់​ប្រាក់​ខែ​គោល​ឡើយ​ គឺ​បាន​ត្រឹម​ជួយ​សម្រប​សម្រួល​​​នៅ​ក្នុង​ការ​ចរចា​រវាង​សហជីព​​​​និង​ក្រុម​ហ៊ុន​ប៉ុណ្ណោះ​។

លោក យ៉ា ណាវុធ ប្រធាន​ប្រតិបត្តិ​នៃ​អង្គការ​ខារ៉ាម កម្ពុជា (​Coordination of Action Research on AIDS and Mobility ) ហៅកាត់​ថា CARAM បាន​លើកឡើង​ថា រំហូរ​កម្លាំង​ពល​​កម្ម​ដោយ​សេរី​​​​គឺ​នឹង​​​ផ្ដល់​ហានិភ័យ​​​​សម្រាប់​កម្ពុជា​ច្រើនជាង​ឱកាស​។

លោក​បាន​ព្យាករថា នឹង​មាន​រំហូរ​កសិករ​ និង​កម្មករ​គ្មាន​ជំនាញ​ផ្សេង​ទៀត​ និង​អ្នក​មានវិជ្ជាជីវៈ​ដែល​មាន​កា​រ​អប់​រំខ្ពស់​ជា​​​​ច្រើន​​​​ចេញពីកម្ពុជា​។

លោក យ៉ា ណាវុធ បាន​មាន​ប្រសាសន៍​ថា “ម៉ាឡេ​​​ស៊ី និង​សិង្ហបុរី មាន​ប្រាក់​ខែ​គោល​​[ខ្ពស់​​]។ប្រសិន​បើ​វិស័យ​ឯកជន​ [នៅ​កម្ពុជា​]​មិន​ដំឡើង​ប្រាក់​ខែ​គោលទេ​នោះ នឹង​មាន​រំហូរ​កម្លាំង​ពល​កម្ម​ទៅ​ប្រទេស​ដែល​មាន​ប្រាក់​ខែ​គោល​ខ្ពស់​ជាង​ គឺ​ទាំង​​កម្លាំង​ពល​កម្ម​​ជំនាញ​និង​កម្មករ​គ្មាន​ជំនាញ​”។

​លោក​បាន​ឲ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​កម្ពុជា​ប្រហែល​៤០​ម៉ឺន​នាក់​ ភាគច្រើនជា​កសិករ​​មិន​បាន​ឆ្លង​កាត់​ការ​សិក្សា ​​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​មាន​ប្រាក់​ែខ​ខ្ពស់​ជាង​។

និស្សិត​សាកលវិទ្យាល័​យ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​វេទិកា​កាលពីថ្ងៃ​សុក្រនេះ​ក៏​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពីការ​ប្រកួត​ប្រជែង​ និង​អនាគត​របស់ពួកគេ​ក្នុង​ទីផ្សារ​ការងារ​អាសា៊ន​​​នេះ​ផង​ដែរ​។ និស្សិត​ម្នាក់​បាននិយាយ​ថា“ សាកល​វិទ្យា​​ល័យ​បង្រៀន​យើង​តែ​ទ្រឹស្ដី ប៉ុន្តែ​អត់​មាន​ជំនាញ​ទេ​”។

លោក ណារ័ត្ន មកពី​ក្រសួង​ការ​ងារ​បាន​លើក​ឡើង​ថា និស្សិត​ត្រូវ​បន្ទោស​ខ្លួន​ឯង​ ព្រោះពួកគេ​ភាគ​ច្រើន​សុទ្ធ​តែ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​។ លោកបាននិយាយ​​​ថា “ការ​ងារ​សំណង់​​​កខ្វក់​មែន​ តែ​​​ប្រាក់​ចំណូល​គឺ​ខ្ពស់​ខ្លាំង​ណាស់​ ពេល​ខ្លះ​​គឺ​ពី​២.០០០​ដុល្លារ​ ទៅ​៣.០០០​ដុល្លារ​ឯណោះ” ដោយ​លោក​បាន​លើក​​ឡើង​ពីវិស័យ​កសិកម្ម​ថា​ជា​ឧទាហរណ៍មួយ​ទៀត​ដែល​មាន​ឱកាស​ការ​ងារ​ល្អ។ លោក​បាន​បន្ត​ថា​​​“ យើង​ចង់​ផ្លាស់​ប្ដូរ​ទស្សន​របស់​យុវជន​។ ខ្ញុំសូមផ្ដល់​យោបល់​​ឲ្យនិស្សិត​ផ្លាស់ប្ដូរ​ឥរិយា​បថ​ និង​ទស្សន​របស់ពួកគេ​។ សិក្សា​ពីរបៀប​ចិញ្ចឹម​សត្វ​ដើម្បី​ទទួ​ល​បាន​ប្រាក​់ចំណូល​ខ្ពស់​វិញល្អជាង​ វា​​​​ជា​អាទិភាព​៕ សេរីវុធ​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.