រដ្ឋាភិបាល​​​បដិសេធ​​​ថា ខ្លួន​​​មិន​​​បាន​​​លក់​​​សិទ្ធិ​​​ចុះ​​​បញ្ជី​​​នាវា​​​​​​បរទេស​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​កូរ៉េទេ​​​

កាលពី​​​ថ្ងៃសុក្រ​ ​​អ្នក​នាំពាក្យ​រដ្ឋាភិបាល​​​បាន​​​គំរាម​​​ចាត់​​​វិធាន​​​ការ​​​តាម​​​ផ្លូវ​​​ច្បាប់​​​​​​ចំពោះ​​​អត្ថបទ​​​ចុះ​​​ផ្សាយ​​​មួយ​​​របស់​​​កាសែត​​​ខេម​​​បូឌា​​​ ដេលី កាលពី​​​ខែ​​​វិច្ឆិកា ដែល​​​បាន​​​សរសេរ​​​អំពី​​​​​​ការ​​​លក់​​​ សិទ្ធិ​​​ចុះ​​​បញ្ជី​​​នាវា​​​បរទេ​​​ស​​​ដែល​​​ប្រើ​​​ទង់​​​ជាតិ​​​កម្ពុជា​​​​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​មួយ​​​របស់​​​កូរ៉េ​​​ខាង​​​ត្បូ​​​ង​​​។

ព័ត៌មាន​​​មួយ​​​ផ្សាយ​​​ដោយ​​​វិទ្យុ​​​អាស៊ី​​​សេរី​​​ ដែល​​​នៅ​ក្នុង​នោះ​អ្នក​យក​ព័ត៌មាន​​​ម្នាក់​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន “​​​បាន​​​ទទួល​​​ស្គាល់​​​” ថា មិន​​​អាច​​​កាត់​​​បន្ថយ​​​គម្លាត​​​​​​រវាង​​​អ្នក​​​មាន​​​និង​​​អ្នក​​​ក្រ​​​​​​បាន​​​នោះ ក៏​​​បាន​​​រង​​​ការ​​​រិះ​​​គន់​​​ដែរ​​​។

លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទីស្តី​​​ការ​​​គណៈ​​​រដ្ឋមន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រសិន​​​បើ​​​ការ​​​ធ្វើ​​​សេចក្តី​​​រាយ​​​ការណ៍​​​ “​​​គ្មាន​​​វិជ្ជា​​​ជីវៈ​​​” នៅ​​​តែ​​​បន្ត​​​ទៀត​​​ រដ្ឋាភិបាល​​​នឹង​​​ប្តឹង​​​អ្នក​​​យក​​​ព័ត៌មាន​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “​​​គ្រប់​​​ករណី [អត្ថបទ​​​] ទាំង​​​អស់​​​ យើង​​​សុទ្ធ​​​តែ​​​រក្សា​​​ទុក​​​ជា​​​ឯកសារ​​​។ ប្រសិន​​​បើ​​​ពួកគេ​​​មិន​​​ផ្លាស់​​​ប្តូរ​​​ [ការ​​​ធ្វើ​​​សេចក្តី​​​រាយ​​​ការណ៍​​​] ទេ​​​នោះ​​ យើង​​​នឹង​​​ចាត់​​​វិធានការ​​​តាម​​​ផ្លូវ​​​ច្បាប់​​​”។

អ្នក​​​កាសែត​​​ក្នុង​​​ស្រុក​​​ប្រហែល​​​១០​​​នាក់​​​ ដែល​​​បាន​​​ចូលរ​​​ួម​​​ក្នុង​​​សន្និសីទ​​​កាសែត​​​នៅ​​​ឯ​​​ទីស្តី​​​ការ​​​គណៈ​​​រដ្ឋមន្ត្រី​​​ ទទួល​​​បាន​​​ច្បាប់​​​ចម្លង​​​នៃ​​​អត្ថបទ​​​ពីរ​​​ស្តី​​​ពី​​​ក្រម​​​ព្រហ្មទណ្ឌ​​​។

តាម​​​មាត្រា​​​៥០២​​​ ការ​​​ប្រមាថ​​​ តុលាការ​​​អាច​​​ផ្តន្ទាទោស​​​ជន​​​ល្មើស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ច្រើន​​​បំផុត​​​ប្រាំថ្ងៃ​​​។ មាត្រា​​​៤៩៤​​​ ដែល​ចែង​អំពី​​​បទ​​​ញុះញង់​​​ អាច​​​ផ្ទន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​រហូត​​​ដល់​​​ពីរ​​​ឆ្នាំ​​​។

លោក​​​ ផៃ​​​ ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​បរទេស​​​មាន​​​ស្ថានទូត​​​របស់​​​ពួកគេ​​​ ប៉ុន្តែ ប្រជាជន​​​នៅ​​​ក្នុង​​​ស្រុក​​​ ប្រសិន​​​បើ​​​យើង​​​ធ្វើ​​​អ្វី​​​មួយ​​​ខុស​​​នឹង​​​​​​ត្រូវ​​​ជាប់​​​ពន្ធនាគារ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​អត្ថបទ​​​របស់​​​កាសែត​​​ខេម​​​បូឌា ដេលី ចុះ​​​ផ្សាយ​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ ក្រោម​​​ចំណង​​​ជើង​​​ថា “​​​រដ្ឋាភិបាល​​​បាន​​​លក់​​​សិទ្ធិ​​​ចុះ​​​បញ្ជី​​​នាវា​​​ជាតិ​​​” គឺ​​​ខុស​​​ទាំង​​​ស្រុង​​​។ លោក​​​បាន​​​ចោទ​​​ប្រកាន់​​​ថា “​​​ចំណង​​​ជើង​​​នេះ​​​ គឺ​​​ជា​​​ការ​​​បំផ្លើស​​​ការ​​​ពិត​​​ទាំង​​​ស្រុង​​​ និង​​​ខ្វះ​​​វិជ្ជាជីវៈ​​​សារព័ត៌មាន​​​”។

កាលពី​​​ខែ​​​វិច្ឆិកា គណៈ​​​កម្មកា​​​អឺរ៉ុប​​​បាន​​​ចេញ​​​របាយ​​​ការណ៍​​​មួយ ដែល​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​កម្ពុជា​​​ គ្មាន​​​មធ្យោបាយ​​​តាម​​​ឃ្លាំ​​​មើល​​​សកម្ម​​​ភាព​​​របស់​​​នាវា​​​បរទេស​​​ ដែល​​​លើក​​​ទង់​​​ជាតិ​​​កម្ពុជា​​​នោះ​​​ទេ​​​។ របាយ​​​ការណ៍​​​នេះ​​​បាន​​​លើកឡើង​​​ថា ក្រុម​​​ហ៊ុន​​​មួយ​​​ ដែល​​​មាន​​​មូលដ្ឋាន​​​នៅ​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​ ជា​អ្នក​​​ចាត់​​​ចែង​​​ការ​​​ចុះ​​​បញ្ជី​​​នាវា​​​ជំនួស​​​ឲ្យ​​​រដ្ឋាភិ​​​បាល​​​រាជ​​​ធានី​​​ភ្នំពេញ។

គណៈ​​​កម្មការ​​​នេះ​​​បាន​​​សរសេរ​​​កាលពី​​​ខែ​​​វិច្ឆិកា​​​ថា “​​​ក្រុម​​​នាវា​​​នេះ​​​បង្ហាញ​​​ពី​​​​​​សមត្ថ​​​ភាព​​​នេសាទ​​​ដ៏​​​ធំ​​​ មួយដែល​​​គ្មាន​​​ប្រព័ន្ធ​​​ពិនិត្យ​​​តាមដាន​​​ដែល​​​មាន​​​ប្រសិទ្ធ​​​ភាព​​​ ជា​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​កម្ពុជា​​​មិន​​​អាច​​​ធានា​​​ខុស​​​ត្រូវ​​​ចំពោះ​​​នាវា​​​​​​ដែល​​​ប្រើ​​​ទង់​​​ជាតិ​​​របស់​​​ខ្លួនឲ្យ​​​​​​បាន​​​​​​​​​ទាំង​​​ស្រុង​​​ឡើយ​​​”។

ជា​​​ទូទៅ​​​ម្ចាស់​​​នាវា​​​ជ្រើស​​​រើស​​​ទង់​​​ជាតិ​​​សម្គាល់​​​ប្រទេស​​​ចុះ​​​បញ្ជី​​​ ដើម្បី​​គេច​​​វេះ​ពី​​​​​​​ការ​​​អនុវ​​​ត្ត​​​ច្បាប់​​​និង​​​បទប្បញ្ញត្តិ​​​​​​របស់​​​ជាតិ​​​ និង​​​ដើម្បី​​​គេច​​​ពន្ធ។​​​

ស្ថិត​​​ក្រោម​​​អនុសញ្ញា​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ស្តី​​​ពី​​​ច្បាប់​​​សមុទ្រ​​​ របាយ​​​ការណ៍​​​នេះ​​​លើក​​​ឡើង​​​ថា “កម្ពុជា​​​ត្រូវ​​​តែ​​​​​មាន​​​​​យុត្តាធិ​​​ការ​​​ក្រោម​​​ច្បាប់​​​របស់​​​ខ្លួន​​​​​​សម្រាប់​​​​​​​​​គ្រប់​​​គ្រង​​​​​​​នាវា​​​នីមួយ​​​ៗ ដែល​​​លើក​​​ទង់​​​ជាតិ​​​របស់​​​ខ្លួន​​​ ហើយ​​​ត្រូវ​​​តែ​​​ធានាថា មន្ត្រី​​​ និង​​​នាវិក​​​នៅ​​​លើ​​​​​​នាវា​​​នោះ​​​គោរព​​​តាម​​​ច្បាប់​​​រដ្ឋ​​​បាល​​​ បច្ចេក​​​ទេស​​​និង​​​បញ្ហា​​​សង្គម ​​​​​​​”។

របាយ​​​ការណ៍​​​នេះ បាន​​​សន្និដ្ឋាន​​​ថា “កម្ពុជា​​​មិន​​​បាន​​​អនុវត្ត​​​តាម​​​ភារកិច្ច​​​របស់​​​ខ្លួន​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ច្បាប់​​​អន្ត​​​រជាតិ​​​ក្នុង​​​នាម​​​ជាប្រទេស​​​ផ្តល់​​​ទង់​​​ជាតិ​​​”។

ដោយ​​​សារ​​​តែ​​​ខ្វះ​​​ការ​​​ឃ្លាំ​​​មើល​​​ និង​​​ដោយ​​​សារ​​​នាវា​​​លើក​​​ទង់​​​ជាតិ​​​កម្ពុជា​​​ ត្រូវ​​​គេ​​​ឃើញ​​​កំពុង​​​នេសាទ​​​នោះ សហភាព​​​អឺរ៉ុប​​​កាលពី​​​ខែ​​​មុន​​​ បាន​​​ចេញបម្រាម​​​មួយ មិន​​​ឲ្យ​​​នាំ​​​ចូល​​​ត្រី​​​និង​​​គ្រឿង​​​សមុទ្រ​​​គ្រប់​​​ប្រភេទ​​​ពី​​​ប្រទេស​​​កម្ពុជា​​​។

តាម​​​សេចក្តី​​​រាយ​​​ការណ៍​​​ថា ក្រុមហ៊ុន​​​ចុះ​​​បញ្ជី​​​នាវា​​​អន្តរជាតិ​​​នៃ​​​កម្ពុជា​​​ (International Ship Registry of Cambodia) ជាក្រុម​​​ហ៊ុន​​​មួយ​​​ ដែល​​​មាន​​​មូលដ្ឋាន​​​នៅ​​​ក្នុង​​​ទីក្រុង​​​ប៊ូសាន​​​ បាន​​​ទិញ​​​សិទ្ធិ​​​ចុះ​​​បញ្ជី​​​នាវា​​​ពី​​​​​​កម្ពុជា​​​ ក្នុង​​​តម្លៃ​​​៦​​​លាន​​​​​​ដុល្លារ​​​ កាលពីឆ្នាំ​​​២០០៣​​​​​​។​​​

ក្រុម​​​ហ៊ុន​​​នេះ​​សហការ​​​ជាមួយ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ នេះ​​​បើ​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក សេង​​​ លំនៅ​​​ ដែល​​​ជា​​​ប្រធាន​​​គណៈ​​​កម្មាធិការ​​​មួយ​​​របស់​​​រដ្ឋាភិបាល​​​ទទួល​​​បន្ទុក​​​ធ្វើ​​​សហប្រតិបត្តិ​​​ការ​​​ជាមួយ​​​ក្រុមហ៊ុន​​​នេះ។​​​

លោក​​​ សេង លំនៅ ជា​​​អ្នក​​​នាំពាក្យ​​​រដ្ឋាភិ​​​បាល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អត្ថបទ​ចុះ​ផ្សាយ​​​របស់​​​កាសែត​​​ ខេម​​​បូឌា ដេលី គឺ​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ ពីព្រោះរដ្ឋាភិបាល​​​មិន​​​បាន​​​លក់​​​សិទ្ធិ​​​ចុះ​​​បញ្ជី​​​នាវា​​​នោះទេ ប៉ុន្តែ គ្រាន់​​​តែ​​​បាន​​​ជ្រើស​​​រើស​​​ក្រុម​​​ហ៊ុន​​​មួយ​​​ឲ្យ​​​ចាត់​​​ចែង​​​ការ​​​ចុះ​​​បញ្ជី​​​ជា​​​ថ្នូរ​​​នឹង​​​ប្រាក់​​​៦​​​លាន​​​ដុល្លារ​​​ក្នុង​រយៈ​ពេល​១០​​​ឆ្នាំ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​រដ្ឋាភិបាល​​​​​​បាន​​​ជ្រើស​​​រើស​​​ក្រុម​​​ហ៊ុន​​​មួយ​​​ជា​​​តំណាង​​​សម្រាប់​​​ការ​​​ចុះ​​​បញ្ជីនាវា​​​ជំនួស​​​រដ្ឋាភិបាល​​​ ប៉ុន្តែ ស្ថិត​​​ក្រោម​​​ការ​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​ដោយ​​​គណៈ​​​កម្មាធិការ​​​អន្តរក្រសួង​​​មួយ​​​”។

លោក​​​បាន​​​អះអាង​​​ថា ពាក្យ​​​ថា “លក់​​​” គឺ​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ​​​ “វា​​​មិន​​​មែន​​​ជា​​​ការ​​​លក់​​​សិទ្ធិ​​​ទេ​​​។ វា​​​ជាការ​​​ជ្រើ​​​សរើស​​​ [ក្រុមហ៊ុន​​​មួយ​​​] ពី​​​ព្រោះ​​​ក្រុម​​​ហ៊ុន​​​​​​នេះ​​​មាន​​​បទ​​​ពិសោធ”។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ អ្នកស្រី​​​ ឈួន មូ៉លីរ័ត្ន​​​ ដែល​​​ជា​​​តំណាង​​​ប្រចាំ​​​ប្រទេស​​​របស់​​​ក្រុម​​​ហ៊ុន​​​កូរ៉េ​​​ខាង​​​ត្បូង​​​នេះ បាន​​​ប្រាប់​​​កាសែត​​​ ខេមបូឌា ដេលី កាលពី​​​ខែ​​​វិច្ឆិកាថា គណៈ កម្មាធិការ​​​នេះ​​​ គ្រាន់​​​តែ​​​ទទួល​​​របាយ​​​ការណ៍​​​ប្រចាំខែ​​​មួយ​​​បង្ហាញ​​​ថា នាវា​​​ចុះ​​​បញ្ជី​​​ថ្មី​​​ៗ ត្រូវ​​​បាន​​​ចុះ​​​បញ្ជី​​ប៉ុណ្ណោះ​​​។ អ្នកស្រី​​​និយាយ​​​ថា វា​​​អាច​​​ទៅ​​​រួច​​​ដែល​​​នាវា​​​មិន​​​ត្រូវ​​​បាន​​​ចុះ​​​នៅ​​​ក្នុង​​​បញ្ជី​​​។

គាត់​​​បាន​​​និយាយ​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ថា “ប្រសិន​​​បើ​​​យើង​​​​​​បំពេញ​​​បាន​​​តាម​​​លក្ខខណ្ឌ​​​ចុះ​​​បញ្ជី​​​ [នាវា​​​ ​] ​វា​​​មិន​​​អីទេ​​​ យើង​​​មិន​​​ចាំ​​​បាច់​​​ប្រាប់​​​រដ្ឋា​​​ភិបាល​​​ឡើយ”។

ក្រុមហ៊ុន​​​កូរ៉េ​​​ខាង​​​ត្បូង​​​មួយ​​​នេះ​​​ ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដើម្បី​​​ចាត់​​​​​​ចែង​​​ការ​​​​​​ចុះ​​​បញ្ជី​​​នាវា​​​ដែល​​​ប្រើ​​​ទង់ជាតិ​​​​​​កម្ពុជា​​​ កាលពី​​​ឆ្នាំ​​​២០០៣​​​ បន្ទាប់​​​ពី​​​ក្រុម​​​ហ៊ុន​​​ចាស់​​​ ឈ្មោះ​​​ Cambodia Shipping Corp ដែល​​​មាន​​​មូលដ្ឋាន​​​នៅ​​​ប្រទេស​​​សិង្ហ​​​​​​បុរី បាន​​​បាត់​​​បង់​​​សិទ្ធិ​​​របស់​​​ខ្លួន​​​កាល​​​ពីឆ្នាំ​​​២០០២​​​។ កាលពី​​​ថ្ងៃ​​​សុក្រ ការ​​​ហៅ​​​ទូរស័ព្ទទៅ​​​ខ្សែ​​​បន្ទាន់​​​របស់​​​ក្រុមហ៊ុន​​​កូរ៉េខាង​​​ត្បូង​​​មួយ​​​នេះ​​​គ្មាន​​​អ្នក​​​ទទួល​​​ទេ​​​។

លោក​ សេង​​​ លំនៅ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ប្រាក់​​​៦​​​លាន​​​ដុល្លារ​​​ ដែល​​​រដ្ឋាភិបាល​​​ទទួល​​​នេះ​​​ ត្រូវបង់​​​រម្លស់​​​ក្នុង​​​រយៈ​​​ពេល​​​១០​​​ឆ្នាំ​​​ទៅ​​​ក្រសួង​​​ហិរញ្ញវត្ថុ​​​ដោយ​​​ផ្ទាល់​​​។ លោក​មាន​ប្រសាសន៍​ទៀត​​​ថា តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​​​​កាលពី​​​ខែ​​​វិច្ឆិកា ប្រាក់​​​នេះ​​​ត្រូវ​​​បាន​​​បង់​​​ចូល​​​ទៅ​​​ធនាគារ​​​ជាតិ​​​។

កាលពី​​​ថ្ងៃ​​​សុក្រ លោក ផៃ ស៊ីផាន បាន​​​ប្រាប់​​​អ្នក​​​យកព័ត៌មាន​​​ថា អ្នក​សរសេរ​អត្ថបទ​​​នេះ​​​គួរ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​កំហុស​​​របស់​​​ខ្លួន​​​។ លោក​​​មាន​​​ប្រសាសន៍ថា “​​​[អ្នកស្រី​​​] Denise Hruby ​​​បាន​​​សរសេរ​​​ដោយ​​​មាន​​​ជំនួយ​​​ពី​​​​​​ខ្មែរ​​​។ អ្នក​​​ទាំង​​​នេះ​​​គួរ​​​តែ​​​មក​​​អង្គុយ​​​ស្តាប់”។

នៅ​​​ពេល​​​សួរ​​​តាម​​​ទូរស័ព្ទ​​​ ហេតុ​​​អ្វី​​​បាន​​​ជា​​​អ្នក​​​សរសេរ​​​ព័ត៌មាន​​​នេះ​​​មិន​​​ត្រូវ​​​បាន​​​អញ្ជើញ​​​មក​​​ចូល​​​រួម​​​សន្និសីទ​​​កាសែត​​​ លោក​​​ ផៃ​​​ ស៊ីផាន​​​ បាន​​​ដាក់​​​ទូរស័ព្ទ​​​ចុះ​​​៕ សុខុម

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.