ជន​​​សង្ស័យ​​​ក្នុង​​​ការ​​​សម្លាប់​​​គ្រូឱសថ​​​បុរាណ​​​នៅ​​​មិនទាន់​​​ចាប់​​​ខ្លួន​​​បាន​​​នៅឡើយ​​​

នគរ​​​បាល​​​នៅ​​​ក្នុង​​​ស្រុក​​​បាទី ខេត្ត​​​តាកែវ បាន​​​ឲ្យ​​​ដឹង​​​កាលពីម្សិលមិញថា ពួកគេ​​​កំពុង​​​តែ​​​ស្វែង​​​រក​​​បុរស​​​ចំនួន​​​១១​​​នាក់​​​ដែល​​​គេ​​​ស្គាល់​​​ថា ជា​​​ជន​​​សង្ស័យ​​​សំខាន់​​​ៗ​​​ក្នុង​​​ការ​​​សម្លាប់​​​ឈ្មោះ ពៅ សុវណ្ណ អាយុ​​​៣៦​​​ឆ្នាំ​​​ ដែល​​​ត្រូវ​​​បាន​​​វាយ​​​នឹង​​​ដំបង និង​​​គប់​​​ដុំថ្មរហូត​​​ដល់​​​ស្លាប់​​​កាលពីថ្ងៃ​​​អាទិត្យ ដោយ​​​មនុស្ស​​​ប្រហែល​​​៦០០​​​នាក់​​​ ដែល​​​ចោទ​​​គាត់​​​ថា ចេះអំពើអាបធ្មប់។

លោក ឃុត ឡូ នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​ស្រុក​​​បាន​​​ឲ្យ​​​ដឹង​​​កាលពី​​​ម្សិលមិញ​​​ថា ” ជន​​​សង្ស័យ​​​ទាំង​​​១១​​​នាក់​​​នេះ​​​ ដែលយើង​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ បានរត់​​​គេច​​​ខ្លួន​​​កាលពីយប់​​​ថ្ងៃ​​​អាទិត្យ​​​ នៅវេលា​​​ម៉ោង​​​ប្រហែល​​​៨យប់ បន្ទាប់​​​ពី​​​សម្លាប់​​​ជន​​​រងគ្រោះ​​​។ លោកបាន​​​បន្ថែម​​​ថា ពួកគេ​​​នឹង​​​ត្រូវ​​​ចោទ​​​ប្រកាន់ពីបទ​​​មនុស្ស​​​ឃាត​​​គិត​​​ទុក​​​ជាមុន​​​។ 

នគរ​​​បាល​​​បាន​​​មើល​​​ឃើញ​​​ការ​​​សម្លាប់​​​លោក ពៅ សុវណ្ណ ដែល​​​ជា​​​គ្រូឱសថ​​​បុរាណ ដែល​​​ចាប់​​​ផ្ដើម​​​ឡើង​​​ដោយ​​​អ្នកភូមិ​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ប្រមាណ​​​២០០​​​នាក់​​​ ព័ទ្ធជុំវិញ​​​ផ្ទះ​​​​​ឪពុក​​​របស់​​​គាត់​​​កាលពីថ្ងៃ​​​អាទិត្យ នៅម៉ោង​​​ប្រមាណ​​​២​​​រសៀល​​។ ខណៈដែល​​​ក្រុម​​​មនុស្ស​​​កើនឡើង​​​បន្តិច​​​ម្ដង​​​ៗ​​​រហូត​​​ដល់​​​៦០០​​​នាក់​​​នៅកន្លែង​​​កើត​​​ហេតុ​​​ នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ពួកគេ​​​មិន​​​អាច​​​ចូល​​អន្តរាគមន៍​​​បាន​​​ឡើយ។ បន្ទាប់ពី​​​ក្រុម​​​មនុស្ស​​​ដែល​​​មាន​​​កំហឹង​​​វាយ​​​ដំជាច្រើន​​​ដង​​​ដោយ​​​ព្រនង់ និង​​​ដុំថ្ម ពៅ សុវណ្ណ បាន​​​ស្លាប់​​​នៅ​​​ម៉ោង​​​​ប្រហែល​​​​​៨យប់​​​។ 

លោ ឃុត ឡូ បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ជា​​​សាច់​​​ញាតិ​​​របស់​​​មនុស្ស​​​ប្រាំពីរ​​​នាក់​​​ដែល​​​បាន​​​ស្លាប់​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​ចុង​​​ក្រោយ​​​នេះ ដោយ​​​មិន​​​បង្ហាញ​​​អាការ​​​ជំងឺណាមួយ​​​។ លោក ឃុត ឡូ បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​១១​​​នាក់​​​នេះ​​​បញ្ឆេះ​​​កំហឹង​​​​​​អ្នក​​​ភូមិ​​​ផ្សេង​​​ទៀត​​​ ដោយ​​​​​​​​​ប្រាប់ពួកគេ​​​ថា ពៅ សុវណ្ណ ជា​​​គ្រូអាបធ្មប់​​​ដែល​​​​​​ធ្វើ​​​អំពើ​​​បណ្ដាល​​​ឲ្យ​​​សមាជិក​​​គ្រួសារ​​​ផ្សេង​​​ទៀត​​​ស្លាប់​​​​​។

លោក ចេន អូវើសេន នរវិទូ​​​ដែល​​​បាន​​​ស្រាវ​​​ជ្រាវ​​​តួនាទី​​​នៃ​​​ឱសថ​​​បុរាណ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជា​​​រឿយៗ​​​គេតែង​​​តែដឹង​​​ថា វាជាអាវុធ​​​មុខ​​​ពីរ​​​ដែល​​​វា​​​អាច​​​ព្យាបាល​​​​​​បាន​​​ ប៉ុន្តែ​​​ក៏បង្ក​​​គ្រោះ​​​ថ្នាក់​​​ដែរ​​​។ លោក​​​បានលើកឡើង​​​ក្នុង​​​អុីម៉េល​​​មួយ​​​ថា គ្រូឱសថបុរាណ​​​តែង​​​តែ​​​ព្យាបាលជំងឺ​​​តាម​​​រយៈ​​​​​​ឱសថ​​​បុរាណ​​​ និងមន្ត​អាគម​អូម​អាម​​​​

លោក អូវើសេន បាន​​​មាន​​​ប្រសាសន៍​​​ថា ក៏ប៉ុន្តែ​​​គួរ​​​តែ​​​ពិចារណា​​​ថា អ្នកស្រុក​​​ប្រហែលជាក្រីក្រ រៀនសូត្របាន​​​តិច​​​ ទទួល​​​បានការ​​​ព្យាបាល​​​តិច​​​តួច​​​ ឬគ្មាន​​​លទ្ធភាព​​​ទិញ​​​ឱសថ​​​ ដូច្នេះ​​​​​​យើ​​ង​​​អាច​​​យល់​​​បាន​​​ថា ពួក​​​គេ​​​អស់​​​សង្ឃឹម​​​យ៉ាង​​​ខ្លាំង​​​​​​ប្រសិន​​​បើ​​​គ្រូឱសថបុរាណ​​​ដែលពួកគេ​​​ជឿ​​​ទុកចិត្ត​​​​​​បោះបង់ពួកគេចោល​​​

ការ​​​សម្លាប់​​​គ្រូអាប​​​ធ្មប់​​​កើត​​​មាន​​​ជាទូទៅ​​​៤០០​​​ឆ្នាំ​​​មក​​​ហើយ ក៏ប៉ុន្តែ​​​កន្លង​​​មក​​​ពួកគេ​​​ត្រូវ​​​បាន​​​​​​ប្រហារ​​​ជីវិត​​​ដោយ​​​រដ្ឋាភិបាល​​​ផ្ទាល់​​​ នេះបើយោង​​​តាម​​​លោក វង់ សុធារ៉ា សាស្ត្រាចារ្យ​​​ផ្នែក​​​ប្រវត្តិវិទ្យា​​​នៅ​​​សាកលវិទ្យាល័យ​​​ភូមិន្ទ​​​ភ្នំពេញ។  តាម​​​​ច្បាប់ អ្នក​​​ដែល​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​ថា ជា​​​គ្រូអា​​​បធ្មប់​​​ ​​​ដៃ​​​របស់​​​ពួកគេ​​​ត្រូវ​​​បាន​​​គេ​​​ចង​​​ ហើយ​​​ញាត់​​​ក្នុង​​​បាវ​​​​​​មុន​​​ពេល​​​គ្រវែង​​​ចូល​​​​​​ទៅក្នុង​​​ទឹក​​​។

លោក សុធារ៉ា បាន​​​ឲ្យ​​​ដឹង​​​ថា ” ប្រសិន​​​បើ​​​​​​ជន​​​សង្ស័យ​​​ទាំង​​​នោះ​​​លិច​​​ទៅក្នុង​​​ទឹក​​​ នោះមាន​​​ន័យ​​​ថា ពួកគេ​​​អត់​​​ចេះ​​​អំពើ​​​​​​អាប​​​ធ្មប់​​​នោះទេ។ ប៉ុន្តែ ប្រសិន​​​បើ​​​ជន​​​សង្ស័យ​​​អណ្ដែត​​​ នោះ​​​មាន​​​ន័យ​​​ថា ​​​ពួកគេ​​​ចេះ​​​អំពើ​​​អាប​​​ធ្មប់​​​ ហើយ​​​ត្រូវ​​​តែ​​​ប្រហារ​​​ជីវិត​​​៕ ប៊ុននី​​​​​​​​​​​​​​​​​​​​​​​​​​

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.